កម្ពុជាបារម្ភខ្លាចកម្មករនិងអ្នកជំនាញធ្វើចំណាកស្រុកពេលសមាហរណកម្មអាស៊ាន
2015.02.23
នៅសល់រយៈពេលតែ ១០ខែទៀតទេ ប្រទេសកម្ពុជា និងប្រទេសជាសមាជិកប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា អាស៊ាន (ASEAN) ចំនួន ៩ផ្សេងទៀត នឹងធ្វើសមាហរណកម្មសេដ្ឋកិច្ចរួមបញ្ចូលគ្នាតែមួយសម្រាប់តំបន់។
ការគ្រោងនឹងច្របាច់សេដ្ឋកិច្ចបញ្ចូលគ្នាតែមួយនេះ ធ្វើឱ្យកម្ពុជា រៀបចំខ្លួនរួចជាស្រេចដើម្បីប្រកួតប្រជែងសេដ្ឋកិច្ចឱ្យទាន់ប្រទេសមួយចំនួនទៀត ដែលធ្លាប់តែមានការជឿនលឿនផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្មនៅក្នុងតំបន់។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជា កំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការពិភាក្សាជាមួយវិស័យឯកជននៅតាមបណ្ដាខេត្តមួយចំនួនដើម្បីបង្ហាញពីគោលការណ៍ និងវិធីសាស្ត្រថ្មីៗ ឱ្យក្រុមអ្នកជំនួញ និងអ្នកវិនិយោគផ្នែកឯកជនបានរៀបចំខ្លួនជាស្រេចសម្រាប់ទទួលសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។
វេទិកាវិស័យឯកជននៅតាមបណ្ដាខេត្តនេះ រៀបចំឡើងជាឱកាសឱ្យម្ចាស់អាជីវកម្ម និងវិស័យឯកជនទាំងឡាយបានយល់អំពីការប្រកួតប្រជែងគ្នា ព្រមទាំងការប្រឈមសម្រាប់អាជីវកម្មនៅពេលដែលសមាហរណកម្មសេដ្ឋកិច្ចអាស៊ាននឹងមកដល់នៅខែធ្នូ ឆ្នាំ២០១៥ ខាងមុខ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម គឺលោក ស៊ុន ចាន់ថុល។ លោកមានប្រសាសន៍នៅក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន បន្ទាប់ពីថ្លែងបើកវេទិកាវិស័យឯកជននៅខេត្តសៀមរាប កាលពីព្រឹកថ្ងៃច័ន្ទ ទី២៣ ខែកុម្ភៈ ថា ដោយសារកម្ពុជា គឺជាប្រទេសតូចហើយធ្លាប់តែបើកចំហពាណិជ្ជកម្មនាំចូលជាយូរមកហើយ គឺនឹងមិនមានការប្រឈមមុខផ្នែកពាណិជ្ជកម្មនៅពេលដែលធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងតំបន់អាស៊ានទេ។
លោករដ្ឋមន្ត្រីមានប្រសាសន៍ទៀតថា ជាច្រើនឆ្នាំមកហើយ កម្ពុជាក៏ដូចជាប្រទេសអាស៊ាន បានបន្ថយពន្ធនាំចូលស្ទើរតែទាំងអស់ទៅហើយ ដូច្នេះមិនមានអ្វីព្រួយបារម្ភអំពីការប្រកួតប្រជែងផ្នែកពាណិជ្ជកម្មនៅពេលខាងមុខទេ។ ប៉ុន្តែអ្វីដែលកម្ពុជា ព្រួយបារម្ភ គឺខ្លាចក្រែងតែកម្មករ និងអ្នកជំនាញកម្ពុជា ទៅធ្វើការឱ្យប្រទេសដទៃមិនធ្វើការឱ្យប្រទេសខ្លួនឯង៖ «ប្រទេសមួយចំនួនដែលខ្ទប់គេនោះ លែងខ្ទប់កើតហើយ យើងមិនដែលខ្ទប់អ្នកណាផង ដូច្នេះអត់មានអ្វីធ្វើឱ្យយើងព្រួយបារម្ភទេ។ អ្វីដែលព្រួយបារម្ភខ្លាចតែប្រជាពលរដ្ឋខ្មែរមិនធ្វើការនៅក្នុងប្រទេសរបស់ខ្លួន ពីព្រោះប្រទេសដទៃមានប្រាក់ខែច្រើនជាង»។
អ្នកវិភាគសេដ្ឋកិច្ចក៏យល់ឃើញប្រហាក់ប្រហែលគ្នានឹងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មដែរថា ដោយសារតែពន្ធនាំចូលត្រូវបានកាត់បន្ថយស្ទើរតែទាំងស្រុងទៅហើយ ដូច្នេះនៅពេលដែលកម្ពុជា ធ្វើសមាហរណកម្មសេដ្ឋកិច្ចទៅក្នុងអាស៊ាន គឺវាមានការប្រឈមមុខខ្លះ ប៉ុន្តែមិនធំដុំទេ។
ប្រធានសមាគមសេដ្ឋកិច្ចកម្ពុជា លោក ច័ន្ទ សុផល បានមើលឃើញថា ដោយសារមានការកាត់បន្ថយពន្ធនាំចូលស្ទើរតែទាំងស្រុង គឺនៅពេលដែលកម្ពុជា ធ្វើសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន វាអាចនឹងធ្វើឱ្យទំនិញបរទេសនាំចូលមកកម្ពុជា ច្រើន និងតម្លៃថោក ដូច្នេះបើនិយាយពីការប្រកួតប្រជែងនៅលើទីផ្សារ គឺទំនិញក្នុងស្រុកប្រហែលជាចាញ់ទំនិញបរទេស៖ «ខ្ញុំធ្លាប់វិភាគជាសរុបទៅខ្ញុំយល់ថា ប្រទេសកម្ពុជា នឹងអាចចាញ់ប្រៀបគេបន្តិចរឿងទំនិញ ជាពិសេសចំពោះសហគ្រាសខ្នាតតូច និងកសិករប្រហែលជាពិបាកប្រកួតប្រជែងជាមួយគេ»។
ក៏ប៉ុន្តែអាជីវករម្នាក់នៅខេត្តសៀមរាប លើកឡើងថា បច្ចុប្បន្នអ្នករកទទួលទាននៅក្នុងស្រុកខ្លះ ហាក់នៅមានភាពងងឹតមិនយល់ច្បាស់លាស់អំពីច្បាប់នៅឡើយទេ។ អាជីវករដដែលបញ្ជាក់ថា អាជីវករខ្លះ បើរកទទួលទានដោយឱ្យសុំច្បាប់ទម្លាប់គឺគាត់នៅមានការភិតភ័យ ដូច្នេះ គួរក្រសួងពាណិជ្ជកម្ម រៀបចំឱ្យមន្ត្រីពាក់ព័ន្ធត្រូវមានក្រមសីលធម៌ច្បាស់លាស់ដើម្បីលើកទឹកចិត្តឱ្យអ្នករកទទួលទានមានទំនុកចិត្តលើច្បាប់ផងដែរ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឱ្យដឹងថា នៅពេលដែលបណ្ដាប្រទេសអាស៊ានទាំង ១០ រួមបញ្ចូលសេដ្ឋកិច្ចគ្នាតែមួយនៅខែធ្នូ ឆ្នាំ២០១៥ ខាងមុខ គឺនឹងធ្វើឱ្យទីផ្សារសេដ្ឋកិច្ចអាស៊ាន មានប្រជាពលរដ្ឋជាង ៦០០លាននាក់ ព្រមទាំងមានផលិតផលក្នុងស្រុកគិតជាទឹកប្រាក់ចំនួនជាង ៣ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក។ ដូច្នេះថ្នាក់ដឹកនាំរដ្ឋនៃសមាជិកអាស៊ាន ធ្លាប់បានឯកភាពគ្នាថា ការរួមបញ្ចូលសេដ្ឋកិច្ចអាស៊ានតែ១ គឺមិនត្រូវឱ្យមានរបាំងពន្ធក្នុងការនាំទំនិញចេញចូលទេ ដើម្បីឱ្យបណ្ដាប្រទេសអាស៊ាន ក្លាយទៅជាតំបន់ផលិតតែមួយ៕