អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​គ្រោង​ស្ថាបនា​ផ្លូវ​ចូល​ទស្សនា​តំបន់​ទឹកធ្លាក់​នៅ​ស្រុក​ទឹកផុស

ដោយ ជិន ជេដ្ឋា
2014.11.30
Share on WhatsApp
Share on WhatsApp
សេង សាលី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់​ឆ្នាំង ៦២០ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់​ឆ្នាំង លោក សេង សាលី ផ្ដល់​បទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​២៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។
RFA/Chin Chetha

ប្រជា​សហគមន៍ អាជ្ញាធរ និង​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ឆ្នាំង គ្រោង​រៀបចំ​រមណីយដ្ឋាន​ធម្មជាតិ​ទឹកធ្លាក់​ចំនួន​ពីរ​កន្លែង នៅ​ស្រុក​ទឹកផុស។ បច្ចុប្បន្ន​រមណីយដ្ឋាន​ទាំងពីរ​នេះ​មិន​សូវ​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​កម្សាន្ត​ដល់​នៅឡើយ ដោយសារតែ​បញ្ហា​ផ្លូវ​លំបាក​ធ្វើដំណើរ។ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​នេះ​អះអាង​ថា ទិសដៅ​អភិវឌ្ឍន៍​ឆ្នាំ​២០១៥ នឹង​ត្រូវ​រៀបចំ​តំបន់​ទាំងនេះ ឲ្យ​ទៅជា​តំបន់​ទេសចរ​ទឹកធ្លាក់​ធម្មជាតិ ប៉ុន្តែ​ជា​ជំហាន​ដំបូង​អាជ្ញាធរ និង​មន្ទីរ​ជំនាញ នឹង​ស្ថាបនា​ផ្លូវ​ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ ចូល​ទៅ​តំបន់​ទាំងនោះ​ជា​មុន​សិន។

សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន​នៅ​ឃុំ​ក្បាលទឹក និង​ឃុំ​ក្ដុល នៃ​ស្រុក​ទឹកផុស បាន​ធ្វើ​សំណើ និង​ត្រៀមខ្លួន​រួចជាស្រេច​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ទេសចរ ដើម្បី​ប្រែក្លាយ​តំបន់​ទឹកធ្លាក់​អន្លង់​ស្វាយ និង​ទឹកធ្លាក់​ស្រែ​អំពិល ទៅជា​តំបន់​ទេសចរ​ធម្មជាតិ​ដ៏​ពេញ​និយម​នៅ​ក្នុង​ខេត្ត។ មន្ទីរ​បាន​គាំទ្រ​គម្រោង​នេះ ប៉ុន្តែ​ផែនការ​លំអិត ឬ​ខ្ទង់​ចំណាយ​លើ​ការស្ថាបនា​ផ្លូវ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ឆ្នាំង​លោក សេង សាលី ថ្លែង​នៅ​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ថា តំបន់​ទឹកធ្លាក់​ស្រែអំពិល ត្រូវការ​ផ្លូវលំ​ចម្ងាយ​ប្រហែល​១៥​គីឡូម៉ែត្រ ចេញពី​ចំណុច​ភូមិ​ក្ដុល រហូតដល់​ភូមិ​ស្រែអំពិល នៃ​ឃុំ​ក្រាំង​ស្គារ ចំណែក​តំបន់​ទឹកធ្លាក់​អន្លង់​ស្វាយ​វិញ គឺ​ត្រូវការ​ផ្លូវ​ចម្ងាយ​ប្រហែល​២​គីឡូម៉ែត្រ ចេញពី​ចំណុច​ភូមិ​ដូង​ស្លា រហូតដល់​ចំណុច​ទឹកធ្លាក់​អន្លង់​ស្វាយ​តែម្ដង។ លោក​ថា នៅ​ទូទាំង​ខេត្ត​មិន​ទាន់​មាន​ការរៀបចំ​តំបន់​ទេសចរ​ទឹកធ្លាក់​នៅឡើយ​ទេ ហើយ​លោក​សង្ឃឹមថា​នៅ​ពេល​តំបន់​ទេសចរ​ធម្មជាតិ​ទាំងពីរ​នេះ​រៀបចំ​រួច កំណើន​ភ្ញៀវ​ទេសចរ​ក្នុង​ខេត្ត​នឹង​កើន​ឡើង​ទ្វេដង៖ «ខាង​ប្រជា​សហគមន៍​ជា​អ្នក​ចង់​អភិវឌ្ឍន៍​ទាំង​ហ្នឹង​ឲ្យ​ទៅជា​តំបន់​ទេសចរ​ទឹកធ្លាក់​ធម្មជាតិ ហើយ​យើង​អាច​ជួយ​សម្របសម្រួល​ផ្នែក​ផ្លូវ និង​បច្ចេកទេស​ផ្សេងៗ»

