អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​គ្រោង​នឹង​បញ្ជូន​ជនជាតិ​ចិន ២១នាក់ បន្ទាប់​ពី​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ចូល​មក​ប្រទេស​កម្ពុជា

ដោយ៖ ហេង រស្មី
2021.03.22
អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​គ្រោង​នឹង​បញ្ជូន​ជនជាតិ​ចិន ២១នាក់ បន្ទាប់​ពី​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ចូល​មក​ប្រទេស​កម្ពុជា ជនជាតិ​ចិន​ចំនួន ២១នាក់​ទៅ​កាន់​ប្រទេស​កំណើត​​វិញ ក្រោយ​ពី​បាន​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ពី​ប្រទេស​វៀតណាម​ចូល​មក​ប្រទេស​កម្ពុជា​តាម​ច្រក​ព្រំ​ដែន​គោក។
រូប៖​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ។

មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា និយាយ​ថា សមត្ថកិច្ច​គ្រោង​នឹង​ចាប់​បញ្ជូន​ជនជាតិ​ចិន ចំនួន ២១នាក់​ទៅ​កាន់​ប្រទេស​ចិន​វិញ បន្ទាប់​ពី​បាន​បញ្ចប់​ការ​ធ្វើ​ចត្តាឡីស័ក​រយៈ​ពេល ១៥ថ្ងៃ ដើម្បី​ពិនិត្យ​មើល​ជំងឺ​កូវីដ១៩។

អគ្គនាយករង​អន្តោប្រវេសន៍​ និង​ជា​អ្នក​នាំ​ពាក្យ​​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក កែវ វណ្ណថន ប្រាប់​អាស៊ីសេរី​ថា ជនជាតិ​ចិន​ទាំង ២១នាក់​នេះ ត្រូវ​បាន​ស្នង​ការ​នគរ​បាល​ខេត្ត​តាកែវ​បញ្ជូន​មក​ដល់​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ កាល​ពី​រសៀល​ថ្ងៃ​ទី២២ មីនា ហើយ​គ្រោង​នឹង​បញ្ជូន​ចេញ​ពី​ប្រទេស​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ ខាង​មុខ​នេះ។

លោក​បញ្ជាក់​ថា​ ការ​ចាប់​បញ្ជូន​ចេញ​ជនជាតិ​ចិន​ទាំង​ ២១នាក់​ចេញ​ពី​កម្ពុជា​នេះ​ គឺ​កម្ពុជា​បាន​អនុម័ត​ច្បាប់​ស្ដីពី​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ១៩ និង​ច្បាប់​ស្ដី​ពី​អន្តោប្រវេសន៍។ លោក​ថា សមត្ថកិច្ច​កំពុង​រង់ចាំ​សេចក្ដី​សម្រេច​របស់​ក្រសួង​មហាផ្ទៃ​ទើប​អាច​បណ្ដេញ​ចេញ​ពី​កម្ពុជា​បាន។

មន្ត្រី​ក្រសួង​សុខាភិបាល​បាន​ដាក់​​ឱ្យ​ពួក​គេ​ធ្វើ​ចត្តាឡីស័ក​ចំនួន ១៤ថ្ងៃ ដើម្បី​ពិនិត្យ​សុខ​ភាព​រក​មើល​ជំងឺ​កូវីដ១៩។

អនុប្រធាន​អង្គការ​លីកាដូ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​លោក​ អំ សំអាត បញ្ជាក់​ថា ជនជាតិ​ចិន​ទាំង ២១នាក់​នេះ គួរតែ​ត្រូវ​តុលាការ​ជំនុំ​ជម្រះ​ពី​បទ​ឆ្លង​ដែន​ខុស​ច្បាប់​ជា​មុន​សិន មុននឹង​សម្រេច​បញ្ជូន​ចេញ។

លោក​បន្ត​ថា​ កម្ពុជា​មាន​ច្បាប់​ស្តី​ពី​ការ​គ្រប់​គ្រង​ជន​អន្តោប្រវេសន៍​ ដូច្នេះ​រាល់​ជនបរទេស​ណា​ក៏​ដោយ ដែល​បាន​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​ត្រូវ​តែ​អនុវត្ត​ក្រោម​ច្បាប់​នេះ៖ «តាម​គោល​ការ​ច្បាប់​យើង​កាល​ណា​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់ គឺ​អាច​អនុវត្ត​តាម​ច្បាប់​អន្តោប្រវេសន៍​ អាច​នឹង​ធ្វើ​ការ​នឹង​ធ្វើ​ការ​ឃុំ​ខ្លួន​រយៈ​ពេល​ប៉ុន្មាន​ខែ​អ៊ីចឹង​ទៅ ហើយ​ចប់​ទៅ អាច​នឹង​ធ្វើ​ការ​បណ្ដេញ​ចេញ។ នេះ​ជា​គោល​ការណ៍ច្បាប់ ដើម្បី​ឱ្យ​មាន​ការ​រាងចាល ហើយ​នឹង​អនុវត្ត​ជា​គំរូ ដើម្បី​កុំ​ឱ្យ​មាន​ការ​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់​អ៊ីចឹង​ទៀត»។

លោក​ បន្ត​ថា​ ការ​ឆ្លង​ដែន​ដោយ​ខុស​ច្បាប់ សមត្ថកិច្ច​ត្រូវ​រក​មូល​ហេតុ​ថា តើ​ការ​ឆ្លង​ដែន​របស់​ជន​ជាតិ​ចិន​​ទាំង​នោះ​ មាន​ការ​ឆ្លងកាត់​មន្ត្រី​នៅ​កន្លែង​ឆែកឆេរ​តាម​ច្រក​ព្រំដែន​ដែរ ឬ​ទេ? ប្រសិន​បើ​មាន​ការ​ឆ្លង​កាត់ ត្រូវ​តែ​ស្រាវ​ជ្រាវ​រក​មើល​ថា តើ​ហេតុ​អ្វី​បាន​ជា​ជន​ជាតិ​ចិន​ទាំង​នោះ​ចូល​មក​កម្ពុជា​បាន។ លោក​ថា ប្រសិន​មាន​មន្ត្រី​ណា​ជាប់​ពាក់​ព័ន្ធ​អំពើ​ពុក​រលួយ​អនុញ្ញាត​ឱ្យ​ជនជាតិ​ចិន​ចូល​មក​កម្ពុជា​បាន ត្រូវ​តែ​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់ ជា​ពិសេស ដើម្បី​ទប់​ស្កាត់​ការ​រាល​ដាល​នៃ​ជំងឺ​កូវីដ១៩។

គិត​ក្នុង​រយៈ​ពេល ៣ខែ ដើម​ឆ្នាំ២០២១ នេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ​បាន​បណ្ដេញ​ចេញ​ជនជាតិ​ចិន​សរុប​ចំនួន ៧៥នាក់ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន ៨នាក់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។