ពលករ​ខ្មែរ​នៅ​ថៃ​ប្រឈម​នឹង​ដាច់​ស្បៀង ដោយសារ​ខំ​លាក់ខ្លួន​ក្នុង​បន្ទប់​អំឡុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ

ដោយ មួង ណារ៉េត
2020.12.29
ពលករ​ខ្មែរ​នៅ​ថៃ​ប្រឈម​នឹង​ដាច់​ស្បៀង ដោយសារ​ខំ​លាក់ខ្លួន​ក្នុង​បន្ទប់​អំឡុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ ពលករ​ខ្មែរ​ធ្វើនៅ​ប្រទេស​ថៃ។ រូប​ថ្ងៃ​ទី២៤ ខែ​ធ្នូ ឆ្នាំ​២០២០។
Photo Provided

ពលករ​ខ្មែរ​ជាច្រើន​នាក់​ប្រឈម​នឹង​ដាច់​ស្បៀងអាហារ បន្ទាប់​ពី​ពួកគេ​លាក់ខ្លួន​នៅ​ក្នុង​បន្ទប់ ជាច្រើន​ថ្ងៃ អំឡុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ​១៩ លើក​ទី​២​នៅ​ប្រទេស​ថៃ។ ពួក​ករ​ទាំងនេះ​ព្រួយបារម្ភ​ខ្លាច​អាជ្ញាធរ​ថៃ​ចាប់​ពួកគេ​ដាក់គុក និង​បញ្ជូន​ត្រឡប់​ទៅ​កម្ពុជា​អំឡុង​ពេល​នេះ។ មន្ត្រី​សង្គម​ស៊ីវិល យល់ថា រឿង​នេះ ពលករ​ដែល​អត់​ការងារ​ធ្វើ​គួរតែ​ត្រឡប់​ទៅ​កម្ពុជា​មួយ​រយៈ​ប្រសើរ​ជាង​នៅ​ប្រទេស​ថៃ។

ពលការិនី​មាន​ស្រុកកំណើត​នៅ​ខេត្ត​តាកែវ លោកស្រី ចាន់ ធី ប្រាប់​អាស៊ីសេរី នៅ​រសៀល​ថ្ងៃ​ទី២៨ ខែ ធ្នូ ថា​ពួក​លោកស្រី​មាន​គ្នា ៥ នាក់ លាក់ខ្លួន​នៅ​ក្នុង​បន្ទប់​របស់​ពលករ​ខ្មែរ​ធ្វើ​ការងារ​នៅ​ខេត្ត​ឈុនបូរី (Chunbori) ជាង ១ សប្ដាហ៍​ហើយ ដោយ​មិន​ហ៊ាន​ចេញ​ក្រៅ​បន្ទប់​ឡើយ​។ ស្ត្រី​វ័យ ៣២ ឆ្នាំ រូប​នេះ និយាយ​ថា ពួក​លោក​ស្រី ខ្លាច​អាជ្ញាធរ​ថៃ​ចាប់​ដាក់គុក និង​បញ្ជូន​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ អំឡុង​ពេល​នេះ៖ «ខ្ញុំ​អត់​ហ៊ាន​ចេញ​ទេ នៅតែ​ក្នុង​បន្ទប់​សុទ្ធ​តែម្ដង ព្រោះ​អី​នៅ​បន្ទប់​ជួល​នោះ​គេ​មាន​សន្តិសុខ​យាម មាន​បិទ​បម្រាម​អ្នក​ក្រៅ​ហាម​ចូល តែ​ពួក​ខ្ញុំ​ចូល​មក​មុន​ហ្នឹង​បន្តិច​។​និយាយ​ទៅ​ពិបាក​មែនទែន ខ្វះខាត​ការ​ហូបចុក​យើង​លុយកាក់​ស្ដួចស្ដើង​យក​មក​ពី​ស្រុក អត់​លុយ យើង​ចងការ​លុយ​គេ​មក ដល់​អីចឹង​ទៅ​យើង​អត់​ទាន់​បាន​ការងារ​ធ្វើ ត្រូវ​នៅ​ជាមួយ​គេ​។​ហូប​ដោយសារ​គេ​ខ្លះ​អី​ខ្លះ ដោយសារ​គេ​អាណិត»

ដូចគ្នា​នេះ​ដែរ ពល​ការិនី​ដែល​កំពុង​លាក់ខ្លួន​ម្នាក់ទៀត កញ្ញា សុខ ដា ថ្លែង​ថា កញ្ញា​ឆ្លងដែន​ចូល​មក​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់ តាមរយៈ​មេខ្យល់​ជនជាតិ​ខ្មែរ​និង​ថៃ កាលពី​ថ្ងៃ​ទី ១៨ ខែ ធ្នូ​។ ពល​ការិនី​វ័យ ៣១ ឆ្នាំ រូប​នេះ ប្រាប់​ថា ពួក​កញ្ញា​មកដល់​ខេត្ត​ឈុនបូរី (Chunbori) មិនទាន់​មាន​ការងារ​ធ្វើ​នៅឡើយ​ទេ ក៏​ផ្ទុះ​ជំងឺ​កូ​វីដ​១៩ ជា​លើក​ទី​២ នៅ​ក្នុង​ប្រទេស​ថៃ​តែម្ដង​។ កញ្ញា​ឱ្យ​ដឹង​ទៀត​ថា មូលហេតុ​ដែល​កញ្ញា​លាក់ខ្លួន គឺ​មកពី​ពួក​កញ្ញា​ជា​ពលករ​ចំណូល​ថ្មី ហើយ​អាជ្ញាធរ​ថៃ នឹង​ចាប់​យក​ទៅ​ធ្វើ​តេស្ដ​ជំងឺ​កូវីដ​១៩៖ «ខាង​បន្ទប់​គេ​មិន​ឱ្យ​យើង​ចូល​ផង​អ្នក​ប្លែក​មុខតែ​អានេះ​បង​ហ្នឹង​គាត់​អាណិត​គាត់​ចេះ តែ​លួច​ឱ្យ​ចូល​មក​គាត់​ចេះតែ​ជួយ​ហើយ​គាត់​ថា​ខ្មែរ​ដូចគ្នា​។ ខ្ញុំ​អត់​ដែល​ចេញ​សោះ​ខ្លាច​គេ បើ​អ្នក​នៅ​ហ្នឹង​គេ​ថាបើ​មាន​អ្នក​ចំណូល​ថ្មី​អីចឹង​ចេញ​ឱ្យ​គេ​ឃើញ​គេ​ទៅ​ប្ដឹង​អាជ្ញាធរ​ថៃ ទៅ​ខ្ញុំ​អត់​ហ៊ាន​ចេញ​ទេ​នៅតែ​ក្នុង​បន្ទប់​ហ្នឹង​។ ទ្វារ​ខាងក្រៅ​យើង​បើកចំហ​ទៅ ហើយ​រាល់ថ្ងៃ​ហ្នឹង​តែ​ពួក​បង​គាត់​មកពី​ធ្វើការ គាត់​ទៅ​ទិញ​អី​ឱ្យ​ហូប​បាន​ហូប។ ខ្ញុំ​នឹកឃើញ​លំបាក​មក​រក​ការងារ​អត់​បាន​ធ្វើ តែ​ខ្ញុំ​មិន​ដឹង​ធ្វើ​យ៉ាងម៉េច​បើ​មក​ដល់​ហើយ»

ក្រុម​ពលករ​ទាំងនេះ ត្អូញត្អែរ​ថា ពួកគាត់​គ្មាន​ប្រាក់​ទិញ​អាហារ​ហូបចុក​ប្រចាំថ្ងៃ​ឡើយ​។ ពួកគាត់​រស់​ដោយ​ពឹង​អាស្រ័យ​លើ​ពលករ​ខ្មែរ​ឯទៀត ផ្ដល់​កន្លែង​ស្នាក់នៅ និង​អាហារ​ហូបចុក​បណ្ដោះអាសន្ន​ប៉ុណ្ណោះ។

ជាមួយ​គ្នា​នេះ​ពលករ​នៅ​ខេត្ត​សាមុតសាខន ប្រមាណ​២០​នាក់​ទៀត នៅតែ​បន្ត​លាក់ខ្លួន​ក្នុង​ព្រៃ ដើម្បី​សុវត្ថិភាព​ផ្ទាល់ខ្លួន​ដដែល​។ ពួកគាត់​ព្រួយបារម្ភ ខ្លាច​អាជ្ញាធរ​ថៃ​ចាប់ខ្លួន​បញ្ជូន​ទៅ​កម្ពុជា​វិញ អំឡុង​ពេល​នេះ។

អាជ្ញាធរ​ថៃ​នៅតែ​បន្ត​ហាមឃាត់ មិន​ឱ្យ​ពលករ​បរទេស​ធ្វើដំណើរ​ចល័ត ពី​តំបន់​មួយ​ទៅ​តំបន់​មួយទៀត​អំឡុង​ពេល​នេះ​ឡើយ ដើម្បី​បង្ការ​កុំ​ឱ្យ​ឆ្លង​ជំងឺ​កូវីដ​១៩។

អាស៊ីសេរី​មិន​អាច​ទាក់ទង​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក និង​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួរ ដើម្បី​សុំ​អត្ថាធិប្បាយ ជុំវិញ​ពី​ក្ដី​កង្វល់​របស់​ពលករ​ទាំងនេះ បានទេ​នៅ​ថ្ងៃ​ទី​២៨ ធ្នូ ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើនដង​ពុំ​មាន​អ្នក​ទទួល។

ប៉ុន្តែ មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក​ទទួល​ផ្នែក​ពលករ លោក គឹម ចំរើន បាន​ប្រកាស​នៅ​ក្នុង​ហ៊េសប៊ុក (Facebook)​ស្ថានទូត​ខ្មែរ កាលពី​ថ្ងៃ​ទី​២៧​ធ្នូ​ថា អំឡុង​ពេលនេះ រដ្ឋាភិបាល​ថៃ​បាន​អនុគ្រោះ ដល់​ពលករ​បរទេស​ទាំងអស់ ឱ្យ​អាច​ធ្វើការ​នៅ​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន​បាន ដោយ​មិន​មានការ​ចាប់ចង​នោះ​ទេ​។ លោក​បន្ថែម​ថា ប្រសិនបើ​ពលករ​ខ្មែរ ខ្វះខាត​ស្បៀងអាហារ ពួកគាត់​អាច​ទាក់ទង​តាម​ហ្វេសប៊ុក​ស្ថានទូត ផ្នែក​ទទួលបន្ទុក​ពលករ ឱ្យ​ជួយ​ផ្សព្វផ្សាយ​រក​ជំនួយ​ជូន​ពួកគាត់​បាន។

មន្ត្រី​អង្គការ​សង់ត្រាល់ Central) ទទួលបន្ទុក​ផ្នែក​ពលករ លោក ឌី ថេហូយ៉ា មាន​ប្រសាសន៍ថា អំឡុង​ពេល​នេះ នៅ​ប្រទេស​ថៃ​អាច​មាន​ពលករ​ខ្មែរ​រាប់ពាន់​នាក់ កំពុង​លាក់ខ្លួន​រក​កន្លែង​សុវត្ថិភាព ដោយសារ​ពួកគេ​ខ្លាច អាជ្ញាធរ​ថៃ​ចាប់​ដាក់គុក។ លោក​និយាយ​ថា ពលករ​ខ្មែរ​ទាំងនោះ​គួរតែ​ទាក់ទង​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ ឱ្យ​ជួយ​អន្តរាគមន៍​ពួកគេ​ត្រឡប់​ទៅ​កម្ពុជា​វិញ​មួយ​រយៈ​សិន ប្រសើរ​ជាង​ស្នាក់នៅ​ប្រទេស​ថៃ ទាំង​អត់​ការងារ​ធ្វើ និង​ប្រថុយប្រថាន​បែប​នេះ៖ «អីចឹង​ហើយ​បានជា​ខ្ញុំ​ទទូច​ម្ដង​ហើយ​ម្ដងទៀត ក្នុង​កាលៈទេសៈ​នេះ​ជា​ឱកាស​របស់​មេខ្យល់ ទុច្ចរិត​មួយ​ដែល​នាំ យើង​ទៅ​យក​លុយ​ពី​យើង​ទៅ​ដល់​អត់​មាន​ការ​ងារ​ធ្វើ អត់​មាន​ឯកសារ​ស្របច្បាប់។ ហើយ​យើង​ដឹង​ហើយ​ក្នុង​អំឡុង​ពេលនេះ​អត់​ទាន់​មានការ​នាំចូល​ពលករ​ជា​ផ្លូវ​ទេ អីចឹង​អា​នាំចូល​មិន​ផ្លូវការ​ហ្នឹងហើយ ជា​ដំណើរការ​នៃ​ការ​នាំ​មនុស្ស​ដោយ​ខុសច្បាប់​ជា​ដំណើរការ​នៃ​ការ​ជួញដូរ​មនុស្ស ហើយ​ពលរដ្ឋ​ខ្លួនឯង​ផ្ទាល់​តែម្ដង​អត់​ដឹង​ថា អាហ្នឹង​ជា​ការ​ចាញ់​បោក​គេ​ទេ»

មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​រូប​នេះ ឱ្យ​ដឹង​ថា ពលករ​ធ្វើ​ការ​ខុសច្បាប់ នៅ​ប្រទេស​ថៃ​អាច​នឹង​មាន​ការ​លំបាក​កាន់តែ​ខ្លាំង ប្រសិនបើ​ជំងឺ​កូវីដ​១៩ ផ្ទុះឡើង​លើក​ទី​២​នេះ បន្ត​អូស​បន្លាយ​យូរអង្វែង​។ បន្ថែម​ពី​នេះ​លោក ឌី ថេហូយ៉ា និយាយ​ថា ពលរដ្ឋ​ខ្មែរ​មិន​គួរ​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​អំឡុង​ពេលនេះ​នោះ​ឡើយ ពីព្រោះ​ការ​ធ្វើ​បែបនេះ ប្រថុយប្រថាន​នឹង​គ្រោះថ្នាក់​ដល់​អាយុជីវិត​ផង ហើយ​អាច​នឹង​ត្រូវ​អាជ្ញាធរ​ថៃ​ចាប់​ដាក់គុក និង​ប្រឈម​ឆ្លង​ជំងឺ​កូវីដ​-១៩ ដែល​កំពុង​ផ្ទុះឡើង​ជាថ្មី​នៅ​ក្នុង​ប្រទេស​ថៃ​នោះ​ផង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។