អាជ្ញាធរបន្តបង្ក្រាបកូដករណាហ្គាវើលដ៍មិនឱ្យតវ៉ាទាមទារដំណោះស្រាយការងារ

អាជ្ញាធរក្រុងភ្នំពេញជាច្រើននាក់ បន្តរារាំងក្រុមកូដករបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (NagaWorld) មិនឱ្យពួកគាត់ឈរទាមទារដំណោះស្រាយនៅក្បែរអគារក្រុមហ៊ុនឡើយនៅថ្ងៃទី១២ ឧសភា។ ដូចសព្វដងដែរ អាជ្ញាធរបានឡោមព័ទ្ធកូដករដោយបង្ខំឱ្យឡើងឡានក្រុង រួចបន្តដឹកទម្លាក់ពួកគាត់នៅខណ្ឌព្រែកព្នៅ រហូតដល់ម៉ោងប្រមាណ ៤ល្ងាច ទើបអាជ្ញាធរដឹកកូដករទម្លាក់នៅទីលានប្រជាធិបតេយ្យវិញ។
កូដករម្នាក់ កញ្ញា ផុន ករុណា ប្រាប់វិទ្យុអាស៊ីសេរីថា អាជ្ញាធរបានព្យាយាមការពារភាគីក្រុមហ៊ុន ទើបវិវាទការងារដ៏រ៉ាំរ៉ៃនេះអូសបន្លាយពេលគ្មានច្រកចេញ។ កញ្ញាបន្តថា ការបង្ក្រាបរបស់អាជ្ញាធរជាបន្តបន្ទាប់នេះ កាន់តែធ្វើឱ្យកូដករទទួលរងភាពអយុត្តិធម៌បន្ថែមទៀត។ កញ្ញាថ្កោលទោសទង្វើរបស់អាជ្ញាធរ ថាកំពុងតែអនុវត្តតួនាទីផ្ទុយពីច្បាប់ និងបានបំពានសិទ្ធិពលរដ្ឋដែលគ្រាន់តែប្រើសិទ្ធិស្របច្បាប់ទាមទារសិទ្ធិសេរីភាពការងារ៖ «កូដកម្មហ្នឹងគឺនៅតែ កម្លាំងអាជ្ញាធរនៅតែបង្ក្រាប នៅតែរុញច្រានយើង។ និយាយទៅពួកខ្ញុំ ឈឺចាប់ និងខកបំណងជាមួយបងៗ អាជ្ញាធរ ដែលគាត់នៅតែមកយកទ្រូងបាំងក្រុមហ៊ុនណាហ្គាវើលដ៍ ទាំងដែលពួកខ្ញុំទាមទាររកយុត្តិធម៌ពីថៅកែ។ តែគាត់នៅតែរារាំង នៅតែបង្ក្រាបប្រើអំពើហិង្សា ពួកខ្ញុំពិតជាខកបំណងជាមួយកងកម្លាំងអាជ្ញាធរ ដែលគាត់អត់មានវិធានការអីដើម្បីជួយរកដំណោះស្រាយឱ្យពួកខ្ញុំ»។
រយៈពេលប៉ុន្មានថ្ងៃជាប់គ្នានេះ អាជ្ញាធរបង្កើនការបង្ក្រាបកាន់តែខ្លាំងលើក្រុមកូដករ ដោយអាជ្ញាធរបានវាយ ទាត់ធាក់ កូដករដល់ក្នុងរថយន្ត ដែលបណ្ដាលឱ្យកូដករជាស្ត្រីមួយចំនួនរងរបួសផងដែរ។
កាលពីថ្ងៃទី១១ ឧសភា ក្រុមសហជីព ចេញសេចក្ដីថ្លែងការណ៍ ថ្កោលទោសចំពោះទង្វើអាជ្ញាធរ និងទាមទារឱ្យបញ្ឈប់ការបៀតបៀន គំរាមកំហែង និងប្រើអំពើហិង្សាលើកូដករតទៅទៀត។ ទន្ទឹងគ្នានេះ ក្រុមសហជីព ស្នើដល់អាជ្ញាធរត្រូវឈរលើភាពអព្យាក្រឹត្យ និងត្រូវជំរុញឱ្យភាគីក្រុមហ៊ុនដោះស្រាយវិវាទការងារនេះ ស្របតាមច្បាប់ស្ដីពីការងារ និងអនុលោមតាមអនុសញ្ញាស្នូលរបស់អង្គការពលកម្មអន្តរជាតិ (ILO)។
ទោះយ៉ាងណាក្ដី ក្រុមកូដករថា ពួកគាត់នឹងនៅតែបន្តចេញធ្វើកូដកម្មដោយសន្តិវិធី ដើម្បីទាមទារឱ្យថៅកែក្រុមហ៊ុនបញ្ឈប់ការរើសអើងសហជីព និងត្រូវទទួលយកបុគ្គលិកចំនួន២០០នាក់ឱ្យចូលបម្រើការងារវិញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។