និស្សិត​កម្ពុជា​និង​ថៃ​ស្រាវជ្រាវ​គម្រោង​រួម​គ្នា​ដើម្បី​កសាង​សន្តិភាព​ពលរដ្ឋ​តាម​ព្រំដែន

ដោយ អ៊ុំ រង្សី
2015-06-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​និស្សិត​ខ្មែរ​ធ្វើ​បទ​បង្ហាញ​លទ្ធផល​បឋម​នៃ​ការងារ​ស្រាវជ្រាវ​របស់​ក្រុម​និស្សិត​ខ្មែរ-​ថៃ នៅ​ក្នុង​កម្មវិធី​គម្រោង​តាំង​ពិព័រណ៍ «តួនាទី​របស់​យុវជន​ក្នុង​ការ​កសាង​កិច្ច​សហប្រតិបត្តិការ​សន្តិភាព​អាស៊ាន» នា​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៥។
ក្រុម​និស្សិត​ខ្មែរ​ធ្វើ​បទ​បង្ហាញ​លទ្ធផល​បឋម​នៃ​ការងារ​ស្រាវជ្រាវ​របស់​ក្រុម​និស្សិត​ខ្មែរ-​ថៃ នៅ​ក្នុង​កម្មវិធី​គម្រោង​តាំង​ពិព័រណ៍ «តួនាទី​របស់​យុវជន​ក្នុង​ការ​កសាង​កិច្ច​សហប្រតិបត្តិការ​សន្តិភាព​អាស៊ាន» នា​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២០ ខែ​មិថុនា ឆ្នាំ​២០១៥។
RFA/Um Raingsy

ក្រុម​និស្សិត​កម្ពុជា និង​ក្រុម​និស្សិត​ថៃ ប្រមាណ​ជាង ៣០​នាក់ សហការ​គ្នា​ស្រាវជ្រាវ​គម្រោង​ចំនួន ៥ នៅ​ក្នុង​ខេត្ត​កោះកុង ដើម្បី​ស្វែង​យល់​ពី​បញ្ហា និង​ទំនាក់ទំនង​របស់​ប្រជាជន​កម្ពុជា-​ថៃ នៅ​តំបន់​ព្រំដែន។ លើស​ពី​នេះ ពួកគេ​ចង់​បង្ហាញ​ពី​តួនាទី​យុវជន​ក្នុង​ការ​កសាង​សន្តិភាព​របស់​ប្រទេស​ទាំង​ពីរ​នៅ​ពេល​ដែល​អាស៊ាន​បង្កើត​ជា​តំបន់​តែមួយ ឬ​សមាហរណកម្ម​អាស៊ាន នៅ​ចុង​ឆ្នាំ​២០១៥ ខាង​មុខ​នេះ។

គម្រោង​ស្រាវជ្រាវ​នៅ​តាម​បណ្ដោយ​បន្ទាត់​ព្រំដែន​រវាង​ក្រុម​និស្សិត​កម្ពុជា ដែល​មក​ពី​សាកលវិទ្យាល័យ​ចំនួន ៦ នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​ក្រុម​និស្សិត​ថៃ ដែល​មក​ពី​សាកលវិទ្យាល័យ ម៉ាហ៊ីដល (Mahidol) ដើម្បី​ស្រាវជ្រាវ​នៅ​ក្នុង​ខេត្ត​កោះកុង និង​ខេត្ត​ត្រាត ផ្ដោត​សំខាន់​លើ​ប្រធានបទ​ចំនួន ៥ គឺ​ការ​អប់រំ ការ​សហការ​គ្នា​ក្នុង​ការ​ធ្វើ​ជំនួញ​រវាង​ពលរដ្ឋ​កម្ពុជា និង​ថៃ អេកូ-​ទេសចរណ៍ ការ​ចំណាក​ស្រុក និង​ការ​នេសាទ​ត្រី។

​និស្សិត​មក​ពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង​ជា​អ្នក​សម្របសម្រួល​គម្រោង​ស្រាវជ្រាវ​នេះ លោក ផង់ ភិណន បាន​ឲ្យ​ដឹង​ថា ការ​ស្រាវជ្រាវ​របស់​ក្រុម​និស្សិត​កម្ពុជា និង​ថៃ ទទួល​បាន​ការ​គាំទ្រ​ពី​អង្គការ​ក្តី​ករុណា និង​សាកលវិទ្យាល័យ ម៉ាហ៊ីដល ប្រទេស​ថៃ។ លោក​ឲ្យ​ដឹង​ទៀត​ថា មូលហេតុ​ដែល​ជ្រើសរើស​ខេត្ត​កោះកុង ធ្វើ​ជា​ខេត្ត​គោលដៅ​ស្រាវជ្រាវ ព្រោះ​ខេត្ត​នេះ​ជាប់​ព្រំដែន និង​ប្រទេស​ថៃ កំពុង​ជួប​ប្រទះ​បញ្ហា​ជាច្រើន។ លោក​ថា ការ​ស្រាវជ្រាវ​នេះ គឺ​ជា​ឱកាស​ឲ្យ​យុវជន​ស្វែង​យល់​ពី​បញ្ហា​កសាង​សន្តិភាព​រវាង​ប្រទេស​ទាំង​ពីរ៖ «គម្រោង​នេះ​យើង​ចង់​លើក​កម្ពស់​ឲ្យ​មាន​ការ​ស្វែង​យល់​ពី​ប្រជាជន​នៅ​ក្នុង​តំបន់ ពិសេស​យើង​ចង់​ឲ្យ​បង្ហាញ​ដឹង​ពី​តួនាទី​របស់​ខ្លួន​រវាង​ប្រទេស​ជិត​ខាង​នៅ​ក្នុង​តំបន់​អាស៊ាន»

​សមាជិក​ស្រាវជ្រាវ​គម្រោង​លើ​ប្រធានបទ​ចំណាក​ស្រុក​ដែល​ជា​ប្រធានបទ​មួយ​ក្នុង​ចំណោម​ប្រធានបទ​ទាំង ៥ លោក ជួប សារៀម បាន​ឲ្យ​ដឹង​ថា និស្សិត​កម្ពុជា និង​ថៃ បាន​ចែក​ចេញ​ជា ៥​ក្រុម ដោយ​ធ្វើការ​ស្រាវជ្រាវ​រយៈពេល ២​ខែ នៅ​ក្នុង​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង និង​ច្រក​ព្រំដែន​កម្ពុជា-​ថៃ។ លោក​បន្ត​ថា ខេត្ត​កោះកុង គឺ​ជា​ខេត្ត​សេដ្ឋកិច្ច​មួយ​ដែល​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន ប៉ុន្តែ​ខេត្ត​នេះ​នៅ​តែ​ជួប​ប្រទះ​បញ្ហា​ជា​ច្រើន ពិសេស​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់​ជាដើម។ ដូច្នេះ​ការ​កសាង​សន្តិភាព​រវាង​ប្រទេស​ទាំង​ពីរ មុន​នឹង​សមាហរណកម្ម​អាស៊ាន​មក​ដល់ ​ជា​រឿង​សំខាន់​ដែល​ទាមទារ​ឲ្យ​មាន​កា​ចូលរួម​ពី​យុវជន៖ «នៅ​ពេល​ដែល​យើង​ចូល​ជា​សមាជិក​អាស៊ាន ប្រជាជន​កម្ពុជា នឹង​មាន​ចំណាក​ស្រុក​ទៅ​មក​រវាង​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ ដូច្នេះ​ការ​ចំណាក​ស្រុក​ដោយ​ស្រប​ច្បាប់ គឺ​រឿង​សំខាន់​ដែល​ត្រូវ​តែ​ធានា​មាន​សុវត្ថិភាព​រវាង​ប្រជាជន​កម្ពុជា ដើម្បី​ចៀសវាង​បញ្ហា​ណា​មួយ»

​ជា​សមាជិក​ស្រាវជ្រាវ​លើ​ប្រធានបទ​ការ​ធ្វើ​ជំនួញ​រវាង​ប្រជាជន​កម្ពុជា និង​ថៃ ម្នាក់​ទៀត កញ្ញា កេសា ជា​និស្សិត​សាកលវិទ្យាល័យ​ភាសា​បរទេស បាន​និយាយ​ថា ថ្វីបើ​គម្រោង​ស្រាវជ្រាវ​នេះ​តូច​ក៏​ពិត​មែន តែ​វា​ជា​ចំណែក​មួយ​ជួយ​កសាង​សន្តិភាព​រវាង​ប្រជាជន​ប្រទេស​ទាំង​ពីរ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង។ កញ្ញា​ថា បើ​ទោះ​ប្រជាជន​មាន​ទំនាក់ទំនង​ល្អ​លើ​ការ​ដោះដូរ​ពាណិជ្ជកម្ម ក៏​នៅ​តែ​មាន​ភាព​យឺតយ៉ាវ​លើ​ការ​ត្រួត​ពិនិត្យ និង​ខ្វះ​ការ​យក​ចិត្ត​ទុក​ដាក់​ពី​សមត្ថកិច្ច​ព្រំដែន៖ «»។

​ចំណែក​ឯ​មន្ត្រី​កម្មវិធី​ដៃគូ​សន្តិភាព​ក្នុង​តំបន់​នៃ​អង្គការ​គណៈកម្មការ​សហរដ្ឋ​អាមេរិក លោក ឈិត មុន្នី យល់​ថា គម្រោង​ស្រាវជ្រាវ​តាម​តំបន់​ព្រំដែន​របស់​និស្សិត​ទាំង​ពីរ​ប្រទេស​គឺ​ជា​រឿង​សំខាន់ ព្រោះ​បង្ហាញ​ពី​តួនាទី​របស់​យុវជន​ដើម្បី​កសាង​សន្តិភាព​រវាង​គ្នា​ទៅ​វិញ​មក។ លោក​បន្ត​ថា ភាគ​ច្រើន ពលរដ្ឋ ពិសេស​យុវជន​តាម​តំបន់​ព្រំដែន​តែង​ជួប​បញ្ហា​ចំណាក​ស្រុក កង្វះ​ការ​អប់រំ ហើយ​បញ្ហា​ទាំង​នេះ​នឹង​រាំង​ស្ទះ​ដល់​ទំនាក់ទំនង និង​ផលប្រយោជន៍​របស់​ប្រទេស​ទាំង​ពីរ ដូច្នេះ​លោក​លើក​ទឹក​ចិត្ត​យុវជន​ចំពោះ​សកម្មភាព​ណា​ដែល​ជួយ​កសាង​សន្តិភាព​ជាមួយ​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន៖ «តួនាទី​នៃ​ការ​សហប្រតិបត្តិការ​រវាង​ប្រទេស​នៅ​ក្នុង​តំបន់​សំខាន់​ណាស់ ជា​ជាង​ការ​គិត​ពី​ប្រដាប់​អាវុធ ឬ​ជាតិ​និយម​ជ្រុល»

​ក្នុង​គម្រោងការ​តាំង​ពិព័រណ៍ «តួនាទី​របស់​យុវជន​ក្នុង​ការ​កសាង​កិច្ច​សហប្រតិបត្តិការ​សន្តិភាព​អាស៊ាន» ដែល​បាន​រៀបចំ​ឡើង​នៅ​ថ្ងៃ​ទី​២០ ខែ​មិថុនា នា​ទីក្រុង​ភ្នំពេញ ក្រុម​និស្សិត​កម្ពុជា និង​ថៃ នឹង​យក​លទ្ធផល​សិក្សា​របស់​ពួកគេ​ចែក​រំលែក​ទៅ​កាន់​យុវជន​កម្ពុជា និង​យុវជន​ថៃ តាម​រយៈ​យុទ្ធនាការ​សន្តិភាព​នានា ដើម្បី​កសាង​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​កាន់​តែ​ប្រសើរ​ឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល