កម្ពុជា​បន្ត​ជាប់​លេខ​អាក្រក់​ជាង​ប្រទេស​នានា​ក្នុង​តំបន់ និង​លើ​ពិភពលោក​ខាង​ពុករលួយ

ដោយ មាន ឫទ្ធិ
2021.01.29
កម្ពុជា​បន្ត​ជាប់​លេខ​អាក្រក់​ជាង​ប្រទេស​នានា​ក្នុង​តំបន់ និង​លើ​ពិភពលោក​ខាង​ពុករលួយ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ។
RFA

កម្ពុជា​នៅតែ​បន្ត​ជាប់​ចំណាត់ថ្នាក់​អាក្រក់​ជាង​ប្រទេស​នានា​ក្នុង​តំបន់ និង​នៅ​លើ​ពិភពលោក ខាង​ប្រព្រឹត្តិ​អំពើពុករលួយ​។ សន្ទស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ​ឆ្នាំ​២០២០ ទើប​នឹង​ចេញផ្សាយ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ (Transparency International) រក​ឃើញ​ថា ក្នុង​ចំណោម ១៨០​ប្រទេស​នៅ​ទូទាំង​ពិភពលោក កម្ពុជា គឺជា​ប្រទេស​មួយ​ក្នុងចំណោម ២០​ប្រទេស​ដែល​ប្រព្រឹត្តិ​អំពើពុករលួយ​ខ្លាំង​ជាង​គេ​បំផុត​។ សន្ទស្សន៍​ប្រចាំ​ឆ្នាំ​២០២០​ដដែល បង្ហាញ​ថា កម្ពុជា ជាប់​ចំណាត់ថ្នាក់​ទី​១៦០ ក្នុង​ចំណោម​ប្រទេស និង​ដែនដី​សរុប​ចំនួន ១៨០។

នៅ​ក្នុង​តំបន់​អាស៊ាន កម្ពុជា គឺជា​ប្រទេស​ដែល​ប្រព្រឹត្តិ​អំពើពុករលួយ​ខ្លាំង​ជាងគេ ពោល​គឺ​អន់​ជាង​ប្រទេស​មីយ៉ាន់ម៉ា (Myanmar) ឬ​ភូមា វៀតណាម (Vietnam) និង​ឡាវ (Laos) ទៅ​ទៀត​។ របាយការណ៍​បង្ហាញ​ថា កម្ពុជា ទទួល​បាន ២១​ពិន្ទុ លើ​ពិន្ទុ​ប្រសើរ​បំផុត ១០០​ពិន្ទុ​។ ពិន្ទុ​របស់​កម្ពុជា​នេះ កើន​ឡើង ឬ​ប្រសើរ​បានតែ ១​ពិន្ទុ ប៉ុណ្ណោះ​ចាប់​តាំង​ពី​ឆ្នាំ​២០១៨​មក ពាក់ព័ន្ធ​នឹង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើពុករលួយ។

នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក ប៉ិច ពិសី មានប្រសាសន៍​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា ការ​បន្ត​ទទួល​បាន​ពិន្ទុ​ទាប​ក្នុង​សន្ទស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ​នេះ បង្ហាញ​ពី​កង្វះខាត​ជា​លក្ខណៈ​នយោបាយ និង​ស្ថាប័ន​ដែល​ចាក់​ឬស​នៅ​ក្នុង​ប្រទេស​នេះ​។ លោក​ថា ក្នុង​អំឡុងពេល​វិបត្តិ​ជំងឺ​កូវីដ​១៩ អំពើពុករលួយ​កាន់តែ​បង្ក​ការ​គំរាមកំហែង​ទ្វេដង​ចំពោះ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ចំណូល​ទាប​។ លោក​ពន្យល់​ថា ពិន្ទុ​សន្ទស្សន៍​នៃ​ការយល់ឃើញ​ពី​អំពើពុករលួយ​នេះ បង្ហាញ​ថា កម្ពុជា នៅ​មាន​បញ្ហា​សំខាន់​ជាច្រើន​ទៀត ដែល​ត្រូវ​ដោះស្រាយ និង​ធ្វើ​កំណែ​ទម្រង់​។ រដ្ឋាភិបាល​កម្ពុជា​នៅ​មិនទាន់​ឆ្លើយតប​នឹង​របាយការណ៍​ស្តីពី​អំពើពុករលួយ​នេះ​នៅឡើយ​ទេ កាលពី​ថ្ងៃ​ទី​២៨ មករា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

មតិយោបល់៖

Rosa
Jan 29, 2021 11:23 PM

ក្រុមមន្ត្រីពុករលួយមួយក្តាប់តូចដែលបានប្រព្រឹត្តអំពុកររលួយ ដល់ខូចឈ្មោះខ្មែរទាំងមូល។