ADB៖ សេដ្ឋកិច្ចកម្ពុជានឹងរក្សាកំណើនក្នុងរង្វង់អត្រា៧%ក្នុងឆ្នាំ២០១៦-២០១៧

ការព្យាកររបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បង្ហាញថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នឹងរក្សាកំណើនក្នុងរង្វង់អត្រា ៧ភាគរយក្នុងឆ្នាំ២០១៦ និងឆ្នាំ២០១៧។ ស្ថានភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជា ដោយសារស្ថិរភាពនៃកំណើនវិស័យអចលនទ្រព្យ ហិរញ្ញវត្ថុ ការនាំចេញសម្លៀកបំពាក់ សំណង់ និងវិស័យកសិកម្ម។ ដើម្បីរក្សាលំនឹងសេដ្ឋកិច្ចដែលកំពុងស្ទុះឡើងនេះ អ្នកសេដ្ឋកិច្ចស្នើឲ្យរដ្ឋាភិបាល បង្កើនការប្រុងប្រយ័ត្នលើការកើនឡើងវិស័យហិរញ្ញវត្ថុ និងពង្រឹងការបង្កើតកម្លាំងពលកម្មជំនាញ។
ផលទុនជាតិ ឬផលិតផលក្នុងស្រុកសរុប (ផ.ស.ស) នឹងបន្តមានកំណើនរឹងមាំក្នុងរយៈពេលពីរឆ្នាំខាងមុខក្នុងកម្រិត ៧ភាគរយក្នុងឆ្នាំ២០១៦ ហើយប្រសើរឡើងបន្តិចក្នុងកម្រិត ៧,១ភាគរយនៅឆ្នាំ២០១៧។
កាលពីឆ្នាំ២០១៥ កម្ពុជា ស្គាល់កំណើនសេដ្ឋកិច្ចក្នុងអត្រា ៧ភាគរយ ដោយសារការពង្រីកវិស័យឧស្សាហកម្ម និងសេវាកម្ម។
របាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី មានចំណងជើងថា «ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ២០១៦» ដែលបានចេញផ្សាយនៅថ្ងៃទី៣០ មីនា បង្ហាញថា សុខភាពមាំមួននៃសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈកាលនេះ ចូលរួមចំណែកដោយសារការរក្សាបាននូវកំណើនវិស័យឧស្សាហកម្ម និងសេវាកម្ម ការធ្វើពិពិធកម្មវិស័យឧស្សាហកម្មធុនស្រាល និងកំណើនការនាំចេញសម្លៀកបំពាក់។
សេដ្ឋវិទូជាន់ខ្ពស់នៃធនាគារអភិវឌ្ឍន៍អាស៊ី ប្រចាំប្រទេសកម្ពុជា លោក យ៉ាន់ ហែនសិន (Jan Hansen) ព្យាករថា នៅឆ្នាំ២០១៦ វិស័យឧស្សាហកម្មរបស់កម្ពុជា ដែលមានផលិតផលសម្លៀកបំពាក់ ស្បែកជើង និងអេឡិចត្រូនិក នឹងកើន ៩,៥ភាគរយ។ ចំណែកវិស័យសេវាកម្ម នឹងមានកំណើន ៧,៨ភាគរយ ខណៈវិស័យកសិកម្មស្ទុះឡើង ១,៦ភាគរយ៖ «យើងបានឃើញហើយថា ពិពិធកម្មកំពុងកើតឡើង មិនលឿនពេក តែដំណើរការទៅ។ ពីរបីឆ្នាំមកហើយ យើងឃើញថា វិស័យឧស្សាហកម្មកំពុងស្ទុះឡើងតាមរយៈតម្លៃបន្ថែមខ្ពស់ជាងមុន និងទិសដៅនាំចេញ។ ហើយពិពិធកម្មការនាំចេញ នឹងរុញកម្ពុជា ក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចរីកលូតលាស់លឿននៅក្នុងតំបន់»។
ងាកមកមើលផ្នែកហិរញ្ញវត្ថុវិញ ឆ្នាំ២០១៦ ឱនភាពសារពើពន្ធដោយមិនរាប់បញ្ចូលជំនួយឥតសំណង អាចហក់ឡើង ៤,៣ភាគរយ ហើយចំណាយសាធារណៈអាចនឹងកើនឡើង ១៦,១ភាគរយ ធៀបនឹងឆ្នាំ២០១៥ បន្ទាប់ពីរដ្ឋាភិបាលដំឡើងប្រាក់បៀវត្សដល់មន្ត្រីរាជការ។ ឱនភាពគណនីចរន្ត (current account) ក្នុងឆ្នាំ២០១៦ នឹងមិនសូវប្រែប្រួលខ្លាំងទេ ប៉ុន្តែវានឹងធ្លាក់ចុះនៅឆ្នាំ២០១៧។
បើនិយាយពីអតិផរណាវិញ វានឹងស្ថិតនៅកម្រិតមធ្យម ២,៥ភាគរយក្នុងឆ្នាំ២០១៦ ហើយនឹងកើនឡើងដល់ ៣ភាគរយក្នុងឆ្នាំ២០១៧។ កម្រិតឡើងចុះនៃអតិផរណា ត្រូវបានធនាគារអភិវឌ្ឍន៍អាស៊ី វិភាគលើដំណើរប្រែប្រួលនៃថ្លៃស្បៀងអាហារ និងប្រេងឥន្ធនៈលើទីផ្សារពិភពលោក។
ទោះបីជាយ៉ាងណា សេដ្ឋវិទូ យ៉ាន់ ហែនសិន (Jan Hansen) ព្រមានពីគ្រោះភ័យនៃលំនឹងវិស័យហិរញ្ញវត្ថុ ចំពេលដែលប្រព័ន្ធហិរញ្ញវត្ថុ និងចំនួនធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ កំពុងរីកដុះដាលយ៉ាងច្រើន។ លោកថា ប្រការនេះបានប៉ះពាល់ដល់សមត្ថភាពត្រួតពិនិត្យរបស់បញ្ញត្តិករ។
ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិក ឬដុល្លារូបនីយកម្មខ្ពស់ ក៏ប៉ះពាល់ដល់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជា លើទីផ្សារអន្តរជាតិ ស្របពេលប្រាក់ដុល្លារអាមេរិក កំពុងឡើងថ្លៃ។
ចំណុចដែលសេដ្ឋវិទូ យ៉ាន់ ហែនសិន (Jan Hansen) សង្កត់ធ្ងន់ដែរនោះ គឺភាពផុយស្រួយនៃទីផ្សារពលកម្ម ដែលនឹងអាចប៉ះពាល់ដល់កំណើនផលិតផលក្នុងស្រុកសរុប។ លោកបញ្ជាក់ថា បើទោះបីជាប្រជាពលរដ្ឋកម្ពុជា ច្រើន មានការងារធ្វើក៏ដោយ ក៏ប្រជាពលរដ្ឋជាច្រើនខ្វះជំនាញវិជ្ជាជីវៈការងារ ដែលបង្ខំឲ្យពួកគេធ្វើការងារដែលមានលក្ខណៈក្រៅផ្លូវការ ងាយរងគ្រោះ គ្មានស្ថិរភាព និងទទួលបានប្រាក់បៀវត្សទាប។
សេដ្ឋវិទូនៃធនាគារអភិវឌ្ឍន៍អាស៊ី រូបនេះ ស្នើឲ្យរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធ ពង្រឹងគុណភាពផ្នែកអប់រំ ទាំងការអប់រំទូទៅ និងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស៕