ស្នងការនគរបាលជាតិត្រៀមកងកម្លាំងសម្រាប់រក្សាសន្តិសុខជូនពលរដ្ឋក្នុងថ្ងៃបុណ្យឆ្លងឆ្នាំសកល
2016.12.31
![សមត្ថកិច្ចខេត្តព្រះសីហនុ ២០១៦ ៨៥៥ សមត្ថកិច្ចខេត្តព្រះសីហនុ ២០១៦ ៨៥៥](https://www.rfa.org/khmer/news/social-economy/Sihanouk-Ville-authorities-to-take-action-against-gangsters-who-disobey-traffic-rules-04132016062535.html/police-855.jpg/@@images/d9b54f09-4f45-4629-ab9c-b71d246e738c.jpeg)
ស្នងការនគរបាលជាតិ រៀបចំកងកម្លាំងដាក់តាមតំបន់កម្សាន្តនៅតាមបណ្ដារាជធានី ខេត្ត ដែលមានភ្ញៀវទេសចរទៅកម្សាន្តច្រើន ដើម្បីរក្សាសន្តិសុខជូនពលរដ្ឋក្នុងថ្ងៃបុណ្យឆ្លងឆ្នាំសកល ឆ្នាំ២០១៧។
អ្នកនាំពាក្យរបស់អគ្គស្នងការនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ ឱ្យអាស៊ីសេរី ដឹងនៅរសៀលថ្ងៃទី៣១ ខែធ្នូ ថា អគ្គស្នងការនគរបាលជាតិ បានបញ្ចេញកងកម្លាំងទាំងអស់ដើម្បីរក្សាសន្តិសុខដល់ប្រជាពលរដ្ឋនៅតាមទីកន្លែងដែលមានប្រជាពលរដ្ឋប្រមូលផ្តុំច្រើន ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តផងដែរ។
លោកឱ្យដឹងទៀតថា សម្រាប់នៅក្នុងរាជធានីភ្នំពេញ នឹងមានកងកម្លាំងរក្សាសន្តិសុខនៅតាមចំណុចសំខាន់ៗដូចជា តាមមាត់ទន្លេ មុខព្រះបរមរាជវាំង និងសួនច្បារ៖ «យើងប្រយ័ត្នប្រយែង ទីមួយ គឺទាក់ទងនឹងការងារសន្តិសុខ គឺចង់និយាយដល់អំពើភេរវកម្ម អាហ្នឹងយើងប្រយ័ត្នមុនបង្អស់ បន្ទាប់មកទៀត យើងយកចិត្តទុកដាក់លើរឿងបទល្មើស ទើបយើងគិតគូររឿងសណ្ដាប់ធ្នាប់ យើងត្រៀមកម្លាំងដើម្បីជួយសង្គ្រោះ ពេលមានកើតហេតុជាយថាហេតុ កើតចៃដន្យ»។
ទាក់ទងនឹងបញ្ហាសណ្ដាប់ធ្នាប់ចរាចរណ៍វិញ ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ លោក រុន រ័ត្នវាសនា ឱ្យដឹងថា កម្លាំងនគរបាលចរាចរណ៍មានវិធានការដាក់ប៉ុស្តិ៍ត្រួតពិនិត្យជាតិស្រវឹងនៅពេលយប់។
វិធានការនេះ គឺដើម្បីរំឭកដាស់តឿនទៅដល់ប្រជាពលរដ្ឋដែលទទួលទានជាតិស្រវឹង ឱ្យគិតអំពីច្បាប់ និងសុវត្ថិភាពផ្ទាល់ខ្លួន៖ «បុណ្យឆ្លងឆ្នាំអ៊ីចឹង អ្នកបើកបរភាគច្រើនទទួលទានជាតិស្រវឹង អ៊ីចឹងតាមរាជធានី ខណ្ឌ ភាគច្រើនយើងនឹងត្រួតពិនិត្យជាតិអាល់កុលនៅពេលយប់ ដើម្បីពញ្ញាក់គាត់ កុំឱ្យគាត់ពេលណាគាត់ទទួលទាន កុំឱ្យវាលើសពីអ្វីដែលកំណត់ច្បាប់ ចាប់ពី ០,៤០ ឡើងទៅ មានទោសហើយ អ៊ីចឹងយើងចង់ឱ្យគាត់ទទួលទានហើយ គិតពីច្បាប់ផង»។
លោក រុន រ័ត្នវាសនា អំពាវនាវដល់ប្រជាពលរដ្ឋចៀសវាងការបើកបរនៅពេលស្រវឹង។ លោកថា បើការពិនិត្យជាតិអាល់កុលទៅឃើញថា មានជាតិអាល់កុលចាប់ពី (០,៤០) មិល្លីក្រាម ក្នុងមួយលីត្រខ្យល់ឡើងទៅ នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ។
អ្នកនាំពាក្យរបស់អគ្គស្នងការនគរបាលជាតិ លោក គៀត ច័ន្ទថារិទ្ធ បញ្ជាក់ថា ប្រសិនបើពលរដ្ឋណាម្នាក់មានបញ្ហាអសន្តិសុខកើតឡើង អាចទាក់ទងជាបន្ទាន់ទៅកាន់លេខរបស់ស្នងការនៅតាមរាជធានី-ខេត្ត ឬទំនាក់ទំនងមកលេខរបស់អគ្គស្នងការនគរបាលជាតិ ដែលមានពីរខ្សែ គឺលេខ ១១៧ និង ១១៨ ដែលមានអ្នកបម្រើការ ២៤ម៉ោង។
ក្រៅពីការនេះ លោក គៀត ច័ន្ទថារិទ្ធ ក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមសហការជាមួយកម្លាំងសមត្ថកិច្ចក្នុងការការពារសន្តិសុខ ជាពិសេសលោកអំពាវនាវដល់ពលរដ្ឋឱ្យយកចិត្តទុកដាក់ក្នុងការបើកបរ បញ្ហាអគ្គីភ័យ ការពិសាគ្រឿងស្រវឹង និងថែរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួននៅពេលដើរកម្សាន្តផងដែរ៕