ពលករ​ខ្មែរ​​​បារម្ភ​​ពី​​សុវត្ថិភាព​​ក្រោយ​​ផ្ទុះ​​ជំងឺ​កូវីដ-១៩ ​កាន់តែ​​ច្រើន​​នៅ​​ប្រទេស​ថៃ​

ដោយ ទីន ហ្សាការីយ៉ា
2021.04.28
ពលករ​ខ្មែរ​​​បារម្ភ​​ពី​​សុវត្ថិភាព​​ក្រោយ​​ផ្ទុះ​​ជំងឺ​កូវីដ-១៩ ​កាន់តែ​​ច្រើន​​នៅ​​ប្រទេស​ថៃ​ ពលករខ្មែរនៅប្រទេសថៃ ប្រជុំពង្រឹងសិទ្ធិការងារពលករខ្មែរនៅប្រទេសថៃ កាលពីខែមករា ឆ្នាំ២០២០។
រូប៖ ហ្វេសប៊ុក សង់ត្រាល់ - CENTRAL

ក្រុម​ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ លើក​ឡើង​ថា ​​ការ​រាតត្បាត​ជំងឺ​កូវីដ​នៅ​ប្រទេស​ថៃ​អំឡុង​ពេល​នេះ​មាន​សន្ទុះ​ខ្លាំង​ខ្លា​ជាង​ពេល​កន្លង​ទៅ​ ហើយ​​គួរ​ឱ្យ​ព្រួយបារម្ភ​ដោយសារ​ជំងឺ​នេះ​បាន​ឆ្លង​ចូល​សហគមន៍​យ៉ាង​ឆាប់​រហ័ស​។

​ពលករ​ធ្វើ​ការ​សំណង់​នៅ​ទីក្រុង​បាងកក​លោក​ នាង ស៊ីនេត ប្រាប់​អាស៊ី​សេរី​នៅ​រសៀល​ថ្ងៃ​ទី​២៨​ ខែមេសា​ថា​ នៅ​កន្លែង​ធ្វើ​ការ​របស់​លោក​ មាន​ពលករ​ខ្មែរ​​ប្រហែល ​១០០ ​នាក់​ នាំ​គ្នា​សំងំ​នៅ​ក្នុង​បន្ទប់​ និង​នៅ​កន្លែង​ធ្វើ​ការ ដោយ​មិន​ហ៊ាន​ធ្វើ​ដំណើរ​ទៅ​ណា​មក​ណា​ឆ្ងាយ​នោះ​ទេ ព្រោះ​ខ្លាច​ឆ្លង​ជំងឺ​កូវីដ​១៩។ ពលករ​វ័យ​ ៤០​ ឆ្នាំ​រូប​នេះ​ បញ្ជាក់​ទៀត​ថា ​​ពួក​លោក​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ ​ដោយសារ​នៅ​​តំបន់​គាត់​ធ្វើ​ការ ​មាន​ពលករ​បរទេស​ជា​ច្រើន​នាក់ ដែល​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​រលាក ផ្លូវ​ដង្ហើម​ថ្មី​នេះ​បាន​យ៉ាង​ងាយ​៖ «ព្រួយបារម្ភ​ខ្លាច​ឆ្លង​ជំងឺ​អីចឹង​ទៅ​ ព្រោះ​យើង​ធ្វើ​ការ​ទៅ​ជិះឡាន​​ចេញ​ទៅ​ឆ្ងាយៗ​ឆ្លង​កាត់​ពី​នេះ​ទៅ​នោះ​ពី​នោះ​ទៅ​នេះ។​ ដល់​យើង​កើត​ជំងឺ​ហ្នឹង​វា​ប៉ះពាល់​គេ​យក​យើង​ទៅ​ឃុំ​មិន​បាន​រក​លុយ​ដើម្បី​ផ្ញើ​ទៅ​ឱ្យ​ប្រពន្ធ​កូន​នៅ​ស្រុក​។​ កូន​នៅ​ស្រុក​ពឹង​លើ​តែ​ខ្ញុំ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដល់​ខែ​ផ្ញើ​លុយ​ទៅ​កូន​បួន​ប្រាំ​ពាន់​សម្រាប់​ចាយ​វាយ​​»

