ក្នុងពិធីបុណ្យសមុទ្រនៅឆ្នាំនេះមានកីឡាជាង១០ប្រភេទចូលរួមប្រកួតនិងសម្ដែងជូនភ្ញៀវទស្សនា

អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឲ្យដឹងថា មានកីឡាជាង ១០ប្រភេទ ចូលរួមសំដែង និងប្រកួតជូនភ្ញៀវទេសចរជាតិ អន្តរជាតិ ទស្សនានៅក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះ។
ក្នុងពិធីនេះដែរ សមត្ថកិច្ចគ្រប់ស្ថាប័នបានពង្រាយកម្លាំងការពារសន្តិសុខជូនភ្ញៀវ ទាំងនៅលើដីគោក និងលើលំហសមុទ្រទាំងថ្ងៃទាំងយប់។
ពិធីបុណ្យសមុទ្រឆ្នាំនេះមានការប្រកួតកីឡាជាច្រើនប្រភេទ និងមានប្រគំតន្ត្រីបុរាណ សម័យរបស់ក្រុមហ៊ុនផ្សេងៗជាច្រើនទីតាំង និងមានស្តង់តាំងពិព័រណ៍ម្ហូបអាហារ ស្តង់លក់ទំនិញគ្រប់ប្រភេទ ទាំងទំនិញផលិតក្នុងស្រុក និងនាំចូលពីក្រៅស្រុករាប់ពាន់ស្តង់ នៅក្បែរវេទិការៀបចំពិធីនាឆ្នេរឯករាជ្យ និងទីតាំងមួយចំនួនទៀត។
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន ឲ្យអាស៊ីសេរី ដឹងថា បុណ្យសមុទ្រឆ្នាំនេះមានកីឡាជាង ១០ប្រភេទ ចូលរួមប្រកួត និងសម្ដែងជូនភ្ញៀវទេសចរជាតិ អន្តរជាតិ ទស្សនាក្នុងរយៈពេល ៣ថ្ងៃ៖ «ជាង ១០ប្រភេទកីឡា ដែលមានប្រភេទកីឡាប្រពៃណីផង និងប្រភេទកីឡាតំបន់ឆ្នេរ មានកីឡាទំនើប មានកីឡាប្រកួតលើទឹក និងលើអាកាស។ ក្នុងនោះប្រភេទកីឡាប្រពៃណីរបស់យើងមានប្រដាល់បុរាណខ្មែរ ប្រដាល់ក្បាច់គុណល្បុក្កតោ និងប្រកួតកីឡាចំបាប់បុរាណខ្មែរផងដែរ»។
លោក វ៉ាត់ ចំរើន បានរៀបរាប់ពីប្រភេទកីឡាប្រពៃណីជាតិ មានកីឡាប្រដាល់ក្បាច់គុណបុរាណខ្មែរល្បុក្កតោ និងចំបាប់បុរាណដើម គឺចាប់ប្រកួតពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែធ្នូ។ ចំណែកកីឡាមហាជន មានកីឡារត់ប្រណាំង និងប្រភេទកីឡាប្រកួតលើឆ្នេរខ្សាច់មានប្រកួតបាល់ទះ បាល់ទាត់ នៅលើឆ្នេរខ្សាច់ និងប្រកួតម៉ូតូទឹកជាដើម។ លោកបញ្ជាក់ថា កីឡាចូលរួមប្រកួត និងសម្ដែងក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះមានលក្ខណៈពិសេសជាងឆ្នាំមុនៗ ព្រោះមានបញ្ចូលប្រភេទកីឡាជាលក្ខណៈអន្តរជាតិ មានដូចជាប្រកួតកីឡាហោះហើរ ជិះម៉ូតូទឹក និងជិះទូកក្តោងជាដើម នៅលើទឹកសមុទ្រជាដើម៖ «យើងបានច្របាច់កម្លាំងបញ្ចូលគ្នាក្នុងនាមគណៈបញ្ជាការឯកភាពខេត្ត រួមជាមួយថ្នាក់ជាតិ ដែលចំណុះឲ្យឯកឧត្ដមឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ដោយកម្លាំងជំនាញទាំងការិយាល័យសណ្ដាប់ធ្នាប់ និងព្រហ្មទណ្ឌ ព្រមទាំងកម្លាំងកងអន្តរាគមន៍ សហការគ្នាជាមួយកងបញ្ជាការឯកភាពខេត្ត ដើម្បីសហការគ្នាថែរក្សាសន្តិសុខសុវត្ថិភាពនៅតាមដងផ្លូវ ការរក្សាចរាចរណ៍ និងរក្សាសន្តិសុខនៅតាមតំបន់ឆ្នេរសមុទ្រ។ ទាំងនេះជាផែនការការពាររបស់កម្លាំងជំនាញយើង នៅក្នុងឱកាសពិធីបុណ្យសមុទ្រឆ្នាំនេះ»។
បុណ្យសមុទ្រនេះដែរ ថ្នាក់ដឹកនាំស្ថាប័នប្រដាប់អាវុធគ្រប់ជំនាញនាខេត្តព្រះសីហនុ បានអះអាងពីការយកចិត្តទុកដាក់ពង្រាយកម្លាំងការពារ ២៤ម៉ោង ដើម្បីផ្តល់សន្តិសុខជូនថ្នាក់ដឹកនាំ និងភ្ញៀវទេសចរចម្រុះជាតិសាសន៍ ដែលចូលមកទស្សនាបុណ្យសមុទ្រ។
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ ផ្ដល់សម្ភាសន៍ថា កម្លាំងជំនាញទាំងស្លៀកស៊ីវិល និងឯកសណ្ឋាន បានពង្រាយនៅតាមគោលដៅសំខាន់ៗ មានឆ្នេរអូរឈើទាល និងឆ្នេរឯករាជ្យជាដើម ដើម្បីរង់ចាំការពារទាំងសន្តិសុខ និងរៀបចំសណ្ដាប់ធ្នាប់ចរាចរណ៍ជូនអ្នកចូលរួមមិនឲ្យកកស្ទះ៖ «និយាយដោយខ្លី គឺកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តព្រះសីហនុ របស់ខ្ញុំបានត្រៀមកម្លាំងការពារសន្តិសុខបុណ្យសមុទ្រនេះរួចរាល់អស់ហើយ»។
មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តព្រះសីហនុ លោក ហេង ប៊ុនទី ក៏បានអះអាងពីការដាក់ពង្រាយកម្លាំងជំនាញស្ថាប័ននេះ នៅតាមគោលដៅចេញ ឬចូលមកមូលដ្ឋានខេត្តព្រះសីហនុ ជាពិសេសនៅតាមតំបន់ឆ្នេរសមុទ្រ ដែលភ្ញៀវនិយមចូលទៅកម្សាន្ត មានឆ្នេរអូរត្រេះ ឆ្នេរអូរឈើទាល និងឆ្នេរឯករាជ្យជាដើម ដើម្បីការពារសន្តិសុខទាំងយប់ ថ្ងៃ នាពិធីបុណ្យសមុទ្រនេះដែរ។
ចំណែកកម្លាំងជំនាញនៅលើលំហសមុទ្រ មានអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និងទីបញ្ជាការជួរមុខនៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ក៏បានអះអាងពីការដាក់កម្លាំងល្បាតនៅលើលំហសមុទ្រ ជាពិសេសពង្រាយកម្លាំងនៅក្បែរវេទិការៀបចំពិធីបុណ្យសមុទ្រនាឆ្នេរឯករាជ្យ និងឆ្នេរអូរឈើទាល ជាដើម។
អនុប្រធានអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ លោក ឌឹម សំបូរ ឲ្យដឹងថា កម្លាំងជំនាញស្ថាប័នខ្លួនបានពង្រាយកម្លាំង និងឧបករណ៍ជួយសង្គ្រោះពេលមានគ្រោះអាសន្នលិចទូក ឬកប៉ាល់ នៅលើលំហសមុទ្រកើតឡើងជាយថាហេតុ៖ «កម្លាំងរបស់ខ្ញុំហ្នឹង ក៏បានត្រៀមដាក់ពង្រាយនៅតាមគោលដៅសំខាន់នានា មានឆ្នេរអូរឈើទាល និងឆ្នេរឯករាជ្យ នៅមុនមួយថ្ងៃនៃពិធីបុណ្យសមុទ្រចាប់ផ្ដើមម្ល៉េះ។ ទាំងកម្លាំង និងមធ្យោបាយ គឺខ្ញុំបានបញ្ចុះទៅតាមគោលដៅការពារសំខាន់ៗ ដោយការទទួលខុសត្រូវខ្ពស់»។
បញ្ហានេះដែរ លោក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ។ លោកបានឲ្យដឹងថា ទីបញ្ជាការជួរមុខបានចេញអូប័រល្បឿនលឿនចំនួន ២គ្រឿង និងកម្លាំងជំនាញចំនួន ១២រូប ឲ្យចេញល្បាតនៅតាមតំបន់ឆ្នេរនាខេត្តព្រះសីហនុ ដើម្បីរក្សាការពារសន្តិសុខ សុវត្ថិភាព និងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកកម្សាន្តពិធីបុណ្យសមុទ្ររហូតចប់កម្មវិធីបុណ្យ៖ «កម្លាំងយើងបានដាក់ពង្រាយនៅតំបន់ឆ្នេរអូរឈើទាល ពយកំពេញ និងឆ្នេរឯករាជ្យ ឬឆ្នេរសណ្ឋាគារ ៧ជាន់ ដើម្បីការពារសន្តិសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ និងភ្ញៀវទេសចរចូលមកទស្សនាបុណ្យសមុទ្រនេះរួចហើយ ហើយកម្លាំងយើងបានដាក់អូប័រមានល្បឿនលឿន ២គ្រឿង និងកម្លាំងជំនាញ ១២រូប ឲ្យល្បាតចុះឡើងៗ នៅតាមគោលដៅបានកំណត់មួយចំនួនទៀត។ ដោយលែកខាងកងទ័ពជើងទឹក គឺបានបញ្ចេញកម្លាំងល្បាត និងនាវា នៅក្នុងលំហ មានចំនួនច្រើន ដើម្បីរង់ចាំការពារសន្តិសុខបុណ្យសមុទ្រឆ្នាំនេះ»។
អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន ប្រកាសស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាពិសេសប្រជាពលរដ្ឋខ្មែរមកពីគ្រប់ទិសទីទូទាំងប្រទេសកម្ពុជា សូមអញ្ជើញមកចូលរួមកម្សាន្តពិធីបុណ្យសមុទ្រឆ្នាំនេះឲ្យបានច្រើនកុះករ ដោយសមត្ថកិច្ចជំនាញមកពីគ្រប់ស្ថាប័នពាក់ព័ន្ធ បានត្រៀមកម្លាំងការពារសុវត្ថិភាពជូនភ្ញៀវទេសចរ ដោយការទទួលខុសត្រូវខ្ពស់។
គណៈកម្មការរៀបចំបុណ្យសមុទ្រ ឲ្យដឹងថា បុណ្យសមុទ្រលើកទី៥ ជុំទី២ ឆ្នាំ២០១៦ នេះ មានរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែធ្នូ ក្រោមប្រធានបទ «ទីក្រុងបៃតង ឆ្នេរស្អាត សមុទ្រខៀវស្រងាត់»៕