សមត្ថកិច្ច​ចាប់ខ្លួន​សមាជិក​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ម្នាក់​ទៀត​ពាក់ព័ន្ធ​រឿង​ឆបោក​ពលរដ្ឋ

ដោយ ខាន់ លក្ខិណា
2024.05.03
សមត្ថកិច្ច​ចាប់ខ្លួន​សមាជិក​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ម្នាក់​ទៀត​ពាក់ព័ន្ធ​រឿង​ឆបោក​ពលរដ្ឋ សមាជិក​របស់​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) លោកស្រី រ៉េត សុធីដា ដែល​សមត្ថកិច្ច​ឃាត់ខ្លួន កាលពីថ្ងៃទី២ ឧសភា ២០២៤។
រូបផ្ដល់ឱ្យ

សមត្ថកិច្ច​បាន​ចាប់ខ្លួន​សមាជិក​របស់​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ម្នាក់​ទៀត ដើម្បី​យក​ទៅ​សាកសួរ ពាក់ព័ន្ធ​នឹង​រឿង​ឆបោក​ពលរដ្ឋ បន្ទាប់ពី​តុលាការ​បង្កក​ទ្រព្យសម្បត្តិ និង​គណនី​ធនាគារ រួម​ទាំង​ឃុំខ្លួន​អគ្គនាយិកា​ក្រុមហ៊ុន អ្នកស្រី ឡេង ចាន់ណា និង​បក្ខពួក។

សេចក្ដីប្រកាស​ព័ត៌មាន​របស់​សាលាដំបូង​ខេត្តសៀមរាប កាលពី​ថ្ងៃទី​០១ ខែ​ឧសភា ឱ្យ​ដឹង​ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តសៀមរាប បាន​ចេញ​ដីកា បង្គាប់​ឱ្យ​នាំ​ខ្លួន​ជន​ត្រូវ​ចោទ​ឈ្មោះ រ៉េត សុធីដា ដើម្បី​យក​ទៅ​សួរចម្លើយ ពី​បទ «​ឆបោក​មាន​ស្ថាន​ទម្ងន់ទោស​» ដែល​តុលាការ​ថា ជា​ក្រុម​មាន​ការ​ចាត់តាំង។

តុលាការ​ឱ្យ​ដឹង​ថា ការ​ចាប់ខ្លួន​លោកស្រី រ៉េត សុធី​ដា នេះ បន្ទាប់ពី​ចៅក្រម ស៊ើបសួរ​ពិនិត្យ​ភស្តុតាង និង​សួរចម្លើយ​អគ្គនាយិកា​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី អ្នកស្រី ឡេង ចាន់ណា ហើយ​ឃើញថា លោកស្រី រ៉េត សុធីដា មាន​ជាប់​ពាក់ព័ន្ធ ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ដែរ។

ប៉ុន្តែ​នៅ​ថ្ងៃទី២ ខែ​ឧសភា ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ សៀក បញ្ញា បាន​សរសេរ​សារ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក ដោយ​សម្ដែង​ការ​ហួសចិត្ត​ដែល​តុលាការ​ខេត្តសៀមរាប​ចាប់ខ្លួន​លោកស្រី រ៉េត សុធីតា។ ឈ្មោះ សៀក បញ្ញា អះអាង​ថា លោកស្រី រ៉េត សុធីតា គឺ​ជា​នារី​ម្នាក់ ដែល​តែងតែ​ចេញ​មុខ​ដឹកនាំ និង​ទាមទារ​លុយ​ឱ្យ​ជនរងគ្រោះ​ទាំងអស់។ ប្រភព​បញ្ជាក់​ថា តុលាការ​ចាប់ខ្លួន​អ្នកស្រី ឡេង ចាន់ណា ចោទ​ប្រកាន់​ពី​បទ​រដ្ឋប្បវេណី ប៉ុន្តែ​ជនរងគ្រោះ​វិញ តុលាការ​ចោទ​ប្រកាន់​ពី​ទោស​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់។ ទោះជា​យ៉ាងណា វិទ្យុ​អាស៊ីសេរី​មិនទាន់​អាច​ទាក់ទង​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ សៀក បញ្ញា ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី​២ ឧសភា។

ជុំវិញ​រឿង​នេះ អតិថិជន​វិនិយោគ​ជាមួយ​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី លោក នួន នឿន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២ ខែ​ឧសភា ថា រយៈពេល​ជិត ១ ឆ្នាំ​ហើយ តុលាការ និង​រដ្ឋាភិបាល​នៅ​តែ​ដោះស្រាយ​បញ្ហា​មិន​ទាន់​បាន ខណៈ​គ្រួសារ​របស់​គាត់​កំពុង​ប្រឈម​នឹង​វិបត្តិ​បំណុល​ធ្ងន់ធ្ងរ​។ លោក​ថា សមត្ថកិច្ច​ស្វែងរក​ចាប់ខ្លួន​អ្នក​ពាក់ព័ន្ធ គឺជា​វិធានការ​មួយ​ហើយ ប៉ុន្តែ​លោក​ចង់ឱ្យ​តុលាការ និង​រដ្ឋាភិបាល​ជួយ​ពន្លឿន​ដំណោះស្រាយ​ជូន​ពួកគាត់។

លោក នួន នឿន៖ «សំណូមពរ​ដល់​សម្ដេច​នាយករដ្ឋមន្ត្រី សូម​លោក​មេត្ដា​ជួយ​គិត​គួរ​ដល់​រឿង​របស់​ពួក​ខ្ញុំ​នឹង​ព្រមទាំង​អភិបាល​ខេត្ត​សៀមរាប និង​តុលាការ​ខេត្ត​សៀមរាប ដែល​ជា​ម៉ែ​ជា​ឪ បើ​ខ្ញុំ​គិតថា បើ​ម៉ែឪ ត្រូវតែ​មាន​ដំណោះស្រាយ​ឱ្យ​កូនចៅ​បាន​ទីពឹង​មាន​អារម្មណ៍​ធូរស្រាល​។ អ៊ីចឹង​ខ្ញុំ​មាន​សំណូមពរ​អី​ទេ គឺ​មានតែ​ឱ្យ​ជួយ​ដោះស្រាយ​រឿង​ហ្នឹង»

អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​សៀមរាប លោក យិន ស្រាង ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​០២ ខែ​ឧសភា ថា តុលាការ​ធ្វើ​ទៅ​តាម​នីតិ​វិធី ហើយ​ការ​សម្រេច​បែប​ណា នោះ​អាស្រ័យ​លើ​ចៅក្រម​ស៊ើបអង្កេត។

លោក យិន ស្រាង៖ «អាហ្នឹង​សិទ្ធិ​របស់​ចៅក្រម នីតិវិធី​របស់​ចៅក្រម​ស៊ើប។ អ៊ីចឹង​ចាំ​មើល​សេចក្ដីប្រកាស​ព័ត៌មាន​បន្តបន្ទាប់​ទៀត​ទៅ»

កាលពី​ថ្ងៃទី​១៧ ខែ​មេសា តុលាការ​បាន​បង្កក​គណនី​ធនាគារ​ចំនួន ១៨៣ និង​ទ្រព្យសម្បត្តិ​មួយ​ចំនួន​របស់​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ហើយ​កំពុង​ស្រាវជ្រាវ​ទ្រព្យ​សម្បត្តិ និង​សាវតា​របស់​ជន​ពាក់ព័ន្ធ​ផ្សេង​ទៀត។

ក្រៅពី​បង្កក​ទ្រព្យសម្បត្តិ​ហើយ តុលាការ​ក៏បាន​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ចំនួន ៥​នាក់ និង​បង្គាប់​ឱ្យ​នាំ​ខ្លួន ២ នាក់ ខណៈ​ជន​ត្រូវ​ចោទ​ចំនួន ២៤ នាក់​ទៀត តុលាការ បង្គាប់​ឱ្យ​ចូល​ខ្លួន​ចន្លោះ​ពី​ថ្ងៃ​ទី​១៨ ខែ​មេសា ដល់​ថ្ងៃទី​១៧ ខែ​ឧសភា ខាងមុខ។

នាយក​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (Licadho) លោក អំ សំអាត ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី២ ខែ​ឧសភា ថា រឿង​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី អតិថិជន​បាន​ប្ដឹង​ក្រុមហ៊ុន​នេះ ពី​បទ​ល្មើស​ព្រហ្មទណ្ឌ​ផង និង​រដ្ឋប្បវេណី​ផង ដើម្បី​ទាមទារ​លុយ​ដែល​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ត្រឡប់​មក​វិញ។

ចំពោះ​រឿង​ព្រហ្មទណ្ឌ លោក​សង្កេតឃើញ​ថា តុលាការ​បាន​ដំណើរការ​នីតិវិធី ដើម្បី​ចាត់​វិធានការ​លើ​ជន​ពាក់ព័ន្ធ​ក្នុង​សំណុំ​រឿង​នេះ ប៉ុន្តែ​សំណុំរឿង​រដ្ឋប្បវេណី​វិញ តុលាការ​គួរ​ពន្លឿន​ដែរ បន្ទាប់ពី​បង្កក​ទ្រព្យសម្បត្តិ និង​គណនី​របស់​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី រួម​ទាំង​អចលនទ្រព្យ ដើម្បី​លក់​ដោះស្រាយ​ជូន​អតិថិជន។

លោក អំ សំអាត៖ «ក៏ប៉ុន្តែ​បើ​យើង​មើល​អតិថិជន​ដែល​រងគ្រោះ​ហ្នឹង គាត់​ចង់​បាន​ដំណោះស្រាយ​ឆាប់ៗ ចំណុច​ហ្នឹងហើយ ធ្វើ​ម៉េច​តុលាការ​ត្រូវ​ពន្លឿន​នីតិវិធី​ក្នុង​ការ​ដោះស្រាយ​ជូន​អតិថិជន​ដែល​ជា​ជនរងគ្រោះ​ឱ្យ​បាន​ឆាប់​ហ្នឹង»

កាលពី​ថ្ងៃទី​១៣ ខែមីនា តុលាការ​ខេត្ត​សៀមរាប បាន​ឃុំខ្លួន​អគ្គនាយិកា​ក្រុមហ៊ុន ប្រ៊ីលាន ស៊ី​ធី អ្នកស្រី ឡេង ចាន់ណា និង​បក្ខពួក​មួយចំនួន​ទៀត តាម​ពាក្យបណ្ដឹង របស់​ប្រជាពលរដ្ឋ​រងគ្រោះ ពាក់ព័ន្ធ​នឹង​ការ​ឆបោក​លុយ​ពួកគាត់​សរុប​ជាង ៣០០​លាន​ដុល្លារ។

ពលរដ្ឋ​រងគ្រោះ អះអាង​ថា អតីត​ឧកញ៉ា ឡេង ចាន់ណា និង​បក្ខពួក តែងតែ​ថតរូប​ភាព ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និង​អះអាង​ជាច្រើន​ដង​ថា មេដឹកនាំ​រូប​នេះ គឺជា​អ្នក​នៅ​ពីក្រោយ​ខ្នង​ពួកគាត់ ហើយ​មន្ត្រី​ចុះទៅ​ជួប​ពួកគាត់ ក៏​មាន​តំណែង​ខ្ពស់​ក្នុង​ជួរ​រដ្ឋាភិបាល ដែល​ធ្វើ​ឱ្យ​ពួកគាត់​ជឿ និង​មាន​ទំនុកចិត្ត វិនិយោគ​ជាមួយ​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City)

ពលរដ្ឋ​លើកឡើង​ថា ពួកគាត់​នៅតែ​បន្ត​រងគ្រោះ និង​ប្រឈម​ការ​រឹបអូស​ផ្ទះ និង​ដីស្រែ​ចម្ការ​ពី​ធនាគារ ប្រសិនបើ​តុលាការ នៅតែ​មិន​ពន្លឿន​ដំណោះស្រាយ​សំណង​ជូន​ពួកគាត់​ឱ្យ​បាន​ឆាប់រហ័ស​ទេ​នោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕

អត្ថបទពេញនិយម
RFA
លោក ហ៊ុន ម៉ានី ស្នើ​ឲ្យ​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ដក​ប្រធាន​មន្ទីរ​បរិស្ថាន​ចំនួន៤ ខេត្ត នៅ​ជុំ​វិញ​តំបន់​ព្រៃ​ឡង់
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។