អាជ្ញាធរ នឹង​កាត់​សោ​ទ្វារ​របង​រោង​សិប្បកម្ម​តម្បាញ ហុង ស៊ីង ដើម្បី​ចូល​មើល​សម្ភារៈ លក់​ឡាយឡុង​សង​កម្មករ

ដោយ អាស៊ីសេរី
2019.12.27
ហុង ស៊ីង កម្មករ​សិប្បកម្ម​តម្បាញ ហុង ស៊ីង នាំ​គ្នា​តវ៉ា និង​ដេក​យាម​មុខ​រោង​សិប្បកម្ម​ទាំង​ថ្ងៃ​ទាំង​យប់ តាំង​ពី​ថ្ងៃ​ទី៩ ធ្នូ​មក ដោយសារ​ថៅកែ​ចិន ចាក់​សោ​ទ្វារ​របង​សិប្បកម្ម​ទុក​ចោល។
រូប៖ កម្មករ

កម្មករ​រោង​សិប្បកម្ម​តម្បាញ ហុង ស៊ីង (Hong Xing) នៅ​ខណ្ឌ​មានជ័យ ឲ្យ​ដឹង​ថា មន្ត្រី​ក្រសួង​ការងារ ប្រាប់​ពួក​គាត់​ថា មិន​ទាន់​មាន​ដំណោះ​ស្រាយ​ទេ ចំពោះ​ករណី​ថៅកែ​ជនជាតិ​ចិន​រត់​ចោល​កម្មករ ដោយ​មិន​បាន​បើក​ប្រាក់​ឈ្នួល​ឲ្យ​គ្រប់​ចំនួន និង​មិន​ទូទាត់​សំណង​អតីត​ភាព​នោះ។ ប៉ុន្តែ ក្រសួង​ការងារ​សន្យា​ថា នឹង​នាំ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ មក​កាត់​សោ​ទ្វារ​របង​រោង​សិប្បកម្ម ដើម្បី​ចូល​ទៅ​មើល​ថា តើ​មាន​សម្ភារៈ​អ្វី​ខ្លះ អាច​លក់​ឡាយឡុង សង​លុយ​កម្មករ​បាន​គ្រប់​ចំនួន​ដែរ​ទេ។

កម្មការិនី​ឈ្មោះ តេង ស្រីមុំ ឲ្យ​ដឹង​ថា មន្ត្រី​ក្រសួង​ការងារ​សន្យា​ថា នឹង​នាំ​អាជ្ញាធរ​មក​កាត់​សោ​ទ្វារ​របង​ នៅ​ថ្ងៃ​ច័ន្ទ ទី៣០ ខែ​ធ្នូ ហើយ​ចូល​ទៅ​មើល​សម្ភារៈ​ក្នុង​ទីតាំង​សិប្បកម្ម​ទាំង​អស់​គ្នា។ តែ​មន្ត្រី​ក្រសួង​ការងារ​ប្រាប់​កម្មករ​ថា នីតិវិធី​បន្ត​ គឺ​នៅ​វែង​ឆ្ងាយ​ទៀត មិន​មែន​លក់​ឡាយឡុង ​បាន​លុយ​ភ្លាមៗ ទេ។ លោកស្រី តេង ស្រីមុំ​ ថា កម្មករ​សុំ​អង្វរ​អាជ្ញាធរ​ឲ្យ​ជួយ​សម្រួល​នីតិវិធី តាម​ក្ដី​អាណិត​អាសូរ​ដល់​ក្រុម​កម្មករ ឲ្យ​ទទួល​បាន​សំណង​ឆាប ដើម្បី​​​កម្មករ​មាន​ប្រាក់​យក​ទៅ​បង់​ថ្លៃ​ផ្ទះ​ជួល និង​អាច​រក​ការងារ​ថ្មី​ធ្វើ ព្រោះ​កម្មករ​បាន​ដេក​តវ៉ា​លើ​ចិញ្ចើម​ផ្លូវ​ទាំង​ថ្ងៃ​ទាំង​យប់ ជាង​កន្លះ​ខែ​មក​​ហើយ។

កម្មករ​នៅ​សិប្បកម្ម​តម្បាញ ហុង ស៊ីង មាន​ចំនួន ១៩០នាក់ បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា និង​ដេក​យាម​លើ​ចិញ្ចើម​ផ្លូវ​មុខ​រោង​សិប្បកម្ម​ទាំង​ថ្ងៃ​ទាំង​យប់ តាំង​ពី​ថ្ងៃ​ទី៩ ធ្នូ​មក ដោយសារ​ថៅកែ​ជនជាតិ​ចិន បាន​ចាក់​សោ​ទ្វារ​របង​សិប្បកម្ម​ទុក​ចោល ដោយ​មិន​ដឹង​ទៅ​ណា និង​មិន​បាន​បើកប្រាក់​ឈ្នួល​ឱ្យ​គ្រប់​ចំនួន ព្រម​ទាំង​មិន​ទាន់​បាន​ទូទាត់​ប្រាក់​សំណង​អតីតភាព ប្រាក់​បំណាច់ និង​អត្ថប្រយោជន៍​ផ្សេង​ទៀត​ជូន​កម្មករ​នៅ​ឡើយ។

អ្នក​សម្រប​សម្រួល​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស និង​ការងារ ហៅ​កាត់​ អង្គការ សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ ប្រាប់​ថា នីតិវិធី​បន្ត​តាម​ផ្លូវ​ច្បាប់ ​អាច​​​ប្រើ​ពេល​យូរ​​ ដើម្បី​ឈាន​ដល់​តុលាការ​ចេញ​ដីកា​សម្រេច​ឲ្យ​​លក់​ឡាយឡុង។ ប៉ុន្តែ​លោក​ថា ជា​ទូទៅ គណៈ​កម្មការ​ដោះស្រាយ​វិវាទ​គ្រប់​មុខ​សញ្ញា​របស់​ក្រសួង​ការងារ អាច​ជំរុញ​នីតិវិធី​ដើម្បី​បាន​លក់​ឡាយឡុង​បាន​លឿន ប្រសិន​បើ​គណៈ​កម្មការ​នេះ មាន​ឆន្ទៈ​ដោះ​ស្រាយ​ជួយ​កម្មករ ក្នុង​រឿង​លក់​សម្ភារៈ​ឡាយឡុង​ទូទាត់​សំណង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។