​ដូចគ្នា​នេះ​ដែរ​ ពលការិនី​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បាត់ដំបង​កញ្ញា ហឿម ហឿត ថ្លែង​ថា កញ្ញា​ក៏​ព្រួយបារម្ភ​​ខ្លាច​ឆ្លង​ជំងឺ​កូវីដ​ដែរ ដោយសារ​កញ្ញា​​​​ធ្វើ​ការ​នៅ​ក្នុង​ផ្សារ​លក់​បន្លែ​នៅ​ទីក្រុង​បាងកក​ ដែល​មាន​មនុស្ស​ចេញ​ចូល​ច្រើន​។ ស្ត្រី​វ័យ ​២៨ ​ឆ្នាំ​រូប​នេះ​បន្ត​ថា ​បើ​ទោះ​បី​ជា​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​ក្ដី ​ក៏​កញ្ញា​​នៅ​តែ​បន្ត​ធ្វើ​ការ​ដដែល​ ព្រោះ​ជីវភាព​ក្រីក្រ​ ដូច្នេះ​ខំធ្វើ​ការ​រក​ប្រាក់​​ផ្ញើរ​ទៅ​ឱ្យ​ឪពុកម្ដាយ​ ដើម្បីសងបំណុល​​ធនាគារ​នៅ​ស្រុក​កំណើត ​និង​​ចាយវាយ​ប្រចាំ​ថ្ងៃ​នៅ​ប្រទេស​ថៃ៖ «ព្រួយបារម្ភ​ខ្លាច​ជំងឺ​ឆ្លង​ទៅ​មិន​មាន​មើល​មិន​មាន​ទទួល​ខ្លាច​តែ​អីចឹង​ឯង​។​ កាល​ពី​លើក​មុន​រក​ប្រាក់​បាន​ចេះ​តែ​កាក់​កប​ទៅ​ តែ​ឥឡូវ​កាន់​តែ​រក​ធ្លាក់​ទៅ​​រក​មិន​សូវ​បាន​ដូច​កាល​មិន​ទាន់​មាន​រោគ ហើយ​ផ្ទុះ​កាន់​តែ​ច្រើន​ចេះ​ទៀត​កាន់​តែ​ធ្លាក់​ទៅ​ ខ្ញុំ​រក​មិន​បាន​ទេ​»

​​​​​អាស៊ី​សេរី​មិន​អាច​ទាក់​ទង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​​ប្រទេស​ថៃ​ និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​លោក ហេង សួរ​ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​​ក្ដី​កង្វល់​របស់​ក្រុម​ពលករ​ខ្មែរ​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា​ ដោយសារ​​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង តែ​ពុំ​មាន​អ្នក​ទទួល​។

Covid_19_in_Thailand.jpg
គ្រូពេទ្យយកវត្ថុសំណាកធ្វើតេស្តរកជំងឺកូវីដ១៩នៅក្នុងប្រទេសថៃ។

ទោះយ៉ាងណា ស្ថានទូត​ខ្មែរ​នៅ​ទីក្រុង​បាងកក​បាន​បង្ហោះ​សារ​​លើបណ្ដាញ​សង្គម​ហ្វេសប៊ុក(Face Book) ដាស់តឿន​ដល់​ពលករ​ខ្មែរ​​ដែល​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ទាំង​អស់​ឱ្យ​អនុវត្ត​តាម​ការណែនាំ​របស់​អាជ្ញាធរ​ថៃ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ ដើម្បី​​ការពារ​កុំ​ឱ្យ​ឆ្លង​ជំងឺ​កូវីដ​១៩។

