ពលករខ្មែរធ្វើការសន្តិសុខ នៅប្រទេសថៃត្អូញត្អែរពីការរកប្រាក់មិនគ្រប់ដោះស្រាយជីវភាព
2022.10.21

ពលករខ្មែរធ្វើការផ្នែកសន្តិសុខនៅប្រទេសថៃ ត្អូញត្អែរពីប្រាក់ចំណូលមិនគ្រប់គ្រាន់ សម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ ពួកគេថ្លែងថា ធ្វើការសព្វថ្ងៃបានប្រាក់ខែតិចតួច ស្របពេលដែលទំនិញឡើងថ្លៃគ្រប់មុខ ហើយការចំណាយច្រើន ដូចជាបង់ថ្លៃបន្ទប់ ថ្លៃសាំងម៉ូតូជិះទៅធ្វើការ ថ្លៃអាហារប្រចាំថ្ងៃ។
ពលករខ្មែរធ្វើការផ្នែកសន្តិសុខយាមឃ្លាំងដាក់ទំនិញ នៅទីក្រុងបាងកក លើកឡើងថា ជីវភាពរបស់ពួកគេពីមួយថ្ងៃទៅមួយថ្ងៃកាន់តែដុនដាប ដោយសារធ្វើបានប្រាក់ខែតិច ហើយទំនិញឡើងថ្លៃ។
ពលករខ្មែរជាសន្តិសុខ ធ្វើការនៅប្រទេសថៃអស់រយៈពេល៥ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង លោក ថន ស្ដើង ប្រាប់វិទ្យុអាស៊ីសេរី នៅរសៀលថ្ងៃទី២១ ខែតុលា ថា លោកទទួលបានប្រាក់មួយម៉ឺនពីរពាន់ (១២.០០០) បាត ដែលស្មើនឹងជាងបីរយ(៣០០)ដុល្លារ ក្នុងមួយខែ តែមិនគ្រប់គ្រាន់សម្រាប់ចាយវាយផ្សេងៗនោះទេ ព្រោះត្រូវចំណាយលើម្ហូបអាហារ ថ្លៃធ្វើដំណើរ បង់ថ្លៃទឹកភ្លើងបន្ទប់ជួល និងប្រាក់ផ្ញើទៅផ្គត់ផ្គង់គ្រួសារនៅកម្ពុជាខ្លះទៀត។ លោកបន្តថា ពលករខ្មែរដែលធ្វើការសន្តិសុខនៅកន្លែងលោកប្រមាណ២០នាក់ ហើយពួកគេសុទ្ធតែមានជីវភាពប្រហាក់ប្រហែលនឹងលោកដែរ។ លោកបន្ថែមថា ធ្វើការជាសន្តិសុខមិនមានម៉ោងការងារបន្ថែមទេ ដែលធ្វើឱ្យលោកមិនអាចរកប្រាក់ចំណូលបន្ថែមបាន។ លោកបញ្ជាក់ថា ប្រសិនបើការងារថ្មី ដែលបានប្រាក់ខែច្រើនជាងនេះ នោះលោកនឹងប្ដូរការងារភ្លាម។
លោក ថន ស្ដើង៖ «ធ្វើជាសន្តិសុខយាមនៅតាមកូដាំង (ឃ្លាំង) ឲ្យគេ តាមរោងចក្រគេ វាមិនមែនជាជីវភាពប្រសើរណាស់ណាទេបាទ ដោយសារតែយើងអត់មានធ្វើការអូធី (ថែមម៉ោង) ដូចគេ អត់មានធ្វើការថែមម៉ោងដូចគេ ហើយជាពិសេសគឺយើងស៊ីប្រាក់ខែងាប់ នៅក្នុងប្រទេសគេវាជួបពីបញ្ហាសេដ្ឋកិច្ចដែរ ដូចជាប្រេងសាំងថ្លៃភ្លើង ថ្លៃបន្ទប់ឬក៏អាហារហូបចុកហ្នឹង គេឡើងថ្លៃទៅតាមហ្នឹង»។
លោក ថន ស្ដើង បញ្ជាក់ថា ការងាររោងចក្រ ឬការងារសំណង់នៅប្រទេសថៃ ពលករអាចធ្វើការថែមម៉ោងបាន ហើយប្រាក់ចំណូលបានតាមកម្លាំង ដែលពលករខិតខំធ្វើការ។ស្រដៀងគ្នានេះដែរ ពលករខ្មែរម្នាក់ទៀត ធ្វើការជាសន្តិសុខ នៅសាលារៀនមួយជាយក្រុងបាងកក លោក ណាង វិបុល ប្រាប់ថា លោកធ្វើការគិតជាលុយថ្ងៃ មួយថ្ងៃមេក្រុមឲ្យប្រាំរយបាត ស្មើនឹង១៤ ដុល្លារ តែលោកក៏ចំណាយច្រើនដែរ សម្រាប់ចំណីអាហារប្រចាំថ្ងៃ។ លោកបន្តថា បើខែណាត្រូវចំណាយច្រើន គឺគ្មានប្រាក់សម្រាប់ផ្ញើឲ្យអ្នកផ្ទះទេ។
លោក ថន ស្ដើង៖ «មានអីគ្រាន់តែបានម៉ាទប់ទល់ហ្នឹងណា ព្រោះអីនៅប្រទេសគេយ៉ាងម៉េចក៏ពិបាកដែរ ព្រោះអីយើងធ្វើប៉ាស្ព័រឥឡូវវាឡើងថ្លៃ ១ឆ្នាំមួយម៉ឺនជាង យើងបានមួយថ្ងៃប្រាំរយមែន ប៉ុន្តែម្ហូបអាហារអីក៏មានតម្លៃដែរ ចេះតែធ្វើអ៊ីចឹងក៏មិនសូវសល់លុយដែរ ចេះទុកលុយណាស់ សន្សំណាស់បានមានលុយសល់»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការស្រាយបំភ្លឺជុំវិញរឿងនេះ ពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានទេ នៅថ្ងៃទី២១ ខែតុលា ដោយទូរស័ព្ទហៅចូលតែពុំមានអ្នកទទួល។
ជុំវិញរឿងនេះដែរ មន្ត្រីគម្រោងនៃមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស អង្គការសង់ត្រាល់ លោក លឹង សុផុន លើកឡើងថា ពីមុនប្រទេសថៃអនុញ្ញាតឲ្យពលករខ្មែរធ្វើការជាសន្តិសុខបាន តែបច្ចុប្បន្នពលករបរទេសមិនអាចធ្វើជាសន្តិសុខបានទេ បើយោងតាមច្បាប់ការងារថៃ។ លោកបន្តថា សម្រាប់ពលករខ្មែរដែលធ្វើការផ្នែកសន្តិសុខបានប្រាក់ខែគួរសមដែរ តែមិនអាចទប់ទល់ទៅនឹងអតិផរណា ឬទំនិញឡើងថ្លៃបានទេ។ លោកយល់ថា ពលករខ្មែរគួរតែរកការងារបន្ថែមទៀត ក្រៅពីការងារសន្តិសុខ ដើម្បីបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារគ្រប់គ្រាន់។
លោក លឹង សុផុន៖ «ឥឡូវហ្នឹងវាពាក់ព័ន្ធនឹងការចំណាយនៅថៃ អ្វីគ្រប់យ៉ាងហ្នឹងវាឡើងថ្លៃ។ អ៊ីចឹងខ្ញុំគិតថាការចំណាយរបស់យើង សូម្បីតែយើងត្បិតត្បៀតក៏ប្រាក់ខែជាងបួនរយដុល្លារហ្នឹង ក៏យើងអាចផ្គត់ផ្គង់ជីវភាពយើងទាំងលំបាកណា យើងមិនគ្រប់គ្រាន់ទេ។ បើសិនជាយើងអាចទៅរកការងារថ្មី រកកន្លែងណាដែលមានការថែមម៉ោងច្រើន ឬក៏យើងទៅធ្វើជារោងចក្រអីផ្សេងៗ ដែលជាការថែមម៉ោងច្រើន ខ្ញុំគិតថាយើងអាចផ្គត់ផ្គង់ជីវភាពគ្រួសារយើងបាន»។
របាយការណ៍អង្គការសង់ត្រាល់ ឲ្យដឹងថា បច្ចុប្បន្នមានពលករខ្មែរ ដែលធ្វើការទាំងស្របច្បាប់ និងមិនស្របច្បាប់នៅប្រទេសថៃ ជាងពីរលាននាក់។ ប៉ុន្តែរបាយការណ៍របស់ក្រសួងការងារកម្ពុជា ឲ្យដឹងថា មានពលករខ្មែរ ដែលធ្វើការនឹងរស់នៅប្រទេសថៃប្រមាណមួយលានពីរសែននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។