ពលរដ្ឋ​នៅ​ព្រំដែន​ខេត្ត​បន្ទាយមានជ័យ​ត្អូញ​​រឿង​សមត្ថកិច្ច​បិទ​ច្រក​មិន​ឲ្យ​ទៅ​ធ្វើ​ការ​ក្នុង​ទឹក​ដី​​ថៃ

ដោយ ហ៊ុំ ចំរើន
2017.07.26
ច្រក​ទ្វារ​តំបន់​ព្រំដែន​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ៦១០ ច្រក​ទ្វារ​តំបន់​ព្រំដែន​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ
Photo: RFA

ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​ជាប់​ព្រំដែន​ថៃ នៅ​ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ត្អូញត្អែរ​ថា សមត្ថកិច្ច​បិទ​ច្រក​របៀង​​ព្រំដែន​ធ្វើ​ឲ្យ​ពួកគាត់​ជួប​ការ​លំបាក ដោយសារ​​មិន​អាច​ឆ្លង​ដែន​ទៅ​រក​ការងារ​ធ្វើ ទៅ​ព្រឹក​វិល​ល្ងាច​នៅ​ប្រទេស​ថៃ បាន​ដូច​ពេល​មុន​ ព្រោះ​នៅ​ក្នុង​ស្រុក​គ្មាន​ការ​ងារ​ធ្វើ។

​​​​​​ប្រជាពលរដ្ឋ​នៅ​ស្រុក​ម៉ាឡៃ​ ស្នើ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​បើក​ច្រក​របៀង​ព្រំដែន ដើម្បី​សម្រួល​ឲ្យ​ពួកគាត់​បាន​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ព្រឹក​វិល​ល្ងាច​ដូច​ដើម​វិញ ដើម្បី​រក​ប្រាក់​ចំណូល​ដោះស្រាយ​ជីវភាព​ប្រចាំថ្ងៃ។

​​ពលរដ្ឋ​រស់​នៅ​ភូមិ​សង្កែ ឃុំ​បឹងបេង ស្រុក​ម៉ាឡៃ លោក ពៅ សែត ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៥ កក្កដា ថា ចាប់​តាំង​ពី​សមត្ថកិច្ច​បិទ​ច្រក​របៀង​កាល​ពី​ដើម​ខែ​កក្កដា មក ពួកគាត់​រស់​នៅ​តាម​ព្រំដែន​មិន​អាច​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ព្រឹក​វិល​មក​ផ្ទះ​វិញ​ពេល​ល្ងាច ​ដូច​កាល​ពី​មុន​បាន​នោះ​ទេ។ លោក​អះអាង​ថា​ សមត្ថកិច្ច​បិទ​ច្រក​របៀង​បាន​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​ពួកគាត់​ ធ្វើ​ឲ្យ​មិន​អាច​រក​ប្រាក់​ចំណូល​​បាន​ដូច​ពេល​មុន៖ «ខ្ញុំ​សំណូមពរ​ឲ្យ​អាជ្ញាធរ​ជួយ​បើ​ច្រក​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ធ្វើ​ការ​នៅ​ព្រំដែន​ទឹក​ដី​ថៃ ដើម្បី​រក​ផ្គត់ផ្គង់​ជីវភាព​ឡើង​វិញ​ ព្រោះ​ពួកគាត់​រស់​នៅ​ព្រំដែន​ពឹង​ផ្អែក​ទៅ​ការងារ​ប្រទេស​ថៃ»

ស្រដៀង​គ្នា​នេះ​ដែរ​ ពលរដ្ឋ​នៅ​ព្រំដែន​ស្រុក​ម៉ាឡៃ ម្នាក់​ទៀត លោក​ សុទ្ធ ថន ថ្លែង​ថា សព្វ​ថ្ងៃ​ពលរដ្ឋ​រាប់​ពាន់​នាក់​ បង្ខំ​ចិត្ត​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ទៅ​ពេល​ព្រឹក​វិល​ល្ងាច​ តាម​ច្រក​ផ្សេង​ ក្នុង​ខេត្ត​បាត់ដំបង​ ដែល​​​​​ឆ្ងាយ​ពី​តំបន់​ពួកគាត់​​រស់​នៅ។

លោក​អះអាង​ថា​ បញ្ហា​នេះ​បាន​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​របស់​ពួកគាត់ ពីព្រោះ​ត្រូវ​ធ្វើ​ដំណើរ​ឆ្ងាយ​ហើយ​ចំណាយ​អស់​ថវិកា​ច្រើន​ជាង​មុន៖ «ពី​មុន​វា​ធូរ​ជាង​ត្រង់​ថា បើ​គាត់​ត្រឡប់​មក​ពី​ថៃ មក​ដល់​ផ្ទះ​វិញ​លឿន​ ដល់​ទៅ​ចូល​តាម​ច្រក​ក្នុង​ខេត្ត​បាត់ដំបង រង់ចាំ​គ្នា​ច្រើន​យូរ​ទម្រាំ​​តែ​ឡាន​គេ​ជូន​មក​ដល់​ផ្ទះ»

ទាក់​ទង​នឹង​បញ្ហា​នេះ​អភិបាល​ស្រុក​ម៉ាឡៃ​ លោក អែម សុខា មាន​ប្រសាសន៍​ថា​ ការ​បិទ​ច្រក​របៀង​តាម​ព្រំដែន​នេះ​ ដើម្បី​ការពារ​កុំ​ឲ្យ​ពលករ​ឆ្លង​ដែន​ទៅ​ធ្វើ​ការ​ប្រទេស​ថៃ ខុស​ច្បាប់ ដែល​ប្រឈម​នឹង​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត៖ «ឯកឧត្ដម​ប្រធាន​គណៈ​បញ្ជាការ​អត់​មាន​អនុញ្ញាត​ទេ​ គឺ​អនុវត្ត​គោរព​តាម​បទ​បញ្ជា​របស់​សម្ដេច​ក្រឡាហោម​ ស ខេង ហើយ​បង​ប្អូន​យើង​ចង​ទៅ​ថៃ ត្រូវ​ធ្វើ​តាម​នីតិវិធី​ ដោយ​សុំ​ច្បាប់​ទៅ​ដោយ​ស្រប​ច្បាប់»។

មន្ត្រី​សម្របសម្រួល​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ​ លោក ស៊ុំ ច័ន្ទគា លើក​ឡើង​ថា បញ្ហា​ពលរដ្ឋ​មិន​អាច​ឆ្លង​ដែន​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ព្រឹក​វិល​ល្ងាច​​បាន​​ មាន​ជា​ច្រើន​កន្លែង​ផ្សេង​ទៀត​ ដូចជា​នៅ​ច្រក​របៀង​ព្រំដែន​ក្នុង​ស្រុក​អូរជ្រៅ ​ស្វាយ​ចេក​ និង​​ក្រុង​ប៉ោយប៉ែត ​ជា​ដើម។ លោក​បន្ថែម​ថា​ ករណី​នេះ ប្រសិន​បើ​សមត្ថកិច្ច​បន្ត​បិទ​ច្រក​របៀង​ទៅ​មុខ​ទៀត​ ធ្វើ​ឲ្យ​ប៉ះពាល់​​​ដល់​ជីវភាព​របស់​ពលរដ្ឋ​នៅ​តាម​ព្រំដែន​កាន់​តែ​ខ្លាំង ព្រោះ​គ្មាន​ការងារ​ធ្វើ៖ «ប្រជាពលរដ្ឋ​កម្ពុជា នៅ​តាម​ព្រំដែន​ពឹង​ទៅ​លើ​ការងារ​ព្រឹក​វិល​ល្ងាច​នៅ​ប្រទេស​ថៃ។ យើង​សុំ​សំណូមពរ​សុំ​ឲ្យ​បើក​ច្រក​វិញ​ ហើយ​ធានា​កុំ​ឲ្យ​មាន​ការ​នាំ​មនុស្ស​ឆ្លង​ដែន​ខុស​ច្បាប់​ និង​កុំ​ធានា​កុំ​មាន​ការ​នាំ​ទំនិញ​គេច​ពន្ធ​ ឬ​ទំនិញ​ខូច​គុណភាព​ចូល​កម្ពុជា»

​ពលរដ្ឋ​នៅ​តាម​ព្រំដែន​ថៃ ពុំ​មែន​មាន​តែ​នៅ​ខែត្រ​បន្ទាយមានជ័យ នេះ​ទេ មាន​នៅ​ខែត្រ​ជា​ច្រើន​ទៀត ដូចជា​នៅ​ខែត្រ​បាត់ដំបង ប៉ៃលិន និង​ខែត្រ​មួយ​ចំនួន​ទៀត ត្រូវ​បង្ខំ​ចិត្ត​ទៅ​ធ្វើ​ជា​កម្មករ​សំណង់ និង​ជម្រះស្មៅ​ក្នុង​ដី​ចម្ការ​កសិកម្ម​របស់​ថៃ ទៅ​ពេល​ពេល​ព្រឹក​វិល​ត្រលប់​មក​ផ្ទះ​វិញ​ពេល​ល្ងាច ដើម្បី​បាន​ប្រាក់​កម្រៃ​ផ្គត់ផ្គង់​គ្រួសារ។ ពួកគេ​ធ្វើ​ដូច្នេះ ដោយសារ​តែ​នៅ​ក្នុង​ស្រុក​គ្មាន​ការងារ​ធ្វើ រី​ឯ​ដំណាំ​កសិផល​របស់​ពួក​គាត់​គ្មាន​ទីផ្សារ មាន​អ្នក​ខ្លះ​ជំពាក់​បំណុល​ធនាគារ​ទៀត​ផង។ បញ្ហា​ទាំង​អស់​នេះ ពួកគាត់​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​អំពី​ទៅ​រក​ការងារ​ធ្វើ​ប្រចាំ​ថ្ងៃ​នៅ​ប្រទេស​ថៃ ជាប់​ព្រំដែន​ខ្មែរ​នោះ​ទេ។

សព្វ​ថ្ងៃ​ច្រក​របៀង​ព្រំដែន​ក្នុង​ខេត្ត​បន្ទាយមានជ័យ​ ​មាន​​ជាង ៤០​ច្រក ក្នុង​នោះ​ច្រក​ខ្លះ​គ្រប់​គ្រង​ដោយ​ប៉ូលិស​ការពារ​ព្រំដែន និង​ច្រក​មួយ​ចំនួន​ទៀត គ្រប់​គ្រង​ដោយ​ទាហាន​ភូមិភាគ​៥។ សមត្ថកិច្ច​ចាប់​ផ្ដើម​​បិទ​ច្រក​របៀង​​ព្រំដែន​ក្នុង​ខេត្ត​មួយ​នេះ នៅ​ដើម​ខែ​កក្កដា ដែល​មក​ទល់​ពេល​នេះ​មិន​ទាន់​បើក​ឡើង​វិញ​​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។