ក្រសួង​អប់រំ​យល់ព្រម​សើរើ​លទ្ធផល​បាក់​ឌុប​ឡើងវិញ​ក្រោយ​មាន​ការ​តវ៉ា​ជាច្រើន​ថ្ងៃ

យុវជន​ដែល​សង្កេតការណ៍​ប្រលង​បាក់​ឌុប ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU) ឲ្យ​ដឹង​ថា អត្រា​អ្នកមាន​បញ្ហា​ពិន្ទុ​មិន​ប្រក្រតី​ច្រើន​នៅ​ឆ្នាំនេះ អាច​បណ្ដាល​មក​ពី ក្រុម​យុវជន​សង្កេតការណ៍​ឲ្យ អេស៊ីយូ (ACU) លួច​កត់​ឈ្មោះ​បេក្ខជន​ប្រលង ដោយ​មិន​ដឹង​ខ្លួន ថា​បាន​លួច​លបមើល​ឯកសារ ឬ លបមើល​គ្នា។

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​យុវជន និង​កីឡា លោក ហង់ ជួនណារ៉ុន ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន កាល​ពី​ថ្ងៃ​ទី​២៤ ឧសភា ២០១៤ រាជធានី​ភ្នំពេញ។

ក្រសួង​អប់រំ យុវជន និង​កីឡា សន្យា​សើរើ​លទ្ធផល​ប្រលង​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប មុខវិជ្ជា​គណិតវិទ្យា​ឡើងវិញ ក្រោយពី​មាន​សិស្ស​ជាច្រើន​ក្រុម នាំគ្នា​តវ៉ា​នៅមុខ​ក្រសួង​អប់រំ ជាច្រើន​ថ្ងៃ។ យុវជន​ដែល​សង្កេតការណ៍​ប្រលង​បាក់​ឌុប ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU) ឲ្យ​ដឹង​ថា អត្រា​អ្នកមាន​បញ្ហា​ពិន្ទុ​មិន​ប្រក្រតី​ច្រើន​នៅ​ឆ្នាំនេះ អាច​បណ្ដាល​មក​ពី ក្រុម​យុវជន​សង្កេតការណ៍​ឲ្យ អេស៊ីយូ (ACU) លួច​កត់​ឈ្មោះ​បេក្ខជន​ប្រលង ដោយ​មិន​ដឹង​ខ្លួន ថា​បាន​លួច​លបមើល​ឯកសារ ឬ លបមើល​គ្នា។ សង្គម​ស៊ីវិល​ឃ្លាំមើល​វិស័យ​អប់រំ ស្នើ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ យក​កញ្ចប់​ថវិកា​សម្រាប់​អ្នក​សង្កេតការណ៍ មក​បន្ថែម​ឲ្យ​អនុរក្ស ហើយ​លុបចោល​ក្រុម​អ្នកសង្កេតការណ៍​ផ្សេងៗ ដើម្បី​បញ្ចៀស​ការ​រំខាន​ដល់​ការ​ប្រលង​បាក់​ឌុប​នៅ​ឆ្នាំក្រោយ។

សិស្ស​ឆ្នើម​មេដាយ​មាស​គណិតវិទ្យា ឆ្នាំ​២០១៨ យុវជន ឆាយ លីអាន សង្ស័យ​ថា មុខវិជ្ជា​គណិតវិទ្យា​សម្រាប់​ការ​ប្រលង​បាក់​ឌុប​អាច​មាន​បញ្ហា​បច្ចេកទេស ទើប​ទទួល​បាន​និទ្ទេសF​ច្រើន។ យុវជន ឆាយ លីអាន សង្កេតឃើញ​ថា លទ្ធផល​គណិតវិទ្យា​ភាគច្រើន គឺ​ធ្លាក់​តែម្ដង។ «»

យុវជន ឆាយ លីអាន ជា​បេក្ខជន​ប្រលង​បាក់​ឌុប នៅ​មណ្ឌល​វិទ្យាល័យ​មិត្តភាព​កម្ពុជា​ជប៉ុន ក្រុង​កំពត សម័យ​ប្រលង​ថ្ងៃ​ទី​២០ សីហា ឆ្នាំ​២០១៨។ នៅ​ឆ្នាំ​២០១៥ ឆាយ លីអាន ទទួល​បាន​ចំណាត់ថ្នាក់​លេខ​២ សិស្ស​ពូកែ​ទូទាំង​ប្រទេស លើ​មុខវិជ្ជា​គណិតវិទ្យា និង​ឆ្នាំ​២០១៨ ឆាយ លីអាន ទទួល​បាន​មេដាយ​មាស គណិតវិទ្យា​ប្រចាំ​ឆ្នាំ។ យុវជន ឆាយ លីអាន ធ្លាប់​បាន​ទៅ​ប្រកួត នៅ​ប្រទេស​សិង្ហបុរី ក្នុង​ការ​ប្រកួត​គណិតវិទ្យា​ប្រចាំ​តំបន់​អាស៊ាន ធ្លាប់​ប្រកួត​ការ​ធ្វើ Research នៅ​ប្រទេស​ម៉ាឡេស៊ី និង​ធ្លាប់​បាន​ទៅ​ប្រកួត​លំដាប់ថ្នាក់​អន្តរជាតិ (IMO) នៅ​ប្រទេស​រ៉ូម៉ាន់នី ដែល​មាន​ការចូលរួម​ពី​១១៦​ប្រទេស​ជុំវិញ​ពិភពលោក។

សិស្ស​ប្រលង​បាក់​ឌុប ធ្លាក់​មុខវិជ្ជា​គណិតវិទ្យា​ម្នាក់ទៀត មកពី​វិទ្យាល័យ ១០ មករា ១៩៧៩ នៃ​ខេត្ត​សៀមរាប យុវសិស្ស ជ្រា សុភា អះអាង​ថា តាម​សមត្ថភាព​ជាក់ស្ដែង​រូប​គាត់ នឹង​មិន​អាច​ធ្លាក់​មុខវិជ្ជា​គណិតវិទ្យា​ទេ។ យ៉ាងណា សិស្ស​រូប​នេះ សង្ឃឹម​ថា គាត់​នឹង​ទទួល​បាន​លទ្ធផល​ល្អ​ឡើងវិញ ក្រោយ​ពេល​ក្រសួង​សម្រេច​សើរើ​លទ្ធផល​បាក់​ឌុប​គណិតវិទ្យា​ឡើងវិញ។ «»

លទ្ធផល​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់ឌុប ឆ្នាំ​២០១៨ បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​០៩ និង​ទី​១០ កញ្ញា បាន​បង្ហាញ​ថា ចំនួន​សិស្ស​ប្រឡង​ជាប់​ទូទាំង​ប្រទេស មាន​ជាង ៦៦​ភាគរយ បេក្ខជន​ប្រឡង​សរុប​ជាង​១១​ម៉ឺន​នាក់។ ប៉ុន្តែ​អត្រា​សិស្ស​ជាប់​និទ្ទេស​ល្អៗ ឬ​ហៅថា និទ្ទេស​A​និទ្ទេស​B និង​និទ្ទេស​C មានការ​ថយ​ចុះ​ជាង​ឆ្នាំមុន គឺ​កើន​ឡើង​តែ​សិស្ស​ជាប់​និទ្ទេស D និង​E​ប៉ុណ្ណោះ។ ក្រសួង​អប់រំ​អះអាង​ថា មូលហេតុ​ដែល​នាំ​ឲ្យ​បេក្ខជន​ទទួល​បាន​និទ្ទេស A B និង C ធ្លាក់​ចុះ គឺ​ដោយសារ​ក្រសួង​អប់រំ​បាន​បង្កើន​ស្តង់ដារ​ប្រធាន​វិញ្ញាសា​ប្រឡង​ឲ្យ​ខ្លាំង​ជាង​មុន ដើម្បី​ពង្រឹង​គុណភាព​អប់រំ និង​ជំរុញ​បេក្ខជន​ឲ្យ​ខិតខំ​រៀន​សូត្រ​ឲ្យ​កាន់តែ​មាន​ចំណេះដឹង​ជ្រៅជ្រះ​ថែមទៀត។

នៅ​ក្រោយ​លទ្ធផល​បាន​ចេញ​ជា​ផ្លូវការ​ទូទាំង​ប្រទេស ក្រុម​សិស្ស​ប្រលង​បាក់​ឌុប​ជាច្រើន បាន​នាំ​គ្នា​ឡើង​ពី​ខេត្ត មក​តវ៉ា​នៅមុខ​ក្រសួង​អប់រំ នៅ​រាជធានី​ភ្នំពេញ បង្ហាញ​ការ​មិន​យល់ព្រម ដែល​មុខវិជ្ជា​គណិតវិទ្យា​របស់​ពួកគេ​ធ្លាក់​និទ្ទេស។ «»

នៅ​ក្រោយ​ការ​តវ៉ា រយៈពេល​២​ថ្ងៃ គឺ​នៅ​ថ្ងៃ​ទី​១២ កញ្ញា ក្រសួង​អប់រំ បាន​ប្រកាស​ថា បាន​រៀបចំ​គណៈកម្មការ​កោសល្យវិច័យ ដើម្បី​ពិនិត្យ​ដោះស្រាយ​ការ​មិន​ពេញ​ចិត្តនឹង​លទ្ធផល​ប្រឡង​មធ្យមសិក្សា​ទុតិយភូមិ ឬ​បាក់​ឌុប ជូន​បេក្ខជន អាណាព្យាបាល និង​អ្នក​ពាក់ព័ន្ធ ដោយ​ប្រកបដោយ​វិជ្ជាជីវៈ និង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ដូច​ធ្លាប់​អនុវត្ត​តាម​នីតិវិធី​កន្លងមក។ គណៈកម្មការ​កោសល្យវិច័យ នឹង​ចាប់​ដំណើរការ​ការងារ​ពី​ថ្ងៃ​ជូនដំណឹង​នេះ ក្នុង​រយៈពេល​១​សប្ដាហ៍។

លទ្ធផល​ប្រលង​បាក់​ឌុប គណិតវិទ្យា​នៅ​ឆ្នាំនេះ ផ្ទុះ​ការ​តវ៉ា​ខ្លាំង​ជាង​ឆ្នាំ​មុនៗ​។ អ្នកសង្កេតការណ៍​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ម្នាក់ ឲ្យ​ដឹង​ថា ការដែល​លទ្ធផល​ពិន្ទុ​អាច​មាន​បញ្ហា ប្រហែលជា​ដោយសារ ក្រុម​អ្នកសង្កេតការណ៍​អេស៊ីយូ (ACU) ឬ ក្រុម​អ្នកសង្កេតការណ៍​ដទៃ​ទៀត បាន​លួច​កត់​ឈ្មោះ បេក្ខជន​ប្រលង ដែល​សង្ស័យ​ថា លួច​លបមើល​ឯកសារ ឬ​លួច​មើល​គ្នា ឬ​ធ្លាក់​ដោយសារ​គេ​លបមើល​ខ្លួន។

អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ ពី​លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ និង​អ្នកនាំពាក្យ​ក្រសួង​អប់រំ លោក ឌី ខាំប៉ូលី ព្រមទាំង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ លោក ឱម យិនទៀង បានទេ នៅ​ថ្ងៃ​ទី​១២ កញ្ញា ដោយសារ​មិន​លើក​ទូរស័ព្ទ។

ប៉ុន្ដែ​នៅ​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចុះផ្សាយ​ថា លោក ហង់ ជួនណារ៉ុន បាន​បើក​កិច្ចប្រជុំ​គណៈកម្មការ​កោសល្យវិច័យ ពិនិត្យ​ដោះស្រាយ​ចំពោះ​ការ​មិន​ពេញ​ចិត្តនឹង​លទ្ធផល​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ នៅ​ទីស្ដីការក្រសួង នៅ​ព្រឹក​ថ្ងៃ​ទី​១២ កញ្ញា។ លោក ហង់ ជួនណារ៉ុន អះអាង​ថា គណៈកម្មការ​នេះ បង្កើត​ឡើង​ដើម្បី​ពិនិត្យ​ដោះស្រាយ​ការ​មិន​ពេញចិត្ត​នឹង​លទ្ធផល​ប្រឡង​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ សម័យ​ប្រឡង ២០ សីហា ២០១៨ ជូន​បេក្ខជន មាតាបិតា អាណាព្យាបាល ឬ​អ្នក​ពាក់ព័ន្ធ ប្រកបដោយ​ទទួលខុសត្រូវ​ខ្ពស់ និង​ធានា​ថា ការ​ប្រឡង​បាន​ដំណើរការ​ទៅ​ដោយ​គោរព​តាម​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​អាច​ទទួលយក​បាន។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី សង្កេតឃើញ​ថា កត្តា​ដែល​នាំ​ឲ្យ​សិស្ស​ប្រលង​បាក់​ឌុប នាំគ្នា​តវ៉ា​លទ្ធផល​ច្រើន អាច​បណ្ដាលមកពី​ភាព​ធ្វេស​ប្រហែស​របស់​មន្ត្រី​រៀបចំ​ការ​ការ​ប្រលង ដែល​មាន​ទាំង​ក្រុម​អ្នកសង្កេតការណ៍​មកពី​ស្ថាប័ន​ផ្សេងៗ ឬ អនុរក្ស​កែ​វិញ្ញាសា។ សង្គម​ស៊ីវិល​រូប​នេះ យល់ថា ដើម្បី​បញ្ចៀស​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ប្រលង​បាក់​ឌុប​នានា ក្រសួង​អប់រំ គួរ​សម្រួល​បញ្ឈប់​សកម្មភាព​អ្នកសង្កេតការណ៍​មកពី​ស្ថាប័ន​ផ្សេងៗ ហើយ​បង្កើត​ថវិកា​ឲ្យ​ក្រុម​អនុរក្ស និង​អ្នកត្រួតពិនិត្យ​នៅ​ក្រៅ​បន្ទប់​ប្រលង ធ្វើ​កិច្ចការ​ឃ្លាំមើល​ការ​ប្រឡង​ល្អ​ជាង ដាក់​អ្នកសង្កេតការណ៍​ជា​ក្មេងៗ ដែល​បង្ក​ការ​រំខាន ធ្វើ​សកម្មភាព​ច្រងេងច្រងាង ម៉ាក់​ងាយ​អនុរក្ស ជា​មន្ត្រី​អប់រំ​ជាដើម។ «»

នេះ​ជា​ឆ្នាំ​ទី​៥ នៃ​ការ​ធ្វើ​កំណែ​ទម្រង់​ប្រព័ន្ធ​អប់រំ​របស់​លោក​រដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន។ កាលពី​ឆ្នាំ​២០១៤ អត្រា​អ្នក​ប្រឡង​ជាប់​មាន ២៦​ភាគរយ ដែល​ថយ​ពី ៨០​ភាគរយ​នៅ​ឆ្នាំ​២០១៣។ ចំណែក​នៅ​បណ្ដា​ឆ្នាំ​បន្ទាប់មក អត្រា​នេះ​កើន​ឡើង​វិញ ដូចជា​នៅ​ឆ្នាំ​២០១៦ អត្រា​សិស្ស​ប្រឡង​ជាប់​មាន ៦២​ភាគរយ នៅ​ឆ្នាំ​២០១៧ នេះ អត្រា​សិស្ស​ប្រឡង​ជាប់​ជាង ៦៣​ភាគរយ ហើយ​នៅ​ឆ្នាំ​២០១៨​នេះ អត្រា​សិស្ស​ប្រឡង​ជាប់​មាន​ចំនួន​ជាង​៦៦​ភាគរយ។

ទោះយ៉ាងណា អ្នកស្រី អ៊ុក ឆាយាវី ឲ្យ​ដឹង​ថា សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា នឹង​ដាក់​លិខិត​មួយ ដើម្បី​ស្នើ​ឲ្យ​ក្រសួង​អប់រំ ពន្យារ​ពេល​ប្រឡង​ចូល​ក្រប​ខណ្ឌ​រដ្ឋ​នានា ដោយ​ត្រូវ​រង់ចាំ​លទ្ធផល​បាក់​ឌុប ជា​ផ្លូវការ ដែល​គ្រប់​ភាគី ទទួល​យក​បាន​ជាមុន​សិន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។