លោក ហ៊ុន សែន បន្ត​បញ្ជា​ឲ្យ​មាន​វិធានការ​លើ​ករណី​ឡាន​ដឹក​អង្ករ​លើស​ចំណុះ

ដោយ ប្រាជ្ញ ចេវ
2016-02-27
Share
ហ៊ុន សែន ៨៥៥​ ២០១៦ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ «អគារ​មរតក​តេជោ» នា​ក្រសួង​បរិស្ថាន នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០១៦។
RFA/Brach Chev

លោក​នាយករដ្ឋមន្ត្រី​បន្ត​បញ្ជា​អោយ​អាជ្ញាធរ​ចាត់​វិធានការ​ករណី​ឡាន​ដឹក​អង្ករ​លើស​ចំណុះ ដែល​បំផ្លាញ​ស្ពាន​អ្នក​លឿង។ លើស​ពី​នេះ លោក​ប្រាប់​ទៅ​ក្រុម​មន្ត្រី​ជញ្ជីង​ឲ្យ​បើកភ្នែក​មើល​អ្វី​ដែល​បំផ្លាញ​ផ្លូវ​ថ្នល់ និង​សុវត្ថិភាព​សាធារណៈ។ ចំណែក​សង្គម​ស៊ីវិល រដ្ឋបាល​សាធារណៈ នៃ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន កំពុង​មាន​បញ្ជា ព្រោះ​រាល់​ការងារ​តូច​ធំ បើ​លោក ហ៊ុន សែន មិន​ស្រែក មន្ត្រី​ថ្នាក់​ក្រោម​ហាក់​មិន​ធ្វើ​ការងារ​បាន​ពេញលេញ​នោះ​ទេ។

ឆ្លើយ​តប​នឹង​បញ្ជា​របស់​លោក ហ៊ុន សែន មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​ថា សមត្ថកិច្ច​បាន​កំណត់​មុខ​សញ្ញា​រថយន្ត​ដឹក​អង្ករ​លើស​ចំណុះ​ឡើង​ស្ពាន​អ្នក​លឿង​ហើយ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ។ ក្រុមហ៊ុន​នោះ​មាន​ម្ចាស់​ជា​ប្រពន្ធ​របស់​អនុប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន ក្នុង​ខេត្ត​មួយ។

​អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ  ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ថា ក្រសួង​ទុក​ពេល​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​ចេញ​មុខ​មក​សារភាព បើ​មិន​ដូច្នេះ​ទេ​នឹង​មាន​ដីកា​ចាប់​ខ្លួន​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​នោះ។ លោក​បន្ត​ថា ក្រសួង​ថែមទាំង​បាន​ទំនាក់ទំនង​ស្វាមី​របស់​ម្ចាស់​ក្រុមហ៊ុន​ឲ្យ​ភរិយា​របស់​ខ្លួន​មក​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់«យើង​បាន​ទំនាក់ទំនង​គ្រួសារ​គាត់​ឲ្យ​ចូល​ខ្លួន​មក​បំភ្លឺ ទោះ​ទៅ​ដល់​ទីណា ក៏​យើង​តាម​ចាប់​ឲ្យ​ទាល់​តែ​បាន»

សារព័ត៌មាន​ក្នុង​ស្រុក​បាន​ចុះ​ផ្សាយ​ថា កាល​ពី​ថ្ង​ទី​២៣ ខែ​កុម្ភៈ  រថយន្ត​ដឹក​អង្ករ​លើស​ចំណុះ​ទម្ងន់​សរុប​ប្រមាណ ៧០​តោន បាន​បើកឡាន​ឡើង​លើ​ស្ពាន​អ្នកលឿង ប៉ុន្តែ​ពេល​កំពុង​បើក រថយន្ត​ដាច់​កាឡេ​ថយ​មក​ក្រោយ និង​បណ្ដាល​ឲ្យ​របើក​កៅស៊ូ​នៅ​លើ​ស្ពាន។

​លោក ខៀវ សុភ័គ បញ្ជាក់​ថា រថយន្ត​ដឹក​លើស​ចំណុះ​នោះ មិន​បាន​ធ្វើ​ឲ្យ​ខូចខាត​ស្ពាន​ធ្ងន់ធ្ងរ​ទេ។ លោក​ថា ឡាន​នោះ​មិន​ឆ្លង​កាត់​ជញ្ជីង​ថ្លឹង​របស់​សមត្ថកិច្ច​ទេ​នៅ​ពេល​ឆ្លង​ស្ពាន។

ករណី​ឡាន​ដឹក​អង្ករ​លើស​ទម្ងន់​ដែល​ធ្វើ​ឲ្យ​ខូចខាត​ស្ពាន​អ្នកលឿង ឬ​ស្ពាន​ត្សឹបាសា ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ បញ្ជា​ឲ្យ​ចាប់​ឡាន​នោះ​ឲ្យ​បាន ទោះ​ទៅ​ដល់​ទី​ណា​ក៏ដោយ។ លោក ហ៊ុន សែន ថែម​ទាំង​ស្ដី​បន្ទោស​ចំៗ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ត្រាំ អ៊ីវតឹក ថា ក្រសួង​នេះ​ស្ពឹក​ស្រពន់«ក្រសួង​សាធារណៈ​ស្ពឹក​ជាង​គេ ខ្ញុំ​ដាក់​ពិន្ទុ​ពី អេ (A) ប៊ី (B) ស៊ី (C) ឌី (D) អ៊ី (E) អែហ្វ (F) ក្រសួង​សាធារណការ ហ្នឹង​បាន​អែហ្វ»

ឆ្លើយ​រឿង​ពី​រិះគន់​នេះ ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បង្កើត​ស្ថានីយ​ថ្លឹង​រថយន្ត​នៅ​គល់​ស្ពាន​អ្នកលឿង  និង​បញ្ជា​ឲ្យ​មន្ត្រី ១៧​នាក់ ចង​ជា​ក្រុម​ការងារ​តាមដាន​ហ្វេសប៊ុក របស់​លោក ហ៊ុន សែន។  ប៉ុន្តែ​ទន្ទឹម​គ្នា ក៏​មាន​អ្នក​ប្រើប្រាស់​ហ្វេសប៊ុក​មួយ​ចំនួន​រិះគន់​សកម្មភាព​ថ្លឹង​រថយន្ត​នោះ​ថា មាន​ថ្លឹង​ទាំង​រថយន្ត​តូច​ផង​ដែរ។

លោក សន ជ័យ នាយក​ប្រតិមតិ​សម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា (ANSA ) យល់​ថា ដល់​ពេល​លោក ហ៊ុន សែន ត្រូវ​កែលំអ ឬ​វាយ​តម្លៃ​ទៅ​លើ​ប្រមុខ​ក្រសួង​នីមួយៗ​ពី​ការ​ផ្ដល់​សេវា​របស់​ខ្លួន។ លោក​ថា  បញ្ជា​ទាំង​នេះ​ជា​ឧបសគ្គ​នៃ​ការ​អភិវឌ្ឍ ដូច្នេះ​ត្រូវ​មាន​តួ​អង្គ​ចេញ​មុខ​ដោះស្រាយ«គេ​ត្រូវ​មាន​យន្តការ​វាយ​តម្លៃ​ការងារ​ផ្ទៃ​ក្នុង និង​ផ្ទៃ​ក្រៅ ឃើញ​មាន​ការ​វាយ​តម្លៃ​ក្រសួង​សាធារណការ និង​ក្រសួង​កសិកម្ម ប៉ុន្តែ​ក្រសួង​ក៏​ត្រូវ​ធ្វើ​ចឹង​ដែរ»

លោក ហ៊ុន សែន បាន​ផ្ដល់​ពិន្ទុ​ទាប​បំផុត​ទៅ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ក្រសួង​កសិកម្ម រុក្ខា​ប្រមាណ និង​នេសាទ គឺ​ពិន្ទុ​កម្រិត​អក្សរ F បើ​ធៀប​នឹង​លទ្ធផល​ប្រឡង​បាក់ឌុប គឺ​ធ្លាក់​បាក់ឌុប។ ប៉ុន្តែ​លោក សន ជ័យ យល់​ថា ពិន្ទុ​ទាប​បំផុត​គួរ​ផ្ដល់​ទៅ​ក្រសួង​សុខាភិបាល ក្រសួង​រ៉ែ និង​ថាមពល និង​ក្រសួង​ធម្មការ និង​សាសនា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល