អង្គការ សង់ត្រាល់ អំពាវនាវ​សុំ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ជា​បន្ទាន់​ករណី​សន្លប់​នៅ​រោងចក្រផលិត​ស្បែក​ជើង​ឈ្មោះ PONTUS FOOTWEAR

ដោយ ម៉ៅ សុធានី
2018-07-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក មឿន តុលា ចូល​បំភ្លឺ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា អំពី​រឿង​លុយ​បុណ្យ​សព​បណ្ឌិត កែម ឡី។
លោក មឿន តុលា ចូល​បំភ្លឺ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ឧសភា អំពី​រឿង​លុយ​បុណ្យ​សព​បណ្ឌិត កែម ឡី។
មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​ថា សង់ត្រាល់ (CENTRAL)

អង្គការសង់ត្រាល់ (Central ) នៅថ្ងៃពុធ ទី ១១ខែកក្កដា អំពាវនាវឲ្យក្រសួងការងារ ស្ថាប័នពាក់ព័ន្ធ រួមមានម្ចាស់រោងចក្រនិងក្រុមហ៊ុនបញ្ជាទិញឥវ៉ាន់ ស៊ើបអង្កេត ករណីកម្មកររោងចក្រផលិត​ស្បែក​ជើង​ឈ្មោះ​ប៉ុនតឺស ហ៊្វូតវែរ (PONTUS FOOTWEAR) ចំនួន ជាង ៦០០នាក់ បានដួលសន្លប់ រយៈ​ពេល​ពីរ​ថ្ងៃមកហើយ គឺនៅថ្ងៃ៩ និង១០ខែកក្កដា នៅខេត្តតាកែវ។ ប៉ុន្តែតួលេខខាងអាជ្ញាធរខេត្តតាកែវឲ្យដឹងថា កម្មករដួលសន្លប់រយៈពេល ២ថ្ងៃនេះ គឺមានជាង ៧០០​នាក់។

នាយកប្រតិបត្តិ​នៃ​អង្គការ សង់ត្រាល់ លោក មឿន តុលា មាន​ប្រសាសន៍​ប្រាប់​អាស៊ី​សេរី​ថា អង្គការ​របស់​លោក​ព្រួយ​បារម្ភ​ខ្លាំង ពី​ស្ថានភាព​ការងារ និង​បរិយាកាស​នៅ​ក្នុង​រោងចក្រ។ កាលពីថ្ងៃទី៩ ខែកក្កដា ជាថ្ងៃដំបូង ដែល​កម្មករ​ជាង ៤រយ​នាក់ ដួល​សន្លប់ជា​បន្ត​បន្ទាប់ មន្ត្រី​ក្រសួង​ការងារ បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដោយសារ​ឃើញ​កម្មការិនី​ម្នាក់​មុត​ដៃ​ចេញ​ឈាម។ ចំណែក​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​តាកែវ កាល​នៅ​ថ្ងៃ​ទី១១ កក្កដា ក៏​បាន​អះអាង​ថា កម្មករ​រាប់​រយ​នាក់ ដែល​ដួល​សន្លប់​ទាំង​នេះ គឺ​ដោយសារ​ភ័យ​ស្លន់ស្លោ ក្រោយ​ដែល​បាន​ឃើញ​កម្មការិនី​ម្នាក់ ព្យួរ​សារ៉ូម ដើរ​ចូល​ទៅ​ក្នុង​រោងចក្រ។

លោក មឿន តុលា បញ្ជាក់ថា ការ​អះអាង​រវាង​កម្មករ និង​មន្ត្រី​ក្រសួង​ការងារ​នេះ គឺ​មាន​ការ​ខុស​គ្នា​ខ្លាំង​ ក្រោយ​ដែល​ក្រុម​ការងារ​របស់​លោក បាន​ចុះ​ជួប​សាកសួរ​ផ្ទាល់​ជាមួយ​កម្មករ ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មក។ កម្មការិនី​ជា​ច្រើន​ឲ្យ​ដឹង​ថា ពួក​គាត់​មិន​ដឹង​មូលហេតុ​អ្វី​ទេ។ ប៉ុន្តែ នៅ​ពេល​កំពុង​ធ្វើការ​ គឺ​ម្នាក់ៗ ធំ​ក្លិន​យ៉ាង​ខ្លាំង និង​សីតុណ្ហភាព​ក្តៅ​ខ្លាំង​ក្នុង​រោងចក្រ បណ្តាល​ឲ្យ​ពួក​គាត់​អស់កម្លាំង វិលមុខ ស្លេកស្លាំង ហើយដួលសន្លប់តែម្តង។

លោក​ឲ្យ​ដឹង​ដែរ​ថា រហូត​មក​ដល់​ពេល​នេះ លោក​មិន​ទាន់​បាន​ដឹង​ថា មាន​ក្រុម​ការងារ​របស់​អាជ្ញាធរ ចុះ​ពិនិត្យ​អំពី​មូលហេតុ​នៃ​ការ​ដួល​សន្លប់​របស់​កម្មករ​ទាំង​នោះ​នៅ​ឡើយ​ទេ៖ «ការ​លើក​ឡើង​នេះ រវាង​កម្មករ និង​អាជ្ញាធរ គឺ​ខុស​គ្នា។ កម្មករ​ថា ដោយសារ​ហប់​ខ្យល់ ធុំ​ក្លិន​ជាតិ​អ្វី​ម៉្យាង និង​អត់​មាន​ខ្យល់​ចេញ​ចូល​ជា​ដើម។ អ្វី​ដែល​យើង​អាច​សន្និដ្ឋាន​បាន​មួយ គឺ​ប្រហែល​ពុំ​មាន​ចំណាត់​ការ​ទេ បាន​ជា​សន្លប់​ថ្ងៃ​ទី១ ហើយ​កម្មករ​ត្រឡប់​ចូល​ធ្វើការ​វិញ ហើយ​បន្ត​សន្លប់​ថ្ងៃ​ទី២ ទៀត។ ការ​សន្លប់​ថ្ងៃ​ទី២ និង​មាន​កម្មករ​មាន​បញ្ហា​នៅ​ថ្ងៃ​ទី៣ គឺ​បង្ហាញ​ឲ្យ​ឃើញ​ថា គ្មាន​ចំណាត់​ការ​ពី​ខាង​អាជ្ញាធរ និង​រោងចក្រ​នៅ​ឡើយ​ទេ។ ការ​លើក​ឡើង​របស់​អាជ្ញាធរ វា​អត់​ត្រឹមត្រូវ​ទេ គ្រាន់​តែ​ឃើញ​អ្នក​ព្យួរ​សារ៉ូម នាំ​គ្នា​ដួល​សន្លប់​រាប់​រយ​នាក់ ហើយ​អ៊ីចឹង​គេ​បន្តោង​សារ៉ូម​រាប់​រយ​នាក់​នៅ​មន្ទីរពេទ្យ គឺ​សន្លប់​គ្រប់​គ្នា​អស់​ហើយ»

នាយកប្រតិបត្តិនៃអង្គការ សង់ត្រាល់ លោក មឿន តុលា ក៏​បាន​ឲ្យ​ដឹង​ដែរ​ថា នៅ​ថ្ងៃ​ទី១១ ខែកក្កដា​នេះ លោក​បាន​ទទួល​ព័ត៌មាន​ថា មាន​កម្មករ​ជាង ១៣០​នាក់ មាន​អាការៈ​មិន​ស្រួល​ខ្លួន និង​ស្លេកស្លាំង ក្រោយ​ពេល​ដែល​បាន​ដើរ​ចូល​ទៅ​ក្នុង​រោងចក្រ។ ប៉ុន្តែ កម្មករ​ទាំង​នេះ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រួច​ហើយ។ លោក​បន្ត​ថា ម្ចាស់​រោងចក្រ និង​ក្រសួង​ការងារ ព្រមទាំង​អាជ្ញាធរ​ពាក់ព័ន្ធ គួរ​តែ​ពិនិត្យ​ស្ថានភាព​បរិយាកាស​រោងចក្រ​ជា​មុន​សិន មុន​នឹង​អនុញ្ញាត​ឲ្យ​កម្មករ​ចូល​ធ្វើការ​វិញ៖ «កុំ​អាល​ប្រញាប់​ឲ្យ​កម្មករ​ចូល​ធ្វើការ​នៅ​ថ្ងៃ​ទី២ គួរ​តែ​សម្អាត​កន្លែង​ធ្វើការ​ឲ្យ​ស្អាត​សិន កុំ​ឲ្យ​មាន​ក្លិន​អ្វី និង​មាន​ខ្យល់​អាកាស​ល្អ​ត្រឹមត្រូវ ចាំ​តម្រូវ​ឲ្យ​កម្មករ​ចូល​ធ្វើការ​វិញ។ ជាក់​ស្តែង​កម្មករ​សន្លប់​នៅ​ថ្ងៃ​ទី១ ថ្ងៃ​ទី២ ហើយ​ថ្ងៃ​នេះ ជា​ថ្ងៃ​ទី៣ ហើយ មាន​គេ​រាយការណ៍​ថា កម្មករ​ជាង ១៣០​នាក់ មិន​ដល់​ថ្នាក់​សន្លប់​ទេ ប៉ុន្តែ ពួក​គេ​មាន​អាការៈ​ស្លឺតស្លាំង និង​ត្រូវ​បាន​ខាង​រោងចក្រ បញ្ជូន​ពួក​គាត់​មក​មន្ទីរពេទ្យ»

ពាក់ព័ន្ធនឹងការដួលសន្លប់របស់កម្មករ​រាប់​រយ​នាក់​នេះ ប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ខេត្ត​តាកែវ លោក ម៉ឹង វីរីយ៉ា ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ដក​ស្រង់​សំដី​ថា មូលហេតុ​ដែល​កម្មករ​ជាង ៣​រយ​នាក់ ដួល​សន្លប់​ជា​បន្ត​បន្ទាប់ កាល​ពី​ថ្ងៃ​ទី១០ កក្កដា បណ្ដាល​មក​ពី​ក្រុម​កម្មករ បាន​ឃើញ​កម្មការិនី​ម្នាក់ ព្យួសឺរ៉ូម នៅ​ជាប់​នឹង​ដៃ ទៅ​បើក​ប្រាក់​ខែ ស្រាប់​តែ​កម្មករ​ដទៃ​ទៀត​ភ័យ​ស្លន់ស្លោ ក៏​សន្លប់​បន្ត​បន្ទាប់។

 

ចំណែកឯស្នងការនគរបាល​ខេត្ត​តាកែវ លោក សុខ សំណាង វិញ ត្រូវ​បាន​សារព័ត៌មាន​ក្នុង​ស្រុក​ដក​ស្រង់​សម្ដី​ថា ករណី​កម្មករ​ជាង ៤​រយ​នាក់ ដួល​សន្លប់​នៅ​ថ្ងៃ​ដំបូង​ទី៩ ខែកក្កដា គឺ​ផ្តើម​ចេញ​ពី​កម្មការិនី​ម្នាក់ បាន​គាប​ដៃ​ជាមួយ​ម៉ាស៊ី​ដេរ ហើយ​បាន​ស្រែក​បន្លឺ​ឡើង ស្រាប់​តែ​កម្មករ​ផ្សេង​ទៀត​ឃើញ ភ័យ​រន្ធត់​បណ្តាល​ឲ្យ​ដួល​សន្លប់​ជា​បន្ត​បន្ទាប់។

ទោះជាមានការអះអាងខុសគ្នា​យ៉ាង​នេះ​ក៏​ដោយ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ថា សហជីព​សិក្សា​ឃើញ​ថា កម្មករ​ដែល​ចូល​ធ្វើ​ការ​រោងចក្រ​ចាប់​ពី ៦​ខែ​ឡើង​ទៅ សុខភាព​នឹង​ចាប់​ផ្ដើម​ចុះ​ទន់​ខ្សោយ ងាយ​នឹង​ប្រឈម​ការ​តក់​ស្លុត ឬ​ដួល​សន្លប់​នៅ​ពេល​រន្ធត់​រឿង​អ្វី​មួយ។ លោក អាត់ ធន់ បន្ដ​ថា ការ​ចុះ​ទន់​ខ្សោយ​ដោយសារ​កម្មករ​ហិត​ក្លិន​ជាតិ​គីមី​ក្នុង​ក្រ​ណាត់ និង​បរិយាកាស​រោងចក្រ​នៅ​តែ​គ្មាន​ស្ដង់ដារ​ខ្យល់​ចេញ​ចូល​ត្រឹម​ត្រូវ។

 

រោងចក្រផលិតស្បែងជើងឈ្មោះ ប៉ុនតឺស ហ៊្វូតវែរ (PONTUS FOOTWEAR LTD) ស្ថិត​នៅ​តាម​ផ្លូវ​ជាតិ​លេខ ៣ ឃុំ​តាភេម ស្រុក​ត្រាំកក់ ខេត្ត​តាកែវ មាន​កម្មករ​ធ្វើការ​សរុប​ជាង ៤​ពាន់​នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល