អ្នកប្រើ​បណ្ដាញ​សង្គម​សោកស្តាយ​ចំពោះ​មរណភាព​ស្ថាបត្យករ​ល្បី​ឈ្មោះ​វ័យក្មេង​មួយ​រូប​របស់​ខ្មែរ

ដោយ សេក បណ្ឌិត
2023.12.23
អ្នកប្រើ​បណ្ដាញ​សង្គម​សោកស្តាយ​ចំពោះ​មរណភាព​ស្ថាបត្យករ​ល្បី​ឈ្មោះ​វ័យក្មេង​មួយ​រូប​របស់​ខ្មែរ ​ស្ថាបត្យករល្បី​ឈ្មោះ​វ័យ​ក្មេង​មួយ​រូប​របស់​ខ្មែរ គឺ​លោក ពុំ មាសបណ្តូល ក្នុង​វ័យ ៣៤​ឆ្នាំ ស្លាប់ដោយ​គ្រោះថ្នាក់​ចរាចរណ៍។
រូប៖ ហ្វេសប៊ុក INN សហគមន៍ស្ថាបត្យករ

អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​សោកស្តាយ​ចំពោះ​មរណភាព​ស្ថាបត្យករល្បី​ឈ្មោះ​វ័យ​ក្មេង​មួយ​រូប​របស់​ខ្មែរ គឺ​លោក ពុំ មាសបណ្តូល ក្នុង​វ័យ ៣៤​ឆ្នាំ ដោយ​គ្រោះថ្នាក់​ចរាចរណ៍។

ហេតុការណ៍​នេះ កើតឡើង​កាលពី​ម៉ោង​ជាង ១១​យប់ ថ្ងៃទី​២០ ខែ​ធ្នូ នៅ​ខេត្ត​សៀមរាប។

មជ្ឈមណ្ឌល​ល្បីឈ្មោះ​មួយ ឈ្មោះ បុប្ផាណា បាន​បង្ហោះ​សារ​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ចំពោះ​ដំណឹង​មរណភាព​របស់​លោក ពុំ មាសបណ្ដូល។

មជ្ឈមណ្ឌល​បុប្ផាណា សោកស្ដាយ​បំផុត​ចំពោះ​ការ​បាត់បង់​ធនធាន​ស្ថាបត្យករ​ដ៏​សំខាន់​ម្នាក់​នេះ។

លោក ពុំ មាសបណ្តូល ជា​សិស្ស​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ស្ថាបត្យកម្ម និង​រចនា នៅ​សាកលវិទ្យាល័យ​បញ្ញា​សាស្ត្រ​ឆ្នាំ​២០១៤ និង​ជា​ស្ថាបត្យករ។ លោក​បាន​ចំណាយ​ពេល​ជាង​៨​ឆ្នាំ​ដើម្បី​សិក្សា​ស្រាវជ្រាវ និង​រចនា​ជាថ្មី​នូវ​សំណង់​អគារ​ទាំងអស់​របស់​ស្ថាបត្យកម្ម​ល្បី​របស់​ខ្មែរ​មួយ​រូប​គឺ​លោក វណ្ណ ម៉ូលីវណ្ណ ដើម្បី​ចងក្រង​ជា​ឯកសារ​កុំ​ឲ្យ​បាត់បង់។

លោក​ក៏បាន​សិក្សា​ស្រាវជ្រាវ និង​រចនា​ប្លង់​តាម​កុំព្យូទ័រ នូវ​គំនូរ​ប្លង់​ឌីជីថល​(Digital) ចាប់​តាំង​ពី​ឆ្នាំ​២០១៤ រហូត​មក​ដល់​ថ្ងៃ​លោក​បាត់​បង់ជីវិត។

ស្ថាបត្យករ​វ័យក្មេង​រូប​នេះ​ធ្លាប់​បាន​បញ្ជាក់​ថា ចាប់​តាំង​ពី​ចាប់ផ្តើម​សិក្សា និង​គូរ​ចេញ​មាន​ចំនួន​ជាង​៥០​អគារ ក្នុង​ចំណោម​នោះ​អគារ​ប្រមាណ​២០ ទៅ ៣០​ភាគរយ​បាន​បាត់បង់​ទៅ​ហើយ លោក​អាច​គូរ​បាន​គឺ​យោង​តាម​ឯកសារ រូបភាព និង​សាច់​ញត្តិ​របស់​លោក វណ្ណ ម៉ូលីវណ្ណ ផ្តល់​ឲ្យ​លោក។ ក្នុង​អំឡុង​ពេល​ដែល​លោក​សិក្សា​ស្រាវជ្រាវ​នេះ ក៏​មាន​អគារ​មួយចំនួន​ផ្សេងទៀត​របស់​លោក វណ្ណ ម៉ូលីវណ្ណ ដែល​ត្រូវ​វាយ​កម្ទេច​ចោល​ដែល​ក្នុង​នោះ​រួមមាន​អគារ​រោងកុន​កាពីតូល​ផង​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សង្គម
អ្នក​ឃ្លាំ​មើល​សង្គម​ថា រដ្ឋាភិបាល​លាក់បាំង​គម្រោង​អ្នក​វិនិយោគិន​ក្នុង​ស្រុក​ករណី​ព្រែកជីក​ហ្វូណន
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។