រដ្ឋាភិបាល​សុំ​ឲ្យ​យោធា​ព្រំដែន​កម្ពុជា-ថៃ​រក្សា​ភាព​ស្ងប់ស្ងាត់

ដោយ សុខ សេរី
2013-04-11
Share
ទាហាន​ខ្មែរ ព្រះវិហារ ៣០៥ ទាហាន​ខ្មែរ​​​នៅ​តំបន់​មុខ​ប្រាសាទ​ព្រះវិហារ រូប​ថត​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១១
RFA/Hang Savyouth

ប្រមុខ​រដ្ឋាភិបាល លោក ហ៊ុន សែន នៅ​ថ្ងៃ​ទី១១ ខែ​មេសា បាន​ប្រកាស​សុំ​ឲ្យ​ប្រជាពលរដ្ឋ និង​យោធា​កម្ពុជា នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ រក្សា​ភាព​ស្ងប់ស្ងាត់ នៅ​គ្រា​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ អាយ.ស៊ី.ជេ (ICJ = International Court of Justice) បកស្រាយ​សាល​ក្រម​សំណុំ​រឿង​ប្រាសាទ​ព្រះវិហារ ឆ្នាំ​១៩៦២ ចាប់​ពី​ថ្ងៃ​ទី១៥ ដល់​ថ្ងៃ​ទី១៩ ខែ​មេសា ឆ្នាំ​២០១៣។

លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ឱកាស​សម្ពោធ​សមិទ្ធផល​នៅ​វត្ត​ដ៏​ចំណាស់​មួយ នៅ​ស្រុក​ពារំាង ខេត្ត​ព្រៃវែង ថា នេះ​ជា​ដំណាក់​កាល​ត​ទល់​ក្តី​នៅ​តុលាការ​នោះ មិន​មែន​ជា​ដំណាក់​កាល​ប្រកាស​សាល​ក្រម​ទេ។ លោក​បាន​សុំ​ឲ្យ​យោធា​កម្ពុជា រក្សា​ភាព​អត់ធ្មត់​ចំពោះ​ការ​ញុះញង់​ដោយ​ក្រុម​ជ្រុល​និយម​ថៃ មួយ​ចំនួន​នៅ​តាម​ព្រំដែន​កម្ពុជា-ថៃ៖ «សូម​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​ស្ងប់​ចិត្ត​ជាមួយ​និង​ការ​តស៊ូ​ក្តី នៅ​ក្នុង​តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​ទីក្រុង​ឡាអេ (La Hague)ដែល​យើង​បាន​ឈ្នះ​ក្តី​នៅ​ឆ្នាំ​១៩៦២ តាម​រយៈ​ការ​ដឹកនាំ​របស់​សម្ដេច​ឪ សម្ដេច​តា ព្រះ​បរម​រតន​កោដ្ឋ គឺ​សម្ដេច​ព្រះ នរោត្តម សីហនុ ដែល​ព្រះអង្គ​បាន​ឈ្នះ​ក្តី។ ក៏ប៉ុន្តែ ដោយសារ​តែ​មាន​ការ​បំពាន​គូស​យក​ធ្វើ​ជា​តំបន់ ៤,៦​គីឡូម៉ែត្រ​ក្រឡា​នោះ យើង​ត្រូវ​តែ​ឲ្យ​តុលាការ​បកស្រាយ​សាល​ក្រម​ឆ្នាំ​១៩៦២»

ការ​ប្រកាស​នេះ គឺ​ក្រោយ​ពី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស លោក ហោ ណាំហុង បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​មួយ​ក្រុម ឆ្ពោះ​ទៅ​កាន់​តុលាការ​យុត្តិធម៌​អន្តរជាតិ នៅ​ប្រទេស​ហុឡង់ដ៍ (Netherlands) កាល​ពី​ថ្ងៃ​ទី១០ ខែ​មេសា ថ្មីៗ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល