ក្រសួង​ព័ត៌មាន​សម្រេច​​លុបចោល​ស្ថាប័ន​កាសែត​ជិត ២០០

ដោយ សេក បណ្ឌិត
2017-12-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦។
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ថ្លែង​ក្នុង​សិក្ខាសាលា​ស្ដីពី​ការ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី នៅ​ថ្ងៃ​ទី​២៦ ខែ​មករា ឆ្នាំ​២០១៦។
Photo: RFA

ក្រសួង​ព័ត៌មាន​ប្រកាស​សម្រេច​​លុបចោល​ស្ថាប័ន​កាសែត​ជិត ២០០ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ។ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ បញ្ជាក់​ប្រាប់​ហេតុផល​ជុំវិញ​ការ​សម្រេច​បិទ​ស្ថាប័ន​សារព័ត៌មាន​ទាំង​នោះ ដោយសារ​តែ​មិន​ដែល​បាន​បោះ​ពុម្ព​ផ្សាយ​បន្ទាប់​ពី​ទទួល​បាន​អាជ្ញាប័ណ្ណ ហើយ​ខ្លះ​ទៀត​អាជ្ញាប័ណ្ណ​បាន​ផុត​សុពលភាព។

លោក ខៀវ កាញារីទ្ធ បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) ផ្ទាល់ខ្លួន​របស់​លោក​កាល​ពី​ថ្ងៃ​ទី​១៨ ខែ​ធ្នូ ថា បច្ចុប្បន្ន សារព័ត៌មាន​ដែល​នៅ​បន្ត​សកម្មភាព​មាន​ចំនួន ៣៨៨ ក្នុង​នោះ​មាន​ទស្សនាវដ្ដី​ចំនួន​ជិត ២០០ និង​ព្រឹត្តបត្រ​ចំនួន ២៥ ផ្សេង​ទៀត។

ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា (AKP) បាន​ស្រង់​សម្ដី​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន លោក ផុស សុវណ្ណ ដែល​ធ្លាប់​បាន​លើក​ឡើង​ថា ការ​លុប​អាជ្ញាប័ណ្ណ​នេះ ដោយសារ​តែ​ក្រសួង​មើល​ឃើញ​ថា កាសែត​មួយ​ចំនួន​មិន​មាន​សកម្មភាព​ក្នុង​ការ​ចេញ​ផ្សាយ ឬ​មិន​គោរព​តាម​ច្បាប់។

​លោក​បន្ត​ថា បច្ចុប្បន្ន​នេះ​នៅ​មាន​សារព័ត៌មាន​អនឡាញ (Online) មួយ​ចំនួន​មិន​ទាន់​មក​សុំ​ចុះ​បញ្ជី​មក​ក្រសួង​នៅ​ឡើយ​ទេ ហើយ​មួយ​ចំនួន​ទៀត​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ខុស​ពី​ការពិត បំប៉ោង​ព័ត៌មាន​ដែល​ធ្វើ​ឱ្យ​មាន​ភាព​ច្របូកច្របល់ និង​ប៉ះពាល់​ដល់​សង្គម​ថែម​ទៀត។

AKP ចុះ​ផ្សាយ​ទៀត​ថា បច្ចុប្បន្ន​នេះ មាន​កាសែត ទស្សនាវដ្ដី និង​ព្រឹត្តិបត្រ​ដែល​បាន​មក​ចុះបញ្ជី​នៅ​ក្រសួង​ព័ត៌មាន មាន​ប្រមាណ​ជាង ៥០០​អង្គភាព ស្ថានីយ​វិទ្យុ​ជាង ២០០​ស្ថានីយ និង​ទូរទស្សន៍​ចំនួន ២៣​ស្ថានីយ ក្នុង​នោះ​មាន​ទូរទស្សន៍​ឌីជីថល​ចំនួន​៥។

​ការ​ប្រកាស​បិទ​ស្ថាប័ន​សារព័ត៌មាន​ជិត​២០០ នេះ បន្ទាប់​ពី​កាសែត ឌឹ ខេមបូឌា ដេលី (The Cambodia Daily) និង​អាស៊ីសេរី សម្រេច​បិទ​ការិយាល័យ​របស់​ខ្លួន​នៅ​ភ្នំពេញ ដោយសារ​រង​សម្ពាធ​នយោបាយ និង​ការ​គាប​សង្កត់​ពី​រដ្ឋាភិបាល ក្រោម​ហេតុផល​មិន​បង់​ពន្ធ​ឲ្យ​រដ្ឋាភិបាល និង​បាន​បិទ​ប៉ុស្តិ៍​វិទ្យុ​ក្នុង​ស្រុក ៣២​ប៉ុស្តិ៍ នៅ​តាម​បណ្តា​ខេត្ត​ចំនួន ២០ នៅ​ទូទាំង​ប្រទេស​កម្ពុជា ដែល​បាន​ផ្សាយ​បន្ត​ព័ត៌មាន​ពី​អាស៊ីសេរី (RFA) និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក (VOA) កាល​ពី​ជាង ៣​ខែ​មុន​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ច្បាប់; តើប្រព័ន្ធផ្សព្វផ្សាយត្រូវការរយៈពេលប៉ុន្មានឆ្នាំដើម្បីរក្សាទុកឯកសារ? មិនអាចលុបចោលឆាប់ពេកប្រឆាំងនឹងច្បាប់។

Dec 19, 2017 01:27 AM

គេហទំព័រ​ទាំងមូល