សង់ត្រាល់​ប្រារព្ធ​ទិវា​អ្នក​ចំណាក​ស្រុក​អន្តរជាតិ ជំរុញ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​ភាព​ស្រប​ច្បាប់ និង​កិច្ច​គាំពារ​សង្គម​ដល់​ពលករ​ចំណាក​ស្រុក

ដោយ មាន ឫទ្ធិ
2022.12.18
សង់ត្រាល់​ប្រារព្ធ​ទិវា​អ្នក​ចំណាក​ស្រុក​អន្តរជាតិ ជំរុញ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​ភាព​ស្រប​ច្បាប់ និង​កិច្ច​គាំពារ​សង្គម​ដល់​ពលករ​ចំណាក​ស្រុក មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ដែរហៅកាត់ថាសង់ត្រាល់ បានប្រារព្ធទិវា ពលករចំណាកស្រុកអន្តរជាតិលើកទី២៣ នៅខេត្តចំនួន៤ រួមមាន ខេត្តកំពង់ធំ ខេត្តសៀមរាប​ខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។
រូប៖ សង់ត្រាល់ (Central)

មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) ប្រារព្ធ​ទិវា​អ្នក​ចំណាក​ស្រុក​អន្តរជាតិ លើក​ទី២៣ នៅ​ថ្ងៃទី១៨ ខែធ្នូ នៅ​ទីតាំង​ចំនួន​៩ផ្សេង​គ្នា ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​ភាព​ស្រប​ច្បាប់ និង​កិច្ច​គាំពារ​សង្គម​ដល់​ពលករ​ចំណាក​ស្រុក។

ទិវា​អ្នក​ចំណាក​ស្រុក​អន្តរជាតិ​របស់​អង្គការ​សង់ត្រាល់​នេះ មាន​អ្នក​ចូលរួម​សរុប​ជាង​៩រយនាក់ (៩៣២នាក់ពួកគេ​ទាំង​នោះ​គឺជា​អតីត​ពលករ​ចំណាក​ស្រុក គ្រួសារ​ពលករ​ចំណាក​ស្រុក ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស​ជា​ដើម។ អ្នក​ចូលរួម​កម្មវិធី​ទាំង​នេះ បាន​ដង្ហែ​ក្បួន​ផ្សព្វផ្សាយ​ពី​វិធី​ធ្វើ​ចំណាក​ស្រុក​ប្រកប​ដោយ​សុវត្ថិភាព និង​រៀបចំ​ជា​វេទិកា​សហគមន៍​ចំនួន​៩​ទីតាំង​ផ្សេង​គ្នា នៅ​តាម​បណ្ដា​ខេត្ត​ចំនួន៤ រួម​មាន​ខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ និង​ខេត្តបាត់ដំបង។

មន្ត្រី​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសក៍ នៃ​អង្គការ​សង់ត្រាល់ (CENTRAL) កញ្ញា ទ្រី សុភា ប្រាប់​វិទ្យុអាស៊ីសេរី​ថា គោលបំណង​នៃ​ការ​ប្រារព្ធ​ទិវា​អ្នក​ចំណាក​ស្រុក​អន្តរជាតិ​នេះ​គឺ​មាន​៣ ទី១ គឺ​ចង់​ផ្សព្វផ្សាយ​អំពី​ការ​ធ្វើ​ចំណាក​ស្រុក​ប្រកប​ដោយ​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ។ គោល​បំណង​ទី២ គឺ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​ធ្វើ​ចំណាក​ស្រុក​របស់​ពលករ​ខ្មែរ​ទៅ​ធ្វើ​ការ​នៅ​បរទេស ជា​ពិសេស​ទៅ​កាន់​ប្រទេសថៃ។ គោលបំណង​ចុង​ក្រោយ គឺ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ផ្ដល់​កិច្ច​គាំពារ​សង្គម​ដល់​ពលករ​ចំណាក​ស្រុក ពេល​ដែល​ពួកគេ​ត្រឡប់​មក​រស់​នៅ​ក្នុង​ប្រទេស​វិញ។ កញ្ញា ទ្រី សុភា បន្ថែម​ថា មូលហេតុ​ដែល​ពលករ​ខ្មែរ​ភាគច្រើន​សម្រេច​ចិត្ត​ធ្វើ​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់ គឺ​ដោយសារ​នីតិវិធី​នៃ​ការ​ធ្វើ​ចំណាក​ស្រុក​មាន​លក្ខណៈ​ស្មុគស្មាញ ត្រូវ​ចំណាយ​ថវិកា​ច្រើន និង​រយៈពេល​យូរ៖

«មែនទែន​ទៅ​គឺ​យើង​ព្យាយាម​ប្រូម៉ូត ហ្សេរ៉ូ រីគ្រូតមិន ហ្វ្រី (Promote Zero Recruitment Fees) ដែល​ការ​ចំណាយ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ធ្វើ​ចំណាក​ស្រុក​របស់​ពលរដ្ឋ​កម្ពុជា វា​គួរតែ​ជា​បន្ទុក​របស់​ថៅកែ វា​មិន​គួរ​ជា​បន្ទុក​របស់​កម្មករ​ទេ អញ្ចឹង​បើ​កាលណា​ដែល​គាត់​អាច​ទៅ​ដោយ​មិន​ចំណាយ​ប្រាក់​ពី​ហោប៉ៅ​របស់​គាត់ ធ្វើ​ឱ្យ​គាត់​អាច​ស្វែង​រក​ការ​ចំណាក​ស្រុក​មួយ​តាម​ប្រព័ន្ធ ដែល​សមរម្យ​ដែល​គាត់​អាច​ទៅ​ដោយ​អត់​មាន​បង់​ថវិកា។ តាម​ពិត​អាហ្នឹង​គឺជា​អ្វី​ដែល​យើង​ចង់​ឃើញ»

កន្លងមក អង្គការ​សង់ត្រាល់​បាន​ប៉ាន់​ស្មាន​ថា ក្នុង​ចំណោម​ពលករខ្មែរ​ធ្វើការ​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​នៅ​ប្រទេសថៃ ជិត២លាននាក់ (.០០០.០០០នាក់មាន​ពលករ​ធ្វើ​ចំណាក​ស្រុក​ដោយ​ស្រប​ច្បាប់​ត្រឹមតែ​ជាង ១៥ម៉ឺននាក់ (១៥០.០០០នាក់តែប៉ុណ្ណោះ។ ដោយ​ឡែក​របាយការណ៍​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ បាន​បង្ហាញ​ថា​ពលករ​ខ្មែរ​ដែល​មាន និង​មិនមាន​កិច្ច​ព្រមព្រៀង​ធ្វើ​ចំណាក​ស្រុក​ផ្លូវការ​នៅ​ក្នុង​ប្រទេស​ថៃ​មាន​សរុប ចំនួន​១លាន៣សែននាក់ (.៣០០.០០០នាក់)។ ប្រជាពលករ​ខ្មែរ​នៅ​តែ​ជ្រើសរើស​យក​ការ​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ដោយ​លួច​លាក់​តាម​ច្រក​របៀង ដោយសារ​ពួកគេ​មិន​មាន​លុយ​គ្រប់គ្រាន់​ដើម្បី​បំពេញ​នីតិវិធី​ធ្វើ​ចំណាក​ស្រុក​ដោយ​ស្របច្បាប់ ខណៈ​ពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​ដែល​សម្រេច​ចិត្ត​ធ្វើ​ចំណាក​ស្រុក គឺ​ដោយសារ​ពួកគេ​គ្មាន​ការងារ​ធ្វើ និង​មាន​ជីវភាព​ក្រីក្រ។ ប្រធាន​កម្មវិធី​ប្រឆាំង​ការ​ជួញដូរ​មនុស្ស និង​ទេសន្តរប្រវេសក៍ នៃ​អង្គការ​សង់ត្រាល់ លោក ឌីថេ ហូយ៉ា ធ្លាប់​បាន​លើក​ឡើង​ថា ៨០ភាគរយ (៨០%) នៃ​ពលករ​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ថៃ គឺ​បណ្ដាល​មក​ពី​ជំពាក់​បំណុល​ធនាគារ​វ័ណ្ឌក ដូច្នេះ​ហើយ​ពួកគេ​ត្រូវ​បង្ខំ​ចិត្ត​ធ្វើ​ចំណាក​ស្រុក ដើម្បី​រក​ចំណូល​ផ្គត់ផ្គង់​ជីវភាព និង​សង​បំណុល​ធនាគារ។

ជុំវិញ​ការ​ប្រារព្ធ​ទិវា​អ្នក​ចំណាក​ស្រុក​អន្តរជាតិ​លើក​ទី២៣​នេះ អ្នក​ប្រឹក្សា​អំពី​ការ​ធ្វើ​ការ​ចំណាក​ស្រុក​ដោយ​សុវត្ថិភាព នៃ​អង្គការ​សង់ត្រាល់ ប្រចាំ​ឃុំកំរើល ស្រុកពួក ខេត្តសៀមរាប លោក ឆិម ឈា ប្រាប់​វិទ្យុអាស៊ីសេរី​ថា នៅ​ឃុំ​របស់​លោក​មាន​អ្នក​ចូលរួម​ដង្ហែ​ក្បួន​ផ្សព្វផ្សាយ​ពី​ការ​ធ្វើ​ចំណាក​ស្រុក​ដោយ​សុវត្ថិភាព​ជាង​១រយនាក់(១០៥នាក់) ដោយមាន​ជិះ​គោយន្ត​ចំនួន​៨គ្រឿង។ លោក​បន្ថែម​ថា ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​របស់​លោក ភាគ​ច្រើន​បាន​ធ្វើ​ការ​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់ ព្រោះ​ពួកគេ​ត្រូវការ​ធ្វើ​ចំណាក​ស្រុក​ឱ្យ​បាន​លឿន ដើម្បី​រក​ចំណូល​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។ លោក​បន្ថែម​ថា កន្លង​មក​ប្រជាពលរដ្ឋ​ខ្លះ​ដែល​ដាក់​ពាក្យ​ធ្វើ​ចំណាក​ស្រុក​តាម​ក្រុមហ៊ុន ត្រូវ​ចំណាយ​លុយ​អស់​រហូត​ដល់​៥រយដុល្លារអាមេរិក (៥០០ដុល្លារអាមេរិកដើម្បី​ធ្វើ​ឯកសារ​ចំណាក​ស្រុក ហើយ​ពេល​ខ្លះ​ទម្រាំ​អាច​ធ្វើ​ចំណាក​ស្រុក​បាន គឺ​ត្រូវ​ចំណាយ​ពេល​ដល់​៦ខែ​ក៏​មាន។ លោក ឆិម ឈា យល់​ឃើញ​ថា រដ្ឋាភិបាល​គួរ​លើក​កម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​តាម​រយៈ​ការ​ផ្ដល់​ការងារ​ដែល​មាន​ប្រាក់​ខែ​សមរម្យ និង​រក​ទីផ្សារ​លក់​ផលិតផល​ជូន​ដល់​កសិករ ដើម្បី​កាត់​បន្ថយ​កុំ​ឱ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ធ្វើ​ចំណាក​ស្រុក​ដោយ​ខុស​ច្បាប់៖

«ឧទាហរណ៍ យើង​ដាំ​បន្លែ​បាន​ហើយ​មាន​ទីផ្សារ​កសិកម្ម​មួយ​ដែល​អាច​លក់​បាន​តម្លៃ​សមរម្យ ខ្ញុំ​គិត​ថា​ប្រជាពលរដ្ឋ​ខ្មែរ​អត់​មាន​នរណា​ចង់​ចេញ​ពី​ស្រុក​កំណើត​ទេ ព្រោះ​ខ្ញុំ​ក៏​ជា​ប្រជាពលរដ្ឋ​ក្រ​មួយ​រូប​ដែល​ធ្លាប់​ឆ្លងកាត់​បញ្ហា​ហ្នឹង​ច្រើន អញ្ចឹង​ខ្ញុំ​ក៏​យល់ថា គ្មាន​នរណា​ចង់​ចាកចេញ ចោល​ប្រពន្ធ​ចោល​កូន ចោល​គ្រួសារ​ទេ»

ជុំវិញ​ការ​លើក​ឡើង​នេះ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ដឹកនាំ​ការ​បង្ក្រាប​ការ​ជួញដូរ និង​រត់​ពន្ធ​មនុស្ស លោកស្រី ជូ ប៊ុនអេង ប្រាប់​វិទ្យុអាស៊ីសេរី​ថា តម្លៃ​នៃ​ការ​ធ្វើ​នីតិវិធី​ចំណាក​ស្រុក​របស់​រដ្ឋាភិបាល​មិន​ថ្លៃ​ខ្ពស់​នោះ​ទេ បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ជិតខាង។ លោកស្រី​មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​ប្រជាពលរដ្ឋ​ចំណាយ​ថវិកា​ច្រើន គឺ​បណ្ដាល​មក​ពី​ពលករ​មិន​ធ្វើ​ឯកសារ​ដោយ​ខ្លួន​ឯង​ផ្ទាល់ ហើយ​ឱ្យ​ក្រុមហ៊ុន​រក​កម្រៃ​ជើងសា​ធ្វើ​ឱ្យ៖

«ដោយសារ​មាន​ពេល​ខ្លះ​គាត់​នៅ​ប្រទេសថៃ​ស្រាប់ ហើយ​នៅ​ពេល​ដែល​គាត់​ធ្វើការ​ទំនាក់ទំនង គាត់​ទាក់ទង​ជាមួយ​និយោជក ឬ​មួយ​ក៏​ទាក់ទង​ជា​មួយ​អ្នក​រត់ការ ហើយ​គាត់​អត់​បាន​ស្ដាប់​អ្វី​ដែល​យើង​បាន​ជម្រាប​គាត់​ទេ»

បើ​តាម​អង្គការ​សង់ត្រាល់ ក្នុង​ឆ្នាំ២០២២នេះ ពលករ​ខ្មែរ​ធ្វើ​ចំណាក​ស្រុក​ដោយ​ខុសច្បាប់​ដែល​ត្រូវ​បាន​ឃាត់​ខ្លួន​ចំនួន៩២ករណី គឺ​ស្មើនឹង​ជាង​២ពាន់នាក់ (,១២១នាក់ហើយ​ក្នុង​នោះ​៤០ភាគរយ(៤០%) គឺជា​ស្ត្រី និងកុមារ។ អង្គការ​សង់ត្រាល់​រក​ឃើញ​ថា ការ​ធ្វើ​ចំណាក​ស្រុក​តាម​ប្រព័ន្ធ​ផ្លូវការ ឬ អឹម.អូ.យូ (MOU) មាន​ការ​លំបាក​ខ្លាំង ដោយ​ពលករ​ម្នាក់​ត្រូវ​ចំណាយ​ថវិកា​ចន្លោះ​ពី៣០០ ទៅ ៥០០ដុល្លារអាមេរិក និង​ត្រូវ​រងចាំ​ចន្លោះ​ពី១ខែ ទៅ​ដល់​៦ខែ​ទើប​អាច​ធ្វើ​ចំណាក​ស្រុក​ដោយ​ស្រប​ច្បាប់​បាន។ កន្លង​មក ក៏​ធ្លាប់​មាន​ករណី​ជាច្រើន​ដែល​ពលករ​ខ្មែរ ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ច​ថៃ​បាញ់​សម្លាប់ និង​ចាប់​ខ្លួន​ដាក់​ពន្ធនាគារ​ក្នុង​ពេល​លួច​ឆ្លង​ដែន​ដោយ​ខុសច្បាប់​ចូល​ទៅ​ក្នុងទឹកដីថៃ។ ជាមួយ​គ្នា​នេះ​ពលករ​ខ្មែរ​ជា​ច្រើន​ដែល​ទៅ​ធ្វើការ​ដោយ​ខុស​ច្បាប់ ក៏​ត្រូវ​បាន​ថៅកែ​ថៃ​រំលោភ​សិទ្ធិ​ការងារ ដោយ​បង្ខំ​ឱ្យ​ធ្វើការ​លើស​ម៉ោង និង​មិន​បើក​ប្រាក់​ខែ​ឱ្យ​ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។