អាជ្ញាធរអប្សរាបានជួសជុលប្រាសាទបុរាណលើភ្នំក្រោមសម្រេចបាន ៩០ភាគរយ
2024.12.04
អាជ្ញាធរជាតិអប្សរានឹងបញ្ចប់ការជួសជុលគ្រឹះ និងតួប្រាសាទមួយកន្លែង ដែលសង់លើកំពូលភ្នំក្រោមក្នុងខេត្តសៀមរាបជាប់តំបន់បឹងទន្លេសាប នៅបំណាច់ឆ្នាំ២០២៤នេះ។
អ្នកគ្រប់គ្រងការដ្ឋានជួសជុលប្រាសាទភ្នំក្រោម លោក រស់ វិសុទ្ធ បានថ្លែងតាមរយៈទំព័រហ្វេសប៊ុក(Facebook) ផ្លូវការរបស់អាជ្ញាធរអប្សរានៅថ្ងៃទី៣ ខែធ្នូ ថា ការជួសជុលប្រាសាទនេះធ្វើឡើងរយ:ពេលជាង៥ខែមកហើយ ក្នុងបំណងសង្គ្រោះសំណង់បុរាណខ្មែរឱ្យរក្សាទម្រង់ដើមដល់អ្នកជំនាន់ក្រោយ។
លោកថា ក្រុមការងារបានសហការរៀបចំសម្រង់ប្លង់ និងឯកសារយ៉ាងសម្រិតសម្រាំងស្របតាមលក្ខណ:បច្ចេកទេសដើម្បីពង្រឹងការជួសជុលឱ្យទាន់ពេលវេលា។ រីឯក្រុមអ្នកជំនាញ បានបន្តជួសជុលកំពូលប្រាសាទសម្រេចបាន៩០ភាគរយ ដើម្បីសង្គ្រោះប្រាសាទនេះឱ្យរួចផុតពីហានិភ័យ ធ្វើយ៉ាងណាបំពេញការងារឱ្យបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេសទេស ដើម្បីឱ្យប្រាសាទនេះ មានអាយុកាលយូរអង្វែង។
ក្រុមអ្នកជំនាញបន្ថែមថា បន្ទាប់ពីធ្វើការកែលម្អរួចមករយៈពេល៥ ខែកន្លងទៅនេះ តួនីមួយៗនៃប្រាសាទឥដ្ឋទាំងមូលអាចរក្សាទ្រង់ទ្រាយដើមវិញ ស្ទើរតែទាំងស្រុង មានសោភ័ណភាពល្អ ដែលជាផ្នែកមួយលើកកម្ពស់ស្ថាបត្យកម្មខ្មែរបន្សល់ពីសម័យបុរាណទាក់ទាញអ្នកទេសចរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។