កុមារ​អូស​រទេះ​ស៊ីឈ្នួល​ដឹក​អីវ៉ាន់​នៅ​ផ្សារ​រ៉ុងក្លឿ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ

ដោយ ជី វិតា
2017-12-19
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
កម្មករ​អូស​រទេះ​ដឹក​ទំនិញ​ចេញ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ រូបថត​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៥
កម្មករ​អូស​រទេះ​ដឹក​ទំនិញ​ចេញ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ រូបថត​ថ្ងៃ​ទី​២៧ ខែ​ឧសភា ឆ្នាំ​២០១៥
RFA/Hum Chamroeun

ផ្សារ​រ៉ុងក្លឿ ជា​ផ្សារ​ច្រក​ទ្វា​អន្តរជាតិ​មួយ ឋិត​នៅ​ក្នុង​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ដែល​ជាប់​ព្រំប្រទល់​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។ ទោះជា​ផ្សារ​នេះ​ជា​ផ្សារ​របស់​ថៃ​ ពិតមែន ក៏​ប៉ុន្តែ​អាជីវករ​លក់ដូរ​ទំនិញ​សព្វសារពើ​ភាគ​ច្រើន​បំផុតគឺជា​ជនជាតិ​ខ្មែរ។ អ្នកខ្លះ​ធ្វើជា​កម្មករ​ជញ្ជូន​អីវ៉ាន់។ ពលរដ្ឋ​ខ្មែរ​ទាំងនេះ ចូល​មក​ក្នុង​ទឹកដី​ថៃ​នៅ​ពេល​ព្រឹក ហើយ​ត្រឡប់​ចូល​ទៅ​កម្ពុជា​វិញ​នៅ​ពេល​ល្ងាច។

ប្រជាពលរដ្ឋ​ខ្មែរ ដែល​នៅ​ផ្សារ​រ៉ុងក្លឿ​ប្រកប​របរ​ទទួលទាន​ចិញ្ចឹមជីវិត​តាមរបៀប​ផ្សេងៗ​គ្នា។ ក្រៅពី​អ្នក​លក់ដូរ ថៅកែ នៅ​មាន​អ្នក​ខ្លះ​ទៀត ប្រកប​របរ​ជា​អ្នក​រត់​រ៉ឺម៉ក​កង់​បី ហើយ​មាន​អ្នក​ខ្លះ​ទៀត ប្រកប​របរ​លក់​កម្លាំង​អូស​រទេះ​ស៊ីឈ្នួល​ដឹក​អីវ៉ាន់​ឱ្យ​ភ្ញៀវ ដែល​ចេញចូល​តាម​ច្រកទ្វារ​អន្តរជាតិ​មួយ​នេះ។ ក្នុង​ចំណោម​អ្នក​មក​ប្រកប​របរជា​អ្នក​អូស​រទេះ​ទាំងនេះ មាន​មនុស្ស​ពេញវ័យ បុរស ស្ត្រី ហើយ​គេ​ក៏​សង្កេតឃើញ​មាន​មនុស្ស​វ័យ​ក្មេងៗ ជា​យុវជន និង​កុមារ​ផងដែរ។

យុវជន និង​កុមារ​ទាំងនេះ បាន​បោះបង់​ពេលវេលា និង​ការសិក្សា​របស់​ខ្លួន​ងាក​មក​ប្រកប​របរ​អូស​រទេះ​ស៊ីឈ្នួល​ដឹក​អីវ៉ាន់​ឱ្យ​គេ នៅ​ផ្សារ​រ៉ុងក្លឿ​នេះ។ ដូចជា​យុវជន វ៉ា ម៉ាញ យុវជន វេង វៃ កុមារា ពិសី ជាដើម។

កម្មករ​វ័យ ១៦​ឆ្នាំ មកពី​ខេត្ត​កំពង់ធំ​មួយ​រូប ដែល​និយាយ​មួយៗ ប្រាប់ថា គាត់​រៀន​បាន​ត្រឹម​ថ្នាក់​ទី​៤ ប៉ុណ្ណោះ ហើយ​គាត់​មក​ទីនេះ​ជាមួយ​បង​តាំងពី​អាយុ ១០​ឆ្នាំ​ម្ល៉េះ៖ «យក​មក​តាំងពី​តូច។ យក​មក​រើស​អេតចាយ។ យូរៗ ឃើញ​គេ​អូស​រទេះ​បាន​អ៊ីចឹង ចេះ​តែ​ធ្វើ​តាម​គេ​ទៅ។ រៀន​ផង​អូស​ផង សង្វាត​រកតែ​លុយ​ពេក លែង​បាន​ចូលរៀន»

កម្មករ​វ័យ​ក្មេងៗ ប្រាប់​ហេតុផល​ដូចៗ គ្នា​ថា មូលហេតុ​ដែល​នាំ​ឱ្យ​ពួកគាត់​សម្រេចចិត្ត​ចាក​ចេញពី​ស្រុក​កំណើត បោះបង់​ការ​សិក្សា មក​ប្រកប​របរ​រុញ​រទេះ​បែបនេះ គឺ​ព្រោះតែ​ភាព​ក្រីក្រ ហើយ​ខ្លួន​យល់ថា​ចាំបាច់ ត្រូវតែ​ជួយ​រក​ចំណូល​ឱ្យ​ឪពុកម្ដាយ ដើម្បី​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ។ កុមារ វេង វៃ និយាយ​ថា គាត់​មក​រក​លុយ ដើម្បី​ជួយ​ដោះ​បំណុល​ម្ដាយ៖ «ណាមួយ​ម៉ែ​គាត់​ជំពាក់​គេ​ពេក។ ខ្ចី​លុយ​គេ​ពី​ស្រុក​មក។ អត់​មាន​លុយ​ធ្វើ​កាត​ចូល​ខ្ចី​លុយ​គេ​មក​ធ្វើ​កាត​ចូល»

កម្មករ វេង វៃ បន្ត​ថា ការ​ស៊ីឈ្នួល​អូស​រទេះដឹក​អីវ៉ាន់​ឱ្យ​គេ​សព្វថ្ងៃ​នេះ រក​ចំណូល​បាន​មិន​ទៀងទាត់​ទេ៖ «ថ្ងៃ​ណា​បាន​ច្រើន គឺ​ច្រើន ថ្ងៃ​ណា​បាន​តិច គឺ​តិច មួយ​ថ្ងៃ​បួន ឬ​ប្រាំ​ម៉ឺន (រៀល)។ បើ​ថ្ងៃ​បុណ្យ​ទាន​អ៊ីចឹង បាន​ច្រើន មួយ​ពាន់ (បាត) ជាង។ បើ​ថ្ងៃ​ណា​អត់ បាន​ពីរ​បី​រយ ឬ​បួន​ប្រាំ​រយ ដឹក​ខោអាវ កាបូប គេ​ទិញ​យក​ទៅ​លក់​នៅ​ខាង​ខ្មែរ​វិញ។ ជួនកាល​គេ​អ្នក​ចុះ​មកពី​ថៃ គេ​យួរ​កាន់​អត់​កើត»

ករណី​របស់​កុមារ វេង វៃ ក៏​មាន​ភាព​ដូចគ្នា​នឹង​ករណី​របស់​យុវជន វ៉ា ម៉ាញ ដែរ។ ហេតុតែ​ចង់បាន​លុយ​ច្រើន​បន្តិច យុវជន វ៉ា ម៉ាញ ប្រឹង​អូស​រទេះដឹក​អីវ៉ាន់​ធំ​សំពោង​តែ​ម្នាក់​ឯង។ ខំ​អូស​រទេះ​បាន​ឆ្ងាយ​បន្តិច យុវ​កម្មករ វ៉ា ម៉ាញ ដាក់​គូថ​អង្គុយ​សម្រាក​យក​កម្លាំង​បន្តិច។ ហត់​! ជា​ពាក្យសម្ដី​ដំបូង​របស់ ម៉ាន បន្លឺ​ឡើង​ពេល​ដាក់​គូថ​អង្គុយ។ ម៉ាញ​ប្រាប់​ថា គាត់​មាន​វ័យ ១៩​ឆ្នាំ មកពី​ខេត្ត​ត្បូងឃ្មុំ។ ម៉ាញ រៀន​បាន​ថ្នាក់​ទី​៧។ គាត់​ទើបតែ​មក​ប្រកប​របរ​អូស​រទេះ​បាន​ពីរ​បី​ថ្ងៃ​ទេ។ អីវ៉ាន់​ដែល​គាត់​កំពុង​អូស​នេះ គឺ​គាត់​ម៉ៅ​ពី​គេ​ទម្ងន់​មួយ​តោន ដើម្បី​ដូរ​យក​កម្រៃ​ពលកម្ម​ចំនួន​ជាង ៤០០​បាត ដែល​ស្មើ​នឹង​ប្រមាណ ១៣​ដុល្លារ។ ឆ្លើយ​នឹង​សំណួរ​របស់​អាស៊ីសេរី​ថា ហេតុអ្វី​បានជា​ប្អូន​ចាប់​យក​មុខរបរ​នេះ? យុវជន ម៉ាញ ឆ្លើយ​ថា គាត់​មក​ប្រកប​របរ​នេះ ព្រោះ​គ្មាន​ជម្រើស​ការងារ​ផ្សេង៖ «បើ​អត់​មាន​ការងារ​ធ្វើ មិន​ធ្វើ​ការងារ​នេះ។ បើ​យើង​អត់​បាន​រៀន​ខ្ពង់ខ្ពស់​មានការ​ងារ​ធ្វើ​ផង មិន​មក​ធ្វើ​ការងារ​អ៊ីចឹង!»

យុវជន ម៉ាញ បញ្ជាក់​បន្ថែម​ថា គាត់​នឹង​មិន​ចាប់​យក​មុខរបរ​អូស​រទេះដឹក​អីវ៉ាន់​បែបនេះ​ជា​រៀង​រហូត​ទេ៖ «ធ្វើ​ពេល​ដែល​យើង​កំពុងតែ​ពិបាក​សិន។ មុខរបរ​នេះ ចាប់​រហូត​អត់​កើត​ទេ បើ​និយាយ​ទៅ»

ពេល​យុវជន វ៉ា ម៉ាញ អូស​រទេះ​ចេញ​ផុត​ទៅ នៅ​ឯ​ចិញ្ចើមថ្នល់​ម្ខាង​ទៀត មាន​កុមារ​ខ្លះ​កំពុង​អង្គុយ​លើ​រទេះ​រង់ចាំ​ភ្ញៀវ។ មិន​ឆ្ងាយ​ប៉ុន្មាន​ទីនោះ មាន​កុមារា​ម្នាក់​កំពុង​លើក​អីវ៉ាន់​របស់​ភ្ញៀវ​ដាក់​លើ​រទេះ។ កុមារ​ម្នាក់​នេះ​ប្រាប់​ថា គាត់​មាន​ឈ្មោះថា ពិសី អាយុ ១៣ឆ្នាំ។

កុមារា ពិសី និយាយ​ថា គាត់​មក​អូស​រទេះ​នេះ​ជាមួយ​ឪពុក​របស់​គាត់។ កុមារា​រូប​នេះ សព្វថ្ងៃ​នៅ​រៀន​មួយ​ពេល ហើយ​មួយ​ពេល​ទៀត ឆ្លៀត​មក​ជួយ​អូស​រទេះ​ឪពុក​គាត់។ កុមារ​ពិសី និយាយ​ថា គាត់​ចង់​មាន​ពេលវេលា​រៀនសូត្រ​ពេញលេញ ដូច​កុមារ​ដទៃ​ទៀត​ដែរ។ ប៉ុន្តែ​គាត់​ត្រូវ​ជួយ​រកប្រាក់​បញ្ជូន​ទៅ​ឱ្យ​ម្ដាយ​នៅ​ឯ​ខេត្ត​ព្រៃវែង ដើម្បី​ដោះ​បំណុល​ផង និង​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ផង។ ពិសី ត្អូញត្អែរ​ថា សព្វថ្ងៃ​នេះ​ជួប​ការ​លំបាក​ក្នុង​ការ​រៀនសូត្រ ព្រោះ​តែ​រវល់​មក​ជួយ​អូស​រទេះ​រកលុយ​ឱ្យ​ឪពុក​ផ្ញើ​ទៅ​ម្ដាយ​នៅផ្ទះ​ឯ​ស្រុកកំណើត។

កុមារ និង​យុវ​កម្មករ​អូស​រទេះ​ទាំងនេះ នៅតែ​ចង់​បន្ត​ការសិក្សា​របស់​ខ្លួន​ទៀត ដើម្បី​ឱ្យ​មានឱកាស​រក​ការងារ​ធ្វើ​បាន​ប្រសើរ​ជាង​នេះ ព្រោះ​ពួកគាត់​យល់​ឃើញ​ថា ការ​ប្រកប​របរ​ប្រើ​កម្លាំង​បែបនេះ នឹង​មិន​អាច​នៅ​ឋិតថេរ​បាន​យូរ​ឆ្នាំ​ទេ​សម្រាប់​ពួកគាត់។ ប៉ុន្តែ ទោះជា​យុវជន វ៉ា ម៉ាញ កុមារា វេង វៃ និង ពិសី ប្រាថ្នា​ចង់បាន​ការសិក្សា និង​បន្ត​ការរៀនសូត្រ​ដូច​កុមារ និង​យុវជន​ដទៃ​ទៀត​ក្ដី ក៏​ពួកគាត់​និយាយ​ថា គ្មាន​រំពឹង​ថា នឹង​អាច​វិលត្រឡប់​ទៅ​បន្ត​ការសិក្សា​របស់​ខ្លួន​វិញ​បានទេ ព្រោះ​រៀន​មិន​ចូល​ពេល​ដែល​រស់នៅ​ក្នុង​ស្ថានភាព​ទុគ៌ត​ដូច​បច្ចុប្បន្ន​នេះ។ ពួកគាត់​ពោល​ថា មានតែ​ផ្លាស់ប្ដូរ​មុខរបរ​ផ្សេង​ក្រៅពី​ការ​ប្រើ​កម្លាំង​ស៊ីឈ្នួល​អូស​រទេះដឹក​អីវ៉ាន់​នេះ​ប៉ុណ្ណោះ ទើប​ប្រហែល​មាន​ឱកាស​ត្រឡប់​ទៅ​សាលារៀន​វិញ ប៉ុន្តែ​ក្ដី​ស្រមៃ​នេះ​ហាក់​ស្ថិតនៅ​ឆ្ងាយ​ដូច​ជើងមេឃ​សម្រាប់​ពួកគេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល