សមត្ថកិច្ចចាប់ខ្លួនមន្ត្រីយោធាម្នាក់បម្រើការនៅក្រសួងការពារជាតិ ឈ្មោះ ខៀវ ចាន់សុភក្ត្រា វ័យ៣១ឆ្នាំ បញ្ជូនទៅសាកសួរនៅអធិការខណ្ឌជ្រោយចង្វារ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការក្រុងភ្នំពេញ។ ការចាប់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី២០ មេសា ក្រោយពីបុរសរូបនោះ ជិះម៉ូតូទៅបុករនាំងដែកដែលអាជ្ញាធរដាក់បិទផ្លូវហាមពលរដ្ឋមិនឲ្យធ្វើដំណើរ និងថែមទាំងប្រើហិង្សាដាក់មន្ត្រីនគរបាលយាមប្រចាំការនៅគោលដៅនោះទៀតផង។
ទោះជាយ៉ាងណា រូបភាពវីដេអូដែលបង្ហោះនៅលើបណ្ដាញសង្គម ហ្វេសប៊ុក (Facebook) បង្ហាញថា សមត្ថកិច្ច៣ទៅ៤នាក់ ក៏បានព្រួយគ្នាវាយដំទាត់ធាក់ទៅលើមន្ត្រីយោធារូបនោះវិញដែរ ទោះបីជាដៃរបស់គាត់ជាប់ខ្នោះហើយក្តី។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា ប្រាប់អាស៊ីសេរីថា ករណីនេះ គឺមិនអាចលើកលែងឲ្យបានទេ ព្រោះក្នុងអំឡុងពេលនេះ រដ្ឋាភិបាលបានដាក់ចេញបម្រាបតឹងតែងដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលកាន់តែខ្លាំង។ ក្នុងកាលៈទេសៈដ៏លំបាកនេះ លោកស្នើឲ្យពលរដ្ឋ បន្តនៅផ្ទះ និងគោរពតាមចំណាត់ការរបស់អាជ្ញាធរ នៅតាមខណ្ឌនីមួយ ដើម្បីបញ្ចៀសការការឆ្លងជំងឺ-១៩៖ «បើយើងគិតថា គ្រាន់តែជាលក្ខណៈហិង្សា មិនមែនស្ថិតក្នុងដំណាក់កាលបិទខ្ទប់ អាហ្នឹង យើងគិតថា វាបញ្ហាមួយផ្សេង។ តែដំណាក់កាលអ្វីដែលកំហុសធ្ងន់ធ្ងរគឺ ទី១ គាត់បើកម៉ូតូចេញក្រៅខុសពីបម្រាម។ ទី២ គឺគាត់បើកឆ្លងកាត់បុកបារ៉ាស់ ដែលជាទីតាំងគេហាមបិទខ្ទប់។ នេះជាចំណុចសំខាន់ដែលត្រូវចោទប្រកាន់។ យើងកំពុងធ្វើការសាកសួរ និងរៀបចំសំណុំឯកសារ បើសិនជាយើងទាន់ យើងអាចបញ្ជូនថ្ងៃហ្នឹង។ បើមិនទាន់ទេ ស្អែកព្រឹក»។
កាលពីថ្ងៃទី១៤ ខែមេសា លោក ហ៊ុន សែន សម្រេចដាក់ចេញបម្រាបបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៅខេត្តកណ្ដាល រយៈពេល ១៤ ថ្ងៃ ដោយអនុវត្តភ្លាមនៅយប់រំលងអាធ្រាត្រថ្ងៃឈានចូលថ្ងៃទី១៥ ខែមេសា។
បីថ្ងៃក្រោយ នៅថ្ងៃទី១៨ ខែមេសា អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានចេញសេចក្ដីសម្រេចស្ដីពីការផាកពិន័យចំពោះបុគ្គល ដែលមិនគោរពបម្រាបគោចរក្នុងអំឡុងពេលបិទខ្ទប់ទីក្រុង ជាប្រាក់ចាប់ពី ២ លានរៀល (២,០០០,០០០រៀល) ដល់៥លានរៀល (៥,០០០,០០០រៀល)។
គិតមកដល់ពេលនេះ នៅទូទាំងប្រទេស មានមនុស្ស១១នាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការ និងមនុស្សប្រមាណ ៨០ នាក់ តម្រូវឱ្យធ្វើកិច្ចសន្យាអប់រំ និងផាកពិន័យ ដោយសារពួកគេបានប្រព្រឹត្តល្មើសនឹងបម្រាមរដ្ឋាភិបាលក្នុងពេលទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
អ្នកដែលល្មើសនឹងបម្រាមទាំងនោះ មាននៅរាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តកំពង់ធំ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តព្រះសីហនុ និងខេត្តរតនគិរី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។