នគរបាលខេត្តព្រះសីហនុចាប់ជនជាតិចិន ៤នាក់ ពាក់ព័ន្ធ​បទ​ល្មើស​បង្ខាំង​មនុស្ស​ខុស​ច្បាប់

អាស៊ីសេរី
2018.09.13
ចិន ជាប់​ជំរិត តាម​អនឡាញ ២០១៥ ៦២២ ជនជាតិ​ចិន ដែល​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់​ខ្លួន​សង្ស័យ​ពី​បទ​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប នា​កន្លែង​ស្នាក់នៅ ស្ថិត​ក្នុង​សង្កាត់៣ ក្រុង​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៥។
Photo: RFA

មន្ត្រី​ឃ្លាំមើល​ការអភិវឌ្ឍ​សង្គម និង​អាណាព្យាបាល រស់នៅ​ខេត្ត​ព្រះសីហនុ ព្រួយបារម្ភ​អំពី​បញ្ហា​អសន្តិសុខ បន្ទាប់ពី​ទីតាំង​ល្បែងស៊ីសង​ទាំង​ស្របច្បាប់ និង​គ្មាន​ច្បាប់ បានកើត​មាន​រីក​ដូច​ផ្សិត ហើយ​សមត្ថកិច្ច​គ្រប់គ្រង​មិនទាន់​បានល្អ ដែល​តែង​បង្ក​ឲ្យ​កើតមាន​បទល្មើស​ចាប់ជំរិត​មនុស្ស​ជា​បន្តបន្ទាប់​មកនេះ​។​

​សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​៤​នាក់ ពាក់ព័ន្ធ​ករណី​បទល្មើស​ចាប់​បង្ខាំង​មនុស្ស​ខុសច្បាប់ និង​ធ្វើ​ទារុណកម្ម​។

​មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​មួយចំនួន​រស់នៅ​ខេត្ត​ព្រះសីហនុ បង្ហាញ​ការព្រួយបារម្ភ​ជាថ្មីទៀត នៅ​គ្រា​បទល្មើស​ចាប់​​បង្ខាំង​​មនុស្ស​​ខុស​ច្បាប់​ ជំរិត​​ទារ​ប្រាក់ ដែល​មាន​​ជនសង្ស័យ​ជា​ជន​ជាតិចិន បាន​បន្តធ្វើ​សកម្មភាព នាទី​ប្រជុំជន​ក្នុង​ក្រុង​ព្រះសីហនុ​។​

​ពួកគេ​សំណូមពរ​ដល់​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​កម្លាំង​នគរបាល និង​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ឲ្យ​ជួយ​បង្កើន​​សកម្មភាព​​ការងារ​របស់​ខ្លួន ឲ្យ​​បាន​​ច្រើន​ថែម​ទៀត ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និង​អ្នក​វិនិយោគទុន​។​

អ្នកស្រី ជាប សុធា​រី អ្នកសម្របសម្រួល​សមា​គម​អាដហុក (Adhoc) ប្រចាំខេត្ត​ព្រះសីហនុ ស្ថិត​ក្នុងចំណោម​​អាណាព្យាបាល និង​មន្ត្រី​សង្គម​​ស៊ីវិល​​ច្រើន​​ទៀត មានប្រសាសន៍ថា រាល់ថ្ងៃនេះ​ឃើញ​មាន​ជនជាតិ​ចិន​បានបង្ហាញ​វត្តមាន​ច្រើន នៅក្នុង​ក្រុង​ព្រះសីហនុ និង​​ប្រកប​អាជីវកម្ម​ផ្សេងៗ ក្នុងនោះ​ភាគច្រើន​គឺ​ប្រកប​អាជីវកម្ម​​ល្បែងស៊ីសង សណ្ឋាគារ កាស៊ីណូ ហាង​​ម៉ាស្សា និង​​ហាង​​លក់​ដូរ​​ចំណី​អាហារ​ជាដើម ។​

​អ្នកស្រី សុធា​រី បាន​កត់សម្គាល់ថា ជម្លោះ​ដែល​បង្កដោយ​​ជនជាតិ​ចិន បាន​កើតមាន​ច្រើន​ករណី​។ ក្នុងនោះ​​បទ​ល្មើស​​វាយ​​កាប់​​ចាក់ និង​​បទ​ល្មើស​​ចាប់​​បង្ខាំង​​មនុស្ស​​ជំរិត​ទារប្រាក់ ក៏បាន​កើតមាន​ជា​បន្តបន្ទាប់​។​ «»

