ជនភៀសខ្លួនខ្មែរនៅប្រទេសថៃបារម្ភពីសុវត្ថិភាពបន្ទាប់ពីអាជ្ញាធរថៃរឹតបន្តឹងការត្រួតពិនិត្យជនអន្តោប្រវេសន៍
2022.11.11

ពលរដ្ឋខ្មែរដែលភៀសខ្លួននៅប្រទេសថៃ កំពុងសម្ងំលាក់ខ្លួនមិនហ៊ានដើរហើរដោយសារបារម្ភពីសុវត្ថិភាព និងសន្តិសុខផ្ទាល់ខ្លួន បន្ទាប់ពីអាជ្ញាធរថៃបានរឹតបន្តឹងការត្រួតពិនិត្យលើជនអន្តោប្រវេសន៍ ដែលគ្មានឯកសារត្រឹមត្រូវ ហើយរស់នៅខុសច្បាប់។ មន្ត្រីសង្គមស៊ីវិលថា រដ្ឋាភិបាលកម្ពុជាគួរតែកែទម្រង់ប្រព័ន្ធនយោបាយ ធ្វើយ៉ាងណាឲ្យពលរដ្ឋរបស់ខ្លួនរស់បានសុខសាន្តក្រោមដំបូលសន្តិភាព កុំឲ្យមានជនភៀសខ្លួនដោយសារនយោបាយ។
ជនភៀសខ្លួនខ្មែរ កំពុងរត់គេចពីការធ្វើទុក្ខបុកម្នេញរបស់រដ្ឋាភិបាលលោក ហ៊ុន សែន ភ័យខ្លាចអាជ្ញាធរនៃប្រទេសទាំងពីរសហការគ្នាចាប់បញ្ជូនពួកគាត់ទៅកម្ពុជាវិញ។ ជនភៀសខ្លួនសម្ងំរស់នៅតែក្នុងបន្ទប់ មិនហ៊ានចេញទៅធ្វើការនោះទេ ព្រោះឃើញប៉ូលិសថៃចាប់ខ្មែរក្រោមដែលលបទៅធ្វើការមិនទាន់ដោះលែងឲ្យមានសេរីភាពវិញនៅឡើយ ទោះជាខ្មែរក្រោមទាំងនោះមានប័ណ្ណសម្គាល់ខ្លួនដែលចេញដោយការិយាល័យអង្គការសហប្រជាជាតិក៏ដោយ ក៏ប៉ូលិសថៃនៅតែចាប់ដដែល។
ជនភៀសខ្លួនខ្មែររស់នៅប្រទេសថៃ៤ឆ្នាំ ជាប្រធានគណបក្សសង្គ្រោះជាតិស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យលោក សៅ ពលក្ខណ៍ SAO Poleakប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១០ ខែវិច្ឆិកា ថា លោកបារម្ភពីសុវត្ថិភាពមិនហ៊ានចេញដើរផ្ដេសផ្ដាសទេ ព្រោះប្រទេសថៃកំពុងរៀបចំកិច្ចប្រជុំវេទិកាពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិចហៅថា APEC។ ថៃបានរឹតបន្តឹងសណ្ដាប់ធ្នាប់ប្រទេស ជាពិសេសថៃបានពិនិត្យយ៉ាងតឹងរ៉ឹងលើជនអន្តោប្រវេសន៍។ លោកបន្តថា លោកនៅតែគាំទ្រឲ្យមានការកែទម្រង់លើប្រព័ន្ធលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ព្រោះរដ្ឋាភិបាលលោក ហ៊ុន សែន បានរំលោភមកលើសិទ្ធិពលរដ្ឋយ៉ាងធ្ងន់ធ្ងរ ដូចជារំលាយគណបក្សសង្គ្រោះជាតិ ចាប់លោក កឹម សុខា ដាក់ពន្ធនាគារទាំងកណ្ដាលអធ្រាត្រជាដើម។ លោកស្នើអាជ្ញាធរថៃកុំចាប់សកម្មជននយោបាយខ្មែរបញ្ជូនឲ្យអាជ្ញាធរខ្មែរ ព្រោះថៃក៏ជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យមួយដែរ៖
«បើកាលណាប្រទេសកម្ពុជាយើងទៅជាប្រទេសផ្ដាច់ការបក្សពួកនិយមពុករលួយ ហើយនិងគ្រួសារនិយមបន្ត បន្តពូជឲ្យដឹកនាំប្រទេសគឺ របៀបអស់ហ្នឹងវានឹងរាតត្បាតមកដល់ប្រទេសថៃងាយៗ ព្រោះថាវាជាប់ព្រំដែនអ៊ីចឹង បើសិនជាប្រទេសថៃ រដ្ឋាភិបាលថៃ គាំទ្រអ្នកប្រជាធិបតេយ្យដូចគ្នាគឺធ្វើឲ្យអាចការពារបាទ! ការពារប្រទេសថៃខ្លួនឯងផងដែរបាទ!»។
ស្ថានភាពជនភៀសខ្លួននយោបាយ កំពុងមានជីវភាពដុនដាបដោយសារគ្មានការងារធ្វើ និងរស់នៅដោយភិតភ័យ ខ្វះភាពកក់ក្ដៅក្នុងចិត្ត ដោយសារឃើញថៃចាប់បញ្ជូនអ្នកនយោបាយ និងអ្នករិះគន់រដ្ឋាភិបាលទៅកម្ពុជាវិញជាបន្តបន្ទាប់ ដូចជាករណីថ្មី័ៗនេះ សកម្មជនគណបក្សសង្គ្រោះជាតិទាំងបីនាក់ មានលោក វឿន សំណាង ហៅក្រញូងព្រៃឡង់ជាដើម ដែលអាជ្ញាធរថៃចាប់បញ្ជូនទៅកម្ពុជាវិញ។
ស្របពេលជាមួយគ្នានេះដែរ ជនភៀសខ្លួនខ្មែរ ដែលមានសមាជិកគ្រួសារ៥នាក់សុំសិទ្ធិជ្រកកោននឹងអង្គការសហប្រជាជាតិពីឆ្នាំ២០១៨ លោក ឆន សុខឿន CHHORN Sokhoeurn ប្រាប់ថា អាជ្ញាធរថៃធ្លាប់ចាប់លោកសួររកឯកសារសម្គាល់ខ្លួន តែសំណាងល្អពេលនោះលោកនៅមានប័ណ្ណការងារស្របច្បាប់ ហើយបានថៅកែថៃជួយធានាឲ្យ ឥឡូវលោកមានតែកាតសម្គាល់ខ្លួនរបស់អង្គការសហប្រជាជាតិ ធ្វើឲ្យលោកមិនអាចរកការងារបានទេ។ លោកបន្តថា ថៅកែថៃខ្លះមិនចង់ពាក់ព័ន្ធរឿងនយោបាយ ទើបគេមិនទទួលអ្នកដែលភៀសខ្លួនដោយសារនយោបាយឲ្យធ្វើការ ធ្វើឲ្យជីវភាពលោកកាន់តែលំបាក ហើយកូនទាំងបីនាក់ត្រូវបោះបង់ការសិក្សា ដោយសារលោកគ្មានប្រាក់បញ្ជូនកូនទៅរៀន។ លោកនៅតែបារម្ភពីសុវត្ថិភាពខ្លួនឯង និងកូនប្រពន្ធ។ លោកចង់ឲ្យការិយាល័យអង្គការសហប្រជាជាតិប្រចាំប្រទេសថៃ ជួយការពារគ្រួសារលោក និងជនភៀសខ្លួនខ្មែរដទៃទៀត គេចផុតពីការចាប់ខ្លួនរបស់អាជ្ញាធរថៃ៖
«មិនហ៊ានចេញទៅផ្ដេសផ្ដាសទេ ចេញទៅខ្លាចគេចាប់គេអីចឹងទៅ ហើយអារឿងការងារធ្វើវាប្រឈមពេញទំហឹងហើយ។ យើងមិនអាចបានការងារទៅរកការងារធ្វើបានទេអ៊ីចឹងណា ព្រោះអីយើងវាគ្មានឯកសារណាគ្រប់គ្រាន់ បើយើងមានតែកាតយូអិនហ្នឹង សម្រាប់កាន់ដើម្បីការពារសុវត្ថិភាព។ ហើយនេះលើតែមានបញ្ហាសុវត្ថិភាពត្រង់មានកាតយូអិនហើយគេចាប់បញ្ជូនជាក់ស្ដែងដូចរឿងបងប្អូនកម្ពុជាក្រោម១០នាក់មិនទាន់បានដោះស្រាយនៅឡើយអ៊ីចឹង»។
លោក ឆន សុខឿន ជាជនម្នាក់ដែលគាំទ្រការដឹកនាំរបស់គណបក្សភ្លើងទៀនបច្ចុប្បន្ន និងជាអតីតគ្រូបង្រៀនសាលាបឋមសិក្សាមួយក្នុងស្រុកបវេល ខេត្តបាត់ដំបង។ លោកបានគាំទ្រការវិលចូលស្រុកវិញរបស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី កាលពីថ្ងៃទី៩ វិច្ឆិកា ២០១៩ ហើយត្រូវអភិបាលស្រុកបវេលខាងគណបក្សកាន់អំណាចគំរាមកំហែង និងតាមធ្វើទុក្ខបុកម្នេញ។ លោកបញ្ជាក់ថា ទោះជាជួបការលំបាកក៏ដោយ ក៏លោកមិនបោះបង់ការបញ្ចេញមតិកែលម្អសង្គម និងគាំទ្រអ្នកនយោបាយដែលនាំកម្ពុជាឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សពិតប្រាកដនោះទេ។
ប្រហាក់ប្រហែលគ្នានេះដែរ ពលរដ្ឋខ្មែរភៀសខ្លួនម្នាក់ទៀត លោក ឃុន ដេត ឈ្មោះពិត ង៉ា រឿន NGA Roeurn សូមមិនចេញឈ្មោះពិត ឲ្យដឹងថា លោករត់គេចពីការចាប់ខ្លួនរបស់នគរបាលខេត្តពោធិ៍សាត់ ដោយចោទលោកពីបទញុះញង់ឲ្យមានការរើសអើង ទាក់ទងរឿងលោកបង្ហោះសារតាមបណ្ដាញសង្គមរិះគន់លោក ហ៊ុន សែន ឲ្យអ្នករត់ម៉ូតូឌុបលក់ម៉ូតូទិញអង្ករដោះស្រាយជីវភាពសិនទៅ កាលពីចុងឆ្នាំ២០១៩។ លោកបន្តថា ពេលនោះប៉ូលិសខេត្តពោធិ៍សាត់ចុះមកផ្ទះលោកចំនួន៥ឡានតាមចាប់ខ្លួនលោក តែលោកមិននៅផ្ទះ គេក៏ចាប់បងប្រុសលោក ដោយស្មានថាជារូបលោក ហើយលោកក៏រត់ចេញពីស្រុករស់នៅជាជនភៀសខ្លួននៅប្រទេសថៃរហូតមក។ លោកបន្ថែមថា ពី២ខែមុននេះប៉ូលិសថៃបានចាប់ខ្លួនលោកឆែកឆេររកប័ណ្ណសម្គាល់ខ្លួន តែលោកពុំមាន ប៉ូលិសថៃក៏បានជំរិតយកលុយលោកអស់ប្រាំបីពាន់(៨.០០០)បាត ស្មើជាងពីររយដុល្លារ ហើយគំរាមបញ្ជូនលោកទៅកម្ពុជាវិញ តែលោកបដិសេធមិនទៅ បន្ទាប់មកអាជ្ញាធរថៃក៏ព្រមដោះលែងលោកវិញ។ លោកឲ្យដឹងទៀតថា លោកនៅតែខ្វល់ពីសុវត្ថិភាព ខ្លាចតែប៉ូលិសថៃចាប់បញ្ជូនទៅខ្មែរ លោកនឹងគ្រោះថ្នាក់ដល់អាយុជីវិត៖
«សម្រាប់ខ្ញុំជាជនភៀសខ្លួន ជាអ្នកប្រឡូកបញ្ហានយោបាយមួយរូប បើសិនជាគេចាប់បញ្ជូនទៅក្នុងប្រទេសកម្ពុជាវិញ ជីវិតខ្ញុំអត់រស់ទេ ទី១ វាយកឲ្យក្រពើស៊ី ទី២ វាយកបាញ់ចោល បើរឿងជាប់គុកគឺភាគតិចបំផុតសម្រាប់ជីវិតរបស់ខ្ញុំ អានេះជាការភ័យព្រួយ ការគំរាមកំហែងរបស់ថ្នាក់ដឹកនាំប្រទេសជាតិគឺ លោក ហ៊ុន សែន ដែលដឹកនាំនៅក្នុងប្រទេសកម្ពុជា មានការគំរាមកំហែងបិទសិទ្ធិមិនឲ្យប្រជាពលរដ្ឋណាខ្វាយខ្វល់ពីរឿងសង្គមនយោបាយទេ»។
រដ្ឋាភិបាលកម្ពុជាតែងគាបសង្កត់សកម្មជននយោបាយ អ្នកបញ្ចេញមតិរិះគន់រដ្ឋាភិបាល សកម្មជនបរិស្ថាន សកម្មជនសិទ្ធិមនុស្ស និងអ្នកឈឺឆ្អាលរឿងសង្គមជាដើម ដោយរកលេសចោទប្រកាន់ពួកគាត់ក្រោមហេតុផលនយោបាយ រួចចាប់ដាក់ពន្ធនាគារទាំងអយុត្តិធម៌។ រហូតមកទល់ពេលនេះមានសកម្មជន ដែលមិនព្រមដើរតាមបក្សកាន់អំណាចជាង៦០នាក់ កំពុងជាប់ឃុំ ហើយគ្រួសារពួកគាត់ស្រែកទទូចឲ្យតុលាការទម្លាក់បទចោទមកលើសមាជិកគ្រួសារពួកគាត់ស្ទើរតែរាល់ថ្ងៃ។ ប៉ុន្តែរដ្ឋាភិបាលលោក ហ៊ុន សែន មិនបានអើពើនឹងការទទូចអង្វរទាំងទឹកភ្នែករបស់ពលរដ្ឋទាំងនោះទេ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការស្រាយបំភ្លឺជុំវិញបញ្ហានេះ ពីអ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលលោក កត្តា អ៊ន បានទេ នៅថ្ងៃទី១០ ខែវិច្ឆិកា ដោយទូរស័ព្ទហៅចូលជាច្រើនដងតែពុំមានអ្នកទទួល។
ជុំវិញរឿងនេះដែរ ប្រធានផ្នែកប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា លើកឡើងថា ពលរដ្ឋខ្មែរដែលរងគ្រោះដោយសារនយោបាយ ហើយព្រាត់ប្រាសស្រុកកំណើតភៀសខ្លួនទៅនៅស្រុកគេមានច្រើន នេះមកពីអ្នកនយោបាយជាន់ខ្ពស់មិនព្រមចុះសម្រុងគ្នា ធ្វើឲ្យជម្លោះនយោបាយកាន់តែក្ដៅគគុក ហើយធ្វើឲ្យប្រទេសកាន់តែទន់ខ្សោយ។ លោកបន្តថា សកម្មជនឈឺឆ្អាលរឿងសង្គមគួរតែបានទទួលការលើកទឹកចិត្តពីរដ្ឋាភិបាល មិនត្រូវរឹតត្បិតពួកគាត់ទេ ជៀសវាងការរំលោភសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋក្នុងការស្ថាបនាជាតិ៖
«ខ្ញុំគិតថាវាជារូបភាព គេហៅថា គំរាមកំហែងនូវអាសិទ្ធិជាមូលដ្ឋានរបស់គាត់ណា ហើយបើយើងវិភាគទៅលើអង្គហេតុអង្គច្បាប់អីហ្នឹងគឺ ពួកគាត់គេហៅជនរងគ្រោះនៃប្រព័ន្ធនយោបាយ នៃស្ថានភាពនយោបាយ ឬគេហៅអ្នកទោសនយោបាយ អ្នករងគ្រោះនយោបាយ។ ស្ថាប័នដែលពាក់ព័ន្ធជាពិសេសស្ថាប័នអន្តរជាតិ យូអិនហ្នឹងហើយ ដែលត្រូវពិចារណាទៅលើគេហៅគុណសម្បត្តិនៃជនភៀសខ្លួនអំពីនយោបាយហ្នឹង»។
សកម្មជននយោបាយ និងសកម្មជនផ្សេងទៀត កំពុងរស់នៅទាំងវេទនាក្នុងនាមជាជនភៀសខ្លួននៅប្រទេសថៃ ដោយសារមិនអាចរកប្រាក់ចំណូលបាន ព្រោះគ្មានឯកសារសម្រាប់ធ្វើការ ហើយទ្រាំរស់សម្ងំតែមួយកន្លែងមិនហ៊ានដើរចេញក្រៅ ខ្លាចនគរបាលថៃចាប់ពិន័យប្រាក់ ដាក់គុក ឬក៏បញ្ជូនទៅកម្ពុជាវិញ។
ជនភៀសខ្លួនខ្មែរឲ្យដឹងថា មានពលរដ្ឋខ្មែរដែលរស់នៅភៀសខ្លួនជ្រកក្រោមការគ្រប់គ្រងរបស់ឧត្ដមស្នងការអង្គការសហប្រជាជាតិប្រចាំប្រទេសថៃ ជាងមួយរយនាក់ ក្នុងនោះមានសកម្មជននយោបាយប្រមាណ៦០នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។