លោក ជា មុនី ប្រកាស​ឈប់​ធ្វើ​ជា​មេ​ដឹក​នាំ​សហជីព​សេរី​កម្មករ​កម្ពុជា​នៅ​អាណត្តិ​ក្រោយ

ដោយ ឡេង ម៉ាលី
2015-07-20
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
២២-មករា-២០១៣៖ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី ថ្លែង​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​គម្រប់​ខួប ៩​ឆ្នាំ នៃ​ការ​បាញ់​សម្លាប់​លោ ជា វិជ្ជា នា​រាជធានី​ភ្នំពេញ។
២២-មករា-២០១៣៖ ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី ថ្លែង​ក្នុង​ពិធី​គោរព​វិញ្ញាណក្ខន្ធ​គម្រប់​ខួប ៩​ឆ្នាំ នៃ​ការ​បាញ់​សម្លាប់​លោ ជា វិជ្ជា នា​រាជធានី​ភ្នំពេញ។
RFA/Den Ayuthyea

លោក ជា មុនី បាន​ដឹក​នាំ​សហជីព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាង ១០​ឆ្នាំ​មក​ហើយ ដែល​ដឹក​នាំ​បន្ត​ពី​បង​ប្រុស​បង្កើត​របស់​លោក គឺ​លោក ជា វិជ្ជា ដែល​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ឆ្នាំ​២០០៤ មក​នោះ។ ឥឡូវ​នេះ លោក ជា មុនី បាន​ប្រកាស​ចង់​លាលែង​ពី​តួនាទី​ជា​ប្រធាន​នេះ​ទៅ​វិញ។

តើ​មូលហេតុ​អ្វី​បាន​ជា លោក ជា មុនី គ្រោង​នឹង​ឈប់​ធ្វើ​ជា​ប្រធាន​សហជីព​បែប​នេះ?

លោក ជា មុនី បាន​ប្រកាស​មិន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះ​ឆ្នោត​ជា​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា ទេ នៅ​ក្នុង​សមាជ​អាណត្តិ​ខាង​មុខ​នេះ។

ការ​ប្រកាស​ជំហរ​របស់ លោក ជា មុនី បាន​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​ជាមួយ​មន្ត្រី​សហជីព​ពី​តាម​ខេត្ត-រាជធានី​ចំនួន ១៤០​នាក់ នា​ទីស្នាក់ការ​សហជីព​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៩ កក្កដា៖ «ខ្ញុំ​ជាប់​ឆ្នោត​តាំង​ពី​ឆ្នាំ​២០០៤ ក្រោយ​ពី​គេ​បាញ់​សម្លាប់ លោក ជា វិជ្ជា មក​ដល់​បច្ចុប្បន្ន​ហ្នឹង គឺ​វា​មាន​រយៈពេល ១១​ឆ្នាំ​ហើយ ហើយ​ខ្ញុំ​ជម្រាប​ទៅ​សមាជិក​សមាជិកា​ជា​មេ​ដឹក​នាំ​ទាំងអស់​ហ្នឹង​ថា ខ្ញុំ​មិន​ឈរ​ជា​មេ​ដឹក​នាំ​នៅ​អាណត្តិ​ក្រោយ​ទេ ពេល​សមាជ។ អ៊ីចឹង ឲ្យ​លោក​លោកស្រី​ទាំងអស់​ហ្នឹង ត្រៀម​នៅ​ពេល​ដែល​យើង​ធ្វើ​សមាជ សុំ​ឲ្យ​មាន​ការ​ដាក់​ឈ្មោះ​ឈរ​ឈ្មោះ​អី ដើម្បី​មេ​ដឹក​នាំ​សហជីព​ហ្នឹង»

ការ​មិន​ឈរ​ឈ្មោះ​របស់ លោក ជា មុនី ត្រូវ​បាន​មន្ត្រី​ថ្នាក់​ក្រោម​ខ្លះ​នៃ​សហជីព​សេរី​កម្មករ​កម្ពុជា គាំទ្រ។ អគ្គ​ហិរញ្ញិក​នៃ​សហជីព​សេរី​កម្មករ​កម្ពុជា គឺ​លោក ខឹម ចាន់ណា មាន​ប្រសាសន៍​ថា ការ​មិន​ឈរ​ឈ្មោះ​របស់ លោក ជា មុនី ជា​ប្រធាន​អាណត្តិ​ក្រោយ​នេះ ក៏​ជា​គំនិត​ល្អ​មួយ​ដែល​នឹង​ផ្ដល់​ឱកាស​ដល់​ស្ត្រី ដែល​ស្រប​ទៅ​តាម​សង្គម​ប្រជាធិបតេយ្យ ដែល​មាន​ការ​ផ្លាស់​ប្ដូរ​មេ​ដឹក​នាំ​បែប​នេះ៖ «ខ្ញុំ​គាំទ្រ​គាត់​ដោយសារ​គាត់​បញ្ជាក់​ប្រាប់​ហើយ​ថា ឲ្យ​ស្ត្រី​ឈរ​ឈ្មោះ​មែន ប៉ុន្តែ​គាត់​នឹង​ជួយ​ផ្ដល់​ជា​យោបល់ ជួយ​ជា​ទីប្រឹក្សា។ គាត់​មិន​មែន​ដើរ​ចេញ​ហ្នឹង​បាត់​តែ​ម្ដង​ទេ។ មាន​ន័យ​ថា គាត់​នៅ​ទី​ហ្នឹង​ដដែល។ ប៉ុន្តែ​គាត់​ចង់​លើក​កម្ពស់​ស្ត្រី​ហ្នឹង​ឲ្យ​ចេះ​នៅ​ក្នុង​សង្គម របប​នយោបាយ​ក្នុង​ការ​ដឹក​នាំ​អង្គការ​សហជីព​យើង​ហ្នឹង ឲ្យ​ស្ត្រី​មាន​បទពិសោធន៍​ឲ្យ​បាន​ច្រើន។ ខាង​សហជីព​ខ្ញុំ​ហ្នឹង ភាគ​ច្រើន​ធ្វើ​ការ​ជាមួយ​ស្ត្រី គឺ​សហជីព​ធ្វើ​ការ​ជួយ​សិទ្ធិ​កម្មករ ជួយ​ការពារ​ផល​ប្រយោជន៍​កម្មករ ហើយ​កម្មករ ៩៩% ជា​ស្ត្រី។ អ៊ីចឹង ខាង​ប្រធាន​ខ្ញុំ​ហ្នឹង គាត់​ចង់​លើក​កម្ពស់​ស្ត្រី​ឲ្យ​គាត់​បាន​យល់​ពី​ទឹក​ចិត្ត​ស្ត្រី​ដូច​គ្នា»

លោក ជា មុនី ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​មន្ត្រី​សហជីព​ពី​តាម​ខេត្ត-រាជធានី ១៤០​នាក់​នោះ ក៏​ជួប​ជាមួយ លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បង្ហាញ​ពី​ការ​ចង់​ជួយ​រៃ​អង្គាស​ថវិកា​សម្រាប់​បើក​ស្ថានីយ​ទូរទស្សន៍​ព្រះអាទិត្យ​ដែរ។

ហេតុផល​នៃ​ការ​គ្រោង​ឈប់​ឈរ​ឈ្មោះ​បោះ​ឆ្នោត​សម្រាប់​ប្រធាន​សហជីព​សេរី​កម្មករ​កម្ពុជា លោក ជា មុនី ថ្លែង​ថា លោក​ចង់​ទៅ​ធ្វើ​កិច្ចការ​សង្គម​វិញ​ទូលាយ​ជាង៖ «បើ​សិន​ជា​ខ្ញុំ​នៅ​ដឹក​នាំ​អ៊ីចឹង មើល​ទៅ​អត់​មាន​ការ​រីក​ចម្រើន​ប៉ុន្មាន​ទេ ព្រោះ​មេ​ដឹក​នាំ​ដដែលៗ​អ៊ីចឹង ឲ្យ​មាន​មេ​ដឹក​នាំ​ថ្មី​ទៅ គំនិត​ថ្មី អារម្មណ៍​ថ្មី ហើយ​ណា​មួយ​ទៀត ខ្ញុំ​ចង់​ផ្លាស់​ប្ដូរ​ពី​ការ​ដឹក​នាំ​សហជីព ទៅ​ជា​អ្នក​ចលនា​សង្គម​មួយ​វិញ ព្រោះ​ខ្ញុំ​គិត​ថា ចលនា​សង្គម​វា​មាន​លក្ខណៈ​ទូលំទូលាយ​ជាង។ មេ​ដឹក​នាំ​សហជីព​ហ្នឹង​ជួយ​បាន​តែ​កម្មករ​កម្មការិនី ដើម្បី​ឲ្យ​ប្រាក់​បៀវត្សរ៍​ខ្ពង់ខ្ពស់ លក្ខខណ្ឌ​ការងារ សិទ្ធិ​សេរីភាព​ថ្នាក់​ដឹក​នាំ​សហជីព​ទេ តែ​បើ​យើង​ធ្វើ​ចលនា​សង្គម យើង​គិត​ថា​ជួយ​បាន​ច្រើន​ជាង បាន​ទៅ​ដល់​ប្រជាពលរដ្ឋ មិន​មែន​តែ​កម្មករ​ទេ ប្រជាពលរដ្ឋ​ស្អី​ក៏​យើង​អាច​ជួយ​បាន​ច្រើន​ជាង»

ទោះ​បី​ជា​លោក​ថ្លែង​ដូច្នេះ​ក្ដី លោក​មិន​បដិសេធ​នឹង​ការ​ចូលរួម​ចលនា​នយោបាយ​ទេ ព្រោះ​លោក​អះអាង​ថា លោក​ជា​កោសិកា​គណបក្ស​នយោបាយ​ប្រឆាំង​ស្រាប់ ចាប់​តាំង​ពី​គណបក្ស​ជាតិ​ខ្មែរ គណបក្ស សម រង្ស៊ី និង​បច្ចុប្បន្ន​ជា​គណបក្ស​សង្គ្រោះ​ជាតិ។ លោក​មាន​ប្រសាសន៍​ថា ប្រសិន​បើ​លោក​ធ្វើ​ចលនា​សង្គម​ចូលរួម​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ពេល​ខាង​មុខ គឺ​លោក​គ្រាន់​តែ​ចង់​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ឈាន​ទៅ​ដឹក​នាំ​ប្រទេស​ល្អ​ប៉ុណ្ណោះ។

លោក ជា មុនី កន្លង​មក​ក៏​ធ្លាប់​ធ្វើ​ការ​ទាមទារ​រក​យុត្តិធម៌​យ៉ាង​សកម្ម​ជូន​បង​ប្រុស​បង្កើត​របស់​លោក គឺ​លោក ជា វិជ្ជា ដែល​ឃាតក​បាញ់​សម្លាប់​កាល​ពី​ឆ្នាំ​២០០៤។ លោក ជា មុនី តែង​តែ​លេច​មុខ​ដឹក​នាំ​ធ្វើ​បាតុកម្ម​កន្លង​មក ដើម្បី​ទាមទារ​ផល​ប្រយោជន៍​ជូន​កម្មករ ក្រោយ​ពី​ការ​បាត់​បង់ លោក ជា វិជ្ជា ក្នុង​រយៈពេល​ជាង ១០​ឆ្នាំ​មក​នេះ។

ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី លោក ជា មុនី បញ្ជាក់​ថា ការ​ប្រកាស​នៅ​ពេល​នេះ គឺ​ជា​ការ​បង្ហាញ​ចេតនា​បឋម​ដល់​មន្ត្រី​ថ្នាក់​ក្រោម​របស់​លោក​ឲ្យ​ត្រៀម​ខ្លួន ប៉ុន្តែ​ពេលវេលា​ធ្វើ​សមាជ​ពិត​ប្រាកដ នៅ​មិន​ទាន់​មាន​ទេ ដោយសារ​មិន​ទាន់​មាន​ថវិកា​សម្រាប់​ការ​រៀបចំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

Somnang

ពី Phnom Penh

ហេតុអីជាមុន្នី ? ខ្ញុំពីមុនខ្ញុំតែងតែ គិតថាអ្នកឯករាជ្យ បានលះបង់ជីវិតដើម្បី សេចក្តីសុខកម្មករ ! តែពេលនេះ អ្នកជាមនុស្ស ក្នុងចំណោម មនុស្ស ធន់នេះ យកកម្មករ ជាក្របីចំលងអំណាច ! សូមអ្នកឯករាជ្យឯទៀត កុំអាលប្រកាស់ខ្លួន ។

Jul 20, 2015 10:27 AM

គេហទំព័រ​ទាំងមូល