គណៈ​កម្មការ​បុណ្យ​បណ្ឌិត កែម ឡី ប្រកាន់​ជំហរ​ធ្វើ​ពិធី​នៅ​វត្ត​ចាស់​ទោះ​សាលាក្រុង​មិន​អនុញ្ញាត

ដោយ​ សុ ជីវី
2016.10.07
សព​លោក កែម ឡី ២០១៦ ៨៥៥ ពលរដ្ឋ និង​ក្រុម​គ្រួសារ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក​បណ្ឌិត កែម ឡី នៅ​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ នៅ​ថ្ងៃ​ទី​១១ ខែ​កក្កដា ឆ្នាំ​២០១៦។ RFA/Cheu Sideth
RFA/Cheu Sideth

គណៈកម្មការ​រៀបចំ​បុណ្យ​ខួប​១០០ថ្ងៃ​សព​បណ្ឌិត កែម ឡី នៅ​ប្រកាន់​ជំហរ​រៀបចំ​បុណ្យ​នៅ​វត្ត​ ​ពោធិយារាម ហៅ​ថា​វត្ត​ចាស់ បើ​ទោះ​ជា​សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត។

សាលា​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃ​ទី ៧ ខែ តុលា បាន​ចេញ​លិខិត​បដិសេធ​ការ​ជូនដំណឹង​របស់​គណៈកម្មការ​បុណ្យ ដែល​នឹង​ធ្វើ​ពិធី​រំលឹក​ខួប​១០០ថ្ងៃ​លោក បណ្ឌិត កែម ឡី នៅ​វត្ត​ចាស់​រយៈ​ពេល​៣ថ្ងៃ ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១៤ ខែ តុលា​ខាង​មុខ។

សមាជិក​គណៈកម្មការ​បុណ្យ បញ្ជាក់​ថា កម្មវិធី​បុណ្យ​គម្រប់​១០០​ថ្ងៃ​លោក បណ្ឌិត កែម ឡី នឹង​ត្រូវ​បន្ត​ធ្វើ​ទៅ​តាម​កម្មវិធី​ដែល​បាន​គ្រោង​ទុក ដោយ​ពុំ​មាន​ការ​ផ្លាស់ប្ដូរ​ឡើយ។

សមាជិក​មួយ​រូប​គឺ លោក សៅ កុសល មាន​ប្រសាសន៍​ថា លិខិត​ដែល​គណៈកម្មការ​ដាក់​ទៅ​សាលា​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​ទី​៥ ខែ តុលា នោះ​គ្រាន់​ជា​ការ​ជូន​ដំណឹង ដែល​ពុំ​មែន​ស្នើ​សុំ​ការអនុញ្ញាត​ពី​សាលា​រាជធានី​ភ្នំពេញ​ឡើយ«គណៈកម្មការ​នៅ​ជំហរ​ដដែល ព្រោះ​ថា​​នេះ​ជា​ទី​វត្តអារាម​ដែល​យើង​ត្រូវ​ធ្វើ​បុណ្យ ហើយ​ព្រះចៅ​អធិការ​ក៏​បាន​ឯកភាព​ហើយ។ អ៊ីចឹង​យើង​បាន​ប្រកាស​ហើយ នេះ​ជា​ជំហរ​គណៈកម្មការ។ គណៈកម្មការ​ជូន​ដំណឹង​ទៅ​សាលា​ក្រុង​ មិន​មែន​សុំ​ការ​អនុញ្ញាត​ពី​សាលាក្រុង​ទេ ប៉ុន្តែ​សាលាក្រុង​បែរ​ជា​ចេញ​លិខិត​បដិសេធ។ និយាយ​រួម​គឺ​នៅ​តែ​វត្ត​ចាស់ ដដែល យើង​ជូន​ដំណឹង​ដោយសារ​​ព្រះចៅ​អធិការ​លោក​អនុញ្ញាត»

ក្នុង​លិខិត​ឆ្លើយ​តប​របស់​សាលា​រាជធានី​ភ្នំពេញ​ទៅ​លោក សៅ កុសល បញ្ជាក់​ថា សាលា​រាជធានី​ភ្នំពេញ​មិន​អនុញ្ញាត​អោយ​គណៈកម្មការ​រៀបចំ​បុណ្យ​ធ្វើពិធី​នៅ​វត្ត​ចាស់ ដើម្បី​ធ្វើ​បុណ្យ​ខួប​១០០​ថ្ងៃ​លោក​បណ្ឌិត កែម ឡី នោះ​ទេ។ លិខិត​ដែល​ចេញ​នៅ​ថ្ងៃ​ទី​៧ ខែ តុលា ដដែល​ពុំ​បាន​បញ្ជាក់​ហេតុផល​ច្បាស់លាស់​ពី​ការ​បដិសេធ​នេះ​ទេ។ សាលា​រាជធានី​ភ្នំពេញ​ណែនាំ​អោយ រាល់​បុគ្គល ឬ​គណៈកម្មការ​រៀបចំ​ពិធី​បុណ្យ​ត្រូវ​ពិភាក្សា​ជាមួយ​ក្រុម​គ្រួសារ​សព​ធ្វើ​ពិធី​បុណ្យ​នេះ​តាម​ទំនៀម​ទម្លាប់​ខ្មែរ​នៅ​គេហដ្ឋាន ឬ​នៅ​ទី​កន្លែង​បញ្ចុះ​សព​លោក កែម ឡី នៅ​ខេត្ត​តាកែវ​នោះ​វិញ។

សាលា​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ ទី៤ ខែ តុលា​បាន​បដិសេធ​រួច​ម្ដង​ហើយ​សំណើ​សុំ​រៀបចំ​ពិធី​បុណ្យ​ខួប​១០០​ថ្ងៃ​លោក បណ្ឌិត កែម ឡី នៅ​សួនច្បារ​ខាង​មុខ​វត្ត​បទុមវតី។

សេចក្ដី​ជូន​ដំណឹង​ពី​គណៈកម្មការ​រៀបចំ​បុណ្យ​ផ្សព្វផ្សាយ​នៅ​ថ្ងៃ ទី​៧ ខែ​តុលា បញ្ជាក់​កម្មវិធី​បុណ្យ​ខួប​គម្រប់​១០០​ថ្ងៃ​លោក បណ្ឌិត កែម ឡី នឹង​រៀបចំ​នៅ​វត្ត​ចាស់​ចំនួន​៣​ថ្ងៃ ដោយ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១៤ ខែ ដល់​ថ្ងៃ​ទី​១៦ តុលា និង​ថ្ងៃ​ទី​១៧ ជា​ថ្ងៃ​បង្ហើយ​បុណ្យ​នឹង​ធ្វើ​នៅ​ទី​បញ្ចុះសព​លោក បណ្ឌិត កែម ឡី នៅ​ក្នុង​ខេត្ត​តាកែវ។ សេចក្ដី​ជូន​ដំណឹង​ដដែល​បញ្ជាក់​ថា នៅ​ថ្ងៃ​ទី​១៤ និង​ទី​១៥ តុលា មាន​ការ​ជួបជុំ​ពុទ្ធបរិស័ទ ការសម្ដែង​ធម៌ទេសនា បង្សុកូល​ និង​ពិធី​ដាក់បាត្រ​ព្រះសង្ឃ។ នៅ​ថ្ងៃ ទី​១៦ ខែ តុលា នឹង​មាន​ការ​ដង្ហែ​រូបសំណាក លោក បណ្ឌិត កែម ឡី ចេញ​ពី​វត្ត​ចាស់​ទៅ​តម្កល់​នៅ​ទី​បញ្ចុះ​សព​លោក បណ្ឌិត កែម ឡី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។