អាជ្ញាធរ​ថា មិន​ទាន់​រក​ឃើញ​ភស្តុតាង​​ករណី​​បង្ខាំង​ជនជាតិ​ថៃ ៩នាក់ ក្នុង​កាស៊ីណូ​ពូលី

ដោយ ម៉ៅ សុធានី
2023.12.23
អាជ្ញាធរ​ថា មិន​ទាន់​រក​ឃើញ​ភស្តុតាង​​ករណី​​បង្ខាំង​ជនជាតិ​ថៃ ៩នាក់ ក្នុង​កាស៊ីណូ​ពូលី ទិដ្ឋភាពក្នុងបន្ទប់ដែលជនជាតិថៃស្នាក់នៅ ក្រោយភ្លើងឆេះ ក្នុងអគារកាស៊ីណូ ពូលី (Puli) ស្ថិតនៅ​ភូមិ​អូរជ្រៅ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។
រូប៖ ហ្វេសប៊ុកស្នងការខេត្ត​បន្ទាយមានជ័យ

ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​លើកឡើង​ថា សមត្ថកិច្ច មិនទាន់​រក​ឃើញ​ភស្តុតាង​ពាក់ព័ន្ធ​នឹង​ករណី​អំពើ​ហិង្សា និង​បង្ខាំង​ជនជាតិ​ថៃ ០៩​នាក់ ក្នុង​កាស៊ីណូ ពូលី (Puli Casino) ដូច​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ថៃ នោះ​ទេ។

ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ លើកឡើង​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន នៅ​ថ្ងៃទី​២២ ខែធ្នូ ថា សមត្ថកិច្ច​បាន​ចុះ​ដល់​អគារ​កើតហេតុ​ពីរ​កន្លែង គឺ​នៅ​ភូមិ​អូរជ្រៅ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ដោយ​បាន​រក​ឃើញ​ជន​ជាតិ​ថៃ ១៧​នាក់ ក្នុង​នោះ​មាន​ស្រី ១០​នាក់ និង​អ្នក​ពាក់ព័ន្ធ​ផ្សេងទៀត​។ ជាមួយ​គ្នា​នេះ សមត្ថកិច្ច​បាន​ចុះ​ត្រួតពិនិត្យ កន្លែង​កើត​ហេតុ​ឆេះ​បន្ទប់​ស្នាក់នៅ​របស់​បុគ្គលិក នៅ​ក្នុង​អគារ​នោះ ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​អូរជ្រៅ ហើយ​អាជ្ញាធរ​ដាក់​ការ​សង្ស័យ​ថា ពាក់ព័ន្ធ​នឹង​ជនជាតិ​ថៃ ទាំង​០៩​នាក់ ដែល​លួច​ឆ្លងដែន​ចូល​ប្រទេស​ថៃ កាល​ពី​ថ្ងៃទី​១៨ ខែធ្នូ។

អាជ្ញាធរ​អះអាង​ថា តាមរយៈ ការ​បំភ្លឺ​របស់​អ្នក​ពាក់ព័ន្ធ​ជនជាតិ​ថៃ ទាំង ៩​នាក់​នោះ បាន​ឈ្លោះប្រកែក​គ្នា​ដុត​ឆេះ​បន្ទប់ដេក និង​បាន​បើ​អំពើ​ហិង្សា​លើ​សន្តិសុខ​ពេល​ចូល​ឃាត់ ដោយ​ខ្លាច​សមត្ថកិច្ច​ចាប់ខ្លួន​មក​អនុវត្ត​ច្បាប់ ទើប​នាំគ្នា​រត់​គេច​ខ្លួន​លោត​ផ្លោះ​របង បន្លា​លួស​បណ្ដាល​ឱ្យ​មាន​របួស ហើយ​បាន​លួច​ឆ្លងដែន​ដោយ​ខុសច្បាប់​ចូល​ប្រទេស​ថៃ វិញ កាលពី​ថ្ងៃទី​១៨ ខែ​ធ្នូ។ ទោះជា​យ៉ាងណា អាជ្ញាធរ​លើកឡើង​ថា នៅ​មិនទាន់​រក​ឃើញ​ភស្តុតាង​ពាក់ព័ន្ធ​នឹង​ករណី​អំពើ​ហិង្សា និង​បង្ខាំង​ជនជាតិ​ថៃ ៩នាក់​ក្នុង​កាស៊ីណូ ពូលី នេះ​នោះ​ទេ។

ជុំវិញ​រឿង​នេះ អ្នកសម្របសម្រួល​អង្គការ​លីកាដូ ខេត្ត​បន្ទាយមានជ័យ លោក ភុន ឈិន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​២២ ខែ​ធ្នូ ថា អាជ្ញាធរ​គួរតែ​បន្ត​ការស៊ើបអង្កេត​បន្ថែម​ទៀត ព្រោះ​ករណី​នេះ គឺ​ជា​បទឧក្រិដ្ឋ ដែល​ជាប់​ពាក់ព័ន្ធ​រវាង​ប្រទេស​នឹង​ប្រទេស។

លោក ភុន ឈិន៖ «រឿងហេតុ​ហ្នឹង វា​ទើបតែ​កើតឡើង​ថ្មីៗ​ដែរ​ទេ ហើយ​អាជ្ញាធរ គាត់​មាន​ការ​ប្រញាប់ប្រញាល់​ធ្វើការ​សន្និដ្ឋាន​ទៅលើ​រឿង​ហ្នឹង ខ្ញុំ​គិតថា វា​អាច​នឹង​ធ្វើ​ឱ្យ​ខ្លះ​ចន្លោះ​ព័ត៌មាន​មួយ​ចំនួន ដែល​វា​មិន​ទាន់​គ្រប់​ជ្រុងជ្រោយ»

សារព័ត៌មាន ឌឺ ណេសិន (The Nation) របស់​ប្រទេស​ថៃ ចុះ​ផ្សាយ កាល​ពី​ថ្ងៃទី​១៨ ខែ​ធ្នូ ថា ជនជាតិ​ថៃ​ចំនួន ៩នាក់ ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់ បាន​គេច​ខ្លួន​ពី​អគារ​កាស៊ីណូ​ឈ្មោះ “ពូលី កាស៊ីណូ​” នៅ​សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ទៅ​ឱ្យ​អាជ្ញាធរ​ថៃ នៅ​ស្រុក​អារញ្ញ​ប្រាថេត (Aranyaprathet) ខេត្ត​ស្រះកែវ (Sa Kaeo) ជួយ​សង្គ្រោះ​ពី​អំពើ​ឆបោក​តាម​អនឡាញ។

ទោះជា​បែបនេះ​ក្ដី ជនជាតិ​ថៃ ទាំងនោះ លើកឡើង​ខុសពី​ការ​សន្និដ្ឋាន​របស់​អាជ្ញាធរ​កម្ពុជា ថា ពួកគេ​មាន​គ្នា ១១​នាក់ នៅ​ពេល​ដុត​ឆេះ​បន្ទប់​គេង ដើម្បី​រត់​ឆោឡោ​ចេញពី​អគារ​កាស៊ីណូ ប៉ុន្តែ​ពួកគេ ២​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ក្រុម​ជនល្មើស​ចាប់ខ្លួន​ត្រឡប់​ទៅ​វិញ។

ជនរងគ្រោះ​ថៃ​ទាំងនោះ ប្រាប់​ប៉ូលិស​ថៃ ថា ពួកគេ​ចាញ់​បោក​ជនជាតិ​ចិន ដែល​បាន​កុហក​ឱ្យមក​ធ្វើការ​នៅ​ក្រុមហ៊ុន​ជួញដូរ​ភាគហ៊ុន ជា​ថ្នូរ​នឹង​ការ​ទទួល​បាន​ប្រាក់ខែ​ច្រើន ក៏ប៉ុន្តែ​នៅ​ពេល​ដែល​ពួកគេ​ទៅ​ដល់​អគារ​កាស៊ីណូ ពួកគេ​ត្រូវ​បាន​ថៅកែ ដក​ហូត​យក​លិខិតឆ្លងដែន និង​បង្ខំ​ឲ្យ​ធ្វើការ​ជា​អ្នក​ឆបោក​តាម​អនឡាញ​ទៅវិញ​។ ប្រសិនបើ​ពួកគេ​មិន​ធ្វើ​ការ​រកលុយ​ឱ្យ​ថៅកែ​បានទេ ពួកគេ​រង​ការ​វាយ​ដំ​ធ្វើបាប​រាងកាយ ឬ​បាញ់សម្លាប់ ហើយ​មាន​ករណី​ស្ត្រី​រងគ្រោះ​ខ្លះ ត្រូវ​បាន​បង្ខំ​ឱ្យ​ធ្វើ​ជា​ស្ត្រី​ពេស្យា​។ អាជ្ញាធរ​ថៃ​ឱ្យ​ដឹង​ថា ជនរងគ្រោះ​បាន​រាយការណ៍​ថា នៅក្នុង​អគារ​កាស៊ីណូ​នោះ មាន​ជនរងគ្រោះ​ជា​ជនជាតិ​ថៃ ប្រមាណ​២០០​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។