សំណុំ​រឿង​គ្រោះ​ថ្នាក់​ចរាចរណ៍​ទាក់ទង​លោក ជាម យៀម មិន​ទាន់​បញ្ចប់

ស្នងការ​នគរបាល​ខេត្ត​កណ្ដាល បាន​បញ្ជូន​សំណុំ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​បុក​ហើយ​រត់ ដែល​បណ្ដាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​ស្លាប់ និង​ប្ដី​រង​របួស​ធ្ងន់ ក្នុង​ស្រុក​កៀនស្វាយ ទៅ​សាលា​ដំបូង​ខេត្ត។ សំណុំ​រឿង​ដែល​ពាក់ព័ន្ធ​នឹង​រថយន្ត​របស់ លោក ជាម យៀប សមាជិក​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា នៅ​មិន​ទាន់​បិទ​បញ្ចប់​នៅ​ឡើយ ថ្វី​ត្បិត​តែ​មាន​ការ​ផ្ដល់​ប្រាក់​ទំនុក​បម្រុង​ដល់​អ្នក​រងគ្រោះ​យ៉ាង​ណា​ក្ដី។
ដោយ ខែ សុណង
2013-11-28
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន។
តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប ផ្ដល់​បទ​សម្ភាសន៍​ដល់​អ្នក​សារព័ត៌មាន។
Photo: RFA

ជន​រងគ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ បាន​អះអាង​ថា រូប​គេ​នឹង​មិន​ប្ដឹង​ផ្ដល់​ចំពោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ដែល​ពាក់ព័ន្ធ​នឹង​រថយន្ត​ដឹក លោក ជាម យៀប សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា ឡើយ បើ​ទោះ​បី​ជា​រូប​គេ​បាន​រង​របួស​ធ្ងន់ ហើយ​បាត់​បង់​ប្រពន្ធ និង​កូន​ក្នុង​ផ្ទៃ​ក្ដី។

លោក មឿន ថា អាយុ ២៦​ឆ្នាំ ដែល​កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២៨ វិច្ឆិកា ថា គ្មាន​មូលហេតុ​ទេ​ចំពោះ​ការ​សម្រេច​មិន​ប្ដឹង​ផ្ដល់​ចំពោះ​ករណី​នេះ។ ប៉ុន្តែ លោក​ស្នើ​សុំ​ឲ្យ លោក ជាម យៀប បន្ត​ជួយ​ចំណាយ​ថ្លៃ​ព្យាបាល​របួស​ដល់​រូប​គាត់​បន្ត​ទៀត និង​ទិញ​ម៉ូតូ​ថ្មី​ឲ្យ​គាត់​វិញ ពីព្រោះ​ម៉ូតូ​នោះ​បាន​ខូច​ខាត​ទាំង​ស្រុង។

លោក មឿន ថា៖ «ត្រូវ​ជិត​ក្រលៀន​ផង ហើយ​និង​ត្រូវ​ជិត​ជើង​ខាង​ឆ្វេង ដើរ​អត់​កើត​ផង​ខ្ទាំ ឈឺ ក្បាល ក៏ប៉ុន្តែ​ត្រូវ​ភ្នែក ហើយ​ធ្មេញ​បាក់។ បុក​ទៅ​ខ្ញុំ​សន្លប់ ខ្ញុំ​អត់​បាន​មើល​បង ព្រោះ​ដៃ​ម្ខាង​កាន់​ចង្កេះ​ប្រពន្ធ ដៃ​ម្ខាង​កាន់​ឥវ៉ាន់។ ខ្ញុំ​គ្មាន​សល់​អី​ទេ ព្រោះ​ថា​ប្រពន្ធ​ខ្ញុំ និង​ខ្ញុំ នឹង​សន្សំ​ទម្រាំ​បាន​ម៉ូតូ​ហ្នឹង​មួយ។ គាត់​ជួយ​មើល​ខ្ញុំ​មើល​អ៊ីចឹង ខ្ញុំ​អ៊ីចឹង​អត់​ប្ដឹង​ផង គ្រាន់​តែ​ពិបាក​ចិត្ត​មិន​ដឹង​គិត​អី​ចេញ ព្រោះ​ប្រពន្ធ​ក៏​ស្លាប់​ហើយ កូន​អាយុ ២​ខែ​ក៏​ស្លាប់​ទៀត ប្ដឹង​ក៏​ពិបាក​ដែរ​បង​អើយ មនុស្ស​ដែល​ស្លាប់​ហើយ​មិន​ដែល​រស់​ឡើង​វិញ​ទេ មិន​ចង់​ឲ្យ​មាន​រឿង​វែង​ឆ្ងាយ»

គ្រោះថ្នាក់​ចរាចរណ៍​ដែល​ពាក់ព័ន្ធ​នឹង​រថយន្ត​របស់ លោក ជាម យៀប នេះ បាន​កើត​ឡើង​កាល​ពី​ថ្ងៃ​សុក្រ ទី​២២ វិច្ឆិកា នៅ​ចំណុច​ស្ពាន​ព្រែក​យួន ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល បណ្ដាល​ឲ្យ​បុរស​ឈ្មោះ មឿន ថា អាយុ ២៦​ឆ្នាំ​ជា​ប្ដី រង​របួស​ធ្ងន់ និង​ប្រពន្ធ​ឈ្មោះ ពិន សុភា មាន​ផ្ទៃ​ពោះ ២​ខែ​ស្លាប់ នៅ​ពេល​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​កាល់ម៉ែត្រ។ ប៉ុន្តែ គ្រោះថ្នាក់​ចរាចរណ៍​ដែល​បង្ក​ដោយ​អ្នក​បើក​រថយន្ត​ដឹក លោក ជាម យៀប មិន​បាន​ចុះ​មក​ដោះស្រាយ​បញ្ហា​ភ្លាមៗ​នោះ​ទេ ដោយ​ឲ្យ​មេធាវី លោក ការ សាវុត្ថ ដោះស្រាយ​បញ្ហា​ជំនួស។

គ្រួសារ​ជន​រងគ្រោះ បាន​ឲ្យ​ដឹង​ថា ចាប់​ពី​ថ្ងៃ​មាន​គ្រោះថ្នាក់​មក តំណាង លោក ជាម យៀប បាន​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​នានា​ដល់​គ្រួសារ​សព ទាំង​ថ្លៃ​មន្ទីរពេទ្យ ដឹក​ជញ្ជូន និង​ធ្វើ​បុណ្យ បាន​ចំនួន ២.៣០០​ដុល្លារ។ រីឯ​អ្នក​របួស​វិញ គឺ​ចេញ​ថ្លៃ​ព្យាបាល​អស់​ចំនួន ១.១៥០​ដុល្លារ។ យ៉ាង​ណា ពួក​គេ​បាន​ថ្លែង​អំណរ​គុណ និង​អំពាវនាវ​ឲ្យ​មាន​ការ​ជួយ​ទំនុក​បម្រុង​បន្ត​ទៀត។

ទាក់ទង​បញ្ហា​នេះ ស្នងការ​នគរបាល​ខេត្ត​កណ្ដាល លោក អៀវ ចំរើន មាន​ប្រសាសន៍​ថា លោក​បាន​បញ្ជូន​សំណុំ​រឿង​នេះ​ទៅ​ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង ដើម្បី​ធ្វើ​ការ​ស៊ើប​អង្កេត និង​ចាត់​ការ​បន្ត។ លោក​ថា ករណី​គ្រោះថ្នាក់​នេះ គឺ​បណ្ដាល​មក​ពី​អ្នក​បើក​ម៉ូតូ​ជិះ​លឿន ជិះ​ខុស​ច្បាប់​ចរាចរណ៍ ហើយ​បើក​ទៅ​បុក​រថយន្ត​ដឹក លោក ជាម យៀប។

ប៉ុន្តែ លោក មឿន ថា បុរស​រងគ្រោះ​អះអាង​ថា ប្រពន្ធ​របស់​គាត់​បើក​ម៉ូតូ​ម៉ាក​ធូដេ (Today) ឌុប​លោក​ក្នុង​ល្បឿន​យឺត​ប៉ុណ្ណោះ តែ​ដោយ​ជៀស​នឹង​អ្នក​បើកបរ​ផ្សេង​ទៀត ស្រាប់​តែ​រេ​ចង្កូត​ប៉ះ​រថយន្ត​ដែល​កំពុង​បើក​លឿន​បញ្ច្រាស​ទិស​គ្នា​នោះ​ទៅ៖ «ម៉ូតូ​ហ្នឹង​បង​ដឹង​ស្រាប់​ហើយ យឺត​ហ្នឹង ផ្លូវ​ហ្នឹង​ឡាន​បើក​លឿន ព្រោះ​ផ្លូវ​ឆ្ងាយៗ ពេល​ហ្នឹង​ខ្ញុំ​ចាំ​បាន​ថា គ្រាន់​តែ​ប្រពន្ធ​ខ្ញុំ​កាច់​ចង្កូត​បន្តិច​ត្រូវ​នឹង​ឡាន​ហ្មង»

