សេដាកជំរុញឲ្យកសិករចូលប្រកួតដណ្ដើមពានរង្វាន់មេគោ១៥ក្បាលឆ្នាំ២០១៤
2014.05.31

ជាការលើកទឹកចិត្តដល់កសិករឲ្យអនុវត្តធ្វើស្រែសរីរាង្គតាមបច្ចេកទេសប្រព័ន្ធប្រពលវប្បកម្មស្រូវ តាមគោលការណ៍ធម្មជាតិ (ប.វ.ស) មជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅកាត់ថា អង្គការសេដាក (CEDAC) កំពុងជំរុញឲ្យកសិករចូលប្រកួតប្រជែងដណ្ដើមពានរង្វាន់ប្រចាំឆ្នាំ២០១៤ នូវមេគោចំនួន ១៥ក្បាល។
តើលោកអ្នកជាកសិករចង់ក្លាយជាកសិករឆ្នើម ឈ្នះបានពានរង្វាន់ដែរឬទេ?
ម្ចាស់ពានរង្វាន់លេខ១ កាលពីឆ្នាំ២០១៣ គឺលោកស្រី ញ៉ែម សុវណ្ណារី ដែលធ្វើស្រែសរីរាង្គគ្មានជាតិគីមី នឹងបង្ហាញបទពិសោធន៍ខ្លះៗពីរបៀបប្រើប្រាស់ដីទំហំតូច ធ្វើស្រែផងធ្វើចម្ការផង ដោយប្រើប្រាស់តែជីធម្មជាតិ គ្មានជីគីមី ដើម្បីជាដើមទុនខ្លះទៅដល់កសិករឯទៀត យកទៅអនុវត្ត និងទទួលបានជោគជ័យក្នុងការចូលរួមប្រកួតប្រជែងក្នុងឆ្នាំនេះ។
លោកស្រី ញ៉ែម សុវណ្ណារី មានដើមកំណើតនៅស្រុកត្រាំកក់ ខេត្តតាកែវ។ លោកស្រីត្រូវបានអង្គការសេដាក ជ្រើសរើសជាកសិករឆ្នើមដែលធ្វើស្រែតាមបច្ចេកទេសប្រព័ន្ធប្រពលវប្បកម្មស្រូវ តាមគោលការណ៍ធម្មជាតិនៅឆ្នាំ២០១៣។
លោកស្រីឲ្យដឹងថា គាត់បានទៅសិក្សាវគ្គបណ្តុះបណ្តាលជាមួយអង្គការសេដាក តាំងពីឆ្នាំ២០០៤ ពីរបៀបធ្វើស្រែសរីរាង្គគ្មានជាតិគីមី និងពីរបៀបធ្វើជីធម្មជាតិដោយខ្លួនឯង សម្រាប់ប្រើធ្វើកសិកម្ម។ ប៉ុន្តែ លោកស្រីទើបតែលូកជ្រៅ ឬអនុវត្តធ្វើស្រែប្រើជីធម្មជាតិទាំងស្រុង គ្មានជាតិគីមីចាប់ពីឆ្នាំ២០១១ មក។
លោកស្រីមានដីស្រែជាងមួយហិកតារ តែគាត់ជ្រើសរើសដីស្រែ ៣០អា នៅជិតផ្ទះងាយស្រួលថែទាំ សម្រាប់សាកល្បងធ្វើស្រែខ្លឹម ដោយអាចធ្វើស្រែផង និងដាំដំណាំរួមផ្សំផ្សេងៗ និងអាចប្រមូលផលសរុបបាន ៤ដងក្នុងមួយឆ្នាំ៖ «យើងច្រូតហើយខែ១១ ឬខែ១២ យើងដាំត្រសក់ ឪឡឹក ល្ពៅអ៊ីចឹងទៅ ដល់មុនចូលឆ្នាំមានភ្លៀងកក់ខែ ខ្ញុំចាប់ផ្តើមដាំត្រសក់ និងសណ្ដែកខៀវ ពេលវាចេញផ្កា និងក្ដឹប ខ្ញុំចាប់ផ្តើមភ្ជួរលុប ហើយស្ទូងស្រែអ៊ីអែរ ដល់ពេលប្រមូលផលអ៊ីអែរហ្នឹងហើយ ខ្ញុំចាំផ្ដើមស្ទូងស្រូវសម្រាប់ប្រឡងយករង្វាន់»។
លោស្រី ញ៉ែម សុវណ្ណារី ទទួលបានមេគោ ៣ក្បាល ជាពានរង្វាន់លេខ១ ពីអង្គការសេដាក ជាកសិករឆ្នើម ដែលអង្គការនេះទទួលស្គាល់ថា ជាអ្នកប្រើបច្ចេកទេសប្រព័ន្ធប្រពលវប្បកម្ម ត្រូវតាមគោលការណ៍ធម្មជាតិ (ប.វ.ស)។ ពេលប្រកួតនោះ លោកស្រីបានប្រើប្រាស់ផ្ទៃដីទំហំ ៣០អា ដោយជ្រើសរើសពូជបន្សុទ្ធខ្លួនឯងជាប្រភេទពូជម្លិះក្រហម។
ជាបទពិសោធន៍ផ្ទាល់ លោកស្រីរើសពូជដោយវិធីអង្គុយបកយកគ្រាប់អង្ករទុកប្រមាណ ៥គីឡូ ជាប្រភេទពូជប្រកាន់រដូវ។ គ្រាប់ពូជនោះត្រូវសាបលើផ្ទៃដីសើមល្មម ចៀសវាងការសាបលើដីដែលមានទឹកច្រើន។ ក្រោយពីសាបរួច ត្រូវយកជីកំប៉ុសទៅក្រាលពីលើ រួចយកចំបើង ឬស្លឹកដូង ក្រាលមួយជាន់ទៀត ការពារកុំឲ្យចាបចឹកស៊ី។ លោកស្រីបន្តថា លុះពេលគ្រាប់ពូជចាប់ផ្តើមដុះពន្លកតិចៗហើយនោះ លោកស្រីបានរើចំបើង ឬស្លឹកដូងនោះចេញ និងព្យាយាមស្រោចទឹកទៅលើសំណាបនោះមួយថ្ងៃម្តងៗ។ នៅពេលដែលសំណាបមានអាយុ ១៥ថ្ងៃ ទៅ ១៨ថ្ងៃហើយនោះ គឺអាចដកយកទៅស្ទូងបាន។
លោកស្រីរៀបរាប់ថា មុននឹងស្ទូង ដំបូងត្រូវពង្រាយដីស្រែឲ្យហ្មត់ជាមុនសិន រួចទ្រាប់ជីកំប៉ុស រួចភ្ជួរលុប និងរាស់ពង្រាបដីឲ្យមានផ្ទៃដីស្រែរាបស្មើ។ រីឯសំណាបដែលដកនោះ ត្រូវយកទៅស្ទូងភ្លាមៗ មិនត្រូវទុកបង្អង់យូរ ហើយត្រូវស្ទូងនៅពេលល្ងាច ដើម្បីឲ្យសន្ទូងត្រូវទឹកសន្សើមនៅស្រស់ និងមានកម្លាំង និងគប្បីកុំស្ទូងពេលព្រឹកដែលថ្ងៃជះក្តៅ ធ្វើឲ្យសន្ទូងស្វិត ឬសន្លប់។
ចំពោះវិធីស្ទូងវិញ លោកស្រី សុវណ្ណារី ប្រាប់ថា ត្រូវស្ទូងមួយដើមៗ និងឲ្យត្រង់ជួរតាមខ្សែដែលវាស់កាត់ខ្វែងលើដីស្រែដែលរាបស្មើ ហើយត្រូវស្ទូងរាក់ៗកុំកប់គល់ជ្រៅពេក។ លុះពេលសន្ទូងមានអាយុ ១៥ថ្ងៃទៅ ២០ថ្ងៃហើយនោះ គឺត្រូវយកជីកំប៉ុសដែលបម្រុងទុក ទៅរោយនៅចន្លោះគុម្ពសន្ទូង ហើយទឹកកាកសំណល់ឡជីវឧស្ម័ន ត្រូវចាក់បំពេញក្នុងចង្អូរគ្រប់រោងសន្ទូងទាំងអស់។ ការធ្វើយ៉ាងនេះ គឺធ្វើយ៉ាងណារក្សាបរិមាណទឹកក្នុងស្រែកុំឲ្យច្រើនពេក ហើយបើគោកខ្លាំង ត្រូវបង្ហូរទឹកចូលក្នុងស្រែតិចៗ ដើម្បីរក្សាសំណើមដីក្នុងស្រែ ពិសេសត្រូវបោចស្មៅក្នុងស្រែជារៀងរាល់ថ្ងៃ៖ «នៅពេលប្រមូលផលនៅរដូវធ្លាក់ភ្លៀង ដែលភាគច្រើនត្រូវនៅខែវិច្ឆិកា ដូច្នេះការជ្រើសរើសពេលវេលាល្អសម្រាប់ច្រូតជារឿងសំខាន់។ ច្រូតស្រូវនៅវេលាថ្ងៃម៉ោងចន្លោះពី ៩ ទៅម៉ោង ១០ព្រឹក ជាពេលដែលគ្រាប់ស្រូវស្ងួតទឹកសន្សើមល្អ ពេលច្រូតហើយអាចហាលសម្ងួតទុកបន្តិច មុននឹងយកផ្ទះ លុះពេលដល់ផ្ទះ ត្រូវយកកណ្ដាប់ស្រូវនោះបោក ឬបែនភ្លាមៗ កុំទុក។ ពេលព្រឹកយើងអាចហាលឲ្យស្ងួតរយៈពេល២ ទៅ ៣ថ្ងៃ»។
លោកស្រីឲ្យដឹងថា ចំពោះជីកំប៉ុសគាត់បម្រុងទុក និងសន្សំកាកសំណល់ផ្ទះបាយ និងស្លឹករុក្ខជាតិផ្សេងៗនៅជុំវិញផ្ទះ ដាក់ក្នុងរណ្ដៅជី។ រីឯទឹកឡជីវឧស្ម័ន លោកស្រីបានសន្សំលាមកគោក្របី ដាក់ក្នុងលូចំនួន ១០ម៉ែត្រគូប រួចបម្លែងជាទឹកជីសម្រាប់ស្រោចស្រពស្រូវ និងដំណាំ។ លោកស្រីបញ្ជាក់ទៀតថា អ្វីដែលសំខាន់ធ្វើឲ្យគណៈកម្មការទុកចិត្ត ថាគាត់ពិតជាអនុវត្តការធ្វើស្រែតាមគោលការណ៍ធម្មជាតិពិតប្រាកដនោះ គឺការរាយការណ៍ ឬផ្តល់ព័ត៌មានគ្រប់ពេលដល់មន្ត្រីអង្គការសេដាក ឲ្យចុះទៅពិនិត្យផ្ទាល់រាល់សកម្មភាពដែលគាត់ធ្វើ តាំងពីចាប់ផ្តើមសាបព្រោះ ការស្ទូង ដាក់ជី និងសូម្បីតែការថ្លឹងគ្រាប់ស្រូវដែលទទួលផល ជាដើម។
លោកស្រីមានបំណងដាក់ពាក្យប្រកួតប្រជែងដណ្ដើមជាកសិករឆ្នើមសម្រាប់ឆ្នាំ២០១៤ ទៀត ព្រមទាំងបានចែករំលែកបទពិសោធន៍ទាំងនោះទៅដល់កសិករ និងលើកទឹកចិត្តឲ្យពួកគាត់ចូលរួមអនុវត្តន៍ធ្វើស្រែខ្លឹម តាមគោលការណ៍ធម្មជាតិ ដើម្បីទទួលរង្វាន់មេគោ ឬមិនឈ្នះរង្វាន់ទេនោះ ក៏កសិករចំណេញទទួលបានផលស្រូវច្រើន គ្មានជាតិគីមី មិនប៉ះពាល់បរិស្ថាន និងមិនធ្វើឲ្យដីស្រែរឹងខូចគ្មានជីជាតិ៖ «ខ្ញុំក៏មិនចង់បានមេគោតែឯងដែរ ចង់ឲ្យកសិករផ្សេងទៀតធ្វើតាមដូចខ្ញុំ។ ខ្ញុំប្រាប់គាត់ថា បើសិនជាយើងមិនបានរង្វាន់ ក៏យើងបានផលច្រើនពេលយើងលក់ទៅក៏បានតែលុយ យើងដែរ សេដាក គេមិនយកលុយយើងទេ យើងធ្វើឲ្យបានផលច្រើនដើម្បីឲ្យជីវភាពយើងធូរធារ»។
ប្រធានអង្គការសេដាក លោកបណ្ឌិត យ៉ង សាំងកុមារ ពន្យល់ថា ដើម្បីក្លាយទៅជាអ្នកមាន ឬសេដ្ឋីស្រុកស្រែបាន កសិករត្រូវចេះកែប្រែដីស្រែពីការធ្វើស្រែធម្មតាតាមទម្លាប់ ទៅជាដីស្រែខ្លឹមដោយច្រូតរួច ត្រូវដាំដំណាំរួមផ្សំលើដីស្រែនោះទៀត ទើបបានផលលក់មានចំណូលច្រើន។
កសិករនៅស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង លោក អ៊ុង ទូច ឲ្យដឹងថា គាត់បានចាញ់ក្នុងការប្រកួតជ្រើសរើសកសិករឆ្នើមកាលពីឆ្នាំ២០១៣ ដោយដីស្រែគាត់ធ្វើស្រែបានតែមួយមុខ មិនគ្រប់តាមអ្វីដែលគណៈកម្មការចង់បាន គឺទិន្នផលស្រូវនៅទាប និងគាត់ធ្វើស្រែបានតែមួយមុខលើដីស្រែដាក់ចូលប្រកួតប្រជែង៖ «ចំណុចដែលខ្វះខាតនេះ ទី១ គឺយើងធ្វើបានទិន្នផលនូវបានទាប ហើយយើងធ្វើបានស្រូវបានតែមួយមុខ អ្នកឈ្នះគេមានកសិដ្ឋានមានស្រូវ មានដាំបន្លែមានប្រយោជន៍ច្រើននៅលើដីដែលគេបានធ្វើហ្នឹង»។
លោកបន្តថា សមាគមរបស់លោកគ្រោងនឹងធ្វើការប្រកួតប្រជែងថ្នាក់តំបន់មួយ ពីរបៀបនៃការធ្វើស្រែខ្លឹម ដោយមានប្រាក់រង្វាន់ខ្លះដល់អ្នកជាប់ជ័យលាភី។ ការធ្វើដូច្នេះ លោកគិតថា អាចជំរុញទឹកចិត្តឲ្យកសិករងាកទៅប្រើប្រាស់ជីធម្មជាតិ អាចទទួលបានផលច្រើនលើផ្ទៃដីតូច មុននឹងជំរុញឲ្យពួកគាត់បន្តដាក់ពាក្យប្រកួតប្រជែងនៅថ្នាក់ជាតិ ដណ្ដើមយកមេគោពីអង្គការសេដាក នៅឆ្នាំក្រោយៗទៀត។
ការប្រកួតប្រជែងដណ្ដើមយកមេគោនៅឆ្នាំ២០១៤ នេះ អង្គការសេដាក បានលើកទឹកចិត្តដល់កសិករដែលអនុវត្តបច្ចេកទេស ប.វ.ស នូវគោរហូតចំនួន ១៥ក្បាល គឺលើសពីឆ្នាំ២០១៣ ដែលមានរង្វាន់មេគោ ៦ក្បាល។ រង្វាន់កសិករឆ្នើមលេខមួយនៅក្នុងឆ្នាំ២០១៤ នេះ នឹងទទួលបានមេគោ ៥ក្បាល កសិករជាប់លេខ២ ទទួលបានមេគោ ៤ក្បាល អ្នកជាប់លេខ៣ ទទួលបាន ៣ក្បាល អ្នកជាប់លេខ៤ ទទួលបាន ២ក្បាល និងកសិករជាប់លេខ៥ ទទួលបានមេគោ ១ក្បាល។ លក្ខខណ្ឌដែលចូលរួមប្រកួតនោះ គឺកសិករត្រូវមានផ្ទៃដីស្មើ ឬធំជាង ២៥អា ត្រូវអនុវត្តតាមគោលការណ៍ និងបច្ចេកទេសប្រព័ន្ធប្រពលវប្បកម្មស្រូវ តាមគោលការណ៍ធម្មជាតិ (ប.វ.ស) មិនត្រូវប្រើប្រាស់សារធាតុគីមី ថ្នាំពុល ជីគីមី និងថ្នាំបំប៉នផ្សេងៗ និងត្រូវមានកំណត់ត្រា ឬទិន្នន័យផ្ទៃដី បរិមាណពូជ បរិមាណជី ប្រើចន្លោះគុម្ពសន្ទូង ជាដើម។
លោក យ៉ង សាំងកុមារ បារម្ភថា កសិករអាចនឹងជួបឧបសគ្គខ្លះនៅឆ្នាំនេះ ដោយធ្វើស្រែមិនសូវបានផល ដោយសារតែអាកាសក្តៅ ហើយកម្តៅបឺតយកជីវជាតិពីដី។ លោកបន្តថា កសិករធ្វើស្រែប្រើប្រាស់ជីគីមី គឺជាដើមចមនៃការបំផ្លាញដីស្រទាប់លើ និងបរិស្ថាន ខណៈអាកាសធាតុកាន់តែក្តៅខ្លាំងនៅដើមរដូវវស្សាឆ្នាំនេះ។
យ៉ាងណា អ្នកជំនាញកសិកម្មរូបនេះបានផ្តល់ដំបូន្មានដល់កសិករឲ្យកាប់មែកឈើ យកទៅគ្របលើដីស្រែដែលអាចកាត់បន្ថយកម្ដៅព្រះអាទិត្យបឺតយកជីពីដីស្រែ ឬក៏អាចដាំសណ្ដែកផ្សេងលើដីស្រែ រួចភ្ជួរលុបចោល ព្រោះវាអាចជាជីស្រស់ដែលជួយបង្កើនជីវជាតិ ឬក៏អាចសន្សំលាមកសត្វដីដំបូក ដីមមោក កាកសំណល់រុក្ខជាតិ ផ្សំធ្វើជីកំប៉ុសយកទៅចាក់លើដីស្រែ ដើម្បីឲ្យដីស្រែមានសំណើមជាប្រចាំ៕