អាជ្ញាធរបិទគេហទំព័រចំនួន១១២ ដែលកំពុងប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់នៅកម្ពុជា
2024.03.30
អាជ្ញាធរនៃអគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានចាត់វិធានការបិទខ្ទប់គេហទំព័រល្បែងអនឡាញចំនួន ១១២ ដែលកំពុងធ្វើអាជីវកម្មខុសច្បាប់នៅកម្ពុជា។ អ្នកជំនាញព័ត៌មានវិទ្យា ថា ចំនួនគេហទំព័រដែលត្រូវបានបិទខ្ទប់នេះ មានចំនួនតិចតួចនៅឡើយ ខណៈគេហទំព័រល្បែងខុសច្បាប់របស់ប្រតិបត្តិករនៅក្រៅប្រទេសជាច្រើនទៀត កំពុងមានសកម្មភាពនៅលើបណ្ដាញសង្គមកម្ពុជានៅឡើយ។
អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានផ្សាយរបាយការណ៍ កាលពីថ្ងៃទី២៩ ខែមីនា ស្ដីពីការសហការជាមួយក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ បានរាំងខ្ទប់គេហទំព័រល្បែងអនឡាញចំនួន១១២ ដែលកំពុងធ្វើសកម្មភាពប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅកម្ពុជា ក្នុងរយៈពេលបីខែនៃដើមឆ្នាំ២០២៤ នេះ។
ការរាំងខ្ទប់គេហទំព័រល្បែងខុសច្បាប់នេះ ធ្វើឡើងតាមសំណើរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ជាច្រើនលើក ឱ្យស្ថាប័នជំនាញពាក់ព័ន្ធ ចាត់វិធានការរាំងខ្ទប់គេហទំព័រល្បែងខុសច្បាប់ ក្រោយរកឃើញថា គេហទំព័រទាំងនេះកំពុងរីកដុះដាលកាន់តែច្រើន និងសកម្មក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មអំពីល្បែងកាស៊ីណូអនឡាញ នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) យូធូប (Youtube) និងតេឡេក្រាម (Telegram)។
អ្នកសិក្សាផ្នែកព័ត៌មានវិទ្យា លោក នង ធារ៉ា ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី៣០ ខែមីនា ថា វិធានការទប់ស្កាត់គេហទំព័រល្បែងអនឡាញខុសច្បាប់របស់អាជ្ញាធរ និងក្រសួងពាក់ព័ន្ធ ហាក់គ្មានប្រសិទ្ធភាពនោះទេ ព្រោះចំនួនវេបសាយ ឬគេហទំព័រ ដែលអាជ្ញាធរបានបិទខ្ទប់នេះ ហាក់មានចំនួនតិចតួចនៅឡើយ បើធៀបនឹងវេបសាយល្បែងខុសច្បាប់ ដែលកំពុងវាយលុកលើបណ្ដាញសង្គម។ លោកសង្កេតឃើញថា ការរាំងខ្ទប់វេបសាយល្បែងអនឡាញ ក៏មិនខុសពីការចាប់ក្ដាមដាក់លើចង្អេរនោះទេ ដោយអ្នកបង្កើតវេបសាយល្បែងទាំងនោះនៅមានប្រើប្រាស់វិធីសាស្ត្រច្រើនណាស់ ដើម្បីដំណើរការ។
លោក នង ធារ៉ា៖ «ដើម្បីឱ្យមានប្រសិទ្ធភាព លុះត្រាតែចាត់វិធានការតាមផ្លូវច្បាប់។ ប្រសិនបើគេបើកយើងបិទ ដូចចាប់ក្ដាមដាក់លើចង្អេរដូច្នេះដែរ វាអត់មានប្រសិទ្ធភាពអ្វីនោះទេ ហើយវាត្រូវការចំណាយពេលយូរទៀត ខាតទាំងធនធានជាតិ ខាតទាំងសេដ្ឋកិច្ចជាតិ។ បិទមួយបង្កើតបានមួយតើ មានអ្វីពិបាក! ថ្ងៃហ្នឹងបិទមួយរយ ស្អែកខានស្អែកបើកមួយរយទៀតក៏បាន អាហ្នឹងវាមានស្អីពិបាក។ វាមានវេបសាយ វាមាន ហូស្តីង (Hosting) វាមាន ដូមេន(Domain) មក អ៊ីចឹងបង្កើតតែមួយភ្លែតហ្នឹង មានអ្វីពិបាក»។
ទោះជាយ៉ាងណា ក្រៅពីពង្រីកការផ្សព្វផ្សាយនៅលើបណ្ដាញសង្គម និងគេហទំព័រហើយនោះ ល្បែងខុសច្បាប់ទាំងនេះ បានពង្រីកការផ្សាយពាណិជ្ជកម្ម ដែលភ្ជាប់ជាមួយវីដេអូរបស់សារព័ត៌មានអនឡាញមួយចំនួន និងវីដេអូរបស់អ្នករកលុយតាមអនឡាញ (MMO) មួយចំនួនផងដែរ។
លេខាធិការនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម លោក រស់ ភីរុណ ប្រាប់វិទ្យុអាស៊ីសេរី ថា គេហទំព័រល្បែងអនឡាញខុសច្បាប់ទាំង ១១២ ដែលក្រសួងប្រៃសណីយ៍ រាំងខ្ទប់បាននេះ គឺមានប្រព័ន្ធប្រតិបត្តិការ(Server) នៅក្នុងស្រុក ដោយឡែកចំពោះគេហទំព័រដែលមានប្រព័ន្ធប្រតិបត្តិការនៅក្រៅប្រទេស អាជ្ញាធរមិនទាន់អាចរាំងខ្ទប់បាននោះទេ។ លោក រស់ ភីរុណ បញ្ជាក់ថា ការទប់ស្កាត់ល្បែងអនឡាញនៅលើប្រព័ន្ធឌីជីថល នេះ មានភាពពិបាក ជាងការបង្ក្រាបល្បែងស៊ីសងនៅតាមសហគមន៍។
លោក រស់ ភីរុណ៖ «ព្រោះអីពាក់ព័ន្ធនឹងសម័យឌីជីថល នេះ សូម្បីតែប្រទេសគេជឿនលឿន ក៏ជួបបញ្ហាហ្នឹងទាំងអស់។ ខ្ញុំទៅធ្វើការសិក្ខាសាលាជាមួយសមាគមបញ្ញត្តករអន្តរជាតិ លោកបារម្ភរឿងហ្នឹង ពិបាកគ្រប់តែគ្នាដែរហ្នឹង រឿងហ្នឹង។ គេកំពុងតែអនុវត្តកិច្ចការហ្នឹងដែលមានការលំបាកដូចគ្នាទាំងអស់»។
ទាក់ទិនរឿងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង យល់ឃើញថា រដ្ឋាភិបាលគួរចាត់វិធានការច្បាប់ ដើម្បីធានាលើប្រសិទ្ធភាពនៃវិធានការបិទខ្ទប់នេះ និងមិនត្រូវបណ្ដោយឱ្យគេហទំព័រទាំងនោះបើកដំណើរការឡើងវិញឡើយ។ លោកបន្តថា អាជ្ញាធរគួរបង្កើនការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ កុំឱ្យលេងល្បែងភ្នាល់តាមអនឡាញ ដើម្បីធ្វើឱ្យសាជីវកម្មឌីជីថលខុសច្បាប់មួយនេះ បាត់បង់ទៅដោយខ្លួនឯង។
លោក យង់ គិមអេង៖ «អ៊ីចឹងការដែលប្រកាសឱ្យគេលេងល្បែងហ្នឹងវាប្រឆាំងជាមួយនឹងច្បាប់របស់រដ្ឋ។ ចុះបើប្រឆាំងជាមួយច្បាប់របស់រដ្ឋ ហេតុអ្វីក៏មិនព្រមចាត់វិធានការប្រឆាំងជាមួយគាត់ កុំឱ្យគាត់ប្រព្រឹត្តការល្បែងស៊ីសង ទាក់ទាញឱ្យពលរដ្ឋទៅលេងល្បែងស៊ីសង អាហ្នឹងវាយ៉ាងម៉េច? វាខុសគ្នាយ៉ាងម៉េច? រដ្ឋាភិបាលគួរតែបញ្ជាក់ពីបញ្ហាហ្នឹងឱ្យបានច្បាស់លាស់ដែរបាទ»។
អ្នកជំនាញព័ត៌មានវិទ្យា និងមន្ត្រីសង្គមស៊ីវិល ជំរុញឱ្យរដ្ឋាភិបាល សហការជាមួយក្រុមហ៊ុនបណ្ដាញសង្គម ដើម្បីរាំងខ្ទប់គេហទំព័រល្បែងខុសច្បាប់នៅក្រៅប្រទេស និងអនុវត្តច្បាប់ទៅលើជនល្មើស និងអ្នកចូលរួមផ្សព្វផ្សាយ ទើបការបង្ក្រាបល្បែងខុសច្បាប់ទាំងនេះមានប្រសិទ្ធភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។