ឃ្លាំង​​​សាងសង់​ដោយ​ជនជាតិ​ចិន​មួយទៀត​​​បាក់​រលំ​រាប​ដល់​ដី​នៅ​ខេត្ត​ព្រះសីហនុ

0:00 / 0:00

អ្នក​នាំ​ពាក្យ​សាលាខេត្ត​ព្រះសីហនុ​លោក​ ឃាង ភារម្យ​ ប្រាប់​អាស៊ី​សេរី​ នៅ​ថ្ងៃ​ទី៣​ កក្កដា​ថា​ ឃ្លាំង​ធ្វើ​ពី​ដែក​ និង​ដំបូល​ប្រក់​ស័ង្កសី​ មួយ​ទៀត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​បាន​បាក់​ដួល​រលំ​រាប​ដល់​ដី​ប៉ុន្តែ​មិន​បណ្ដាល​អោយ​មាន​មនុស្ស​ស្លាប់​ ឬ​រង​របួស​ទេ។

លោក​បញ្ជាក់​ថា​ ហេតុការណ៍​នេះ​បាន​កើត​មាន​ឡើង​នៅ​ភូមិថ្មី​ សង្កាត់​លេខ​បី​ ខេត្ត​ព្រះសីហនុ​ តែ​លោក​ មិន​បាន​បញ្ជាក់​ពី​មូលហេតុ​ដែល​បណ្ដាល​អោយ​ឃ្លាំង​ដែក​នោះ​បាក់​នៅ​ឡើយ​ទេ។​លោក​គ្រាន់​តែ​បាន​បញ្ជាក់​ថា​ មុន​ពេល​បាក់​តំបន់​នោះ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង៖ «យើង​ទុក​អោយ​ជំនាញ​ចុះ​ទៅ​សិក្សា​សិន​ទៅ​ថា​វា​បញ្ហា​អ្វី​គាត់​ចុះ​ទៅ​ពិនិត្យ​មើល​សិន​ទៅ​។​បើ​ខ្ញុំ​បាន​ព័ត៌មាន​អ្វី​បន្ត​បន្ទាប់​អី​ចាំ​ខ្ញុំ​ជម្រាប​ជូន​តាម​ក្រោយ​ទៀត »

ការ​បាក់​ឃ្លាំង​ធ្វើ​ពី​ដែក​ដោយ​ជនជាតិ​ចិន​នេះ​បាន​កើត​មាន​ឡើង​ជា​លើក​ទីពីរ​បន្ទាប់​ពី​អគារ​កម្ពស់​៧ជាន់​សាង​សង់​ឡើង​ដោយ​ជនជាតិ​ចិន​​បាន​បាក់​ដួល​រលំ​រាប​ដល់​ដី​កាលពី​ថ្ងៃ​ទី​២២​ ខែ​មិថុនា​ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ដែល​បាន​បណ្ដាល​អោយ​មាន​មនុស្ស​ចំនួន​២៨នាក់​ស្លាប់​ និង​ ២៦ នាក់​ផ្សេងទៀត​រង​របួស។

របប​ក្រុងភ្នំពេញ​បានសម្រេច​បង្កើត​គណៈកម្មការ​ចម្រុះ​ដើម្បី​ត្រួតពិនិត្យ​សំណង់​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ដោយ​មាន​ការ​ចូលរួម​ពី​ ១៧​ ស្ថាប័ន​ផ្សេងៗ គ្នា​ ដែល​រួម​មាន​ការចូលរួម​ពី​ក្រសួង​ដែនដី ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក្រសួងបរិស្ថាន និង​ខេត្ត​ព្រះសីហនុ​ផង​ដែរ។

អាជ្ញាធរ​របប​ក្រុងភ្នំពេញ​សម្រេច​ផ្អាក​សំណង់​អគារ​ចំនួន​បី​ជា​បណ្ដោះអាសន្ន​ ក្រោយ​ពី​បាន​​រក​ឃើញ​ថា អគារ​សំណង់​ទាំង​នោះ​គ្មាន​ច្បាប់​អនុញ្ញាត និង​សាងសង់​ខុស​បច្ចេកទេស​។ក៏ប៉ុន្តែ​ លោក​ សុខ គីន​ ប្រធាន​សហព័ន្ធ សហជីព​កម្មករ​​សំណង់​នៅតែ​ដាក់​មន្ទិល​សង្ស័យ​ថា របប​ក្រុងភ្នំពេញ​នឹង​មិន​អាច​ធ្វើ​កិច្ចការ​ឯករាជ្យ​បានទេ និង បាន​ចាត់ទុកថា រាល់​វិធានការ​កន្លងមក​គឺ អាជ្ញាធរ​នៅតែ​អនុវត្តន៍​តាម​ស្តង់ដារ​ពីរ ដោយ​មិន​យក​ច្បាប់​ទៅ​អនុវត្ត​ជា​គោល​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។