រដ្ឋាភិបាល​គ្រោង​បញ្ជូន​ស្ត្រី​ខ្មែរ​ប្រមាណ​៣០០​នាក់​ទៅ​ធ្វើ​ការ​តាម​ផ្ទះ​នៅ​ម៉ាឡេស៊ី​នា​ដើម​ឆ្នាំ​២០១៨

ដោយ មួង ណារ៉េត
2017.12.01
ពលករ ម៉ាឡេស៊ី ៨៥៥ ពលការិនី ៤​នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ​ពី​ប្រទេស​ម៉ាឡេស៊ី មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​៩ សីហា ឆ្នាំ​២០១៥។
Photo: RFA

រដ្ឋាភិបាល​គ្រោង​បញ្ជូន​ស្ត្រី​ខ្មែរ​ប្រមាណ ៣០០​នាក់ ទៅ​បម្រើ​ការងារ​នៅ​តាម​ផ្ទះ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ជា​ថ្មី​ម្ដង​ទៀត នៅ​ដើម​ឆ្នាំ​២០១៨ បន្ទាប់​ពី​ផ្អាក ៦​ឆ្នាំ ក្រោយ​មាន​ពលករ​ខ្មែរ​មួយ​ចំនួន​ត្រូវ​បាន​ថៅកែ​ជនជាតិ​ម៉ាឡេស៊ី វាយ​រំលោភ​បំពាន​កន្លង​មក។ រី​ឯ​សង្គម​ស៊ីវិល ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​មើល​លក្ខខណ្ឌ​ការងារ​ឲ្យ​បាន​ហ្មត់ចត់ មុន​សម្រេច​កិច្ចការ​នេះ ដើម្បី​ជៀសវាង​ការ​ដើរ​ជាន់​ដាន​ចាស់​ដែល​នាំ​ឲ្យ​ពលករ​ខ្មែរ​បន្ត​រង​គ្រោះ។

​ស្រប​ពេល​ដែល​ព័ត៌មាន​អំពី​ពលករ​ខ្មែរ​រងគ្រោះ​នៅ​ក្រៅ​ប្រទេស ជាពិសេស​ប្រទេស​ម៉ាឡេស៊ី នៅ​តែ​មាន រដ្ឋាភិបាល​កម្ពុជា ក៏​នៅ​តែ​មាន​គម្រោង​បញ្ជូន​ប្រជាពលរដ្ឋ​ខ្មែរ​អោយ​ទៅ​ធ្វើការ​នៅ​ក្រៅ​ប្រទេស​ដដែល បើទោះបី​ជា​ការងារ​ទាំង​នោះ ប្រឈម​ការ​រំលោភ​បំពាន និង​ជា​ប្រភេទ​ការងារ​កម្រិត​ទាប ឬ​អន់​ដែល​ប្រជាពលរដ្ឋ​គេ​លែង​ធ្វើ​ក្ដី។

​សារព័ត៌មាន​របស់​ម៉ាឡេស៊ី Malaymail Online បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ថា ប្រហែល​មាន​ពលករ​ខ្មែរ​ជា​ស្ត្រី​ប្រមាណ ៣០០​នាក់ នឹង​ត្រូវ​បញ្ជូន​មក​ម៉ាឡេស៊ី ជា​លើក​ដំបូង​ម្ដង​ទៀត ក្នុង​ខែ​មីនា ឆ្នាំ​២០១៨ ខាង​មុខ បន្ទាប់​ពី​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ​បាន​បន្ត​អនុស្សរណៈ​យោគយល់​គ្នា​ស្ដីពី​ការ​ជ្រើសរើស និង​ការ​ប្រើប្រាស់​ពលករ​ការងារ​ផ្ទះ​ឡើង​វិញ។

ស្ត្រី​ខ្មែរ​ទាំង ៣០០​នាក់​នោះ នឹង​ត្រូវ​ទៅ​ធ្វើ​ជា​អ្នក​បម្រើ​នៅ​តាម​ផ្ទះ របស់​ជនជាតិ​ម៉ាឡេស៊ី ដែលមាន​ការងារ​ស្នូល ដូចជា​មើល​ថែ​ចាស់​ជរា កូនក្មេង បោស​ជូត​ផ្ទះ លាង​ឡាន បោក​ខោអាវ និង​ការងារ​ផ្សេងៗ​ទៀត។

​ប្រធាន​ផ្នែក​ស្ត្រី និង​កុមារ​របស់​សមាគម​អាដហុក (ADHOC) អ្នកស្រី ឆន សុគន្ធា មាន​ប្រសាសន៍​ថា អ្នកស្រី​បាន​ដឹង​អំពី​គម្រោង​បញ្ជូន​ពលករ​ខ្មែរ​នេះ​ដែរ ប៉ុន្តែ​អ្នកស្រី​នៅ​មិន​ទាន់​បាន​ទទួល និង​បាន​ដឹង​នូវ​ខ្លឹមសារ​នៃ​អនុស្សរណៈ​ដែល​ភាគី​កម្ពុជា-​ម៉ាឡេស៊ី បាន​ចុះ​ហត្ថលេខា​កាល​ពី​ចុង​ឆ្នាំ​២០១៦ នៅ​ឡើយ​ទេ៖ «»។

អ្នកស្រី ឆន សុគន្ធា ជំរុញ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​ពិនិត្យមើល​លក្ខខណ្ឌ​ឲ្យ​ហ្មត់ចត់ ដូចជា​សុខុមាលភាព​របស់​ពលការិនី ពិនិត្យ​មើល​លើ​ទីភ្នាក់ងារ​ដែល​បញ្ជូន​ពលករ​នោះ ថា​តើ​ពួកគេ​គោរព​កិច្ចព្រមព្រៀង​ដែរ ឬ​ទេ និង​តាមដាន​អំពី​សុខទុក្ខ​របស់​ពលករ​ជាប់​ជានិច្ច។ ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​ក៏​គួរ​បណ្ដុះបណ្ដាល​ជំនាញ​មេផ្ទះ និង​របៀបរបប ទំនៀម​ទម្លាប់​នៃ​ប្រទេស​ម៉ាឡេស៊ី ជាដើម។

​អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ បាន​ទេ នៅ​ថ្ងៃ​ទី​១ ខែ​ធ្នូ។

​កាល​ពី​២៩ ខែ​វិច្ឆិកា ឆ្នាំ​២០១៧ ក្រសួង​ការងារ​កម្ពុជា និង​សមាគម​ទីភ្នាក់ងារ​ពលករ​ប្រទេស​ម៉ាឡេស៊ី បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​កិច្ច​ព្រមព្រៀង​ស្តីពី​យន្តការ​ការពារ និង​ផ្តល់​សុខុមាលភាព​ជូន​ពលករ​កម្ពុជា ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី។

​សារព័ត៌មាន​ម៉ាឡេស៊ី បាន​ចុះផ្សាយ​ថា អនុស្សរណៈ​នៃ​កិច្ច​ព្រមព្រៀង​នេះ មាន​សារសំខាន់​ដើម្បី​ជា​យន្តការ​បន្ថែម​ទៀត​សម្រាប់​ឆ្លើយ​តប​ឲ្យ​បាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត​ទៅ​តាម​ស្មារតី​នៃ​អនុស្សរណៈ​យោគយល់​គ្នា​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​ការ​ការពារ និង​លើក​កម្ពស់​សិទ្ធិ ការ​សម្របសម្រួល និង​ធានា​ចំពោះ​សុវត្ថិភាព និង​សុខុមាលភាព​របស់​ពលករ​កម្ពុជា ដែល​កំពុង​ស្នាក់នៅ និង​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី។

ប្រទេស​កម្ពុជា បាន​ផ្អាក​បញ្ជូន​ពលករ​បម្រើ​ការងារ​តាម​ផ្ទះ​ទៅ​ប្រទេស​ម៉ាឡេស៊ី កាល​ពី​ឆ្នាំ​២០១១ ក្រោម​ហេតុផល​ថា មាន​ពលករ​មួយ​ចំនួន​ត្រូវ​បាន​ថៅកែ​ធ្វើ​ទារុណកម្ម​វាយ​ធ្វើបាប និង​រំលោភ​បំពាន​រហូត​ដល់​អ្នក​ខ្លះ​ស្លាប់ ធ្លាក់​ខ្លួន​ពិការ និង​ខ្លះ​ទៀត​ក្លាយ​ជា​មនុស្ស​បាត់បង់​ស្មារតី គ្មាន​ប្រាក់​កម្រៃ​ត្រឡប់​មក​ប្រទេស​កំណើត​វិញ។

​ក្នុង​រយៈពេល ៦​ខែ​ដំបូង ឆ្នាំ​២០១៧ ស្ថានទូត​កម្ពុជា បាន​បញ្ជូន​ពលករ​កម្ពុជា ប្រមាណ ១៣៤​នាក់ មក​ពី​ប្រទេស​ម៉ាឡេស៊ី បន្ទាប់​ពី​ស្ថានភាព​ការងារ​របស់​ពួកគេ​ជួប​ការ​លំបាក។

​មន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក អះអាង​ថា មូលហេតុ​ដែល​ពលករ​ខ្មែរ​នាំ​គ្នា​ចាកចោល​ភូមិ-ស្រុក​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស​នោះ ដោយសារ​តែ​ប្រាក់​កម្រៃ​ការងារ​នៅ​កម្ពុជា ទាប ពលរដ្ឋ​ខ្វះខាត​ដី ហើយ​បើ​ទោះ​បី​ជា​ប្រជាពលរដ្ឋ​ខ្លះ​មាន​ដី​សម្រាប់​ធ្វើស្រែ​ក៏​ពិត​មែន ប៉ុន្តែ​ផលិតផល​កសិកម្ម​គ្មាន​ទីផ្សារ និង​គ្មាន​ដើម​ទុន​សម្រាប់​ប្រកប​មុខ​របរ​ចិញ្ចឹម​ជីវិត។ រដ្ឋាភិបាល​គួរ​តែ​ពន្លឿន​ដោះស្រាយ​បញ្ហា​ទាំង​នេះ ទើប​អាច​កាត់​បន្ថយ​ការ​ធ្វើ​ចំណាក​ស្រុក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។