យ៉ាង​ណា​ក៏ដោយ លោក​មេធាវី ការ សាវុត្ថ តំណាង លោក ជាម យៀប មាន​ប្រសាសន៍​ថា លោក ជាម យៀប បាន​ជួយ​ឧបត្ថម្ភ​ករណី​នេះ​រហូត ពុំ​មាន​ការ​គេចវេះ​នោះ​ទេ ហើយ​លោក​នៅ​តែ​បន្ត​ជួយ​ចំណាយ​ថ្លៃ​ព្យាបាល​បន្ត​ទៀត។ ចំណែក​សំណើ​សុំ​ម៉ូតូ​ថ្មី​នោះ ប្រហែល​ជា​ត្រូវ​គិតគូរ​ដែរ៖ «មាន​មតិ​ខ្លះ​ថា គាត់​គេចវេះ​ស្អី​អី​ណា​ចេះ​តែ​ថា គាត់​តេ​មក​ហៅ​ខ្ញុំ​ភ្លាម។ ខ្ញុំ​ចុះ​ទៅ​ភ្លាម ហើយ​ពី​ពេល​នោះ​ធម្មតា​ទេ យើង​ដឹង​ពី​មក ច្បារ​អំពៅ មក​ព្រែកឯង មក​ដល់​ទី​ហ្នឹង តាំង​ពី​សង្គម​មក ឲ្យ​តែ​បុក​មិន​រហ័ស​រត់ គេ​វាយ​ងាប់ អ៊ីចឹង​អង្គរក្ស​គាត់​ដឹង​គាត់​វាស​ទៅ​ហ្មង»

ជន​រងគ្រោះ​ជា​ប្ដី​នៅ​បន្ត​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត្រ។ ស្រប​ពេល​គ្នា​នេះ ក្រុម​គ្រួសារ​ជន​រងគ្រោះ​បាន​ធ្វើ​ពិធី​បុណ្យ​គម្រប់ ៧​ថ្ងៃ ឲ្យ​សព​ស្ត្រី​ជា​ប្រពន្ធ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ វិច្ឆិកា នៅ​ឯ​ខេត្ត​តាកែវ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (10)
Share

តាសូរ

ពី តាកែវ

បណ្ឌិតរដ្ឋខំរត់ និងដោះផ្លាកលេខដែរតាស តែវាចង្រៃមានអាអ្នកចំណាំផ្លាកលេខបាន​ហ្នឹងណា!!! បើខ្លាចគេវ៉ៃមែន ប៉ុស្ត៌police ជិតហ្នឹងមានម្តេចមិន​ចូល​ហៅទៅវាស់វែងសិន មិចចាំរត់មកដល់ភ្នំពេញ??? ជាអកុសលសំរាប់ខ្មែរពេកណាស់ ដែលមានអ្នកធ្វើច្បាប់ ជាន់ឈ្លីច្បាប់ ខ្វះការទទួលខុសត្រូវ​ និងយកទំលាប់បាតផ្សារបែបនេះ ដើម្បីគេចវេស ់់់់់់់់់់់់់់់់

Nov 29, 2013 08:34 PM

អ្នក​អាន​អនាមិក

The new law will be drafted and passed by H.E. Cheam Yeap soon. Here what the new law will say: “Any vehicles, motorcycles or Khmer people who DO NOT get out of H.E. Cheam Yeap way and get run over by Cheam Yeap drivers will be at fault and the victims are subjected to severe fine and imprisonments”. If ALL Khmer people don’t wake up and fight for freedom & justice for themselves, no one will fight for them. These are the type of laws that the CPP will continue pass and Khmer people will continue to suffer with no end in sight!

Nov 29, 2013 07:26 PM

អ្នក​អាន​អនាមិក

Would like to see this lawmaker does, and how will Mr. Prime Minister's cronies judge decides, one by one Hun Sen's cronies bad Karma will come out by itself. Folks, you do not have to do anything, you can see in your own eyes in this present situation.

Nov 29, 2013 02:10 PM

កូនខ្មែរ

ពី ភព

គួរឱ្យសង្វេគណាស់ជីវិតប្រជារាស្រ្តខ្មែរនិងទារកមិនទាន់កើតមាន
តម្លៃតែ២-៣ពាន់ដុល្លាអាមេរិក។តើដល់ពេលណាទៅទើបរាស្រ្តខ្មែរ
យើងចេះឱ្យតម្លៃជីវិតខ្លួនឯងស្មើឬក៏លើសតម្លៃជីវិតអស់លោកមន្រ្តី
ទាំងនោះ?។សូមរាស្រ្តខ្មែរកុំភ្លេចថាអស់លោកទាំងនោះជាបម្រើរបស់
រាស្រ្តមិនមែនជាចៅហ្វាយរបស់រាស្រ្តទេ។








Nov 29, 2013 01:39 PM

អ្នក​អាន​អនាមិក

ពី Ottawa

When I'm living in Cambodia,I never heard the name PREK YUON who give this name and when?
The law in Canada,even you pay the money to the victim,but you have to go to jail.In Cambodia,it easy the life of poor people have no value for the rich.

Nov 29, 2013 09:02 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល