ពលរដ្ឋ​សហគមន៍​សន្សំ​ប្រាក់​ខេត្ត​បាត់ដំបង​តវ៉ា​ទាមទារ​គ្រប់គ្រង​ថវិកា​របស់​ខ្លួន

ដោយ ហ៊ុំ ចំរើន
2017-07-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពលរដ្ឋ​សហគមន៍​សន្សំ​ប្រាក់​សង្កែ ខេត្ត​បាត់ដំបង តវ៉ា​នៅ​សាលាខេត្ត​បាត់ដំបង ដើម្បី​ទាមទារ​ការ​គ្រប់គ្រង​ថវិកា​ដែល​ពួកគេ​សន្សំ នៅ​ព្រឹក​ថ្ងៃ​ទី៣១ ខែ​កក្កដា ឆ្នាំ​២០១៧។
ពលរដ្ឋ​សហគមន៍​សន្សំ​ប្រាក់​សង្កែ ខេត្ត​បាត់ដំបង តវ៉ា​នៅ​សាលាខេត្ត​បាត់ដំបង ដើម្បី​ទាមទារ​ការ​គ្រប់គ្រង​ថវិកា​ដែល​ពួកគេ​សន្សំ នៅ​ព្រឹក​ថ្ងៃ​ទី៣១ ខែ​កក្កដា ឆ្នាំ​២០១៧។
RFA/Hum Chamroeun

ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​សន្សំ​ប្រាក់​នៅ​ស្រុក​សង្កែ ខេត្ត​បាត់ដំបង ប្រមាណ ២០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​៣១ កក្កដា តវ៉ា​នៅ​មុខ​សាលា​ខេត្ត​បាត់ដំបង ដើម្បី​ទាមទារ​ឲ្យ​អាជ្ញាធរ​អន្តរាគមន៍​ទៅ​សហព័ន្ធ​សន្សំ​ប្រាក់​កម្ពុជា ឲ្យ​ប្រគល់​សហគមន៍​សន្សំ​ប្រាក់​ជូន​ពួក​គាត់​វិញ។

ក្រុម​អ្នក​តវ៉ា​អះអាង​ថា មន្ត្រី​សហព័ន្ធ​សហគមន៍​សន្សំ​ប្រាក់​កម្ពុជា បាន​ក្ដោបក្ដាប់​យក​ភាគហ៊ុន​របស់​សហគមន៍​ទាំងអស់ ដែល​មាន​ទឹកប្រាក់​ជាង ២​លាន​ដុល្លារ​អាមេរិក ទៅ​ជា​កម្មសិទ្ធិ​របស់​សហព័ន្ធ ដែល​ធ្វើ​ឲ្យ​បាត់បង់​ថវិកា​រួម​របស់​សហគមន៍។ ប្រធាន​សហព័ន្ធ​សហគមន៍​សន្សំ​ប្រាក់​កម្ពុជា បញ្ជាក់​ថា បញ្ហា​នេះ ប្រជាពលរដ្ឋ​នៅ​តែ​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​សន្សំ​ប្រាក់​ដដែល។

ពលរដ្ឋ​នៅ​សហគមន៍​សន្សំ​ប្រាក់​ស្រុក​សង្កែ កំពុង​ព្រួយ​បារម្ភ​ខ្លាច​បាត់បង់​ប្រាក់​សន្សំ​របស់​សហគមន៍​ក្លាយ​ទៅ​ជា​របស់​ឯកជន។

តំណាង​ពលរដ្ឋ​រស់នៅ​ឃុំ​អន្លង់ ស្រុក​សង្កែ លោកស្រី យឿប សេរី ថ្លែង​ថា មូលហេតុ​ដែល​ពួក​គាត់​តវ៉ា ដោយសារ​ប្រធាន​សហព័ន្ធ​សហគមន៍​សន្សំ​ប្រាក់​កម្ពុជា បាន​លុប​បំបាត់​សហគមន៍​សន្សំ​ប្រាក់​របស់​ពួក​គាត់​ចោល ហើយ​បញ្ចូល​ទៅ​ជា​របស់​សហព័ន្ធ​វិញ។ លោកស្រី​អះអាង​ថា ការ​ធ្វើ​ដូច្នេះ នាំ​ឲ្យ​បាត់បង់​ផល​ប្រយោជន៍​រួម​របស់​សហគមន៍៖ «វា​ប៉ះពាល់​ច្រើន ព្រោះ​ពី​មុន​មក​ជា​ភាគហ៊ុន​សមាជិក​សន្សំ​ទាំងអស់​មាន​ហ៊ុន ដើម្បី​ជា​ម្ចាស់​ក្នុង​សហគមន៍ តែ​ឥឡូវ​គេ​រំសាយ​ហ៊ុន​នោះ​ចោល មក​ដាក់​ជា​សន្សំ​កំណត់​វិញ។ ហើយ​សមាជិក​គ្មាន​សិទ្ធិ​អ្វី​នៅ​ក្នុង​សហគមន៍​នេះ​ទេ វា​មិន​មែន​ជា​ម្ចាស់ ដោយ​ទៅ​ជា​អតិថិជន​របស់​គេ​ទៅ​វិញ»

ស្រដៀង​គ្នា​នេះ​ដែរ តំណាង​ពលរដ្ឋ និង​ជា​អតីត​បុគ្គលិក​របស់​សហគមន៍​សន្សំ​ប្រាក់​ស្រុក​សង្កែ លោកស្រី ធី គឹមលី មាន​ប្រសាសន៍​ថា ប្រាក់​សន្សំ​របស់​ពួក​គាត់​ដាក់​សន្សំ​ទាប​បំផុត ៥​ពាន់​រៀល និង​ច្រើន​បំផុត​រហូត​ជាង ១​ម៉ឺន​ដុល្លារ​អាមេរិក ក្នុង​នោះ​មាន​ទាំង​ពលរដ្ឋ​សន្សំ​ប្រចាំ​ថ្ងៃ ប្រចាំ​ខែ និង​អ្នក​ខ្លះ​ទៀត​ដាក់​សន្សំ​រយៈពេល ៦​ខែ​ម្ដង ជាដើម។ លោកស្រី​អះអាង​ថា ពួក​គាត់​ទទួល​បាន​ភាគហ៊ុន​ទៅ​តាម​ទឹកប្រាក់​ដែល​បាន​ដាក់​សន្សំ​ក្នុង​សហគមន៍​ម្នាក់ៗ៖ «នាង​សុំ​សំណូមពរ​ដល់​សម្ដេច និង​ក្រសួង​ពាក់ព័ន្ធ ជួយ​រក​យុត្តិធម៌​ដល់​ពួក​នាង​ខ្ញុំ​ផង ព្រោះ​អី​ទ្រព្យ​សម្បត្តិ​ទាំងអស់​នោះ គឺ​ជា​របស់​រួម​ទាំងអស់​គ្នា ហើយ​គាត់​ចូល​មក​គ្រប់គ្រង​ថ្មី​នេះ គឺ​ការ​សម្ងាត់​ដោយ​មិន​មាន​ជូន​ដំណឹង​ដល់​ពលរដ្ឋ ឬ​បុគ្គលិក​ដូច​ពួក​គាត់​ឲ្យ​ដឹង​ទេ»

ឆ្លើយតប​នឹង​បញ្ហា​នេះ ប្រធាន​សហព័ន្ធ​សហគមន៍​សន្សំ​ប្រាក់​កម្ពុជា លោក មាស ធន់ មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​ប្ដូរ​ឈ្មោះ​ពី​សហគមន៍​សន្សំ​ប្រាក់​មក​ដាក់​ឈ្មោះ​ថ្មី ដោយសារ​ចំនួន​ទឹកប្រាក់​ច្រើន ដែល​ហួស​ពី​សមត្ថភាព​ប្រាក់​សន្សំ​ក្នុង​សហគមន៍ ប៉ុន្តែ​ពលរដ្ឋ​នៅ​តែ​ទទួល​បាន​ការប្រាក់​ដូច​ពេល​មុន​ដដែល៖ «អ៊ីចឹង​ទៅ ដើម្បី​ឲ្យ​ចូល​ជាមួយ​សហព័ន្ធ ដើម្បី​យើង​ចុះ​បញ្ជី​តែ​មួយ​ជាមួយ​គ្នា ព្រោះ​យើង​ចុះ​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​លែង​បាន​ហើយ ដោយ​យើង​ចុះ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម ព្រោះ​ឥឡូវ​កាល​យើង​ជាមួយ​ក្រសួង​មហាផ្ទៃ យើង​មិន​អាច​រក​ប្រាក់​ចំណូល​បាន​ទេ ព្រោះ​យើង​រក​ស៊ី​យើង​បញ្ចេញ​ឥណទាន​រក​ប្រាក់​ចំណូល»

ទោះ​ជា​យ៉ាង​នេះ​ក្ដី តំណាង​ពលរដ្ឋ​អះអាង​ថា មូលហេតុ​ដែល​ពួក​គាត់​លាលែង​ពី​បុគ្គលិក​របស់​ស្ថាប័ន​ថ្មី ដោយសារ​ឃើញ​ភាព​មិន​ប្រក្រតី​ក្នុង​ការ​ចាយវាយ​ថវិកា​ដែល​ជា​ចេតនា​បោកប្រាស់​ប្រជាពលរដ្ឋ។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បាត់ដំបង លោក យិន ម៉េងលី លើក​ឡើង​ថា បើ​ទោះ​ជា​ថវិកា​សន្សំ​មាន​ច្រើន​ហួស​សមត្ថភាព​គ្រប់គ្រង​ក្នុង​សហគមន៍​ក៏ដោយ ប្រសិន​បើ​ប្រធាន​សហព័ន្ធ​សហគមន៍​សន្សំ​ប្រាក់​កម្ពុជា មាន​ចេតនា​ចង់​អភិវឌ្ឍ​ពលរដ្ឋ​ក្នុង​សហគមន៍​ឲ្យ​រីក​ចម្រើន ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​ពលរដ្ឋ​មាន​ទំនុក​ចិត្ត៖ «យើង​មិន​គប្បី​ធ្វើ​ឲ្យ​មាន​បញ្ហា​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង ធ្វើ​ពលរដ្ឋ​អស់​ជំនឿ​ទេ។ យើង​អាច​ធ្វើ​ការ​កែទម្រង់​បាន ហើយ​អាច​ពិនិត្យ​មើល​ថា តើ​ចំណុច​ណា​ដែល​ច្បាប់​ហាមប្រាម និង​មិន​ហាមប្រាម អ៊ីចឹង​យើង​អាច​សម្រួល​ត្រង់​ចំណុច​នេះ​ឲ្យ​វា​រលូន​ទៅ»

ពលរដ្ឋ​បាន​រំសាយ​ការ​តវ៉ា​ត្រឡប់​ទៅ​ផ្ទះ​វិញ ក្រោយ​ពី​តំណាង​ពួក​គាត់​បាន​ដាក់​លិខិត​ទៅ​មន្ត្រី​សាលា​ខេត្ត​បាត់ដំបង។ ពួក​គាត់​អះអាង​ថា នឹង​តវ៉ា​សាជាថ្មី​ទៀត​ក្នុង​ពេល​ឆាប់ៗ។

សហគមន៍​សន្សំ​ប្រាក់​សង្កែ ដើម​ឡើយ​មាន​ការិយាល័យ​ចំនួន ៤​កន្លែង​នៅ​ស្រុក​សង្កែ ចាប់​ផ្ដើម​ដំណើរការ​តាំង​ពី​ឆ្នាំ​១៩៩៨ មក។ សព្វថ្ងៃ​មាន​ពលរដ្ឋ​ជាង ១​ម៉ឺន​នាក់ និង​មាន​ប្រាក់​ឥណទាន​សរុប​ជាង ២​លាន​ដុល្លារ​អាមេរិក​ជា​ប្រាក់​បញ្ញើ និង​សន្សំ​របស់​ពលរដ្ឋ ដោយ​គិត​ការប្រាក់ ៨​ភាគរយ​ក្នុង​មួយ​ឆ្នាំ និង​ប្រាក់​កម្ចី​ក្នុង​សហគមន៍ ១,៥​ភាគរយ (,%) ក្នុង​មួយ​ខែ។ កាល​ពី​ខែ​មីនា កន្លង​ទៅ បាន​ប្ដូរ​ឈ្មោះ​ពី​សហគមន៍​សន្សំ​ប្រាក់ ទៅ​សហព័ន្ធ​សហគមន៍​សន្សំ​ប្រាក់​កម្ពុជា។ ស្ថាប័ន​ថ្មី​នេះ​គ្រប​ដណ្ដប់​ពីរ​ខេត្ត គឺ​ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ ដែល​មាន​បុគ្គលិក​បម្រើ​ការ​ជាង ១៨០​នាក់ និង​មាន​សាច់ប្រាក់​សន្សំ​សរុប​ជាង ៩​លាន​ដុល្លារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (2)
Share

ជូនអ្នកអានអនាមិក

ពី បាត់ដំបង

សហគមន៍សង្កែ គឺជាជីវិតរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ មិនមែនជាកម្មសិទ្ធរបស់ CCSF នោះទេ។
ខ្ញុំឧទាហរណ៍សាមញ្ញមួយចុះ (បច្ចុប្បន្ន ខ្ញុំមានផ្ទះមួយតម្លៃ 100,000.00$ តែខ្ញុំជំពាក់ធនាគារ 200,000.00$ ប្រសិនបើខ្ញុំចុះហត្ថលេខាប្រគល់ទាំងទ្រព្យនិងបំណុលរបស់ខ្ញុំទៅឲ្យលោកបណ្ឌិតអនាមិក តើលោកបណ្ឌិតអនាមិកព្រមទទួលយកដែរទេ?)
សូមជួយឲ្យយោបល់បន្តិចមកណា...
ចង់ដឹងថាអ្នកណាដែលជាអ្នកធ្វើនំអត់ម្សៅ please call me via 095515111. 24/7

Aug 22, 2017 09:00 AM

អ្នក​អាន​អនាមិក

សហពន្ធ័ជាអ្នកបង្កើតសហគមន៍ ព្រមទាំងផ្តល់ទាំងស្រុងនូវ ប្រពន្ធ័បញ្ជីស្នាម ការជ្រើសរើសបុគ្គលិកនិងបណ្តុះបណ្តាល និងផ្តល់ឥណទាន​។​ ប៉ុន្តែដើម្បីឆ្លើយតបទៅនិងការរីកចំរើននិងយុទ្ធសាស្រ្តទីផ្សារ ត្រូវតែកម្លាយខ្លួនរាល់សហគមន៍ ទៅជាប្រតិបត្តិករឥណទានពេញលេញ គួរអោយស្តាយមានមនុស្សមួយ ក្រុមតូចចង់ទាញសគមន៍សន្សំប្រាក់ទៅគ្រប់គ្រងផ្ទាល់ខ្លួវិញ ទើបបង្កអោយមានបាតុកម្មកើតឡើង ដើម្បីទាញប្រយោជន៍ផ្ទាល់ខ្លួនវិញ។ អ្នកដែលរងគ្រោះគឺពលរដ្ឋ និង សហពន្ធ័ ឯអ្នកនៅពីក្រោយទទួលបានប្រយោជន៍។ ពលរដ្ឋនិងបាត់បង់ប្រាក់សន្សំ និងសហគមន៍របស់ខ្លួនដែលពេលអនាគតនិងក្លាយជាស្ថាបណ័មីក្រូហិរញ្ញវត្ថុ និងការងារសំរាប់កូនចៅខ្លួន ដោយសារការជឿលើអ្នកញុះញុងដែលគាត់ប៉ុនប៉ងយកសហគមន៍នេះប្រើធ្វើជានំអត់ម្សៅ។ ចំណែកសហពន័្ធនិងប្រឈមមុខនិងការសងនូវប្រាក់សន្សំជូនប្រជាពលរដ្ឋ និងត្រូវដើរត្រលប់ក្រោយ ជាពិសេសគោលដៅដែលធ្វើការកែប្រែពីសហគមន៍ដែលខ្លួនបានបង្កើតមក អោយក្លាយជាមីក្រូហិរញ្ញវត្ថុ។ ផលចំណេញគឺវាត្រូវធ្លាក់ទៅលើអ្នកធ្វើនំឥតម្សៅតែម្នាក់គត់ ដោយសារគាត់ជាបុគ្គលធម្មតា មិនត្រូវប្រឈមនិងអ្វីទាំងអស់ ដូច្នេះបើគាត់ធ្វើបានជោគជ័យគាត់ប្រាកដជាត្រូវបានគេជ្រើសតាំងធ្វើជាអ្នកគ្រប់គ្រងសហគមន៍ ចង់មិនចង់មាន់ពងលើស្រូវហើយចាំពេលណាទៀត ខ្ញុំមិនចង់ទេមកពីអ្នកទាំងពីរឈ្លោះគ្នាធ្វើអ្វី រវល់តែគិតថាសហព័ន្ធគេបន្លំ ចំណុចនេះដូចរឿងភេពីរនិងខ្លា។នេះជាគំនិតខ្ញុំ​ សហពន័្ធគ្រប់គ្រងដោយធនាគារជាតិត្រឹមត្រូវ និងការពារផលប្រយោជន៍ប្រជាពលរដ្ឋ ពលរដ្ឋរួមរស់ជាមួយសហពន្ធ័មិនតិចឆ្នាំទេ ហេតុអ្វីទើបមានជំលោះពេលកំពុងតែរីកចំរើននោះ។ សូមលោកបណ្ឌិតដែលមានមនសិការជាតិមេត្តាជួយការពារផលប្រយោជន៍ពលរដ្ឋ និង ប្រតិបតិ្តករហិរញ្ញវត្ថុដែលស្របច្បាប់ផង ជៀសវាងជនខិលខូចកេញចំណេញ ដោយជួយពន្យល់ពីដំណាក់កាលរីកចំរើនរបស់ស្ថាបណ និងការអភិវឌ្ឍន៍ទៅមុខ។ ត្រូវមើលថាមុនក្លាយជាក្រុមហ៊ុនធំល្បីៗចាប់ផ្តើមពីមនុស្សតែពីរបីនាក់ប៉ុណ្ណោះ។ ផ្ទុយពីដំណើរស្រុកទេសយើងនៅពេលឃើញគេរីកចំរើន ចាប់ផ្តើមដើរបំផុស អោយល្អក់កករនិងគ្នាទីបំផុតគាត់បានចំណេញ។ សូមអភ័យទោសផង ដោយសារមិនចង់ឃើញការបែកបាក់គ្នាអញ្ចឹង។ ហេតុអ្វីគេមិនទៅកូរស្ថាបណ័ បែរទៅជាកូរប្រជាជននេះដោសសារគេស្គាល់នូវចំនុចខ្វះខាតមួួយចំនួួនរបស់ពលរដ្ឋយើង។

Aug 01, 2017 02:22 AM

គេហទំព័រ​ទាំងមូល