តំណាង​កម្មករ​រោងចក្រ​នៅ​កំពង់ចាម​អះអាង​ថា​កម្មករ​ព្រម​ចូល​ធ្វើ​ការ​ដោយ​មាន​គំនាប

ដោយ សូត សុខប្រាថ្នា
2014.07.30
កម្មករ​តវ៉ា កំពង់ចាម ៦១០ កម្មករ​រោងចក្រ​ស្បែក​ជើង កាលីង តុន (CALING TON) ធ្វើ​កូដកម្ម​នៅ​មុខ​ច្រក​ចូល​រោងចក្រ​នា​ឃុំ​ខ្នុរដំបង ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម នៅ​ថ្ងៃ​ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៤។
RFA/Saut Sokprathna

កម្មករ​រោងចក្រ​ស្បែក​ជើង កាលីង តុន (Caling Ton) ដែល​មាន​ទីតាំង​នៅ​ឃុំ​ខ្នុរដំបង ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម ព្រម​ចូល​ធ្វើ​ការ​វិញ​ហើយ​នៅ​ថ្ងៃ​ទី​៣០ កក្កដា។ ការ​ព្រម​ចូល​ធ្វើ​ការ​វិញ​នេះ តំណាង​កម្មករ​អះអាង​ថា ដោយសារ​មាន​គំនាប​ផ្សេងៗ ពីព្រោះ​ការ​ទាមទារ​លក្ខខណ្ឌ​ការងារ​របស់​ពួក​គាត់​ទាំង ៨​ចំណុច​ពី​មុន​នោះ គឺ​ខាង​រោងចក្រ​មិន​ទាន់​ផ្តល់​បាន​ឡើយ។

ប្រធាន​មន្ទីរ​ការងារ បញ្ជាក់​ថា មាន​ការ​ដោះស្រាយ​បញ្ហា​ទាំង​នោះ​ជា​កញ្ចប់ ហើយ​កម្មករ​ព្រម​ចូល​ធ្វើ​ការ​ដោយសារ​ព្រម​ទទួល​យក​ដំណោះស្រាយ​គ្មាន​ការ​បង្ខិត​បង្ខំ​ទេ។

តំណាង​កម្មករ និង​ជា​ប្រធាន​សហជីព​សំឡេង​យុវជន​ខ្មែរ​ក្នុង​រោងចក្រ​ស្បែក​ជើង កាលីង តុន លោក សួស សំនៀង ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៣០ កក្កដា នេះ កម្មករ​ទាំងអស់​បាន​ត្រឡប់​ចូល​ធ្វើ​ការ​ធម្មតា​វិញ ប៉ុន្តែ​ពួក​គាត់​ទាំង​នោះ​មិន​ស្ងប់​ចិត្ត​ឡើយ។ លោក​បញ្ជាក់​ថា ការ​មិន​ស្ងប់​ចិត្ត​នោះ គឺ​ដោយសារ​ការ​ទាមទារ​លក្ខខណ្ឌ​ការងារ​របស់​ពួក​គាត់​ទាំង ៨​ចំណុច រួម​មាន​ការ​សុំ​ប្រាក់​ថ្លៃ​បាយ​មួយ​ថ្ងៃ ៤​ពាន់​រៀល ឬ​បាយ​មួយ​ពេល សុំ​ដំឡើង​ប្រាក់​លើក​ទឹក​ចិត្ត ១៥​ដុល្លារ ប្រាក់​សោហ៊ុយ​ធ្វើ​ដំណើរ ១៥​ដុល្លារ រួម​និង​ចំណុច​ផ្សេងៗ​មួយ​ចំនួន​ទៀត គឺ​ខាង​ភាគី​រោងចក្រ​មិន​ទាន់​ផ្តល់​ជូន​ទាំង​ស្រុង​នោះ​ឡើយ។

លោក​បន្ថែម​ថា កាល​ពី​ថ្ងៃ​ទី​២៩ កក្កដា ភាគី​តំណាង​កម្មករ តំណាង​រោងចក្រ តំណាង​សមាគម​និយោជក និង​ខាង​អាជ្ញាធរ បាន​ប្រជុំ​ពិភាក្សា​គ្នា​ដើម្បី​រក​ចំណុច​រួម​ទៅ​លើ​ការ​ទាមទារ​របស់​កម្មករ។ ខាង​រោងចក្រ បាន​ផ្តល់​ប្រាក់​បាយ​ម្នាក់ ២​ម៉ឺន​រៀល​ក្នុង​មួយ​ខែ ចំណែក​ប្រធាន ឬ​កម្មករ​ដែល​ស្នាក់​នៅ​ក្នុង​រោងចក្រ និង​មាន​អាហារ​ខ្លះ ដែល​កាល​ពី​មុន​រោងចក្រ​កាត់​ប្រាក់​ខែ​ពួក​គាត់​ជិត ២០​ដុល្លារ គឺ​ប្ដូរ​មក​កាត់​ត្រឹម ១០​ដុល្លារ​វិញ។ ក្រៅ​ពី​នោះ ខាង​រោងចក្រ​បិទ​ការ​ចរចា​តែ​ម្តង។ តំណាង​កម្មករ​ដដែល​ឱ្យ​ដឹង​ទៀត​ថា កម្មករ​ព្រម​ចូល​ធ្វើ​ការ​វិញ​នោះ គឺ​ដោយសារ​តែ​មាន​គំនាប​ផ្សេងៗ​ពី​ខាង​តុលាការ និង​អាជ្ញាធរ​ទៀត​ផង។

លោក សួស សំនៀង៖ «គាត់​បង្ខំ​ចិត្ត​ទទួល​យក ដោយសារ​តែ​មាន​គំនាប​ផ្សេងៗ​ដែល​ធ្វើ​ឱ្យ​គាត់​យល់​ថា សម្រេច​ចិត្ត​យក​សិន។ បាទ! ក៏​ដូច​ជា​ខាង​តុលាការ គាត់​បាន​ចេញ​ដីកា​ឱ្យ​បង​ប្អូន​កម្មករ​ចូល​ធ្វើ​ការ​វិញ​នៅ​ថ្ងៃ​ស្អែក​ហ្នឹង គឺ​គាត់​ទទួល​បាន​អា​ហ្នឹង។ ក៏​ដូច​ជា​ខាង​ប៉ូលិស​ខាង​អី​ផ្សេងៗ គំនាប​មក​ខាង​សហជីព ក៏​ដូច​ជា​បង​ប្អូន​ដែល​គាត់​បាន​ដឹង»

លោក​យល់​ថា ប្រសិន​បើ​តំណាង​រោងចក្រ​នៅ​តែ​ប្រកាន់​ជំហរ​របស់​ខ្លួន​ដូច​ពេល​នេះ​បន្ត​ទៀត វា​នឹង​ធ្វើ​ឱ្យ​កម្មករ​ទាំងអស់​មិន​ពេញ​ចិត្ត ហើយ​វា​នឹង​អាច​បង្កើត​ឱ្យ​មាន​កូដកម្ម​សាជាថ្មី​ក្នុង​ពេល​ឆាប់ៗ​មិន​ខាន​ឡើយ។

អ្នក​បកប្រែ​ភាសា​ចិន នៅ​រោងចក្រ កាលីង តុន លោក ឃីម វីរៈ បញ្ជាក់​ថា លោក​មិន​បាន​ដឹង​ពី​កិច្ច​ប្រជុំ និង​គោល​ជំហរ​របស់​ថៅកែ​រោងចក្រ​ឡើយ ប៉ុន្តែ​លោក​គ្រាន់​តែ​ដឹង​ថា កម្មករ​បាន​ចូល​ធ្វើ​ការ​វិញ​ហើយ​នៅ​ថ្ងៃ​ទី​៣០ កក្កដា នេះ។

ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ខេត្ត​កំពង់ចាម លោក ឆេង ហ៊ាង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​៣០ កក្កដា ថា កម្មករ​ដែល​យល់​ព្រម​ចូល​ធ្វើ​ការ​វិញ​នោះ គឺ​មិន​មែន​ដោយសារ​តែ​មាន​គំនាប​ពី​តុលាការ ឬ​អាជ្ញាធរ​នោះ​ទេ ប៉ុន្តែ​ពួក​គាត់​ព្រម​ចូល​ធ្វើ​ការ ដោយសារ​តែ​មាន​ការ​ដោះស្រាយ​មួយ​សមស្រប​ដែល​ធ្វើ​ឱ្យ​កម្មករ​អាច​ទទួល​យក​បាន៖ «ខ្ញុំ​គិត​ថា មិន​មែន​ដោយសារ​គាត់​មិន​ពេញ​ចិត្ត​ទេ អ្វី​ដែល​គាត់​ដែល​យើង​បាន​លទ្ធផល​ហ្នឹង គឺ​មាន​ការ​ពេញ​ចិត្ត​មាន​ការ​សប្បាយ​រីករាយ​ជាមួយ​នឹង​គ្នា​ហើយ។ ក្រោម​ការ​ដោះស្រាយ​សះ​ជា​ហ្នឹង គឺ​ថា​មិន​មាន​អី​ដូច​ថា​នៅ​មន្ទិល​អី​ទៀត​ទេ គឺ​ថា​ដោយ​រីករាយ​ហើយ»

លោក​បន្ត​ថា ក្នុង​ករណី​ដែល​កម្មករ​មិន​ពេញ​ចិត្ត ឬ​ចង់​ទាមទារ​អ្វី​មួយ​ពី​ភាគី​រោងចក្រ​នោះ គឺ​ពួក​គាត់​អាច​ធ្វើ​បាន ពីព្រោះ​ជា​សិទ្ធិ​សេរីភាព​របស់​ពួក​គាត់​ដែល​មាន​ចែង​ក្នុង​ច្បាប់​ការងារ ក៏ប៉ុន្តែ​ការ​ធ្វើ​បាតុកម្ម ឬ​កូដកម្ម​ណា​មួយ​នោះ គឺ​ត្រូវ​ធ្វើ​ឡើង​ដោយ​ស្រប​ច្បាប់ និង​មាន​ការ​ជូន​ដំណឹង​មក​អាជ្ញាធរ​ឱ្យ​បាន​ត្រឹមត្រូវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។