ទាក់ទង​នឹង​គម្រោង​រៀបចំ​តំបន់​ទេសចរ​នៅ​ស្រុក​ទឹកផុស​នេះ អនុប្រធាន​សហគមន៍​អន្លង់​ស្វាយ​លោក អោម ហុន ថ្លែង​គាំទ្រ​ថា នៅ​ពេល​តំបន់​ទេសចរ​ទាំងនេះ​ដំណើរការ គឺ​អាច​រក្សា​ព្រៃឈើ​បាន​មួយ​ផ្នែក​ដែរ ចំណែក​អ្នក​ស្រុកភូមិ​អាច​រក​ចំណូល​បាន​តាម​រយៈ​លក់​ផ្លែឈើ នំចំណី និង​ទឹក​ដល់​ភ្ញៀវ​ទេសចរ​ជាដើម​។ លោក​រំលឹក​ថា ជា​រៀងរាល់​ឆ្នាំ​មាន​ភ្ញៀវ​ទេសចរ​រាប់​រយ​នាក់ ចូល​ទៅលេង​ទឹកធ្លាក់​អន្លង់​ស្វាយ បើ​ទោះ​បីជា​ផ្លូវ​លំបាក​ធ្វើដំណើរ​ខ្លាំង ហើយ​គ្មាន​សេវាកម្ម​លក់​ម្ហូបអាហារ ឬ​នំចំណី​ក៏ដោយ៖ «ប្រជាពលរដ្ឋ​យើងខ្ញុំ​មានការ​ត្រេក​អ​ណាស់ ប្រសិនបើ​អាជ្ញាធរ​ពាក់ព័ន្ធ និង​មន្ត្រី​ទេសចរ​ជួយ»

តំបន់​ទេសចរ​ធម្មជាតិ និង​ប្រវត្តិសាស្ត្រ​នៅ​ខេត្ត​កំពង់ឆ្នាំង មាន​ច្រើន​បង្គួរ ប៉ុន្តែ​រមណីយដ្ឋាន​ទាំងនោះ​មិន​ត្រូវ​បាន​គេ​រៀបចំ ឬ​អភិវឌ្ឍន៍​ឲ្យ​ទៅជា​តំបន់​ទេសចរ​គួរ​ឲ្យ​ទាក់ទាញ​សម្រាប់​ភ្ញៀវ​ទេសចរ​ឡើយ ដូចជា​នៅ​តំបន់​ទេសចរ​ភ្នំ​សន្ទូច ភ្នំ​នាងកង្រី និង​ទឹកធ្លាក់​អូរដារ ឋិត​នៅ​ស្រុក​កំពង់លែង​ជាដើម។ យ៉ាងណា​នៅ​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ទៅ​ទស្សនា​អ្នកភូមិ​ឡើង​ត្នោត និង​ស្មូន​ក្អមឆ្នាំង ឬ​វត្ថុ​អនុស្សាវរីយ៍ នៅ​ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ និង​ខ្លះ​ទៀត​ជិះ​ទូក​ទស្សនា​ផ្ទះ​បណ្ដែត​ទឹក និង​បក្សី នៅ​ឃុំ​ប្រឡាយ​មាស ស្រុក​កំពង់លែង។ មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ឆ្នាំង បាន​បង្ហាញ​ពី​តួលេខ​កើន​ឡើង នៃ​ភ្ញៀវ​ទេសចរ​ចូល​មក​កម្សាន្ត​ក្នុង​ខេត្ត​កើន​ឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ។ នៅ​ក្នុង​ឆ្នាំ​២០១៤ មាន​ភ្ញៀវ​ចូល​មក​កម្សាន្ត​ជិត​៣​ម៉ឺន​នាក់ (២៨៤៩៧) ដែល​តួលេខ​នេះ​កើន​ឡើង​ជាង​ឆ្នាំ​២០១៣ ជាង​៣​ពាន់​នាក់(៣០៦០)

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។