​ក្នុងរយៈ​ពេលជាង​ ៣ សប្ដាហ៍​ ដោយគិត​ត្រឹម​ថ្ងៃ​ទី​២៨​ ខែមេសាមក ​​ក្រសួង​សុខាភិបាល​ថៃ​រក​ឃើញ​អ្នក​ឆ្លង​ជំងឺកូវីដ-១៩ ​ជាង ​៣ ម៉ឺន ​៤ ពាន់​នាក់ ​(៣៤.៤០២) និង​អ្នក​ស្លាប់​ជាង​ ៨០​ នាក់​​ ក្នុង​នោះ​នៅ​ទីក្រុង​បាងកក​ឆ្លង​ច្រើន​ជាង​គេ។

អាជ្ញាធរ​ថៃ​បាន​ដាក់​វិធានការ​តឹងរ៉ឹង​ទៅ​លើ​ខេត្ត​ចំនួន​ ៤៥ ​​រួម​ទាំង​​ទីក្រុង​បាងកក​ផង​​ ដែល​តម្រូវ​ឱ្យ​​ប្រជាពលរដ្ឋ​ថៃ ​និង​ជនបរទេស​ត្រូវ​ពាក់​ម៉ាស់​​នៅ​ពេល​ធ្វើ​ដំណើរ​នៅ​ទី​សាធារណៈ​ដើម្បី​ទប់​ស្កាត់​ការ​រាតត្បាត​ជំងឺ​កូវីដ​។ ប្រសិន​បើ​ជន​ណា​​ល្មើស​នឹង​បម្រាម​នេះ ​​​អាជ្ញាធរ​ថៃ​នឹង​ពិន័យ​ជា​ប្រាក់​ ២ ម៉ឺន​បាត (២០.០០០) ឬ​ប្រហែល​ ៦០០​ ដុល្លារ។ បន្ថែម​ពី​នេះ​ អាជ្ញាធរ​ថៃ​បន្ត​ដាក់​ប្រទេស​ក្នុង​គ្រាអាសន្ន​រហូត​ដល់​ថ្ងៃ​ទី​៣១​ ខែ​ឧសភា​។ ​តាម​រយៈវិធាន​ការ​នេះ ​អាជ្ញាធរ​ថៃ​ហាម​ឃាត់​​មិន​ឱ្យ​ពលរដ្ឋ​ប្រមូល​ផ្ដុំ​ជា​ច្រើន​នាក់​ ហើយ​ប្រសិន​បើ​ជន​ណា​ល្មើស នោះពួក​គេ​​​ប្រឈម​នឹងការ​ផាក​ពិន័យ​ជា​ប្រាក់ ​៤ ម៉ឺន​បាត ​ឬ ​ប្រមាណ ​១ពាន់ ​៣០០​ដុល្លារ​ និង​ទោស​ជាប់​ពន្ធនាគារ​ ២ ​ឆ្នាំ​។

ទាក់ទង​រឿងបម្រាម​ថ្មីនេះ​នៅ​តំបន់​ព្រំដែន​ខេត្ត​ស្រះកែវ​ (Sra Kao) ទីដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់​នៅ​ច្រើន​នោះ ប៉ូលិសថៃបាន​បើក​ឡាន​​ប្រកាស​ជា​ភាសា​ខ្មែរ​ និងភាសា​ថៃ ​អំពាវនាវ​ដល់​ពលរដ្ឋ​ខ្មែរ​ និង​ថៃ​នៅ​ផ្សារ​រ៉ុងក្លឿ​ឱ្យ​ពួកគេ​ពាក់​ម៉ាស់​ឱ្យ​បាន​គ្រប់គ្នា៖ «​ប្រាប់​គ្រប់​គ្នា​ប្រាប់​ម៉ែ​ប្រាប់ពុក​ម្ដាយ​កូន​ចៅ​ទាំង​អស់​ឱ្យ​ពាក់​ម៉ាស់​បើ​មិន​ពាក់​គេ​នឹង​ផាក​ពិន័យ​ប្រាក់​១ម៉ឺន​បាត​​ »

Cambodia_Worker_in_Thailand_02.jpg
ពលករខ្មែរធ្វើការនៅក្នុងប្រទេសថៃ ដែលកំពុងព្រួយបារម្ភពីការឆ្លងជំងឺកូវីដ១៩ដែលកំពុងផ្ទុះខ្លាំង។

​​​​

ជុំវិញរឿងនេះ មន្ត្រី​អង្គការ​សង់ត្រាល់(Central)​ទទួល​បន្ទុក​ពលករ​ លោក ឌី ថេហូយ៉ា​ យល់​ថា ការ​រាតត្បាត​ជំងឺ​កូវីដ​នៅ​ប្រទេស​ថៃ​​លើក​នេះ​មាន​សន្ទុះ​ខ្លាំង​ជា​ពេល​មុនៗ ដែល​​ពលករ​ខ្មែរ​គួរតែ​​តាម​ព័ត៌មាន​ឱ្យ​បាន​​ជា​ប្រចាំ​ ដើម្បី​​សម្រប​ខ្លួន​ឱ្យ​ទាន់​សភាពការណ៍​​។​លោក​បន្ត​ថា​ រដ្ឋាភិបាល​កម្ពុជា​​គួរតែ​បញ្ជូន​មន្ត្រី​របស់​ខ្លួន​​ចុះ​ដោះស្រាយ​​ទុក្ខ​លំបាក​និង​ការ​អត់​ឃ្លាន​របស់​ពលករ ហើយ​​​​ជួយ​សម្រួល​​​ឱ្យ​ពួកគេ​បាន​ត្រឡប់​ទៅ​កម្ពុជា​វិញ​ ប្រសិន​បើ​​​​ពលករ​ណា​​មិន​អាច​រស់​នៅ​ប្រទេស​ថៃ​បាន៖ «ខ្ញុំ​បារម្ភ​នៅ​ពេល​ផ្ទុះ​នៅ​ក្រុម​ហ៊ុន​ណា​ក្រុម​ហ៊ុន​ហ្នឹង​ត្រូវ​បាន​បញ្ឈប់​ ហើយ​ចាប់​ផ្ដើម​បិទ​ទ្វារ​ នៅ​ពេល​បិទទ្វារ​ហើយ​ថា​តើ​មាន​ការ​ទូទាត់​អត្ថប្រយោជន៍​សំណង​យ៉ាង​ម៉េច​អីចឹង​ហ្នឹង​ខ្ញុំ​បារម្ភ​មែនទែន​។ ដដែល​ទៀត​អា​តួនាទី​ធំៗ​អីចឹង​ការងារ​ដដែល​រវាង​រដ្ឋ​នឹង​រដ្ឋ​ត្រូវ​តែ​ផ្ដោត​យក​ចិត្ត​ទុក​ដាក់​មែនទែន​ ព្រោះ​យើង​មាន​គេ​ហៅ​អនុព័ន្ធ​ការងារ​នៅ​ហ្នឹង​ស្រាប់​​ហើយ​ដែល​ធ្វើ​កិច្ច​ផ្នែក​ពលករ​ចំណាក​ស្រុក​»។

លោក ឌី ថេហូយ៉ា ជឿ​ថា ក្រុម​ពលករ​ខ្មែរ​អាច​នឹង​មាន​ជីវភាព​រស់​នៅ​លំបាក​កាន់​តែ​ខ្លាំង​នៅពេល​ខាង​មុខ ​ប្រសិន​បើ​​ស្ថានការណ៍​​រាលដាល​ជំងឺ​កូវីដ​នៅ​តែ​បន្ត​ផ្ទុះ​ឡើង​ខ្លាំង​នៅ​ក្នុង​ប្រទេស​ថៃ។

​របាយការណ៍​សង់ត្រាល់(Central) ​ឱ្យ​ដឹង​ថា ​បច្ចុប្បន្ន​មាន​ពលករ​ខ្មែរ​ទាំង​ស្របច្បាប់​និង​មិន​ស្រប​ច្បាប់​ប្រមាណ​១លាន​៨សែន​នាក់​​ (១.៨០០.០០០) ​កំពុងធ្វើ​ការ​នៅ​ប្រទេស​ថៃ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។