ពលរដ្ឋនៅស្រុកមេមត់ថាការបោះបង្គោលរណបព្រំដែនមិនមានតម្លាភាព
2015.10.09

អាជ្ញាធរព្រំដែនវៀតណាម និងអាជ្ញាធរព្រំដែនដែនខ្មែរ សម្រេចបោះបង្គោលរណបនៅក្បែរតំបន់ដីជម្លោះ ក្នុងឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ការសម្រេចបោះបង្គោលនោះ គឺធ្វើឱ្យប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានមិនពេញចិត្តឡើយ ព្រោះពួកគេយល់ថា ការបោះបង្គោលគឺធ្វើឡើងដោយលួចលាក់ និងមិនមានតម្លាភាព។
អាជ្ញាធរមូលដ្ឋានឃុំជាំ ស្រុកមេមត់ ភ្ញាក់ផ្អើលនៅពេលដឹងថា បង្គោលរណបនៅចន្លោះបង្គោលព្រំដែនលេខ ៩៤ និង ៩៥ ចំនួនពីរ ត្រូវបានបោះរួចរាល់កាលពីថ្ងៃទី៨ ខែតុលា។ ការបោះបង្គោលនោះ អាជ្ញាធរឃុំមិនដឹងថា មាននរណាខ្លះចូលរួមផង ពីព្រោះគ្មាននរណាជូនដំណឹងសោះ។
មេឃុំជាំ ស្ដីទី លោក អួច អឿន មានប្រសាសន៍ថា បង្គោលរណបចំនួនពីរ ដោយមានលេខសំគាល់ លេខ១ និង លេខ២ បានបោះជាស្ថាពរ ទើបខាងប៉ូលិសទូរស័ព្ទមកប្រាប់អាជ្ញាធរឃុំតាមក្រោយ។ ទង្វើនេះ លោកថា គឺជារឿងមិនអាចទទួលយកបាន និងមិនត្រឹមត្រូវ ពីព្រោះរបៀបធ្វើការងាររបស់អាជ្ញាធរព្រំដែន ហាក់ចាត់ទុកប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានជាទីងមោង ដែលមិនដឹងខ្យល់អ្វីទាំងអស់៖ «ដល់ពេលគាត់មកបោះ មកបោះរបៀបលួចលាក់។ ដល់អ៊ីចឹងខ្ញុំអត់ទទួលយកទេ»។
បង្គោលរណបនោះ គឺបោះនៅក្បែររបងវត្តបឹងជ្រោង ដែលជាកន្លែងមានភាពចម្រូងចម្រាសកាលពីពេលមុន ប៉ុន្តែអាជ្ញាធរព្រំដែនវៀតណាម អះអាងថា ជាដីរបស់ពួកគេ។
ពលរដ្ឋនៅឃុំជាំ មួយរូប លោក គរ ស្ងួន មានប្រសាសន៍ថា ស្របពេលដីនៅតំបន់នោះកំពុងមានវិវាទ ស្រាប់តែអាជ្ញាធរព្រំដែននាំគ្នាទៅបោះស្ងាត់ៗបែបនេះ ធ្វើឱ្យពលរដ្ឋខ្មែរយល់ថា ជាសកម្មភាពរំលោភដីធ្លីរបស់ពួកគាត់តែម្ដង៖ «ខ្ញុំយល់ឃើញថា គេមិនឱ្យយើងចូលរួម គឺគេចង់រំលោភយកដីយើងតែម្ដង។ បើឱ្យយើងចូលរួម បានទៅខាងណាបានទៅ បោះឱ្យស្មើភាពគ្នា»។
វិទ្យុអាស៊ីសេរី មិនទាក់ទងមេប៉ុស្តិ៍ព្រំដែនបឹងជ្រោង លោក ធាម ដែន និងមន្ត្រីប៉ុស្តិ៍ផ្សេងទៀត រួមនឹងមន្ត្រីទទួលបន្ទុកការងារព្រំដែនខេត្តត្បូងឃ្មុំ បានទេនៅថ្ងៃទី៩ តុលា។
យ៉ាងណា កាលពីពេលកន្លងទៅ អនុប្រធានគណៈកម្មការព្រំដែន អ្នកស្រី កុយ ពិសី មានប្រសាសន៍ថា រាល់ការបោះបង្គោលព្រំដែន គឺត្រូវតែមានការចូលរួមពីភាគីទាំងពីរ។ អ្នកស្រីថា ប្រសិនបើមានភាគីណាបោះដោយឯកតោ គឺជាបង្គោលដែលខុសច្បាប់ ប៉ុន្តែអ្នកស្រីបញ្ជាក់ថា កន្លងមក សកម្មភាពបោះបង្គោលព្រំដែន គឺតែងតែចូលរួមពីភាគីទាំងពីរជានិច្ច ហើយបច្ចុប្បន្ន គណៈកម្មការព្រំដែនប្រទេសទាំងពីរបោះបង្គោលសម្រេចបាន ៨៣% ហើយ។
ការបោះបង្គោលរណបនៅស្រុកមេមត់ ជាបន្តបន្ទាប់នេះ គឺស្របពេលវិបត្តិផែនទី និងព្រំដែនកម្ពុជា-វៀតណាម កំពុងឡើងកម្ដៅខ្លាំងនៅពេលបច្ចុប្បន្ន។ ជាមួយគ្នានេះ តំណាងរាស្ត្រគណបក្សប្រឆាំងដែលសកម្មក្នុងរឿងព្រំដែន លោក អ៊ុំ សំអាន នៅពេលថ្មីៗ នេះបញ្ជាក់ថា លោកទើបរកឃើញផែនទី បោន (Bonne) ពិតប្រាកដខ្នាត ១/១០០.០០ ដែលតម្កល់ទុកនៅបណ្ណាល័យអង្គការសហប្រជាជាតិ ហើយលោកក៏ចង់ឱ្យរដ្ឋាភិបាលខ្មែរ ស្នើផែនទីនោះយកមកប្រើប្រាស់ទៀតផង។ មិនតែប៉ុណ្ណោះ ខាងបក្សប្រឆាំង និងអ្នកវិភាគធ្លាប់លើកឡើងថា ក្នុងអំឡុងពេលកម្ពុជា មិនទាន់ឯកភាពរឿងផែនទី និងព្រំដែន ភាគីទាំងពីរមិនគួរបន្តបោះបង្គោលណាមួយទៀតឡើយ។
ទាក់ទិនរឿងនេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ លោក នាង សុវ៉ាត កត់សម្គាល់ឃើញថា ដោយសារតែមន្ត្រីកិច្ចការព្រំដែនប្រទេសកម្ពុជា កន្លងមកធ្វើការងារមិនមានតម្លាភាព ទើបធ្វើឱ្យប្រជាពលរដ្ឋមិនពេញចិត្ត៖ «គាត់តែងតែរអ៊ូរទាំអ៊ីចឹងហើយ បានយើងថា វាមានបញ្ហាអីបានជាគេមិនឱ្យយើងដឹង»។
លោកបន្ថែមថា ដើម្បីឱ្យប្រជាពលរដ្ឋ ឬអាជ្ញាធរមូលដ្ឋានស្ងប់ចិត្ត រាជរដ្ឋាភិបាលត្រូវបង្ហាញពីតម្លាភាព ពោលគឺត្រូវផ្សព្វផ្សាយឱ្យពួកគេបានដឹងជាមុន ឬចូលរួមជាដើម ប៉ុន្តែប្រសិនបើរដ្ឋាភិបាលនៅតែបន្តលាក់លៀមទៀត ពលរដ្ឋនៅតែបន្តសង្ស័យ និងចោទប្រកាន់ទៅរាជរដ្ឋាភិបាលថា មិនស្មោះត្រង់នឹងជាតិរហូត៕