ពិព័រណ៍​សៀវភៅ​កម្ពុជា​នៅ​ឆ្នាំ​២០១៨​នេះ មាន​ប្រធានបទ “​សៀវភៅ​រស់ ចំណេះ​រីក”

ដោយ សន ចាន់រដ្ឋា
2018-12-07
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សិស្ស​និស្សិត​ចូល​រួម​ទិវា​ជាតិ​អំណាន អាន​សៀវភៅ​នៅ​ស្តង់​ពិព័រណ៍​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៦។
សិស្ស​និស្សិត​ចូល​រួម​ទិវា​ជាតិ​អំណាន អាន​សៀវភៅ​នៅ​ស្តង់​ពិព័រណ៍​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ ខែ​មីនា ឆ្នាំ​២០១៦។
Photo: RFA

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ស្ថាប័ន​ដៃគូ​ជាច្រើន​ផ្សេងទៀត​រៀបចំ​ពិព័រណ៍​សៀវភៅ​កម្ពុជា​លើក​ទី​ប្រាំពីរ ក្រោម​ប្រធានបទ “​សៀវភៅ​រស់ ចំណេះ​រីក​”​។ ពិព័រណ៍​សៀវភៅ​លើក​ទី​ប្រាំពីរ​នេះ ធ្វើឡើង​រយៈពេល បី​ថ្ងៃ​គឺ ចាប់ពី​ថ្ងៃទី៧ ដល់​ថ្ងៃទី៩ ខែ​ធ្នូ​នេះ នៅ​បណ្ណាល័យ​ជាតិ ក្នុង​រាជធានី​ភ្នំពេញ។

ថ្លែង​ក្នុង​ពិធី​បើក​ពិព័រណ៍​សៀវភៅ​កម្ពុជា​រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ អ្នកស្រី ភឿង សកុណា ថ្លែង​ថា ពិព័រណ៍​នេះ​ជា​ការ​ខិតខំ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ រួម​ជាមួយ​នឹង​ស្ថាប័ន​ជាច្រើន​ទៀត​ដើម្បី​លើកកម្ពស់​ក្មេងៗ​ជំនាន់​ក្រោយ​ឱ្យ​មាន​ទម្លាប់​នៅ​ក្នុង​ការ​អាន និង​ពង្រីក​ចំណេះដឹង​របស់​ខ្លួន​៖ «ចង់​និយាយ​ថា សៀវភៅ​គឺជា​មធ្យោបាយ​មួយ​សំខាន់​បំផុត នៅ​ក្នុង​ជីវិត​របស់​យើង​ទាំងអស់​គ្នា​ក៏ដូចជា​ជីវិត​របស់​ក្មេងៗ​ជំនាន់​ក្រោយ ដើម្បី​ដើរ​បាន​ឆ្ងាយ​ទៅមុខ​។ គតិ​ទាំងអស់​នេះ​គឺជា​ការចាំបាច់​ក្នុង​ការ​ប្រមូល​ផ្តុំ​មក​ដាក់​នៅ​ក្នុង​ខ្លួន សម្រាប់​ឱ្យ​ការចេះដឹង​របស់​យើង​កាន់តែ​រីក សម្រាប់​ធ្វើ​អោយ​សៀវភៅ​រស់ ចំណេះ​រីក និង​ធ្វើ​អោយ​យើង​ក្លាយ​ជា​មនុស្ស ដែល​មាន​ការ​គិត ការ​ពិចារណា ជា​ធនធានមនុស្ស​យ៉ាង​ពិត​ប្រាកដ​សម្រាប់​ជាតិ​របស់​យើង»

អ្នកស្រី ភឿង សកុណា បន្ថែម​ថា ឪពុកម្ដាយ​គួរ​ចាប់ផ្ដើម​អាន​សៀវភៅ​ដើម្បី​ជា​ការ​ត្រួសត្រាយ​ផ្លូវ​ដល់​កូនៗ​របស់​ខ្លួន​នៅ​ក្នុង​ការ​ចាប់ផ្ដើម​បណ្ដុះ​ទម្លាប់​នេះ​ការ​អាន។

ពិព័រណ៍​សៀវភៅ​ដែល​រៀបចំ​ឡើងជា​រៀងរាល់​ឆ្នាំ ចាប់​តាំង​ពី​ឆ្នាំ​២០១១ មកនេះ ធ្វើឡើង​ដើម្បី​លើកកម្ពស់​ការ​យល់ដឹង​អំពី​សៀវភៅ​ដែល​មាន​ជា​ភាសា​ខ្មែរ ឬ​ភាសា​ដទៃ ជាពិសេស​នោះ​គឺ​សៀវភៅ​អំពី​កម្ពុជា និង​សៀវភៅ​កុមារ។ ពិព័រណ៍​សៀវភៅ​នេះ​ក៏​រៀបចំឡើង​ដើម្បី គាំទ្រ​ទៅដល់​អ្នកនិពន្ធ​ខ្មែរ វិស័យ​ឧស្សាហកម្ម​បោះពុម្ព​នៅ​កម្ពុជា ជំរុញ​ចំណង់​ចំណូលចិត្ត​យុវជន​ជំនាន់​ក្រោយៗ​ឱ្យ​ស្រលាញ់​ការ​និពន្ធ ព្រមទាំង​បណ្ដុះ​ទម្លាប់​នៃ​ការ​អាន​ផង​ដែរ។

កាលពី​ឆ្នាំ២០១១ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​រៀបចំ​ពិព័រណ៍​សៀវភៅ​ជា​លើកដំបូង​ក្រោម​ប្រធានបទ “​រួមគ្នា​អាន​ដើម្បី​អភិវឌ្ឍន៍​” ដោយមាន​អ្នកចូលរួម​ប្រមាណ​មួយ​ពាន់​នាក់ ដោយឡែក​ពិព័រណ៍​សៀវភៅ​លើក​ទី​ប្រាំពីរ នៅ​ឆ្នាំ ២០១៨​នេះ ទំព័រ​ហ្វេសប៊ុក (Facebook) របស់​ពិព័រណ៍​សៀវភៅ​អះអាង​ថា មាន​អ្នកចូលរួម​ប្រមាណ​មួយ​ម៉ឺន​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល