ស្ថានទូតខ្មែរប្រចាំសហរដ្ឋអាមេរិក អំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ដែលរស់នៅសហរដ្ឋអាមេរិកឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីសុវត្ថិភាពខ្លួននិងគ្រួសារ ខណៈអំពើហិង្សាប្រឆាំងជនជាតិអាស៊ីពីសំណាក់បុគ្គលរើសអើងមួយចំនួន កំពុងកើតមានឡើង។
ប្រធានប្ដូរវេននៃគណៈកម្មាធិការអាស៊ានស្នើឲ្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក ទប់ស្កាត់ករណីអំពើហិង្សា និងការបាញ់ប្រហារមកលើពលរដ្ឋអាស៊ី និងពលរដ្ឋអាមេរិកដើមកំណើតអាស៊ី ដែលបានកើតឡើងនៅសហរដ្ឋអាមេរិក ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍កន្លងទៅនេះ។
ឯកអគ្គរាជទូត រដ្ឋទូតនៃបណ្ដាប្រទេសសមាជិកអាស៊ាន រួមមានប្រទេសកម្ពុជា ប្រុយណេ (Brunei) ឥណ្ឌូនេស៊ី (Indonesia) ឡាវ (Lao) ម៉ាឡេស៊ី (Malaysia) មីយ៉ាន់ម៉ា ឬភូមា (Myanmar) ហ្វីលីពីន (Philippians) សឹង្ហបុរី (Singapore) ថៃ (Thailand) និងប្រទេសវៀតណាម (Vietnam) បានប្រជុំពិភាក្សាគ្នាលើបញ្ហានេះនៅថ្ងៃទី២៤ ខែមីនា។ កិច្ចប្រជុំសម្រេចឲ្យឯកអគ្គរាជទូតនៃប្រទេសម៉ាឡេស៊ី ជាប្រធានប្ដូរវេននៃគណៈកម្មាធិការអាស៊ាន នៅទីក្រុងវ៉ាស់ស៊ីនតោន (Washington) ជាអ្នកលើកឡើងបញ្ហានេះ។
សេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក ផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមីនា ឲ្យដឹងថា ក្នុងជំនួបតាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី២៩ ខែមីនានោះ គណៈកម្មាធិការអាស៊ាន នៅទីក្រុងវ៉ាស់ស៊ីនតោន រួមជាមួយវេជ្ជបណ្ឌិត អេលីហ្សាប៊ិត ខាមឺរ៉ូន (Dr. Elizabeth Cameron) នាយកជាន់ខ្ពស់ផ្នែកសុខភាពសាកល និងការការពារផ្នែកជីវសាស្រ្ត នៃក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក បានលើកឡើងពីក្ដីព្រួយបារម្ភចំពោះអំពើហិង្សាដែលបានកើតមានឡើង។ កិច្ចជំនួបនេះ ក៏បានសំណូមពរឲ្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក ខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបញ្ឈប់ការរើសអើងនិងអំពើហិង្សាទាំងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។