​ការព្រួយបារម្ភ របស់​ប្រជាពលរដ្ឋ រស់នៅ​ខេត្ត​ព្រះសីហនុ​ជាថ្មីទៀត​នេះ បាន​កើតមាន​​បន្ទាប់ពី កាល​ពី​ថ្ងៃទី​១០ ខែកញ្ញា កម្លាំង​សមត្ថកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ  បាន​ចុះបង្ក្រាប​ករណី​បទល្មើស​​បង្ខាំង​មនុស្ស​ខុសច្បាប់​មួយ​ករណី ដោយ​បាន​​ឃាត់ខ្លួន​បុរស​ដែលជា​ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន ៤​នាក់ និង​​រំដោះ​ជនរងគ្រោះ​បាន​ចំនួន​ ២​នាក់ ចេញ​ពី​​កណ្តាប់​ដៃ​​ជន​ល្មើស​។​

បទល្មើស​នេះ ជនសង្ស័យ​បានធ្វើ​សកម្មភាព​នៅសណ្ឋាគារ និង​កាស៊ីណូ​ខ្សាច់មាស ជាន់​ទី​៤ ក្នុង​បន្ទប់​លេខ​៤០៩ ស្ថិតនៅ​ក្រុមទី​១៥ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ  ដោយ​​ជន​សង្ស័យ​​ចំនួន ៤​នាក់ បាន​ចាប់​បង្ខាំង​បុរស​ម្នាក់ ​និង​ស្ត្រី​ម្នាក់​ធ្វើ​ទារុណកម្ម និង​ចាប់បាន​វត្ថុតាង​ដូចជា ពិល​ឆក់​ចំនួន​២​គ្រឿង និង​រថយន្ត ១​គ្រឿង​។​

​អ្នកស្រី ជាប សុធា​រី បាន​​កត់សម្គាល់​ថា បទល្មើស​បាន​កើតឡើង​ដោយសារតែ​ល្បែងស៊ីសង​បាន​កើតមាន​ព្រោងព្រាត នាទី​ប្រជុំជន​ក្នុង​ក្រុង​ទេសចរណ៍​មួយ​នេះ ទាំង​មានច្បាប់ និង​មិនទាន់​មានច្បាប់ ហើយ​អាជ្ញាធរ​គ្រប់គ្រង​មិនទាន់​បានល្អ​៖​ «»

​កម្លាំង​សមត្ថកិច្ច​នគរបាល​​ខេត្ត​ព្រះសីហនុ  បាន​រំដោះ​​ជនរងគ្រោះ​ជា​ជនជាតិ​ចិន​ចំនួន​២​នាក់ និង​ឃាត់ខ្លួន​បាន​មនុស្ស​​ប្រុស​​ជា​ជន​សង្ស័យ​​ជា​​ជន​ជាតិ​​ចិន​​ចំនួន ​៤​នាក់  និង​​ចាប់​បាន​វត្ថុតាង​ដូចជា ពិល​ឆក់​ចំនួន ២​គ្រឿង​ និង​រថយន្ត ១​គ្រឿង​។​

​សមត្ថកិច្ច​​នគរបាល​​ឲ្យ​ដឹងថា ករណី​ខាងលើនេះ បាន​កើតឡើង​ដោយសារ ជនរងគ្រោះ​បាន​ធានា លុយ​​ចំនួន ១០០.០០០​យ័ន  ប្រមាណ​​ជិត​មួយ​​ម៉ឺន ប្រាំ​​​ពាន់​​ដុល្លារ ពី​​ក្រុម​ជនសង្ស័យ ដើម្បី​ឲ្យ​មិត្ត​ភ័ក្ត្រ​យក​ទៅ​​លេងល្បែង​​នៅ​កាស៊ី​ណូ ឆាង​យូ ពេល​លេង​ចាញ់​ មិត្ត​ភ័​ក្ត្រិ​របស់​ជនរងគ្រោះ​គ្មាន​​លុ​យ​សង​ក្រុម​ជនសង្ស័យ ក៏បាន​ចាប់​ជនរងគ្រោះ​​ឃុំឃាំង​​ក្នុង​​បន្ទប់ ហើយ​​ធ្វើ​​ទារុណកម្ម វាយ​​ធ្វើ​បាប ប្រើ​​ពិល​​ឆក់ បង្ខំ​ឲ្យ​ជនរងគ្រោះ​ស​សេរ​លិខិត​ជំពាក់​ប្រាក់​។​

​សមត្ថកិច្ច​នគរបាល​ឲ្យ​ដឹងថា បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើនេះ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​​ស្នងការដ្ឋាន​​នគរបាល​​ខេត្ត​​ព្រះសីហនុ កំពុង​បន្ត​នីតិវិធី​តាមផ្លូវ​ច្បាប់​៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។