ល្បែងភ្នាល់​អនឡាញ​ខុសច្បាប់​ជាង​២០ ត្រូវ​បាន​រក​ឃើញ​មាន​ដាក់​រូប​អ្នក​សិល្បៈ និង​កីឡាករ

ដោយ ប្រាជ្ញ ចេវ
2024.04.06
ល្បែងភ្នាល់​អនឡាញ​ខុសច្បាប់​ជាង​២០ ត្រូវ​បាន​រក​ឃើញ​មាន​ដាក់​រូប​អ្នក​សិល្បៈ និង​កីឡាករ រូបផ្សព្វផ្សាយតាមបណ្ដាញសង្គម របស់​ក្រុមហ៊ុនអនឡាញ​ខុសច្បាប់ ដែលរកស៊ីនៅប្រទេស​កម្ពុជា។
រូប៖ ហ្វេសប៊ុកអគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា

គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា បន្ត​រក​ឃើញ​ទំព័រ​ល្បែងភ្នាល់​អនឡាញ​ចំនួន ២៥​បន្ថែម​ទៀត ដែល​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​លើ​បណ្ដាញ​សង្គម អម​ជាមួយ​រូបភាព វីដេអូ របស់​សិល្បករ និង​កីឡាករ​ល្បីៗ​មួយចំនួន​។ មន្ត្រី​សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​ទប់ស្កាត់​ការ​ផ្សព្វផ្សាយ​ល្បែង​ខុសច្បាប់​ទាំងនោះ ជាពិសេស​ទៅលើ​ក្រុម​អ្នក​រកលុយ​លើ​ប្រព័ន្ធ​អនឡាញ​ដែល​ទទួល​បាន​ផលប្រយោជន៍​ពី​ការ​ផ្សព្វផ្សាយ​ល្បែង​អនឡាញ។

អគ្គលេខាធិការដ្ឋាន នៃ​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម​កម្ពុជា កាលពី​ថ្ងៃទី​០៤ ខែ​មេសា បាន​បង្ហាញ​ទំព័រ​ល្បែងភ្នាល់​អនឡាញ​ខុសច្បាប់​ចំនួន​២៥ ផ្សេងទៀត កំពុង​ធ្វើ​សកម្មភាព​ផ្សព្វផ្សាយ​ល្បែង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក និង​តេឡេក្រាម។ ទំព័រ​ល្បែងភ្នាល់​អនឡាញ​ខុសច្បាប់​ទាំងនោះ មាន​ឈ្មោះ​ស្រដៀង​គ្នា នឹង​ទំព័រ​ល្បែងភ្នាល់​អន​ឡាញ​ចាស់ៗ ដែល​អាជ្ញាធរ​ជំនាញ បាន​បិទ​កាល​ពី​ពេល​កន្លងទៅ​នេះ​ដែរ។

តាម​រូបភាព​ដែល​អគ្គលេខាធិការដ្ឋាន​បាន​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ទំព័រ​មួយចំនួន​បាន​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម អម​ជាមួយ​វីដេអូ​រាំច្រៀង​របស់​សិល្បករ​មួយចំនួន ចំណែក​ទំព័រ​ល្បែង​ផ្សេងទៀត បាន​បង្ហាញ​រូបភាព​គ្រូបង្វឹក​ប្រដាល់​ល្បីឈ្មោះ​មួយ​ចំនួន រួមមាន​លោក អេ ភូថង និង​លោក បឺត ខាំ ជាដើម។

លេខាធិការ​នៃ​គណៈកម្មការ​គ្រប់គ្រង​ល្បែង​ពាណិជ្ជកម្ម លោក រស់ ភីរុណ ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ក្រុមហ៊ុន​ល្បែងភ្នាល់​អន​ឡាញ ដែល​គ្រូ​កីឡាប្រដាល់​មួយ​ចំនួន កំពុង​ជួយ​ផ្សព្វផ្សាយ​ឱ្យ​នោះ គឺជា​វេបសាយ​ល្បែងភ្នាល់​ខុសច្បាប់​។ លោក​បន្ត​ថា បុគ្គល​សាធារណៈ និង​អ្នក​សិល្បៈ មិន​គួរ​យក​ខ្លួន​ទៅ​ប្រឡាក់​ជាមួយ​ក្រុមហ៊ុន​ល្បែងភ្នាល់​អនឡាញ​ទាំង​នោះ​ឡើយ។

លោក រស់ ភីរុណ៖ «អ៊ីចឹង​ទាល់តែ​ខ្ញុំ​ចាត់​ជំនាញ​ស្រាវជ្រាវ​ដែរ តាម​អត់​ទាន់​ដែរ ពីមុន​ហ្នឹង​គឺ​មាន​នាយ​ពែកមី ប៉ុន្តែ​ឥឡូវ បើ​មាន​ករណី​មាន​កីឡាករ​យើង​ទៅ​ចូលរួម​អ៊ីចឹង​ដែរ គឺ​ខុសច្បាប់​ហើយ យើង​នឹង​ស្រាវជ្រាវ​រឿង​នេះ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​គ្រូបង្វឹក​ប្រដាល់ លោក អេ ភូថង និង​លោក បឺត ខាំ ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​បញ្ហា​នេះ​បានទេ នៅ​ថ្ងៃទី​៥ ខែមីនា ដោយ​ទូរស័ព្ទ​ហៅ​ចូល តែ​គ្មាន​អ្នកទទួល។កាលពី​ថ្ងៃ​២៣ ខែ​មីនា លោក អេ ភូថង បាន​បង្ហោះ​រូប​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​ផ្លូវការ​របស់​លោក ដោយ​ពាក់​អាវយឺត និង​កាន់​បាល់​ដែល​មាន​និមិត្តសញ្ញា​របស់​វេបសាយ​ល្បែង​អនឡាញ​ខុសច្បាប់​មួយ​ឈ្មោះ ប៊ីខេ៨ (BK8) និង​ភ្ជាប់​ជាមួយ​ឃ្លា​ថា “​ខ្ញុំបាទ អេ ភូ​ថង អធិរាជ កែង ឆេះ ជង្គង់ ហោះ អតីត​អ្នក​ប្រដាល់​គុន​ខ្មែរ​។ ក្រៅពី​កីឡាប្រដាល់​ក្បាច់គុន​ខ្ញុំ​ក៏​ស្រលាញ់​កីឡាបាល់ទាត់​ផង​ដែរ”។

កាលពី​ខែកុម្ភៈ តារា​កំប្លែង​ពីរ​នាក់​បងប្អូន គឺ លោក ចែម ចាន់ដារ៉ា ហៅ​នាយ​ពែកមី និង​លោក ចែម សារឿន ហៅ​នាយ​គ្រឿន បាន​ប្រកាស​ឈប់​ទទួល​ផ្សព្វផ្សាយ​ល្បែងភ្នាល់​អនឡាញ និង​គ្រឿង​ស្រវឹង​មួយ​ជីវិត បន្ទាប់​ពី​ទទួល​រង​ការរិះគន់​ពី​មហាជន និង​ត្រូវ​អាជ្ញាធរ​ហៅ​មក​អប់រំ។

ទាក់ទិន​រឿង​នេះ ប្រធាន​អង្គការ​អប់រំ​យុវជន​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព លោក បូ ពៅ យល់​ឃើញ​ថា ការ​រីកដុះដាល នៃ​គេហទំព័រ​ល្បែងភ្នាល់​ខុសច្បាប់​តាម​អនឡាញ ក៏​មាន​ចំណែក​របស់​អ្នករក​លុយ​តាម​អ៊ីនធឺណិត​មួយចំនួន ឬ​ដែល​គេ​ហៅថា​ជា អ៊ឹម​.​អ៊ឹម​.​អូ (MMO) ដែរ ព្រោះ​ពួកគេ​ជា​អ្នក​ទទួល​ផ្សព្វផ្សាយ ឱ្យ​ម្ចាស់​គេហទំព័រ​ល្បែង​ទាំងនោះ​។ លោក​បន្ត​ថា មូលហេតុ​ដែល​ក្រុមហ៊ុន​ល្បែងភ្នាល់​អនឡាញ​ទាំងនេះ ត្រូវ​ការជួល​អ្នក​សិល្បៈ និង​បុគ្គល​ល្បីៗ ឱ្យ​មក​ជួយ​ផ្សាយ​ពាណិជ្ជកម្ម​បែប​នេះ ដោយសារ​ពួកគេ​ជា​អ្នក​មាន​ឥទ្ធិពល ដែល​អាច​អូសទាញ និង​បង្កើន​ទំនុក​ទុកចិត្ត ដល់​អ្នក​ចូល​លេង។

លោក បូ ពៅ៖ «ប៉ុន្តែ​ខ្ញុំ​គិតថា ទាំងនោះ​ជា​ការ​ពេញចិត្ត​របស់​គាត់​ដែរ ប្រហែល​ពី​គាត់​អាច​បាន​ប្រយោជន៍​ពី​ការ​ផ្សព្វផ្សាយ​ហ្នឹង​ដែរ បានជា​គាត់​ស្ងាត់​មាត់​។ ឧទាហរណ៍​អា​ខោន​របស់ខ្ញុំ ត្រូវ​គេ​យក​ទៅ​ប្រើ​ដើម្បី​ខ្ចី​លុយ​អ្នកដទៃ ឬក៏​យក​ទៅ​ធ្វើ​អ្វីមួយ​ដែល​ខុសពី​គោលការណ៍​ជីវិត​របស់​យើង ច្បាស់​ជា​យើង​មាន​ប្រតិកម្ម​ហើយ មិនមែន​សំងំ​ស្ងៀម​នោះ​ទេ»

មន្ត្រី​សង្គម​ស៊ីវិល លើកឡើង​ថា ដើម្បី​ទប់ស្កាត់​គេហទំព័រ​ល្បែងភ្នាល់​ខុសច្បាប់​តាម​អនឡាញ​ទាំងនេះ កុំឱ្យ​បន្ត​ដំណើរការ​នៅ​លើ​បណ្ដាញ​សង្គម​បាន លុះត្រាតែ អ៊ឹម​.​អ៊ឹម​.​អូ និង​អ្នក​សិល្បៈ ឬ​អ្នកកីឡា រួមគ្នា​ឈប់​ទទួល​ផ្សាយ ឬ​ទទួល​ការឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ល្បែង​ខុសច្បាប់​ទាំងនេះ​តទៅទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។