ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​បារម្ភ​អំពី​សុវត្ថិភាព​បន្ទាប់​ពី​ជនជាតិ​ចិន​ជំរិត​ប្រដាប់​អាវុធ

ដោយ ហេង សកល
2017-12-11
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជនជាតិ​ចិន ដែល​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់​ខ្លួន​សង្ស័យ​ពី​បទ​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប នា​កន្លែង​ស្នាក់នៅ ស្ថិត​ក្នុង​សង្កាត់៣ ក្រុង​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៥។
ជនជាតិ​ចិន ដែល​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ ឃាត់​ខ្លួន​សង្ស័យ​ពី​បទ​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប នា​កន្លែង​ស្នាក់នៅ ស្ថិត​ក្នុង​សង្កាត់៣ ក្រុង​ព្រះសីហនុ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៣១ ខែ​តុលា ឆ្នាំ​២០១៥។
Photo: RFA

អ្នកឃ្លាំមើល​ផែនការ​អភិវឌ្ឍ​សង្គម និង​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ បង្ហាញ​ការ​ព្រួយ​បារម្ភ ទៅលើ​បទល្មើស​ចាប់ជំរិត និង​វាយ​កាប់​ចាក់​គ្នា បង្ក​ដោយ​ជនល្មើស​ជនជាតិ​ចិន​បាន​បន្ត​កើតមាន​ជា​បន្ត​បន្ទាប់​នា​មូលដ្ឋាន​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ។

ប៉ុន្តែ បញ្ហា​នេះ​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ ប្ដេជ្ញា​ថា នឹង​មិន​អនុញ្ញាត​ឲ្យ​បទល្មើស​គ្រប់​ប្រភេទ អាច​ធ្វើ​សកម្មភាព​នា​មូលដ្ឋាន​នេះ​បាន​ដោយ​ស្រួល​នោះ​ទេ។

មន្ត្រី​សង្គម​ស៊ីវិល ភ្ញៀវ​ទេសចរ​ជាតិ ពិសេស​ប្រតិបត្តិ​ករ​ទេសចរ​ខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​សមត្ថកិច្ច​ជំនាញ​គ្រប់​ស្ថាប័ន​ជួយ​កំណត់​អត្តសញ្ញាណ​ជនជាតិ​ចិន ដែល​ចូល​មក​រស់នៅ និង​ប្រកប​របរ​ផ្សេងៗ​នា​មូលដ្ឋាន​នេះ ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​បាន​បង្ក​បទល្មើស​ផ្សេងៗ រួមមាន​បង្កើត​ឲ្យ​មាន​ក្រុម​បង​តូច​បងធំ បង្ករឿង​វាយ​កាប់​ចាក់ និង​បង្កើត​ក្រុម​ចាប់ជំរិត​មនុស្ស​ទារ​ប្រាក់ បាន​បន្ត​កើតមាន​ជា​បន្តបន្ទាប់ និង​គួរ​ឲ្យ​ព្រួយបារម្ភ​បំផុត។

ប្រតិបត្តិ​ករ​ទេសចរ និង​ប្រជាពលរដ្ឋ ខេត្ត​ព្រះសីហនុ ព្រួយបារម្ភ​ថា នៅ​ថ្ងៃ​អនាគត​ភ្ញៀវ​ទេសចរ​ជាតិ ពិសេស​ភ្ញៀវ​អឺរ៉ុប នឹង​ឈប់​មក​ទស្សនា​ខេត្ត​ទេសចរណ៍​ជាប់​ឆ្នេរសមុទ្រ​មួយ​នេះ​ទៀត​ទេ ព្រោះ​ពួកគេ​បារម្ភ​អំពី​បញ្ហា​សុវត្ថិភាព​ផ្ទាល់ខ្លួន។

ការ​ព្រួយបារម្ភ​នេះ បាន​កើតមាន​ជា​ថ្មី​ទៀត ក្រោយ​ពេល​សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បង្ក្រាប​បទល្មើស​ចាប់​ជំរិត​មនុស្ស បង្ក​ដោយ​ជនសង្ស័យ​ជា​ជន​ជាតិ​ចិន​មួយ​ក្រុម​មាន​គ្នា ៣​នាក់ ប្រដាប់​ដោយ​កាំភ្លើងខ្លី​ទំនើប បាន​ចាប់ជំរិត​អ្នកជំនួញ​ជនជាតិ​ចិន​ដូចគ្នា ដែល​ចូល​មក​រស់នៅ និង​ធ្វើ​ជំនួញ​ក្នុង​ខេត្ត​ព្រះសីហនុ គំរាម​ទារ​លុយ​ជិត ១​លាន​ដុល្លារ​សហរដ្ឋអាមេរិក កាលពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៧។

ទាក់ទិន​បញ្ហា​នេះ អ្នកស្រី ជៀប សុធារី អ្នក​សម្របសម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ព្រះសីហនុ ក៏​ព្រួយបារម្ភ​ចំ ពោះ​វត្តមាន​ជនជាតិ​ចិន ដែល​បាន​បង្ហាញខ្លួន​នៅ​មូលដ្ឋាន​ខេត្ត​ទេសចរណ៍​មួយ​នេះ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បាន​បង្កើត​ក្រុម​បង​តូច​បងធំ ហើយ​បាន​បង្ក​បទល្មើស​វាយ​កាប់​ចាក់ និង​បង្កើត​ក្រុម​ចាប់ជំរិត​មនុស្ស​ទាំង​តាម​ប្រព័ន្ធ​អ៊ីនធើណេត និង​ជំរិត​ទារ​ប្រាក់​ដោយ​ផ្ទាល់​ជាដើម។

អ្នកស្រី សុធារី ព្រួយ​បារម្ភ​ថា បើ​អាជ្ញាធរ​កំណត់​អត្តសញ្ញាណ​ជនជាតិ​ចិន ដែល​ចូល​មក​រស់នៅ និង​ប្រកប​ការងារ​ផ្សេងៗ នា​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ មិន​បាន​ច្បាស់លាស់​ទេ នឹង​មាន​បញ្ហា​អសន្តិសុខ​ធ្ងន់ធ្ងរ​កើតឡើង​នា​ថ្ងៃ​អនាគត។ ហើយ​ពេល​នេះ ទាំង​ភ្ញៀវ​ទេសចរ​មកពី​អឺរ៉ុប និង​ភ្ញៀវ​ជាតិ ក៏​លែង​ឈប់​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ​ទៀត​ដែរ៖ «សមត្ថកិច្ច​នគរបាល​ខេត្ត​ព្រះសីហនុ បាន​សហការ​គ្នា​បង្ក្រាប​បាន​បទល្មើស​ចាប់ជំរិត​ប្រាក់​បាន ១​ករណី ដែល​ទាំង​ជនសង្ស័យ និង​ជនរងគ្រោះ គឺជា​ជនជាតិ​ចិន​គ្នា​គាត់។ ហើយ​ជនរងគ្រោះ​គឺជា​ពាណិជ្ជករ និង​ជនសង្ស័យ គឺជា​យុវវ័យ​មាន​អាយុ​ត្រឹម​ជាង ២០​ឆ្នាំ បាន​ធ្វើ​សកម្មភាព​បទល្មើស​ចាប់ជំរិត​មនុស្ស។ ព័ត៌មាន​ចាប់ជំរិត​មនុស្ស​នេះ បាន​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ មានការ​ភ្ញាក់ផ្អើល​ខ្លាំង ដោយសារតែ​វត្តមាន​ជនជាតិ​ចិន ចូល​មក​ខេត្ត​ព្រះសីហនុ មិន​ទាន់​បាន​ប៉ុន្មាន​ឆ្នាំ​ផង គឺ​ក្នុងចំណោម​ជនជាតិ​ចិន ទាំងនោះ បាន​បង្ក​បង​ល្មើស​ចាប់ជំរិត ដែល​បទល្មើស​នេះ នៅ​ក្នុង​ខេត្ត​ព្រះសីហនុ មិន​ធ្លាប់​កើតមាន​ពី​មុន​មក​ទេ។ ហើយ​ទាំង​ជនសង្ស័យ និង​ជនរងគ្រោះ​ជា​ជន​ជាតិ​ចិន​ដូចគ្នា​នេះ គឺ​ពួកគាត់​មាន​វត្តមាន នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ទាំងអស់​គ្នា ដោយ​ចូល​មក​មូលដ្ឋាន​នេះ​មិន​ទាន់​បាន​ប៉ុន្មាន​ផង គឺ​ហ៊ាន​ធ្វើ​សកម្មភាព​ចាប់ជំរិត​មនុស្ស ក្នុង​ទឹកដី​ខេត្ត​ព្រះសីហនុ»

ចំណែក មន្ត្រី​អង្កេត​អង្គការ​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ព្រះសីហនុ លោក ស្រេង វ៉ាន់លី ក៏​ព្រួយ​បារម្ភ​អំពី​បទល្មើស​ផ្សេងៗ បង្ក​បទល្មើស​ដោយ​ជនជាតិ​ចិន​នេះ​​​​ដែរ។ លោក​ស្នើ​ដល់​កម្លាំង​សមត្ថកិច្ច​គ្រប់​ស្ថាប័ន​ជំនាញ ជួយ​បន្ត​យកចិត្តទុកដាក់​ទៅលើ​វត្តមាន​ជនជាតិ​ចិន ដែល​ចូល​មក​រស់នៅ និង​ប្រកប​របរ​ផ្សេងៗ​នា​មូលដ្ឋាន​នេះ ហើយ​តែង​បង្ក​បទល្មើស​វាយ​កាប់​ចាក់ និង​ចាប់ជំរិត​ជា​បន្តបន្ទាប់​មកនេះ​៖ «មួយ​រយៈ​ពេល​កន្លងមក​នេះ គឺ​មាន​ជនជាតិ​ចិន​ជាច្រើន ដែល​មាន​ជាប់​ពាក់ព័ន្ធ​បទល្មើស​វាយតប់​គ្នា និង​បង្ក​បទល្មើស​ពាក់ព័ន្ធ​គាត់​អាច​បើកបរ​រថយន្ត​តាម​ផ្លូវ​សាធារណៈ ដោយ​ខ្លួនឯង ក្នុង​ល្បឿន​លឿន ហើយ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍ នាំ​ឲ្យ​បាត់បង់​អាយុជីវិត​ប្រជាពលរដ្ឋ​ខ្មែរ​អស់​ជាច្រើន​នាក់។ បទល្មើស​ផ្សេងទៀត គឺ​ថ្មីៗ​កន្លង​មក​នេះ ជនជាតិ​ចិន​ដែល​ចូល​មក​រស់នៅ​ខេត្ត​ព្រះសីហនុ បាន​ជាប់​ពាក់ព័ន្ធ​បទល្មើស ចាប់ជំរិត​ជនជាតិ​ចិន​គ្នាឯង ដែល​ចូល​មក​រស់នៅ និង​ធ្វើ​ការងារ​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​តែម្ដង។ ករណី​ចាប់ជំរិត​នេះ គឺ​ខុសប្លែក​បទល្មើស​ចាប់ជំរិត​មនុស្ស កាលពី​ពេលមុន គឺ​ជនល្មើស បាន​យក​ទឹកដី​ខេត្ត​ព្រះសីហនុ សម្រាប់​ចាប់ជំរិត​មនុស្ស ឬ​ចាប់ជំរិត​ជនជាតិ​ចិន​គ្នាឯង ជំរិត​ទារ​លុយ​តាម​ប្រព័ន្ធ​អ៊ីនធើណេត ដែល​ជនរងគ្រោះ រស់នៅ​ក្រៅ​ប្រទេស»

កាលពី​ថ្ងៃ​ទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៧ កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បើក​ប្រតិបត្តិ​ការ​បង្ក្រាប​បទល្មើស អំពើ​ចាប់ជំរិត​ជនជាតិ​ចិន ១​ករណី ដោយ​ចាប់​បាន​ជនសង្ស័យ​ជនជាតិ​ចិន​ចំនួន ៣​នាក់ បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នេះ បន្ត​នីតិវិធី។

លោក ជួន ណារិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ផ្ទល់​សម្ភាស​ឲ្យ​អ្នកកាសែត​ដឹង​ថា ក្រុម​ចាប់ជំរិត​បាន​ជួល​ផ្ទះ​មួយ​កន្លែង ក្នុង​បុរី ប៊ីអេស (BS) មាន​ទីតាំងនៅ​ក្រុម​ទី​១ ភូមិ​៥ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ។ អំពើ​ចាប់ជំរិត​ជនជាតិ​ចិន ដែល​ជនសង្ស័យ​ក៏​ជា​ជន​ជាតិ​ចិន​ដូចគ្នា​នេះ ក្រុម​ជនល្មើស​បាន​រៀប​ផែនការ​យ៉ាង​ល្អិតល្អន់ មុន​ធ្វើ​សកម្មភាព​ចាប់ជំរិត​ជនរងគ្រោះ។

យ៉ាងនេះ​ក្តី ពលរដ្ឋ​រស់នៅ​ខេត្ត​ព្រះសីហនុ អះអាង​ថា ទីតាំង​ដែល​ជនសង្ស័យ​ធ្វើ​សកម្មភាព​ចាប់ជំរិត​នេះ គឺ​ស្ថិត​នៅ​ជាប់​ខាងក្រោយ​របង នៃ​បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ ដោយ​ជនសង្ស័យ ធ្វើ​សកម្មភាព​នៅ​ពេល ជនរងគ្រោះ​បើក​រថយន្ត​ម្នាក់ឯង មកដល់​ចំណុច​ជិត​ស្ថានីយ​អាង​ចម្រោះ​ទឹក​ស្អាត នៅ​ម្ដុំ​អូរ​ឈើទាល ក៏​ត្រូវ​ក្រុម​ជនសង្ស័យ មាន​គ្នា​ចំនួន ៣​នាក់ បើក​រថយន្ត​កៀរ​ស្ទាក់ និង​ដក​ភ្ជង់​កាំភ្លើង​ភ្ជង់ ចាប់​ក្រៀក​ដាក់​បញ្ចូល​ឡាន​យក​ទៅ​បង្ខាំង​ទុក​នៅផ្ទះ​ជួល របស់​ជនសង្ស័យ ស្ថិត​ក្នុង​បុរី ប៊ីអេស (BS) ម្តុំ​អូរទី១ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ។

យ៉ាងណា​ក៏​ដោយ​ចុះ លោក ជួន ណារិន្ទ បាន​ឲ្យ​ដឹង​ថា ប្រមាណ​ជិត ២​ម៉ោង ក្រោយ​ចាប់ជំរិត គឺ​ក្រុម​ជនសង្ស័យ ក៏បាន​ទូរស័ព្ទ​ជំរិត​ទារ​ប្រាក់ ពី​ប្អូន​ជនរងគ្រោះ​ចំនួន ៨០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ហើយ​ឈាន​ដល់​សមត្ថកិច្ច​ជំនាញ របស់​លោក​ចុះ​បង្ក្រាប និង​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ រួមមាន​៖ ឈ្មោះ ZHENG RONGMAO ភេទ​ប្រុស ជនជាតិ​ចិន អាយុ ២៦​ឆ្នាំ​។ ឈ្មោះ DAI HONGDA ភេទ​ប្រុស ជនជាតិ​ចិន អាយុ ២៣​ឆ្នាំ និង ឈ្មោះ LIN JINPEI ភេទ​ប្រុស ជនជាតិ​ចិន អាយុ ២៤​ឆ្នាំ។

យុទ្ធនាការ​នេះ សមត្ថកិច្ច​ចាប់​បាន​វត្ថុ​តាង​មួយ​ចំនួន​រួមមាន​៖ កាំភ្លើង​ខ្លី​ម៉ាក BERITA STOM ១​ដើម មាន​បង់ ២ មាន​គ្រាប់​ចំនួន ១០​គ្រាប់។ កូន​កាំបិត ១ ខ្សែ​ចងរឹត (ស៊ីល) ២ដុំ ទូរស័ព្ទដៃ ៦គ្រឿង និង រថយន្ត ១​គ្រឿង និង​រំដោះ​ជនរងគ្រោះ បាន​ដោយ​សុវត្ថិភាព គឺ មានឈ្មោះ LI FUJIE ជនជាតិ​ចិន ភេទ​ប្រុស អាយុ៤៧​ឆ្នាំ។

ករណី​នេះ លោក ជួន ណារិន្ទ បញ្ជាក់​ថា ជនសង្ស័យ​ជំរិត​ទារ​ប្រាក់​ទាំង ៣​នាក់​នេះ មកពី​ប្រទេស​ចិន បាន​ប្រើប្រាស់​លិខិតឆ្លងដែន ២​ផ្សេងៗ​គ្នា គឺ​លិខិតឆ្លងដែន​ពិតប្រាកដ ទុក​សម្រាប់​ការ​ធ្វើ​ដំណើរ និង​លិខិត​ក្លែងក្លាយ ទុក​សម្រាប់​ការជួល​រថយន្ត និង​ជួល​ផ្ទះ ដើម្បី​អាច​ងាយ​ឲ្យ​ពួកគេ​ផ្លាស់​ប្ដូរ​អត្តសញ្ញាណ ទីតាំង​គេចខ្លួន ក្រោយពេល​បែក​ការណ៍។ លោក​ថា ក្រុម​នេះ​ចូល​មក​ប្រទេស​កម្ពុជា ក៏​ដើម្បី​តាម​សម្គាល់ អ្នក​វិនិយោគ​ទុក​ជនជាតិ​ចិន ដែល​មាន​លុយ​ច្រើន ដោយ​ពួកគេ​បាន​កត់​លេខ​រថយន្ត​ចំនួន ៦​គ្រឿង ក្នុង​បំណង​ចាប់ជំរិត ប៉ុន្តែ​ទើប​ចេញ​ធ្វើ​សកម្មភាព​បាន ១​លើក ក៏​ត្រូវ​សមត្ថកិច្ច​លោក​បង្ក្រាប​បាន​ទាំងស្រុង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល