កម្ពុជា-ថៃ​គ្រោង​បន្ថែម​ចំនួន​ថ្ងៃ​បើក​ច្រក​របៀង​ព្រំដែន​តំបន់​ជប់គគីរ

ប្រភព​ព័ត៌មាន​ពី​ខេត្ត​ឧត្តរមានជ័យ បាន​ឱ្យ​ដឹង​ថា អាជ្ញាធរ​កម្ពុជា និង​ថៃ កំពុង​ជួប​ជជែក​គ្នា ដើម្បី​ពង្រឹង​សហប្រតិបត្តិការ​សន្តិភាព​នៅ​តាម​ព្រំដែន​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង​មួយ​កម្រិត​ថែម​ទៀត។ គោលដៅ​នៃ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​សន្តិភាព​នេះ គឺ​អាជ្ញាធរ​ខ្មែរ-ថៃ មាន​គម្រោង​នឹង​បន្ថែម​ចំនួន​ថ្ងៃ​នៃ​ការ​បើក​ច្រក​របៀង​ព្រំដែន​តំបន់​ជប់គគីរ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​សង​ខាង​កាន់​តែ​មាន​ឱកាស​ច្រើន​ជាង​មុន​ក្នុង​ការ​ដោះដូរ​ទំនិញ​គ្នា​ទៅ​វិញ​ទៅ​មក។
ដោយ ហង្ស សាវយុត
2014-01-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
១២-តុលា-២០១១៖ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ច្រក​របៀង​តំបន់​ជប់​គគីរ ក្នុង​ខេត្ត​ឧត្ដរមានជ័យ នាំ​គ្នា​ចូល​ទៅ​ក្នុង​ព្រំដែន​ថៃ ដើម្បី​ទិញ​ទំនិញ និង​វិល​ត្រឡប់​មក​ក្នុង​ទឹក​ដី​ខ្មែរ​វិញ។
១២-តុលា-២០១១៖ ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ច្រក​របៀង​តំបន់​ជប់​គគីរ ក្នុង​ខេត្ត​ឧត្ដរមានជ័យ នាំ​គ្នា​ចូល​ទៅ​ក្នុង​ព្រំដែន​ថៃ ដើម្បី​ទិញ​ទំនិញ និង​វិល​ត្រឡប់​មក​ក្នុង​ទឹក​ដី​ខ្មែរ​វិញ។
RFA/Hang Savyouth

អាជ្ញាធរ​ខ្មែរ​ខេត្ត​ឧត្តរមានជ័យ បាន​ដឹក​នាំ​គណៈប្រតិភូ​មួយ​ក្រុម​ទៅ​ជួប​ប្រជុំ​ជាមួយ​គណៈប្រតិភូ​ថៃ នៃ​ខេត្ត​បូរីរ៉ាំ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១១ ខែ​មករា។

ការ​ជួប​ប្រជុំ​គ្នា​នៅ​ចន្លោះ​តំបន់​ព្រំដែន​នៃ​ឃុំ​អំពិល ស្រុក​បន្ទាយអំពិល របស់​ខ្មែរ និង​ស្រុក​បាងគ្រួត ខេត្ត​បូរីរ៉ាំ របស់​ថៃ នោះ ក្នុង​គោល​បំណង​ពិភាក្សា​គ្នា​ឈាន​ទៅ​រក​ការ​បន្ថែម​ចំនួន​ថ្ងៃ​នៃ​ការ​បើក​ច្រក​របៀង​ព្រំដែន ឱ្យ​កាន់​តែ​ច្រើន​ជាង​មុន ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​អាច​ដោះដូរ​ទំនិញ​គ្នា​ទៅ​វិញ​ទៅ​មក។

អភិបាល​រង​ស្រុក​បន្ទាយអំពិល គឺ​លោក ហ៊ីង ហឿន។ លោក​បាន​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍ ទី​១១ ខែ​មករា ថា អាជ្ញាធរ​ខេត្ត​ឧត្តរមានជ័យ របស់​ខ្មែរ និង​អាជ្ញាធរ​ខេត្ត​បូរីរ៉ាំ របស់​ថៃ កំពុង​ជួប​ពិភាក្សា​គ្នា ដើម្បី​បន្ថែម​ចំនួន​ថ្ងៃ​ឱ្យ​បាន​ច្រើន​ជាង​មុន​ក្នុង​ការ​បើក​ច្រក​របៀង​ព្រំដែន​ជប់គគីរ លើ​ខ្នង​ភ្នំ​ដងរែក។ កិច្ច​ពិភាក្សា​នេះ ប្រយោជន៍​ឱ្យ​ប្រជាពលរដ្ឋ​ទាំង​សង​ខាង​បាន​លក់​ដូរ​ទំនិញ​ទៅ​វិញ​ទៅ​មក​សម្រាប់​ជួយ​ជីវភាព​ប្រចាំ​ថ្ងៃ​ឱ្យ​កាន់​តែ​ប្រសើរ។

លោក​អភិបាល​រង​បាន​បញ្ជាក់​ថា ប្រសិន​បើ​ជម្លោះ​ព្រំដែន​រវាង​កម្ពុជា-ថៃ មាន​ស្ថានភាព​ល្អ គឺ​រំពឹង​ថា ការ​បន្ថែម​ចំនួន​ថ្ងៃ​បើក​ច្រក​របៀង​ព្រំដែន​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ-ថៃ មាន​ឱកាស​កាន់​តែ​ច្រើន​ជាង​មុន ក្នុង​ការ​ដោះ​ដូរ​ទំនិញ​គ្នា​នេះ​អាច​នឹង​ដំណើរ​ការ​នៅ​ពេល​ឆាប់ៗ៖ «ពេល​ដែល​យើង​បាន​ពិភាក្សា​ជាមួយ​ភាគី​ថៃ ហើយ​និង​ភាគី​កម្ពុជា យើង​មាន​គម្រោង​ទៅ​ហើយ​ថា ឱ្យ​បើក​ក្នុង​១​សប្ដាហ៍​បាន ៣​ថ្ងៃ។ ថ្ងៃ​នេះ​គាត់​យក​សំណើ​ដែល​បាន​ពិភាក្សា​គ្នា​ពី​លើក​មុន​និយាយ​គ្នា​ថា​យ៉ាង​ម៉េច​នោះ បើ​សិន​ជា​អត់​មាន​បញ្ហា​នៅ​ព្រំដែន​ទេ ភាគី​ទាំង​ពីរ​ប្រហែល​ជា​អាច​បើក​មួយ​សប្ដាហ៍​ឱ្យ​បាន​៣​ថ្ងៃ»

ច្រក​របៀង​ព្រំដែន​តំបន់​ជប់គគីរ នៃ​ឃុំ​អំពិល ស្រុក​បន្ទាយអំពិល ខេត្ត​ឧត្តរមានជ័យ ដែល​នៅ​ជិត​គ្នា និង​ប្រាសាទ​តាមាន់ធំ បាន​បិទ​មិន​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ-ថៃ ចេញ​ចូល​រក​គ្នា​ចាប់​តាំង​ពី​អំឡុង​ខែ​កក្កដា ឆ្នាំ​២០០៨ បន្ទាប់​ពី​ជម្លោះ​ព្រំដែន​ខ្មែរ-ថៃ កើត​ឡើង​នៅ​ជិត​ប្រាសាទ​ព្រះវិហារ។ ក៏ប៉ុន្តែ ច្រក​របៀង​នេះ​បាន​ចាប់​ផ្ដើម​បើក​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ-ថៃ អាច​ចេញ​ចូល និង​ដោះដូរ​ទំនិញ​គ្នា​ឡើង​វិញ​ក្នុង​១​សប្ដាហ៍​ចំនួន ២​ថ្ងៃ ចាប់​ពី​ឆ្នាំ​២០១២ បន្ទាប់​ពី​អ្នកស្រី យីងឡាក់ បាន​ឡើង​កាន់​អំណាច​ជា​នាយក​រដ្ឋមន្ត្រី​ថៃ ធ្វើ​ឱ្យ​ស្ថានភាព​ជម្លោះ​ព្រំដែន​ស្ងប់ស្ងាត់​មួយ​រយៈ​មក។

ប្រជាពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​ដែល​រស់​នៅ​ជិត​ព្រំដែន​ខ្មែរ-ថៃ បាន​សម្ដែង​ការ​ត្រេកអរ​នៅ​ពេល​ដែល​ឮ​ថា ច្រក​របៀង​ព្រំដែន​ជប់គគីរ គ្រោង​នឹង​បន្ថែម​ចំនួន​ថ្ងៃ​ឱ្យ​កាន់​តែ​ច្រើន​ទៀត ដើម្បី​បើក​ឱ្យ​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​កាន់​តែ​មាន​ឱកាស​រក​កម្រៃ​ចិញ្ចឹម​ជីវិត។

បុរស​ម្នាក់​ជា​អ្នក​ភូមិ​ជប់គគីរ​ខាង​លិច បាន​មាន​ប្រសាសន៍​ថា លោក​មាន​ការ​ត្រេកអរ បើ​សិន​ជា​ច្រក​របៀង​ព្រំដែន​ជប់គគីរ បាន​បើក​កាន់​តែ​ច្រើន​ថ្ងៃ​នោះ៖ «បើក​២​ថ្ងៃ​អ៊ីចេះ វា​លក់​បាន​ខ្លី​ណាស់! បើ​បាន​បើក ៣​ថ្ងៃ​ទៅ បង​ប្អូន​អាច​មាន​ពេល​វេលា​លក់​ដូរ​បាន​យូរ​អង្វែង​ដែរ។ រក​ចំណូល​បាន​សមរម្យ​ដែរ»

ពេល​បច្ចុប្បន្ន ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​រយ​គ្រួសារ​ដែល​រស់​នៅ​លើ​ខ្នង​ភ្នំ​ដងរែក នា​ភូមិ​ជប់គគីរ​ខាង​លិច និង​ខាង​កើត គ្មាន​របស់​អ្វី​ធំ​ដុំ​សម្រាប់​យក​ទៅ​លក់​ឱ្យ​ប្រជាពលរដ្ឋ​ថៃ នៅ​ថ្ងៃ​បើក​ច្រក​របៀង​ព្រំដែន​ម្ដងៗ​នោះ​ទេ មាន​តែ​ខោ​អាវ​ជជុះ ក្រង​ស្បូវ​លក់ និង​បន្លែ​ព្រៃ​ខ្លះៗ​ជាដើម។

អាជ្ញាធរ​ខ្មែរ​បាន​យល់​ឃើញ​ថា ការ​បើក​ច្រក​របៀង​ព្រំដែន​ឱ្យ​បាន​ច្រើន​ថ្ងៃ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ-ថៃ អាច​ដោះដូរ​ទំនិញ​គ្នា​នេះ គឺ​អាច​ជួយ​ឱ្យ​ប្រជាពលរដ្ឋ​កាន់​តែ​មាន​ឱកាស​រក​កម្រៃ​បាន​កាន់​តែ​ច្រើន ក្នុង​ការ​ជួយ​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​ឱ្យ​ប្រសើរ​ឡើង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

dara

ពី new york

why has open border thai to much
so nothing about Vietcong
Cambodia .
was beter is don't open thai border
to many road about Vietcong nothing.

Jan 11, 2014 06:45 PM

គេហទំព័រ​ទាំងមូល