សមត្ថកិច្ចបានជួយរំដោះស្រ្តីខ្មែរ ដែលរងគ្រោះចាញ់បោកគេរៀបការនឹងជនជាតិចិន ហើយត្រូវរងការរំលោភបំពាន។
ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃលោក ជីវ ផល្លី មានប្រសាសន៍ថា សមត្ថកិច្ចទទួលសារតាមបណ្ដាញសង្គមហ្វេសប៊ុករបស់ស្ត្រីរងគ្រោះ ដែលនិយាយថា បានចាញ់បោកមេខ្យល់លួងលោមឱ្យរៀបការជាមួយស្វាមីជាជនជាតិចិន។ ពេលទៅដល់ទីក្រុងប៉េកាំង ប្រទេសចិន ជនរងគ្រោះត្រូវបានគេបង្ខាំងសិទ្ធិ សេរីភាព ទើបសមត្ថកិច្ចកម្ពុជាបានសហការជាមួយអាជ្ញាធរចិនបញ្ជូនត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។
ជនរងគ្រោះអាយុ ២០ឆ្នាំ រស់នៅឃុំឃ្សឹមក្រៅ ស្រុកស្នួល ខេត្តក្រចេះ ត្រូវបានអគ្គកុងស៊ុលកម្ពុជាប្រចាំប្រទេសចិនបានបញ្ជូនមកដល់ប្រទេសកម្ពុជាវិញហើយ កាលពីថ្ងៃទី២៨ មករា។ ប៉ុន្តែជនរងគ្រោះមិនទាន់បានវិលត្រឡប់ទៅស្រុកកំណើតវិញនៅឡើយទេ ដោយរង់ចាំការធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃសិន។
ជនរងគ្រោះបានបង្ហោះព័ត៌មានក្នុងគណនីហ្វេសប៊ុកថា នាងបានចាញ់បោកមេខ្យល់ដោយបង្ខំឱ្យរៀបការជាមួយប្ដីជនជាតិចិន បើមិនដូចច្នេះទេ នឹងយកទៅលក់ក្នុងហាងស្ត្រីរកស៊ីផ្លូវភេទ។ កាលពីឆ្នាំ២០២០ កន្លងទៅនេះ ក្រសួងការបរទេសបានរំដោះស្ត្រីខ្មែរ ដែលចាញ់បោកមេខ្យល់ទៅរស់នៅប្រទេសចិន បានចំនួន ១៤៥នាក់ហើយ នៅក្នុងនោះមានបុរសម្នាក់ផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។