Freedom House រកឃើញ ថា រដ្ឋាភិបាល​កុម្មុយនិស្ត​ចិន​កំពុង​ពង្រីក​ឥទ្ធិពល​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​សាកល

ដោយ មាន ឫទ្ធិ
2022.09.09
Share on WhatsApp
Share on WhatsApp
Freedom House រកឃើញ ថា រដ្ឋាភិបាល​កុម្មុយនិស្ត​ចិន​កំពុង​ពង្រីក​ឥទ្ធិពល​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​សាកល របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក (Freedom House) ។
Screenshot

អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក (Freedom House) រកឃើញ​ថា រដ្ឋាភិបាល​កុម្មុយនិស្ត​ចិន​កំពុង​ពង្រីក​ឥទ្ធិពល​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជា​សាកល​។ ការ​រក​ឃើញ​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​ក្នុង​របាយការណ៍​មួយ​ទើបនឹង​ចេញផ្សាយ​ដោយ​អង្គការ​នេះ ដាក់​ចំណងជើង​ថា «ឥទ្ធិពល​របស់​ក្រុង​ប៉េកាំង​ទៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សាកល ការពង្រីក​ឥទ្ធិពល​នៃ​របប​ផ្ដាច់ការ និង​ភាព​ធន់​ស៊ាំ​នៃ​អំណាច​ប្រជាធិបតេយ្យ»

អង្គការ​នេះ​បាន​សិក្សា​លើ​ស្ថានភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ប្រទេស​គោលដៅ​ចំនួន​៣០​នៅ​លើ​សាកលលោក ដោយ​ពុំ​មាន​រាប់បញ្ចូល​កម្ពុជា​នោះ​ទេ ក្នុង​រយៈពេល​ចាប់ពី​ខែមករា ឆ្នាំ​២០១៩ ដល់​ខែធ្នូ ឆ្នាំ​២០២១​។ អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក បាន​រក​ឃើញ​ថា ក្នុងចំណោម​ប្រទេស​គោលដៅ​ទាំងនោះ ប្រទេស និង​ដែនដី​ចំនួន​១៨ កំពុង​ទទួលរង​នូវ​ការពង្រីក​ឥទ្ធិពល «​កម្រិត​ខ្ពស់​» «​ខ្ពស់​បំផុត​» ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ពី​សំណាក់​រដ្ឋាភិបាល​កុម្មុយនិស្ត​ចិន។ ប្រទេស​ទាំងនោះ រួម​មាន​សហរដ្ឋអាមេរិក ចក្រភព​អង់គ្លេស (U.K) អូស្ត្រាលី (Australia) និង​កោះ​តៃវ៉ាន់ (Taiwan) ជាដើម។

របាយការណ៍​រក​ឃើញ​ថា គណបក្ស​កុម្មុយនិស្ត​ចិន (CCP) និង​ភ្នាក់ងារ​របស់​ខ្លួន កំពុង​ប្រើប្រាស់​នូវ​យុទ្ធវិធី​បែប​បង្ខិតបង្ខំ និង​មាន​លក្ខណៈ​ស្មុគ្មស្មាញ​កាន់តែ​ខ្លាំង​ឡើងៗ ដើម្បី​ធ្វើ​ឱ្យ​មាន​ឥទ្ធិពល​ទៅលើ​ព័ត៌មាន​នានា​ ដែល​ប្រព័ន្ធ​ផ្សព្វផ្សាយ​យក​មក​ចុះផ្សាយ និង​ដាក់​សម្ពាធ​មិន​ឱ្យ​មានការ​រាយការណ៍​ព័ត៌មាន​បែប​រិះគន់​ទៅលើ​ប្រទេស​ចិន​។ យុទ្ធវិធី​បែប​បង្ខិតបង្ខំ​ទាំងនោះ​ រួមមាន​ដូចជា ការឃោសនា​ដោយ​រដ្ឋអំណាច​ចិន​បញ្ជ្រាប​ចូល​ទៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស យុទ្ធនាការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ការ​រឹតត្បិត​សេរីភាព​នៃ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន ការចែក​ចាយ​ខ្លឹមសារ​ព័ត៌មាន​ដោយ​ក្រុមហ៊ុន​ទូរគមនាគមន៍​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ចិន និង​ការនាំចេញ​នូវ​ម៉ូ​ដែល​គ្រប់គ្រង​ព័ត៌មាន​របស់​បក្ស​កុម្មុយនិស្ត​ចិន​ទៅ​ប្រទេស​ដទៃ។

របាយការណ៍​របស់​អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក រក​ឃើញ​ដែរ​ថា លទ្ធភាព​របស់​ក្រុម​ប្រទេស​និយម​ប្រជាធិបតេយ្យ​ក្នុង​ការ​ប្រឆាំង​ទៅ​នឹង​ឥទ្ធិពល​មក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​បក្ស​កុម្មុយនិស្ត​ចិន មាន​លក្ខណៈ​មិន​ស៊ីសង្វាក់​គ្នា គួរ​ឱ្យ​ព្រួយបារម្ភ​។ អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក ផ្តល់​អនុសាសន៍​ថា ដើម្បី​ឱ្យ​លទ្ធិប្រជាធិបតេយ្យ​មាន​ភាព​ធន់​ស៊ាំ​យូរអង្វែង​តទៅ​មុខ​បាន ចាំបាច់​ត្រូវ​មាន​ការ​ឆ្លើយ​តប​ដែល​មាន​លក្ខណៈ​ព្រមៗ​គ្នា​រវាង​រដ្ឋាភិបាល អង្គភាព​ព័ត៌មាន សង្គម​ស៊ីវិល និង​ក្រុមហ៊ុន​បច្ចេកវិទ្យា ជាដើម។

បើ​ទោះ​បី​ជា​កម្ពុជា​មិន​ស្ថិត​ក្នុង​ចំណោម​ក្រុម​ប្រទេស​គោលដៅ​នៃ​ការសិក្សា​អំពី​ឥទ្ធិពល​របស់​បក្ស​កុម្មុយនិស្ត​ចិន​មក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅក្នុង​ប្រទេស​នេះ​ក៏ដោយ ក៏​នា​រយៈពេល​ចុងក្រោយ​នេះ ប្រព័ន្ធ​ផ្សព្វផ្សាយ​គាំទ្រ​ដោយ​រដ្ឋអំណាច​ចិន បាន​ពង្រីក​ឥទ្ធិពល​របស់​ខ្លួន​ចូលក្នុង​សង្គម​កម្ពុជា និង​កំពុង​រីក​ដុះដាល​ដូច​ផ្សិត គួរ​ឱ្យ​កត់​សម្គាល់។ ជាក់ស្តែង ការបង្កើត​សមាគម​អ្នកកាសែត​កម្ពុជា​-​ចិន ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ជា​ភាសា​ចិន​ដោយសារ​ព័ត៌មាន​ក្នុងស្រុក​មួយចំនួន កិច្ច​សហប្រតិបត្តិការ​រវាង​ក្រុមហ៊ុន​ចិន និង​ក្រសួងមហាផ្ទៃ​កម្ពុជា​ឱ្យ​បង្កើត​ស្ថានីយ៍​ទូរទស្សន៍ Nice TV ក្នុង​បរិវេណ​ក្រសួង​មហាផ្ទៃ និង​ការ​អនុញ្ញាត​ឱ្យ​វិទ្យុ​មិត្តភាព​កម្ពុជា​-​ចិន ផ្សាយ​តាម​បង់ FM ជាដើម​។ របាយការណ៍​នានា​កាល​ពី​ដើម​ឆ្នាំ​២០២១ កន្លង​ទៅ រក​ឃើញ​ថា នៅ​កម្ពុជា ចិន​បាន​បង្កើត​ស្ថានីយ​វិទ្យុ ទូរទស្សន៍ កាសែត និង​ទស្សនា​វដ្តី ទាំង​ការ​បោះពុម្ព​ផ្ទាល់ និង​ការផ្សាយ​នៅ​លើ​អនឡាញ មិន​តិច​ជា ២៥ អង្គភាព​ឡើយ ក្នុង​នោះ​ស្ថាប័ន​របស់​ចិន​ខ្លះ​ផ្សាយ​ជា​បី​ភាសា គឺ​ភាសា​ចិន ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស​។ ក្រៅ​ពី​នេះ រដ្ឋាភិបាល​កម្ពុជា បាន​បង្កើត​ច្រក​ទ្វារ​អ៊ីនធឺណិត​ជាតិ ដែល​ត្រូវ​គេ​មើល​ឃើញ​ថា ជា​ការ​ចម្លង​យក​បច្ចេកវិទ្យា​ឈ្លប​យក​ការណ៍ និង​ច្រោះ​ព័ត៌មាន​ដ៏​សម្បើម​របស់​ចិន មក​អនុវត្ត​នៅ​កម្ពុជា។

អ្នកជំនាញ​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ជានា​យក​ប្រតិបត្តិ​នៃ​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា (​ហៅ​កាត់​ថា ខេមបូចា) លោក ណុប វី ប្រាប់ វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី​៨ ខែ​កញ្ញា ថា បច្ចុប្បន្ន​មិនទាន់​មាន​ការសិក្សា​ជាក់លាក់​ណាមួយ​អំពី​ឥទ្ធិពល​របស់​បក្ស​កុម្មុយនិស្ត​ចិន ឬ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មក​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​នៅឡើយ​ទេ ស្រប​ពេល​ដែល​រដ្ឋាភិបាល​កម្ពុជា​ពុំ​ទាន់​បង្ហាញ​តម្លាភាព​អំពី​តួលេខ​នៃ​អង្គភាព​ព័ត៌មាន​ឬ​ក្រុមហ៊ុន​ព័ត៌មាន​របស់​ចិន​នៅក្នុង​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា​។ ទោះ​យ៉ាងណា លោក​បារម្ភ​ថា ការ​កើនឡើង​នៃ​ឥទ្ធិពល​របស់​ចិន​នៅក្នុង​វិស័យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​កម្ពុជា អាច​នឹង​ប៉ះពាល់​ដល់​សេរីភាព​សារព័ត៌មាន និង​ធ្វើ​ឱ្យ​លទ្ធិ​ប្រជាធិបតេយ្យនៅ​កម្ពុជា​កាន់តែ​ធ្លាក់ចុះ ដោយសារតែ​ចិន​សាប​ព្រួស​នូវ​មនោគមន៍​នយោបាយ​បែប​កុម្មុយនិស្ត​របស់​ខ្លួន៖ «​ឥទ្ធិពល​នយោបាយ​ចិន គឺ​ចិន​ជា​ប្រទេស​កុម្មុយនិស្ត​។ អ៊ីចឹង ខ្ញុំ​ជឿ​ថា ការ​ផ្សព្វផ្សាយ​របស់​ពួកគាត់ ខ្ញុំ​គិតថា វា​នឹង​មិន​មាន​ទំនោរ​នៅក្នុង​ការ​ផ្សព្វផ្សាយ​ដើម្បី​លើកកម្ពស់​សេរីភាព​បញ្ចេញមតិ លើកកម្ពស់​សិទ្ធិមនុស្ស ឬមួយ​ក៏​លើកកម្ពស់​នូវ​លទ្ធិប្រជាធិបតេយ្យ​ទេ ពីព្រោះ​ឥទ្ធិពល​ឬមួយ​ក៏​នយោបាយ​ចិន​គឺជា​នយោបាយ​កុម្មុយនិស្ត។ អ៊ីចឹង គាត់​ធ្វើ​ម៉េច​អាច​ផ្សព្វផ្សាយ​អំពី​រឿង​សិទ្ធិមនុស្ស រឿង​សេរីភាព​បញ្ចេញមតិ និង​សេរីភាព​សារព័ត៌មាន ឬ​ប្រជាធិបតេយ្យ នោះ​គឺជា​អ្វី​ដែល​យើង​អាច​ដឹង​...»

កម្ពុជា​ជាប់​លេខ ១៤២ ក្នុង​ចំណោម ១៨០​ប្រទេស ក្នុង​សន្ទស្សន៍​សេរីភាព​ព័ត៌មាន​ឆ្នាំ​២០២២ របស់​អង្គការ​អ្នករាយការណ៍​ព័ត៌មាន​គ្មាន​ព្រំដែន (Reporters Without Borders) ដែល​មានន័យថា កម្ពុជា​នៅតែ​បន្ត​ស្ថិត​ក្នុងចំណោម​ក្រុម​ប្រទេស​ដែល​មាន​សេរីភាព​សារព័ត៌មាន​អាក្រក់ និង​រឹតត្បិត​ខ្លាំង​។ អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក ចាត់ទុក​កម្ពុជា​ជា​ប្រទេស «​មិន​សេរី​» ក្នុង​សន្ទស្សន៍ សេរីភាព​ពិភពលោក​ឆ្នាំ​២០២២៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។