កម្ពុជា​នឹង​បញ្ជូន​កីឡាករ និង​កីឡាការិនី​ចំនួន​៣​នាក់​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នៅ​ប្រទេស​បារាំង

2024.05.15
កម្ពុជា​នឹង​បញ្ជូន​កីឡាករ និង​កីឡាការិនី​ចំនួន​៣​នាក់​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​នៅ​ប្រទេស​បារាំង អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ាត់ ចំរើន។
រូប៖ ហ្វេសប៊ុកគណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា

អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក វ៉ាត់ ចំរើន ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី ១៥ ខែ​ឧសភា ថា កម្ពុជា​នឹង​បញ្ជូន​កីឡាករ និង​កីឡាការិនី​ចំនួន​៣​នាក់​ចូលរួម​ប្រកួត​កីឡា​អូឡាំពិក​អន្តជាតិ​នៅ​ប្រទេស​បារាំង​ដែល​នឹង​ប្រព្រឹត្តទៅ ពី​ចាប់​ថ្ងៃទី២៦ ខែ​កក្កដា ដល់​ថ្ងៃទី១១ ខែ​សីហា ខាងមុខ។

លោក វ៉ាត់ ចំរើន បញ្ជាក់​ថា កីឡាករ កីឡាការិនី ដែល​កម្ពុជា​នឹង​បញ្ជូន​ទៅ​ប្រកួត​រួមមាន​កីឡាករ​ហែល​ទឹក កីឡាការិនី​ហែល​ទឹក និង​កីឡាករ​រត់ប្រណាំង​អត្តពលកម្ម​។ លោក​ថា មូលហេតុ​ដែល​កម្ពុជា​បញ្ជូន​កីឡាករ និង​កីឡាការិនី​ចំនួន​តែ ៣​នាក់​នេះ គឺ​ដោយសារ​កម្ពុជា​ពុំ​ទាន់​មាន​កីឡាករ និង​កីឡាការិនី​ដែល​មាន​សមត្ថភាព​គ្រប់គ្រាន់​ប្រជែង​ជាមួយ​កីឡាករ​មកពី​បណ្ដា​ប្រទេស​ផ្សេង។

លោក វ៉ាត់ ចំរើន មិនទាន់​ហ៊ាន​រំពឹង​ថា កីឡាករ កីឡាការិនី​កម្ពុជា​អាច​ទទួល​បាន​មេដាយមាស ឬ​យ៉ាងណា​នោះ​ទេ ប៉ុន្តែ​លោក​ថា នេះ​ជា​ឱកាស​មួយ​ដែល​កីឡាករ​កម្ពុជា​អាច​លើក​ទង់ជាតិ​ប្រទេស​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ។

លោក វ៉ាត់ ចំរើន៖ «ទៅ​លើក​នេះ​គឺ​ទីមួយ​ចូលរួម​ដើម​បំពេញ​កាតព្វកិច្ច​ជា​សមាជិក​ចលនា​អូឡាំពិក ហើយ​ទី​ពីរ​យើង​ទៅ​លើក​ទង់ជាតិ​កម្ពុជា​របស់​យើង​នៅ​លើ​ឆាក​អន្តរជាតិ​នៅក្នុង​ការប្រកួត​កីឡា​អូឡាំពិក​ពេញមុខ​ពេញមាត់​ដូច​សមាជិក​ទាំងអស់​ដែរ»

លោក វ៉ាត់ ចំរើន ថា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​ជ្រើសរើស​កីឡាករ និង​កីឡាការិនី​ទាំង​បី​នាក់​រួចហើយ ប៉ុន្តែ​លោក​ថា គណៈកម្មាធិការ​ជាតិ​អូឡាំពិក​អន្តរជាតិ​នឹង​សម្រេច​មួយ​តង់​ទៀត។

ការ​ប្រារព្ធ​កីឡា​អូឡាំពិក​លើក​ទី៣៣ នឹង​មាន​កីឡាករ និង​កីឡាការិនី​ជាង​១​ម៉ឺន (១០.៥០០) នាក់​មកពី​បណ្ដា​ប្រទេស​នានា​ចូលរួម​ប្រកួត និង​មាន​ប្រភេទ​កីឡា​ចំនួន ៣២​ប្រភេទ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។