មហាសេដ្ឋីពិភពលោកមួយចំនួនគ្រោងមកទេសចរណ៍ផ្សងព្រេងនៅកម្ពុជា
2016.02.11
មហាសេដ្ឋីមួយចំនួនមានគម្រោងនឹងបើកបររថយន្តប្រណីត (Classic Car) ដើម្បីធ្វើដំណើរទេសចរណ៍ផ្សងព្រេងមកស្នាក់នៅខេត្តសៀមរាប ជាតំបន់ដែលមានប្រាង្គប្រាសាទបុរាណជាច្រើនថ្ងៃ មុននឹងឆ្លងកាត់ទៅកាន់ប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា។ គម្រោងនៃដំណើរទេសចរណ៍ផ្សងព្រេងរបស់ក្រុមមហាសេដ្ឋីទាំងនោះ រៀបចំដោយទីភ្នាក់ងារទេសចរណ៍បរទេសមួយឈ្មោះ អ៊ីនស្ប៉ាយរ៉េសិន ខេមបូឌា (Inspiration Cambodia)។
មន្ត្រីក្រសួងទេសចរណ៍នៃប្រទេសកម្ពុជា កំពុងត្រៀមខ្លួនរង់ចាំទទួលក្រុមមហាសេដ្ឋីបរទេសមួយចំនួនដែលមានគម្រោងបើកបររថយន្តប្រណីត មានតម្លៃបំផុត ចំនួនប្រហែល ៤០គ្រឿង ដើម្បីធ្វើដំណើរទេសចរណ៍ផ្សេងព្រេង និងមកស្នាក់នៅខេត្តសៀមរាប ផងនោះ។
ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប គឺលោក ង៉ូវ សេងកាក់។ លោកបានថ្លែងនៅក្នុងមហាសន្និបាតបូកសរុបការងារទេសចរណ៍ឆ្នាំ២០១៥ និងទិសដៅអនុវត្តបន្តសម្រាប់ឆ្នាំ២០១៦ នៅព្រឹកថ្ងៃពុធ ទី១០ ខែកុម្ភៈ ថា ក្រុមអ្នកមាននិងមហាសេដ្ឋីមួយចំនួនមកពីតំបន់អឺរ៉ុប និងអាមេរិក មានគម្រោងនឹងបើករថយន្តប្រណីតប្រភេទក្លាស៊ីក ដែលមានតម្លៃបំផុត ចំនួនប្រមាណ ៤០គ្រឿងដើម្បីធ្វើដំណើរទេសចរណ៍ផ្សេងព្រេងនៅកម្ពុជា នៅដើមខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខ។
លោក ង៉ូវ សេងកាក់ បញ្ជាក់ថា ក្រុមមហាសេដ្ឋីទាំងនោះ នឹងដឹកជញ្ជូនរថយន្តប្រណីតតាមនាវាមកឡើងគោកនៅខេត្តព្រះសីហនុ នៅថ្ងៃទី៨ ខែវិច្ឆិកា ហើយបើករថយន្តជាក្បួន ធ្វើដំណើរមកទីក្រុងភ្នំពេញ រួចហើយបន្តមកស្នាក់នៅខេត្តសៀមរាប ព្រមទាំងទស្សនាប្រាង្គប្រាសាទបុរាណចំនួន ៦ថ្ងៃ៖ «នេះគឺជាកម្មវិធីថ្មីឆ្នាំ២០១៦ ខាងមុខនេះ គឺមានព្រឹត្តិការណ៍លំដាប់សេដ្ឋី ដែលគាត់មានរថយន្តតម្លៃថ្លៃ បើកក្នុងល្បឿនយឺត មកតាមខេត្តព្រះសីហនុ ដោយដឹកតាមកប៉ាល់»។
លោក ង៉ូង សេងកាក់ ឱ្យដឹងថា ក្រុមអ្នកមាន និងមហាសេដ្ឋីទាំងនោះ បន្ទាប់ពីបញ្ចប់ការស្នាក់នៅខេត្តសៀមរាប គឺធ្វើដំណើរទៅខេត្តព្រះវិហារ ហើយចេញទៅប្រទេសថៃ ព្រមទាំងគ្រោបញ្ចប់នៅទីក្រុងរ៉ង់ហ្គូន នៃប្រទេសមីយ៉ាន់ម៉ា។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានចាត់ទុកថា នេះគឺជាដំណើរទេសចរណ៍របស់ក្រុមមហាសេដ្ឋីដំបូងបំផុតមកកាន់កម្ពុជា និងខេត្តដែលជាបេះដូងទេសចរណ៍។ លោករំពឹងថា ដំណើរទេសចរណ៍ផ្សងព្រេងរបស់ក្រុមមហាសេដ្ឋីមកកម្ពុជានេះ ពិតជាមានសារសំខាន់យ៉ាងខ្លាំងក្នុងការជួយផ្សព្វផ្សាយវិស័យទេសចរណ៍ឱ្យកម្ពុជា មួយកម្រិតថែមទៀត៖ «កាលណាគេមក ទាំងអស់គ្នាចាប់អារម្មណ៍ថា អ្នកណាជិះឡានហ្នឹង? គឺមហាសេដ្ឋី មហាសេដ្ឋីទៅណា? ទៅអង្គរ ចុះអង្គរហ្នឹងនៅឯណា? គឺនៅស្រុកខ្មែរ»។
តំណាងទីភ្នាក់ងារទេសចរណ៍ អ៊ីនស្ប៉ាយរ៉េសិន ខេមបូឌា អ្នកស្រី ក្លែរ (Claire) ឱ្យដឹងថា រថយន្តប្រភេទក្លាស៊ីក ដែលក្រុមមហាសេដ្ឋីមានគម្រោងបើករបរធ្វើទេសចរណ៍ផ្សេងព្រេងលើចម្ងាយផ្លូវ ៤.៦០០គីឡូម៉ែត្រទាំងនោះ គឺជាលំដាប់រថយន្តមានតម្លៃខ្ពស់ ដូចជាម៉ាក បេនថ៍ឡី (Bentley) រ៉ុល រ៉យ (Roll Royce) និងរថយន្តជាច្រើនម៉ាកទៀត ដែលផលិតនៅមុនឆ្នាំ១៩៧០៕