អាជ្ញាធររឹបអូសគ្រឿងញៀន ជិតកន្លះតោនក្នុងពេល ៣ថ្ងៃ
2024.04.30
អាជ្ញាធររឹបអូសគ្រឿងញៀន ជិតកន្លះតោន ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែមេសា នៅក្នុងរាជធានី-ខេត្ត ពីរផ្សេងគ្នា គឺនៅរាជធានីភ្នំពេញ និងនៅខេត្តស្ទឹងត្រែង។
មន្ទីរប្រឆាំងគ្រឿងញៀន បានចុះផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃទី២៩ មេសា សមត្ថកិច្ច កាលពីថ្ងៃទី២៧ មេសា បានបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែន នៅខេត្តស្ទឹងត្រែង ហើយបានឃាត់ខ្លួនជនល្មើសចំនួន ៥នាក់ និងរឹបអូសគ្រឿងញៀន ជាង ២០០គីឡូក្រាម។ អាជ្ញាធរឲ្យដឹងថា ជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែង ដើម្បីបន្តនីតិវិធី។
កាលពីថ្ងៃទី២៨ មេសា មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះផ្សាយថា សមត្ថកិច្ច កាលពីថ្ងៃទី២៤ មេសា បានចុះបង្ក្រាបទីតាំងចំនួន៦ ផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ ហើយបានឃាត់ខ្លួនជនសង្ស័យចំនួន ៦នាក់ ហើយបានរឹបអូសគ្រឿងញៀនជិត ២រយគីឡូក្រាម (១៨៨.១៤២) ប្រាក់ជាង ៣០ម៉ឺនដុល្លារអាមេរិក អចលនទ្រព្យ និងគណនីធនាគារតម្លៃប្រមាណរាប់លានដុល្លារអាមេរិក។
ចំណែកកាលពីថ្ងៃទី២៨ មេសា ដដែលនោះ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះផ្សាយថា កាលពីថ្ងៃទី២៥ មេសា សមត្ថកិច្ចបានបង្ក្រាបករណីគ្រឿងញៀនមួយផ្សេងទៀត នៅរាជធានីភ្នំពេញ ហើយបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ និងរឹបអូសបានគ្រឿងញៀន ជិត ៣០គីឡូក្រាម (២៧.៩៩០)។
អាជ្ញាធរឲ្យដឹងថា ជនសង្ស័យ និងវត្ថុតាង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធី។
នេះមិនមែនជាលើកទីមួយទេ ក្នុងឆ្នាំ២០២៤ ដែលអាជ្ញាធរបានបង្ក្រាបករណីបទល្មើសគ្រឿងញៀនធំៗ។ កាលពីខែមករាកន្លងទៅ អាជ្ញាធរបានឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ និងគ្រឿងញៀន ជាង ១តោនកន្លះ នៅខេត្តព្រះសីហនុ។
របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឆ្នាំ២០២៣ បង្ហាញថា សមត្ថកិច្ចបានបង្ក្រាបបទល្មើសគ្រឿងញៀនជិត ៨ពាន់ករណី ដោយរឹបអូសបានគ្រឿងញៀនប្រមាណ ៣តោន និងឃាត់ខ្លួនជនសង្ស័យ ជិត២ម៉ឺននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។