ជនជាតិ​ចិន​ចំនួន​ជាង​ ៥០០​នាក់​ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ក្នុង​ឆ្នាំ​ ២០២០

ហេង រស្មី
2021.01.28
ជនជាតិ​ចិន​ចំនួន​ជាង​ ៥០០​នាក់​ ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​ក្នុង​ឆ្នាំ​ ២០២០ កាស៊ីណូណាហ្កាវើល​កាល​ពី​ថ្ងៃ​ទី​ ០១​ មករា​ ឆ្នាំ​ ២០២០​។
រូបថត៖ពលរដ្ឋម្នាក់

សមត្ថកិច្ច​ចាប់​បាន​ជនជាតិ​ចិន​ចំនួន​​ជាង ​៥០០​នាក់​ កាល​ពី​ឆ្នាំ​២០២០​ កន្លង​ទៅ​នេះ​ពាក់ព័ន្ធ​បទ​ឧក្រិដ្ឋ​ដែល​បាន​ប្រព្រឹត្ត​នៅ​កម្ពុជា។​ តួ​លេខ​នេះ ត្រូវ​បាន​មន្ត្រី​នគរបាល​​លើក​ឡើង បន្ទាប់​ពី​ស្ថាន​ទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​ បាន​ព្រមាន​​​ដល់​ពលរដ្ឋ​ចិន​ កាល​ពី​ថ្ងៃ​ទី២៦ មករា ​មិន​ឱ្យ​​លេង​ល្បែង​ស៊ីសង ព្រោះ​ខ្លាច​រងគ្រោះ​ដោយ​អំពើ​ហិង្សា និង​កុំ​ឲ្យ​ចាញ់​បោក​​ដោយ​ការ​លួងលោម​ផ្ដល់​ប្រាក់ខែ​ច្រើន ដើម្បី​ធ្វើ​ការងារ​នៅ​កន្លែង​ល្បែង​ស៊ីសង​តាម​អ៊ីនធឺណិត (online gambling)។

ជនជាតិ​ចិន​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​ភាគ​ច្រើន​ជាប់​ពាក់​ព័ន្ធ​ នឹង​អំពើ​ឃាតកម្ម​ ចាប់ជំរិត​ទារ​ប្រាក់​ អំពើ​ហិង្សា​ ឆបោក​ ចោរកម្ម​ រត់​ពន្ធ​ថ្នាំ​ញៀន​ និង​ការ​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​ជា​ដើម។​

អ្នក​នាំ​ពាក្យ​អគ្គស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ​ លោក​ ឆាយ គឹមឃឿន​ បញ្ជាក់​ថា​ ​ជនជាតិ​ចិន​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​ កាល​ពី​ឆ្នាំ​២០២០​ កន្លង​ទៅ​នេះ​មាន​ប្រមាណ​ជាង​ ៥០០​នាក់​ (៥២៣នាក់)​ ហើយ​ពួក​គេ​កំពុង​ជាប់​ឃុំ​ឃាំង​ក្នុង​ពន្ធនាគារ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ ខេត្ត​ព្រះសីហនុ​ និង​នៅ​ខេត្ត​បន្ទាយមានជ័យ​។

​ស្ថាន​ទូត​ចិន​ប្រចាំ​ប្រទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី២៦ មករា បាន​ព្រមាន​មិន​ឱ្យ​ពលរដ្ឋ​ចិន​ ​ ចូល​មក​ប្រទេស​កម្ពុជា​ដើម្បី​លេង​ល្បែង​ស៊ីសង និង​កុំ​ឲ្យ​ចាញ់​បោក​​ដោយ​ការ​លួងលោម​ផ្ដល់​ប្រាក់ខែ​ច្រើន ដើម្បី​ធ្វើ​ការងារ​នៅ​កន្លែង​ល្បែង​ស៊ីសង​តាម​អ៊ីនធឺណិត (online gambling)។

លោក​ ឆាយ​ គឹមឃឿន​ ​ថា ការ​ព្រមាន​របស់​ស្ថានទូត​ចិន​ជា​ការ​ អប់រំ​ពលរដ្ឋ​​ចិន​ ចំពោះ​ល្បែង​ស៊ីសង​ខុសច្បាប់​ ហើយ​អ្វី​ដែល​ជា​បទ​ល្មើស​កើត​ឡើង​សមត្ថកិច្ច​តែង​តែ​បង្ក្រាប។​​​

អ្នក​នាំពាក្យ​រដ្ឋាភិបាល​ លោក​ ផៃ ស៊ីផាន​ ​ កម្ពុជា​កំពុង​រឹត​បន្តឹង​ច្បាប់​ទៅ​លើ​ល្បែង​ស៊ីសង​គ្រប់​ប្រភេទ មិន​ថា តាម​ប្រព័ន្ធ​អ៊ីនធឺណិត​នោះ​ទេ ដើម្បី​ការ​ពារ​កុំ​ឱ្យ​មាន​អំពើ​ឧក្រិដ្ឋកម្ម​កើត​ចេញ​ពី​ការ​លេង​ល្បែង​ស៊ីសង៖ «នេះ​ជា​ការ​ព្រមាន​មួយ​បង្ហាញ​ពី​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រជាជាតិ​ទាំង​ពីរ​ ជា​ពិសេស​ រវាង​រដ្ឋាភិបាល​ចិន​ និង​រដ្ឋាភិបាល​ប្រទេស​កម្ពុជា។ ចំពោះ​ទិស​ដៅ​ល្បែង​កាស៊ីណូ​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ គឺ​ជា​ទិស​ដៅ​ ទេសចរណ៍​កម្សាន្ត​តែ​ប៉ុណ្ណោះ ដែល​យើង​?? ភាព​អនាធិបតេយ្យ​ដែល​កាប់​សម្លាប់​គ្នា​ដោយ​សារ​ល្បែង​នោះ​ទេ។ ដូច្នេះ​ជា​ការ​លើក​ទឹក​ចិត្ត​មួយ​ ជា​ការ​សហការ​មួយ ដើម្បី​ទប់​ស្កាត់​ឧក្រិដ្ឋកម្ម»។

នាយករង​អង្គការ​លីកាដូ​ទទួល​បន្ទុក​ផ្នែក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ លោក​ អំ សំអាត​ ក៏​មើល​ឃើញ​ថា អំពើ​ឧក្រិដ្ឋ​ជាច្រើន​ពាក់ព័ន្ធ​នឹង​ជនជាតិ​ចិន​​ កើតឡើង​បណ្ដាល​មក​ពី​ល្បែង​ស៊ីសង។

លោក​បន្ត​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​តែ​ចាត់​វិធានការ​ឱ្យ​បាន​​តឹងរ៉ឹង​បន្ថែម​ទៀត​ មិន​ថា​ជនជាតិ​ចិន​ ឬ​ជនជាតិ​អ្វី​ទេ​ ដើម្បី​សណ្ដាប់ធ្នាប់​ និង​សន្តិសុខ​ក្នុង​សង្គម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។