នគរបាល​ខេត្ត​ក្រចេះ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​សម្លាប់​អ្នក​កាសែត

ដោយ ម៉ៅ សុធានី
2019-02-09
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សាកសព​​អ្នកកាសែតឈ្មោះ ស៊ន សិទ្ធិ ដែល​គេ​ប្រទះ​ឃើញ នៅ​ឃុំ​២ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ បន្ទាប់​ពី​ត្រូវ​សម្លាប់ កាលពី​អាធ្រាត្រ យប់​ថ្ងៃ​ទី៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩។
សាកសព​​អ្នកកាសែតឈ្មោះ ស៊ន សិទ្ធិ ដែល​គេ​ប្រទះ​ឃើញ នៅ​ឃុំ​២ធ្នូ ស្រុក​ស្នួល ខេត្ត​ក្រចេះ បន្ទាប់​ពី​ត្រូវ​សម្លាប់ កាលពី​អាធ្រាត្រ យប់​ថ្ងៃ​ទី៣ ខែ​កុម្ភៈ ឆ្នាំ​២០១៩។
Photo courtesy of Post News

កម្លាំង​នគរបាល​ខេត្ត​ក្រចេះ បាន​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ ពាក់ព័ន្ធ​ករណី​សម្លាប់​អ្នកកាសែត​មួយ​រូប ឈ្មោះ ស៊ន សិទ្ធិ នៅ​ឃុំ​២ធ្នូ ស្រុក​ស្នួល កាលពី​អាធ្រាត្រ យប់​ថ្ងៃ​ទី៣ ខែ​កុម្ភៈ។

មន្ត្រី​នគរបាល​ខេត្ត​ក្រចេះ បាន​ប្រាប់​កាសែត​ក្នុងស្រុក កាលពី​ថ្ងៃ​សុក្រ ទី៨ កុម្ភៈ ថា ជនសង្ស័យ​ឈ្មោះ វ៉ន វិញ អាយុ​១៩ ឆ្នាំ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃទី៧ ខែ​កុម្ភៈ បាន​សារភាព​ថា ខ្លួន​និង​បក្ខពួក ៣​នាក់​ទៀត រួមមាន​ឈ្មោះ លឹម សុខគង់ និង រឹត សីហា អាយុ ២១​ឆ្នាំ ដូចគ្នា និង​ឈ្មោះ​រដ្ឋា អាយុ​១៧ ឆ្នាំ បាន​ធ្វើ​សកម្មភាព​វាយ​ស្ទាក់​ជនរងគ្រោះ។

ជនសង្ស័យ​ដែល​ចាប់​ខ្លួន​បាន​នោះ រៀបរាប់​ថា រឹត សីហា និង​លឹម សុខគង់ គឺជា​អ្នក​យក​ដុំថ្ម គប់​លើ​ជនរងគ្រោះ បណ្ដាល​ឱ្យ​ធ្លាក់​ពីលើ​ម៉ូតូ​ស្លាប់​នៅ​កន្លែង​កើត​ហេតុ នៅ​ចំណុច​ផ្លូវបំបែក៨៨ ភូមិ​ជើង​ឃ្លេ ឃុំ​២​ធ្នូ។ ក៏ប៉ុន្តែ​ពួកគេ ពុំ​បាន​ដឹង​ថា ជនរងគ្រោះ​ស្លាប់​នោះ​ទេ រហូត​ដល់​ព្រឹក​ឡើង​ទើបបាន​ដឹង។ ជនសង្ស័យ វ៉ន វិញ បន្ត​ថា ក្រោយ​ធ្វើ​សកម្មភាព​រួច ពួកគេ​ក៏បាន​ហៅ​យុវជន​ឈ្មោះ​រដ្ឋា មក​ឌុប​ឈ្មោះ រឹត សីហា ចំណែក​ឯ វ៉ន វិញ ខ្លួនឯង ក៏បាន​ជិះ​ម៉ូតូ ជាមួយ លឹម សុខគង់ ត្រឡប់​ទៅ​ផ្ទះ​វិញ។

មន្ត្រី​នគរបាល​សន្និដ្ឋាន​ថា ការ​សម្លាប់​ជនរងគ្រោះ ដែល​បម្រើ​ការងារ​នៅ​អង្គភាព​បាត់ដំបង​ប៉ុស្តិ៍​នេះ គឺ​អាច​បណ្ដាល​មក​ពី​គំនុំ​ផ្ទាល់ខ្លួន។

អាស៊ីសេរី មិនទាន់​អាច​ទាក់ទង​សមត្ថកិច្ច​នៅ​ខេត្ត​ក្រចេះ ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម​ជុំវិញ​រឿង​នេះ​បាន នៅ​ឡើយ​ទេ​។ បច្ចុប្បន្ន​ជនសង្ស័យ ត្រូវ​បាន​ឃុំខ្លួន​បណ្ដោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្នួល ដើម្បី​សាកសួរ​បន្ថែម និង​កសាង​សំណុំរឿង ទៅ​ការិយាល័យ​ជំនាញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល